តឹង ម៉ុម៖ ទម្រាំតែបានរស់ស្រួល ត្រូវឆ្លងកាត់ការលំបាកយូរដែរ

តឹង ម៉ុម អាយុ៦២ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ការងារមុនដំបូងរបស់ ម៉ុម គឺធ្វើការងាររែកដីក្នុងកងកុមារ។ បន្ទាប់មកនៅពេលដែល ម៉ុម ពេញវ័យ អង្គការបានបញ្ជូនគាត់ចូលក្នុងកងចល័តដើម្បីធ្វើស្រែ ស្ទូង និងដក នៅរដូវវស្សា និងរែកដី, លើកទំនប់ និងជីកប្រឡាយ នៅរដូវប្រាំង។ ចំពោះទីកន្លែងដែល ម៉ុម បានចេញទៅធ្វើការងារមាន កំពង់យោល, កំពង់អំពិល, ទំនប់ពកព្រែក និងកន្លែងផ្សេងទៀត។
នៅក្នុងកងចល័ត អង្គការបានចាប់តាំង ម៉ុម និងយុវជនកងចល័តចំនួន១៤នាក់ផ្សេងទៀត ឲ្យធ្វើជាក្រុមពិសេស។ នៅក្នុងកងពិសេសមនុស្សម្នាក់ត្រូវដកសំណាបឲ្យបាន១ផ្លូវក្នុងរយៈពេលកន្លះថ្ងៃ ហើយក្នុងមួយក្រុម១៥នាក់ត្រូវស្ទូងឲ្យរួចរាល់លើផ្ទៃដី១ហិកតាក្នុងរយៈពេលមួយព្រឹក។ នៅពេលដែល កងពិសេសធ្វើការងារគ្រប់តាមការកំណត់ អង្គការនិងផ្ដល់បាយឲ្យយុវជនមួយថ្ងៃពីរពេល ប៉ុន្តែប្រសិនបើធ្វើមិនគ្រប់តាមចំនួនកំណត់ គឺត្រូវហូបបបរធម្មតា។ ចំណែកបបរនេះទៀត នៅពេលដែលសម្បូរស្បៀង អង្គការដាំបបរគោកឲ្យយុវជនកងចល័តហូប ប៉ុន្តែបើខ្វះស្បៀង យុវជនបានហូបតែបបររាវៗមិនគ្រប់គ្រាន់នោះទេ។
ម៉ុម ចងចាំថា នៅពេលដែលគាត់ធ្វើការងារនៅកំពង់អំពិល កំពង់យោល គឺមានភ្លៀងធ្លាក់ខ្លាំង ហើយក្រុមរបស់គាត់គ្មានកន្លែងសម្រាកដែរ។ នៅពេលដែលទឹកដក់ពេញស្រែ សត្វពស់ និងសត្វល្អិតជាច្រើនទៀតបានឡើងមកក្បែរ ម៉ុម ដែលជាហេតុធ្វើឲ្យគាត់ខ្លាចយ៉ាងខ្លាំង។ ក្នុងអំឡុងពេលនោះ ម៉ុម បានរត់ពីកំពង់អំពិល ទៅផ្ទះទាំងយប់ម៉ោង១០ ដោយធ្វើដំណើរកាត់តាមរោងតាសែន។ នៅតាមផ្លូវធ្វើដំណើរ ម៉ុម ធ្លាក់ចូលក្នុងភក់ត្រឹមភ្លៅ ហើយក្នុងចិត្តខ្លាចអង្គការធ្វើបាប និងខ្លាចអង្គការចាប់យកទៅដាក់ទារុណកម្មកន្លែងធ្វើការវិញ។ នៅយប់នោះ ម៉ុម បានធ្វើដំណើរទៅដល់ផ្ទះដោយសុវត្តិភាព ប៉ុន្តែជើងរបស់គាត់បានហើម។
ម៉ុម បានឲ្យដឹងថា នៅក្នុងកងចល័ត ប្រសិនបើប្រធានកងមានការយោគយល់ គាត់អាចសុំឈប់សម្រាកបានរយៈពេល២ទៅ៣ថ្ងៃ នៅពេលឈឺ ឬក៏មករដូវ ប៉ុន្តែបើចំប្រធានកងតឹងរឹងគឺត្រូវទៅធ្វើការងារទាំងឈឺ។ នៅពេលដែលមករដូវ ម៉ុម បានយកក្រណាត់ទៅដេកភ្ចាប់ជាមួយខោខ្លី ប៉ុន្តែប្រសិនបើអ្នកណាគ្មានក្រណាត់គឺស្លៀកខោអាវធម្មតា ហើយទៅធ្វើការ។ ចំពោះសម្លៀកបំពាក់ ប្រជាជនមិនមានប្រើប្រាស់គ្រប់គ្រាន់នោះទេ ព្រោះអង្គការចែកឲ្យអ្នកខ្លះបានខោខ្លី ខ្លះទៀតបានអាវវែង និងខ្លះទៀតបានក្រណាត់យកមកដេរ ប៉ុន្តែនៅពេលដែលមានប្រធានកងចិត្តល្អគឺបើកឲ្យស្លៀកបន្ថែមទៀត នៅពេលដែលមានដាច់រហែក។
នៅចុងឆ្នាំ១៩៧៨ អង្គការបានបញ្ជូនក្រុមកងចល័តឲ្យទៅស្នាក់នៅក្នុងវត្តចំប៉ា ដើម្បីធ្វើការងារសែងស្បៀងអាហារ ឬសព្វាវុធឲ្យទាហានដែលកំពុងប្រយុទ្ធ និងសែងអ្នករបួស និងអ្នកស្លាប់ក្នុងសមរភូមិជាមួយវៀតណាមត្រលប់មកវិញ។ ម៉ុម ធ្វើជាអ្នករៀបចំអាហារឲ្យកងទ័ពនៅខ្សែត្រៀមរហូតដល់ កងទ័ពរដោះវាយចូលមកនៅដើមឆ្នាំ១៩៧៩ និងរត់ភៀសខ្លួនដល់ត្រពាំងជ្រៃ។ នៅពេលដែលរត់ភៀសខ្លួន ម៉ុម មិនបានរត់ទៅឆ្ងាយនោះទេ ព្រោះគាត់ត្រលប់មកវិញនៅពេលដែលស្ថានការណ៍ស្ងាត់ ហើយរត់ទៅវិញ នៅពេលដែលមានការផ្ទុះអាវុធ។ បន្ទាប់មកនៅពេលដែលតំបន់របស់ ម៉ុម រស់នៅត្រូវបានរំដោះបានទាំងស្រុងគាត់បានត្រលប់ទៅរស់នៅភូមិព្រៃក្ដីវិញ និងចាប់ផ្ដើមធ្វើស្រែរួមគ្នាបន្តទៀត។
ការធ្វើស្រែរួមក្រោយរំដោះ គឺដូចសម័យខ្មែរក្រហម ប៉ុន្តែនៅពេលដែលទទួលបានទិន្នផលគឺត្រូវចែកគ្នាទៅតាមកម្លាំងទី១ និងកម្លាំងទី២ ដែលបានចេញធ្វើការងារ។ ម៉ុម បានចូលរួមធ្វើស្រែរួមរហូតដល់ទទួលបានទិន្នផលច្រើន ទើបចែកផ្ទៃដីធ្វើស្រែតាមគ្រួសារ និងចាប់ផ្ដើមធ្វើស្រែរៀងៗខ្លួនវិញ។ ក្រោយមកទៀត ឪពុកម្ដាយរបស់ ម៉ុម បានរៀបការគាត់ជាមួយបុរសម្នាក់។ បន្ទាប់ពីរៀបការរួច ម៉ុម នៅតែបន្តជួបការលំបាក ព្រោះគាត់ត្រូវ ពរពោះ, សម្រាលកូន, មើលកូន និងធ្វើស្រែតែម្នាក់ឯង ហើយប្ដីរបស់គាត់ត្រូវចេញទៅសមរភូមិ ឬប្រចាំការនៅបន្ទាយទាហាន។ ម៉ុម បានធូរស្រាលពីការងារនៅពេលដែលប្ដីរបស់គាត់ឈប់ធ្វើជាទាហាន ហើយត្រលប់មកផ្ទះជួយមើលកូន និងធ្វើស្រែគាត់។
សម្ភាសដោយ៖ កាន់ សុខភាព ថ្ងៃទី១០ ខែកញ្ញា ២០២១
អត្ថបទដោយ៖ ភា រស្មី

