នៅ ទួច៖ ដល់តែពិបាកចិត្តពេក ខ្ញុំលែងមានស្មារតី និងវង្វេងអស់ហើយនៅពេលនោះ

ញុំឈ្មោះ នៅ ទួច ភេទស្រី អាយុ ៨០ឆ្នាំ រស់នៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរ៍ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ បូ នៅ និង ម្តាយឈ្មោះ ជ័យ ភ្លាវ។ ខ្ញុំមានបងប្អូនចំនួន១៣នាក់ ស្លាប់អស់២នាក់។ ខ្ញុំជាកូនច្បងនៅក្នុងគ្រួសារ។ កាលនៅពីតូច ខ្ញុំមិនបានចូលសិក្សារៀនសូត្រទេ ដោយសារតែជីវភាពក្រីក្រ។ ខ្ញុំបានរៀបការជាមួយស្វាមីឈ្មោះ អុច ហេង នៅក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុងសម័យសង្គ្រាមទម្លាក់គ្រាប់បែក ខ្ញុំនិង ស្វាមី ព្រមទាំងកូនៗ បានរត់ភៀសខ្លួនទៅរស់នៅឃុំធាយ ប៉ុន្តែខ្ញុំឧស្សាហ៍ឡើងចុះមកភូមិព្រៃអង្គុញជាញឹកញាប់ដើម្បីមកធ្វើស្រែ។ ម្តាយ និង ប្អូនពៅរបស់ខ្ញុំបានស្លាប់នៅក្នុងភ្លើងសង្គ្រាម។ ឪពុកម្តាយខ្ញុំ និងប្អូនៗរបស់ខ្ញុំពេលនោះ មិនទាន់បានចាកចេញពីភូមិនៅឡើយទេ។ គាត់បាននាំគ្នារត់ចូលទៅក្នុងលេណដ្ឋាន។ ជាអកុសល មិនដឹងជាកងទ័ពខាងណា បានបោកគ្រាប់បែកបញ្ចូលមកក្នុងលេណដ្ឋានគ្រួសាររបស់ខ្ញុំបណ្តាលឲ្យម្តាយខ្ញុំ និង ប្អូនខ្ញុំបានស្លាប់។
អស់រយៈពេលប្រហែល ជា ២ ទៅ៣ ឆ្នាំ ក្រោយមក បន្ទាប់ពីបែកក្រុងព្រៃវែង ក្នុងឆ្នាំ១៩៧៥ ខ្ញុំនិង ស្វាមី ព្រមទាំងកូនៗ បានវិលត្រឡប់មកភូមិកំណើតវិញ។ ពេលនោះ អង្គការបានចាត់ចែងឲ្យប្រជាជនធ្វើស្រែចងជាក្រុម។ ដំបូងឡើយ ដោយសារតែព្រៃដុះច្រើនពេក អង្គការបានស្នើឲ្យប្រជាជនទាំងអស់ កាប់ឆ្ការព្រៃ ដើម្បីយកដីដាំដំណាំ និង កាប់ដើមត្រែងដើម្បីយកដីធ្វើស្រែ។ ការងារទាំងអស់នេះ សុទ្ធតែជាការងារនៅហាលក្តៅ និងប្រើកម្លាំងខ្លាំង។ លុះក្រោយមកទៀតនៅខាងសាលាស្រុក បានប្រគល់ម៉ាស៊ីនដេរចំនួន២ មកឲ្យភូមិព្រៃអង្គុញ។ នៅពេលនោះ អ្នកភូមិដែលស្គាល់ខ្ញុំ បានរាយការណ៍ទៅកាន់ប្រធានភូមិថា ខ្ញុំអាចដេរសម្លៀកបំពាក់បាន ទើបប្រធានភូមិបានស្នើខ្ញុំឲ្យទៅដេរ ជាមួយអ្នកមកពីខាងស្រុកស្វាយរៀងម្នាក់ទៀត។ ចាប់តាំងពីខ្ញុំ បានចូលមកធ្វើជាជាងកាត់ដេរមក ខ្ញុំយល់ថា ខ្ញុំពុំសូវជួបការលំបាកដូចមុនទៀតទេ ទោះបីជាខ្ញុំត្រូវហូបបាយនៅក្រោយអ្នកឯទៀតក៏ដោយ(ហូបបាយម្នាក់ឯង) ព្រោះខ្ញុំបានធ្វើការនៅក្នុងម្លប់ ហើយខ្ញុំអាចយកកូនមកមើល នៅក្បែរខ្លួនបានទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណា អង្គការបានដាក់ផែនការឲ្យខ្ញុំ ដេរខោ និង អាវឲ្យបាន១០ ក្នុង១ថ្ងៃ។ ខ្ញុំមិនហ៊ានដេរឲ្យលើសពី១០ទេ។ អង្គការដាក់ផែនការឲ្យខ្ញុំធ្វើប៉ុណ្ណា គឺខ្ញុំធ្វើឲ្យគ្រប់ប៉ុននោះ។ កាលណាដែលខ្ញុំដេរឲ្យលើសពី១០ នោះអង្គការនឹងបន្ថែម ចំនួនក្រណាត់មកឲ្យខ្ញុំដេរបន្ថែមទៀតហើយ។ ដូច្នេះ ខ្ញុំចង់ទុកពេលវេលាខ្លះដើម្បីមើលកូនបណ្តើរ និង ដេរបណ្តើរ ធ្វើយ៉ាងណា ឲ្យត្រូវនឹងចំនួនម៉ោង និង ផែនការដែលបានកំណត់។ សរុបមក អាចនិយាយថា កុំតែខ្ញុំបានចូលធ្វើជាជាងកាត់ដេរទេកុំអីរាងកាយរបស់ខ្ញុំមិនបានដល់សព្វថ្ងៃនេះទេ។ ខ្ញុំបានចូលធ្វើជាជាងកាត់ដេរអស់រយៈពេល៣ឆ្នាំរហូតដល់របបខ្មែរក្រហមដួលរលំ។
ស្ថិតនៅក្នុងសម័យសង្គ្រាមក្រៅពីបាត់បង់ប្អូន និងម្តាយ ខ្ញុំថែមទាំងបាត់បង់ ប្តី និង កូនចំនួន៣នាក់ទៀត។ ដល់តែពិបាកចិត្តពេក ខ្ញុំលែងមានស្មារតី និងវង្វេងអស់ហើយនៅពេលនោះ។ ខ្ញុំពុំបានគិតអំពីឆ្នាំដែលអ្នកទាំងអស់គ្នាបានស្លាប់ទេ។ ខ្ញុំគ្រាន់តែដឹងថា ប្តីរបស់ខ្ញុំគឺជាទាហានខ្មែរក្រហមគាត់បានរត់ចេញពីសមរភូមិមិនព្រមទៅធ្វើសង្គ្រាមទើបត្រូវកងទ័ពខ្មែរក្រហមចាប់គាត់យកទៅសម្លាប់ (ចាប់មុនព្រឹត្តិការណ៍ សោភឹម)។ ចំណែកឯកូនៗរបស់ខ្ញុំវិញម្នាក់បានស្លាប់មុនសម័យខ្មែរក្រហម និង ២នាក់ទៀតបានស្លាប់នៅក្នុងសម័យខ្មែរក្រហមដោយសារជំងឺ៕
មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង
កិច្ចសម្ភាសដោយ ថុន ស្រីពេជ្រ នៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥
នៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរ៍ ខេត្តព្រៃវែង
អត្ថបទដោយ ថុន ស្រីពេជ្រ