រួចផុតពីការសម្លាប់

សយ សៀ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅខេត្តកំពង់ឆ្នាំង (២០២៤)។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(កំពង់ឆ្នាំង)៖ សៀ និងប្អូនរបស់គាត់ ត្រូវអង្គការចាប់យកទៅសម្លាប់។ ជាសំណាងល្អ គាត់បានរួចខ្លួនមកវិញដោយសារមានអ្នកជួយគាត់ទាន់ពេល ក៏ប៉ុន្តែ ប្អូនស្រីរបស់គាត់បានបាត់បង់ជីវិត។ សយ សៀ អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ សៀ រស់នៅដោយកំព្រាម្ដាយឪពុក។ ម្ដាយរបស់សៀ ស្លាប់តាំងពីឆ្នាំ១៩៦០ ចំណែកឪពុករបស់គាត់ស្លាប់នៅឆ្នាំ១៩៧១។ បន្ទាប់ពីឪពុកម្ដាយរបស់គាត់ស្លាប់ចោលអស់ ស្ថានភាពគ្រួសាររបស់គាត់ បានជួបផលលំបាកជាច្រើន ព្រោះតែពេលនោះបងប្អូនរបស់គាត់ទាំងអស់នៅមានវ័យក្មេងៗ។

នៅឆ្នាំ១៩៧២ សៀ និងបងប្អូនធ្វើការនៅទីក្រុងភ្នំពេញ។ ដល់ឆ្នាំ១៩៧៤ មានការទម្លាក់គ្រាប់បែកនៅវត្តស្រះចក បណ្ដាលឲ្យខូចខាតផ្ទះសំបែង និងផ្លូវថ្នល់អស់ជាច្រើន។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានរំដោះទីក្រុងភ្នំពេញពីក្រោមការគ្រប់គ្រងរបស់ លន់ នល់។ បន្ទាប់ពីរំដោះបានទីក្រុង ខ្មែរក្រហមបានប្រកាសឲ្យប្រជាជនចាកចេញពីទីក្រុងភ្នំពេញ ដោយហេតុផលថា អាមេរិកនឹងទម្លាក់គ្រាប់បែកក្នុងពេលឆាប់ៗនេះ។ ដូច្នេះ​ ប្រជាជនទាំងអស់ត្រូវតែជម្លៀសទៅរស់នៅជនបទ។ ក្នុងការជម្លៀសនៅពេលនោះ ខ្មែរក្រហមបានប្រាប់ប្រជាជនទាំងអស់ថា ចាកចេញតែរយៈពេលបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនោះគឺអាចត្រលប់ទៅវិញបាន។ ប៉ុន្តែជាក់ស្ដែង ប្រជាជន​ត្រូវ​ចាកចេញពីទីក្រុង​ភ្នំពេញ រយៈពេលដល់ទៅ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ដោយគិតថាត្រូវចាកចេញត្រឹមតែរយៈពេលបីថ្ងៃ ដូចអ្វីដែលខ្មែរក្រហមប្រាប់ សៀ មិនបានយកទ្រព្យសម្បត្តិទៅជាមួយឡើយ។ គាត់យកតែសម្លៀកបំពាក់ទៅតាមតែបីសម្រាប់ប៉ុណ្ណោះ។

ទិដ្ឋភាពនៅតាមដងផ្លូវ មានសភាពចលាចល មានទាំងអ្នកដំណើរថ្មើរជើង, ជិះកង, ជិះរទេះ, ម៉ូតូ និងឡានពាសពេញផ្លូវ។ សៀ ចេញដំណើរពីភ្នំពេញដោយថ្មើរជើងទៅដល់ស្រុកស្គន់ ហើយក៏មានឡានរបស់ខ្មែរក្រហមចាំទទួលនៅទីនោះ។ សៀ និងប្រជាជនដទៃទៀតឡើងជិះឡានពីស្គន់ ទៅដល់ទីធ្លាមួយ។ ទីនោះ ពោរពេញដោយប្រជាជនដែលត្រូវជម្លៀសមកពីភ្នំពេញដូចជាសៀដែរ។ បន្ទាប់ពីចុះពីឡាន គាត់ក៏ជិះរទេះគោបន្តទៅដល់ស្រុកចំការលើ ខេត្តកំពង់ចាម។ ខ្មែរក្រហមចាត់តាំងឲ្យ សៀ ជម្រះស្មៅនៅក្នុងចម្ការ កាប់ព្រៃ និងធ្វើស្រែចម្ការ។

នៅឆ្នាំ១៩៧៦ មានការហ្វឹកហ្វឺនការដកស្ទួងកាន់តែខ្លាំងក្លា ហើយបន្ទាប់មកទៀតមេកងចាត់តាំងឲ្យ សៀ ទៅជីកប្រឡាយ, លើកទំនប់, លើកប្រព័ន្ធភ្លឺ និងស្ទូងស្រូវ នៅពេលយប់។ ចំពោះរបបអាហាររបស់ប្រជាជន ក្នុងម្នាក់ទទួលបានត្រឹមតែបបរមួយចានតូចប៉ុណ្ណោះ ហើយគ្មាននរណាហូបបានឆ្អែតឡើយ។ សៀ បាននិយាយថា ខ្មែរក្រហមមិនផ្ដល់អាហារឲ្យប្រជាជនហូបឆ្អែតឡើយ ព្រោះខ្លាចហូបឆ្អែតហើយខ្ជិលមិនធ្វើការងារ។ សៀ ត្រូវអង្គការបង្ខំឲ្យរៀបការជាមួយនឹងមនុស្សប្រុសដែលគាត់មិនធ្លាប់ស្គាល់ពីមុនមក ហើយគាត់ក៏បានប្រកែកជាមួយនឹងការចាត់តាំងនោះ។ បន្ទាប់ពី សៀ ប្រកែកមិនព្រមរៀបការ អង្គការបានរៀបចំឲ្យប្អូនស្រីរបស់គាត់រៀបការជំនួសគាត់ ប៉ុន្តែប្អូនស្រីរបស់គាត់ប្រកែកមិនព្រមដូចគ្នា។

សៀ ធ្លាប់បានឃើញខ្មែរក្រហម បញ្ជាឲ្យប្រជាជនវាយបំផ្លាញសម្បត្តិវប្បធម៌ដូចជា ព្រះពុទ្ធប្បដិមា, ព្រះវិហារ និងវត្តអារាមទាំងមូល។ ទីធ្លាវត្តអារាមទាំងមូលត្រូវយកទៅធ្វើជាឃ្លាំងផ្ទុកសម្ភារ និងជាកន្លែងចិញ្ចឹមសត្វ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សៀ បានវិលត្រលប់មករស់នៅភូមិកំណើតរបស់គាត់វិញ។ បច្ចុប្បន្ននេះ គាត់មានជំងឺក្រពះពោះវៀន៕

សម្ភាសន៍ដោយ៖ ម៉ាង ចន្រ្ទា ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin