អ្នកបើកកាណូត ជូនទៅខុសទីតាំង

អ៊ុក សុដាវី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅខេត្តក្រចេះ (២០២៤)។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(ក្រចេះ)៖ អ៊ុក ដារ៉ាវី ហៅ ម៉ាច អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងកុក ឃុំកំពង់ចាម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រ៉ាវី បច្ចុប្បន្ន រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

នៅឆ្នាំ១៩៧០ ក្រោយរដ្ឋប្រហាររបស់លោក លន់ នល់ គ្រួសាររបស់ រ៉ាវី បានផ្លាស់ប្ដូរទីលំនៅទៅរស់នៅភ្នំពេញ។ គ្រួសាររបស់ រ៉ាវី មានសមាជិក​សរុបទាំងអស់ចំនួនបួននាក់ និងបានទៅរស់នៅបឹងត្របែកជាមួយនឹងយាយទួតរបស់គាត់ឈ្មោះ ហួត វណ្ណថា ដែលជាគ្រូពេទ្យនៅមន្ទីរពេទ្យជ្រោយចង្វារ។ រ៉ាវី បញ្ជាក់ថា នៅអំឡុងពេលនោះ មានទាហានរបស់ លន់​ នល់ រងរបួសជាច្រើន បាន​សម្រាកព្យាបាលនៅមន្ទីរពេទ្យជ្រោយចង្វារ។ យាយទួតរបស់ រ៉ាវី ត្រូវនៅយាម នៅមន្ទីរពេទ្យជាប់ជានិច្ច ដោយរយៈពេលពីរសប្ដាហ៍ទើបត្រលប់មកផ្ទះម្ដង។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមវាយកាន់កាប់អំណាចនៅទីក្រុងភ្នំពេញ និងចាប់ផ្ដើមជម្លៀសប្រជាជនចេញពីទីក្រុងទៅតាមជនបទ។ ខ្មែរក្រហមប្រើហេតុផលថា ដើម្បីបោសសម្អាតខ្មាំង និងរៀបចំទីក្រុងភ្នំពេញឲ្យបានស្អាតឡើងវិញ ម្យ៉ាងវិញទៀត គឺខ្លាចអាមេរិកទម្លាក់គ្រាប់បែក។ នៅតាមដងផ្លូវ ខណៈប្រជាជនត្រៀបត្រាភៀសខ្លួនចេញពីភ្នំពេញ រ៉ាវី​ បានប្រទះឃើញមានមនុស្សស្លាប់ ដែលភាគច្រើនគឺជាមនុស្សចាស់ជរា និងអ្នកជំងឺ។ សាកសពមិនត្រឹមតែ​គរនៅតាមដងផ្លូវទេ ក៏ប៉ុន្តែមាននៅក្នុងទឹក ដោយអណ្ដែតតាមទន្លេនិងស្ទឹងជាច្រើនថែមទៀតផង។ ក្នុងអំឡុងពេលធ្វើដំណើរចេញពីភ្នំពេញ គ្រួសាររបស់ រ៉ាវី បានចូលស្នាក់នៅវត្តក្ដីតាកុយ រយៈពេលមួយយប់រួចបន្តដំណើរទៅបន្តទៀត។

នៅតាម​ផ្លូវ​ចាកចេញពីវត្តក្ដីតាកុយ មានកាណូតជាច្រើន ដែលនៅចាំដឹកប្រជាជនឆ្លងទៅតំបន់ដែលប្រជាជនចង់ទៅ។ យាយទួតរបស់ រ៉ាវី បានស្នើឲ្យអ្នកបើកកាណូត សូមជួយជូនគ្រួសាររបស់គាត់ទៅខេត្តកំពង់ចាម ប៉ុន្តែអ្នកបើកកាណូតបែរជាជូនទៅដាក់ភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះទៅវិញ។ គ្រួសារ រ៉ាវី ត្រូវរស់នៅទីនោះជាមួយនឹងគ្រួសារចំនួនប្រាំផ្សេងទៀត ដែលជិះកាណូតទៅជាមួយគ្នា។ រស់នៅទីនោះបានរយៈពេលពីរថ្ងៃ រ៉ាវី ត្រូវ​ខ្មែរក្រហម​ចាត់តាំង​ឲ្យធ្វើការងារនៅក្នុងកងចល័ត ដោយត្រូវ​លើកទំនប់នៅទំនប់ស្វាយត្រាំ ឃុំព្រែកសាម៉ាន់។ ការងាររបស់ រ៉ាវី នៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៦ គឺផ្ដោតទៅលើការជីប្រឡាយ និងលើកទំនប់។

ពាក់ព័ន្ធនឹងអាហារវិញ នៅក្នុងមួយថ្ងៃប្រជាជន ទទួលបានអាហារចំនួនពីរពេល។ អាហារដែលទទួលបាន ជាបបរដែលមានរសជាតិប្រៃបន្តិច ហើយមិនសូវរាវប៉ុន្មាននោះទេ និងមានពេលខ្លះអង្គការចែកបាយឲ្យប្រជាជន​ហូបជាមួយនឹងអំបិល។ រ៉ាវី បានកើតជំងឺគ្រុនចាញ់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលកន្លះខែទើបជាពីជំងឺ។ ឪពុករបស់ រ៉ាវី ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល ព្រោះឪពុករបស់គាត់ធ្លាប់ធ្វើការងារនៅស្នាក់ការរបស់ក្រសួង ក្នុងរបប លន់ នល់។ ខ្មែរក្រហមបានប្រើហេតុផលថា ថ្នាក់លើស្នើសុំឲ្យឪពុករបស់គាត់ទៅរៀនសូត្រ។

នៅចុងឆ្នាំ១៩៧៨ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់៕

សម្ភាសន៍ដោយ៖ ញ៉ិល ចន្រ្ទា ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin