កូនស្លាប់ដោយសារជំងឺកញ្ជ្រឹល
(ស្វាយរៀង)៖ សេង ណាប់ អាយុ៧៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងរបបខ្មែរក្រហម ណាប់ ត្រូវបានជម្លៀសពីខេត្តស្វាយរៀងឲ្យមករស់នៅខេត្តពោធិ៍សាត់។ គាត់ បានធ្វើដំណើរដោយថ្មើរជើងមកដល់អ្នកលឿងកន្លែងដែលសម្រាកទីនោះប្រំាថ្ងៃ ប្រាំយប់ ព្រោះនៅទីនោះមានមនុស្សច្រើនបានជម្លៀសមក ដើម្បីរងចាំឆ្លងកប៉ាល់ទៅត្រើយម្ខាងទៀត។
សេង ណាប់ «នៅតំបន់អ្នកលឿង នៅពេលនោះមានប្រជាជនច្រើនណាស់ដែលបានជម្លៀសមកផ្តុំគ្នា ខ្ញុំមិនដឹងថាមកពីខាងណាខាងណីខ្លះទេ ប៉ុន្តែឃើញច្រើន ការរស់នៅវិញលំបាកខ្លាំងព្រោះគ្មានអាហារ គ្មានកន្លែងស្នាក់នៅ និងគ្មានការយកចិត្តទុកដាក់ពីសំណាក់ទាហានខ្មែរក្រហមដែលនាំប្រជាជនមកផ្តុំគ្នាច្រើន។ ប្រជាជនទំាងនោះរង់ចាំត្រៀមឆ្លងកប៉ាលទៅត្រើយម្ខាងដើម្បីជម្លៀសទៅតំបន់ផ្សេងៗគ្នា»។
ណាប់ និងគ្រួសារបានឆ្លងកប៉ាល់ទៅត្រើយម្ខាង និងបន្តដំណើរទៅដោយថ្មើរជើងបន្តទៀតឆ្ពោះទៅភ្នំពេញដោយយប់កន្លែងណាសម្រាកនៅកន្លែងនោះ ស្អែកព្រឹកថ្ងៃបន្ទាប់ត្រូវធ្វើដំណើរបន្តទៀត។ ពេលទៅភ្នំពេញម្តុំច្បារអំពៅត្រើយខាងកើត ណាប់ ប្រាប់ថាមានទាហានខ្មែរក្រហមបានចែកអាហារ ក្រមា និងខោអាវមួយសម្រាប់សម្រាប់ប្រជាជនម្នាក់ៗ និងបានប្រាប់ឲ្យធ្វើដំណើរបន្តទៅខេត្តពោធិ៍សាត់។ ណាប់ ប្តី និងកូនពីរនាក់ បានធ្វើដំណើរតាមរថយន្តដែលខ្មែរក្រហមរៀបចំឲ្យរហូតដល់ពោធិ៍សាត់។
ពេលទៅដល់ខ្មែរក្រហមបានឲ្យណាប់ និងគ្រួសារធ្វើដំណើរដោយថ្មើរជើងបន្តទៀតដើម្បីទៅរកកន្លែងសហករណ៍រស់នៅ និងធ្វើការ។ គាត់ត្រូវរៀបចំកន្លែងស្នាក់នៅ និងអាហារដោយខ្លួនឯងដោយមានអង្ករដែលគេចែកពីភ្នំពេញមក។ នៅយប់នោះបន្ទាប់ពីហូបបាយរួចគាត់និងគ្រួសារត្រូវដេកកណ្តាលវាលស្រែហាលទឹកសន្សើមពេញមួយយប់ដោយសារគ្មានទីជម្រកស្នាក់នៅ។
លុះព្រឹកឡើងក៏បន្តដំណើរជាមួយប្រជាជនដែលជម្លៀសមកពីភូមិភាគបូពា៍ដទៃទៀតទៅរស់នៅតាមសហករណ៍ផ្សេងៗដែលខ្មែរក្រហមបានកំណត់ឲ្យ។ ណាប់ និងប្រជាជនស្រីៗត្រូវធ្វើកន្ទេល ជញ្ចូនស្រូវដាក់ហាល និងយកទៅរក្សាទុកក្នុងឃ្លាំង កាប់ទន្ទ្រានខេត្ត ព្រមទាំងលាយជីជាដើម។ កូនៗ និងក្មេងៗត្រូវមើលគោក្របី និងប្រមូលលាមកសត្វទុកធ្វើជី។ ប្តី និងប្រុសៗផ្សេងទៀតវធ្វើជាជាងផ្ទះ ឡើងភ្នំរកអូស និងឈើសម្រាប់ធ្វើរោងបាយ និងផ្ទះស្នាក់នៅ និងប្រជាជនជម្លៀសមកជាមួយគាត់ផ្សេងទៀតត្រូវជីកទំនប់ លើកប្រឡាយ លើកភ្លឺស្រែ ធ្វើស្រែចម្ការ ស្ទូង និងច្រូតស្រូវ ដោយគ្មានប្រជាជនណាម្នាក់ទំនេរទេ។ ដោយឡែករបបអាហារវិញទទួលបានមិនគ្រប់គ្រាន់ទេ។ ប្រជាជនដែលជម្លៀសមកពីខេត្តស្វាយរៀង បានស្លាប់ដោយសារការអត់ឃ្លាន ជំងឺ និងបានបាត់ខ្លួនជាបន្តបន្ទាប់ដោយគ្មានដំណឹង។ កូនៗរបស់ ណាប់ ពីរនាក់បានកើតជំងឺកញ្ជ្រឹលដោយខ្វះការថែទាំ និងការព្យាបាលត្រឹមត្រូវបណ្តាលឲ្យកូនម្នាក់បានស្លាប់។
ណាប់ បានរៀបរាប់ថាពីមួយថ្ងៃទៅមួយថ្ងៃស្ថានភាពរស់នៅ របបអាហារ និងការធ្វើការងារក្នុងរបបខ្មែរក្រហមកាន់តែលំបាកឡើងៗ។ ប្រជាជនបានស្លាប់ និងបាត់ខ្លួនដោយសារពាក្យថា ទៅរៀនសូត្រ។ គាត់និងប្តីក៏មានឈ្មោះត្រូវយកទៅរៀនសូត្រដែរក៏ប៉ុន្តែដោយសារតែរបបខ្មែរក្រហមដួលរលំមុនទើបគាត់អាចមានសំណាងនៅរស់រានមានជីវិតអាចធ្វើដំណើរដោយថ្មើរជើងត្រឡប់មករស់នៅ និងប្រកបរបបធ្វើស្រែចម្ការនៅស្រុកកំណើតឯខេត្តស្វាយរៀងរហូតដល់ពេលបច្ចុប្បន្ន។
សម្ភាសន៍ដោយ អ៊ុក ចាន់លក្ខិណា សម្ភាសន៍ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង