កូនក្មេងក៏ខ្មែរក្រហមសម្លាប់

(ស្វាយរៀង) ៖  សោម ស៊ន់ អាយុ៧៧ឆ្នាំ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។​

ស៊ន់ បានផ្តល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាថា​ ក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែល៣០ឆ្នាំ មានបងប្អូន១០នាក់ គាត់ជាកូនទី២ ហើយបងប្អូនគាត់បីគ្រួសារត្រូវបានអង្គការសម្លាប់ទាំងគ្រួសារ និងកូនតូចៗ ដោយចោទប្រកាន់ថា ជាខ្មាំងប្រឆំាងនឹងរបបខ្លួន។

រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបានក្នុងជីវិតគឺព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកក្នុងភូមិឃុំកាលពីសម័យ លន់ នល់ និងហេតុការណ៍សម្លាប់មនុស្ស ដែលគាត់បានឃើញផ្ទាល់ភ្នែកក្នុងរបបខ្មែរក្រហម។

ស៊ន់ បានឃើញឈ្លបខ្មែរក្រហមបណ្តើរមនុស្សប្រមាណជា៣០នាក់ មានចាស់ មានក្មេងយកទៅសម្លាប់ដោយចងក្រណាត់ខ្មៅបាំងភ្នែកជិត។ គាត់បានតាមលួចមើលការបណ្តើរមនុស្សយកទៅសម្លាប់ រហូតដល់​រណ្តៅ​។ ឈ្លប​បានវាយក្បាលមនុស្សពីក្រោយ និងបានរុញទម្លាក់ចូលក្នុងរណ្តៅ ដែលគេជីកបម្រុងទុកជាស្រេច។ ស៊ន់​ បន្តថា​ មានអ្នកខ្លះបានស្លាប់ និងអ្នកខ្លះនៅរស់ដោយគរពីលើគ្នា បន្ទាប់មកឈ្លបក៏លប់រណ្តៅនោះ។ ស៊ន់ គិតថា បើនៅពេលនោះទាហានខ្មែរក្រហមបានដឹងថាគាត់​លបមើលការសម្លាប់មនុស្សគាត់ត្រូវស្លាប់។

ស៊ន់ ត្រូវធ្វើការជីក និងរែកដីក្នុងក្រុមដែលមានគ្នាដប់នាក់ ដោយគេបានកំណត់បរិមាណច្រើនម៉ែត្រគីបក្នុង​មួយថ្ងៃ។ គាត់បន្តថា ប្រសិនបើក្នុងក្រុមមានអ្នកឈឺអ្នកផ្សេងត្រូវធ្វើជំនួសទាល់តែគ្រប់តាមផែនការ​ទើបអង្គការ   ផ្តល់​របបអាហារពីរពេលក្នុងមួយថ្ងៃ ដែលមានតែបបររាវ។

ក្រោយមក ស៊ន់ និងសមាជិកគ្រួសារត្រូវបានជម្លៀសទៅភូមិផ្សេង ស្ថិតក្នុងខេត្តស្វាយរៀង​។ ពេលទៅដល់ទីនោះ​​គាត់ និងគ្រួសារត្រូវធ្វើជម្រកស្នាក់នៅដោយខ្លួនឯង និងត្រូវប្រជាជនចាស់រើសអាងដោយចោទថា គាត់ជាគ្រួសារប្រជាជនថ្មីជាប្រជាជនមានប្រវត្តិមិនល្អ។ គាត់ និងគ្រួសារត្រូវធ្វើការច្រើនជាងប្រជាជនចាស់ និងទទួលបានរបបអាហារតិចតួច។ ឪពុកម្តាយរបស់គាត់បានប្រាប់ថាត្រូវតស៊ូប្រឹងប្រែងធ្វើការ និងមិនត្រូវប្រកែកតវ៉ាជាមួយគេទេដើម្បីអាចមានជីវិតរស់។

ការងារ ស៊ន់ និងបងប្អូនត្រូវលើកភ្លឺស្រែ និងទប់ទឹកកុំឲ្យលេចផលស្រូវដែលកំពុងប្រមូលផល។ ចំណែកឪពុកម្តាយត្រូវច្រូតស្រូវ និងជញ្ជូនស្រូវទុកក្នុងឃ្លាំងរួមសហករណ៍។

 ស៊ន់៖ ក្នុងរបបខ្មែរក្រហមអង្គការបានសម្លាប់មនុស្សទាំងគ្រួសារសូម្បីតែកូនក្មេងអាយុពីរ-បីខែដែលនៅជាមួយឪពុកម្តាយក៏មិនលើកលែងដែរ។  ក្នុងរបបខ្មែរក្រហមជីកស្មៅត្រូវជីកទាំងឫស។ ជាក់ស្តែងបងប្អូន​ខ្ញុំបីគ្រួសារត្រូវបានសម្លាប់ទាំងអស់រួមទាំងកូនតូចៗដែលមិនទាន់ដឹងអ្វីសោះ»។

ចុងឆ្នាំ១៩៧៨ អង្គការបន្តជម្លៀស ស៊ន់ និងគ្រួសារ​បន្តទៅតំបន់អ្នកលឿង ខេត្តព្រៃវែង។ ទៅដល់ទីនោះ​បាន១ខែ របបខ្មែរក្រហមក៏ដួលរលំ គាត់ និងគ្រួសារអាចធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើតឯខេត្តស្វាយរៀងវិញរហូតដល់សព្វថ្ងៃ។

បច្ចុប្បន្ន ស៊ន់ មានជំងឺឈឺចង្កេះ និងជំងឺសន្លាក់ដៃជើង គាត់មិនអាចអង្គុយ​យូរបានទេ៕

សម្ភាសន៍ដោយ  ពេជ សាន ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin