កូនអាយុពីរខែស្លាប់ដោយសារបាក់ទឹកដោះ

(ព្រៃវែង)៖ រៀល សារឹម  មានអាយុ៧២ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិវាល ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។ ក្នុងរបប​ខ្មែរក្រហមគាត់បានបាត់បង់សមាជិកគ្រួសារពីរនាក់ កូនម្នាក់អាយុពីរខែស្លាប់ដោយសារគ្មានទឹកដោះ និងបងថ្លៃប្រុសស្លាប់ដោយសារជាគ្រូបង្រៀនសម័យ លន់ នល់។

សារឹម ពេញមួយរបបខ្មែរក្រហមគាត់មិនត្រូវបានជម្លៀសនោះទេ។ អង្គការបានឲ្យរស់នៅភូមិវាលដែលជាភូមិកំណើត។ គាត់ត្រូវធ្វើការងារជីក រែកដី និងធ្វើស្រែ។ ឪពុកម្តាយរបស់ សារឹម ដែលមានវ័យចំណាស់ក៏ត្រូវខ្មែរក្រហមប្រើឲ្យជីក និងរែកដីធ្វើទំនប់ផងដែរ។

អង្គការបានឲ្យ សារឹម រៀបការមានគ្រួសារនៅសហករណ៍ភូមិវាល។ ការរៀបការនោះជាការស្ម័គ្រចិត្ត ប៉ុន្តែ​គ្មានសាច់ញាតិណាម្នាក់របស់គាត់បានចូលរួមពិធីទេ ក្រៅតែពីប្រធានសហករណ៍ដែលជាអធិបតី និងប្តីប្រពន្ធជាច្រើនគូផ្សេងទៀត។ ក្រោយរៀបការរួច សារឹម សម្រាលបានកូនមួយប៉ុន្តែកូនបាន​ស្លាប់ដោយសារតែគ្មានការថែទាំត្រឹមត្រូវ និងគ្មានទឹកដោះ។

ក្នុងរបបខ្មែរក្រហម សារឹម ស្ទើរតែបាត់បង់ជីវិតដោយសារតែជំងឺរាគធ្ងន់ធ្ងរគ្មានថ្នាំព្យាបាល។ សារឹមឲ្យដឹងថា ដោយសារតែគ្មានកម្លាំងធ្វើការ ​គាត់បានស្នើសុំអង្គការដើម្បីសម្រាកប៉ុន្តែត្រូវបានបដិសេធ អង្គការបានចោទប្រកាន់គាត់ថាខ្ជិល និងចង់គេចវេសពីការងារ។ សារឹម នៅរស់រានមានជីវិតដល់សព្វថ្ងៃដោយសារបានថ្នាំពីអ្នកជិតខាងដែលធ្វើជាទាហានខ្មែរក្រហមឲ្យគាត់លេបប៉ុណ្ណោះ​។

ចំណែកប្តីរបស់សារឹមត្រូវទៅរែកដីនៅសហករណ៍ព្រៃព្នៅដែលនៅ​ឆ្ងាយពីគាត់។

គ្រួសារបងស្រីរបស់សារឹមដែលធ្វើជាគ្រូបង្រៀននៅភ្នំពេញត្រូវបានជម្លៀសមករស់នៅស្រុកកំណើត។ ពេលមក​ដល់​គ្រួសារបងស្រីត្រូវ​បានខ្មែរក្រហមធ្វើប្រវត្តិរូប និងត្រូវបាន​រើសអើង​ដោយសារតែបងថ្លៃរបស់សារឹមជាគ្រូបង្រៀនក្នុងរបប ​លន់ នល់។ បងស្រី និងបងថ្លៃរបស់សារឹម ត្រូវបានខ្មែរក្រហម បង្ខំឲ្យធ្វើការងារធ្ងន់ និងផ្តល់របប​អាហារតិចជាងប្រជាជនមូលដ្ឋាន។

បងថ្លៃត្រូវទាហានខ្មែរក្រហមនាំយកទៅសម្លាប់ដោយចោទប្រកាន់ថាជាខ្មាំង។ ចំណែកបងស្រីត្រូវបានអង្គការតាមដានបន្ត បន្ទាប់ពីឪពុកម្តាយរបស់សារឹមបានខិតខំអង្វរប្រធានសហករណ៍បានទុកជីវិត។

ក្នុងរបបខ្មែរក្រហមរឿងរ៉ាវដែល សារឹម ចងចាំមិនអាចបំភ្លេចបានគឺការដែលគាត់ត្រូវទៅជីក និងរែកដីទាំងសរសៃខ្ចី ព្រមទាំងកូនត្រូវស្លាប់ដោយសារបាក់ទឹកដោះ​។ គាត់រៀបរាប់ទៀតថាការងារធ្ងន់ពីរបបខ្មែរក្រហមបាន​បន្សល់ទុកជំងឺក្រពះ និងជំងឺលើសសម្ពាធឈាមដល់សព្វថ្ងៃ។

ក្រោយរបបខ្មែរក្រហមដួលរលំ សារឹម និងប្តីបានត្រឡប់ពីសហករណ៍​មករស់នៅស្រុកកំណើតវិញ។

សម្ភាសន៍ដោយ រុន សុជាតិ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin