ង៉ែត យ៉ន៖ រឿងរ៉ាវដែលចងចាំមិនអាចបំភ្លេចបាននៅរបបខ្មែរក្រហម

ង៉ែត យ៉ន (២០២៤)

ខ្ញុំឈ្មោះ ង៉ែត យ៉ន ភេទប្រុស មានអាយុ ៨០ឆ្នាំ។ បច្ចុប្បន្ននេះ ខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។​ ក្រោយពីព្រឹត្តិការណ៍នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ របបសាធារណរដ្ឋខ្មែរដែលគ្រប់គ្រងដោយលោកលន់ នល់ ត្រូវបានបង្កើតឡើង ដែលបណ្ដាលឲ្យផ្ទៃក្នុងប្រទេសកម្ពុជា មានការបែកបាក់ប្រេះស្រាំ និងការផ្ទុះឡើងសង្គ្រាមស៊ីវិល ហើយស្របពេលជាមួយគ្នានោះដែរ ការទម្លាក់គ្រាប់បែកដោយយន្តហោះចាប់ផ្តើមកើតមានឡើងជាបន្តបន្ទាប់។

ក្រោយថ្ងៃទី១៧​ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមវាយផ្តួលរលំរបបសាធារណរដ្ឋខ្មែរបានដោយជោគជ័យ ហើយឡើងគ្រប់គ្រងអំណាចទាំងស្រុង។ ក្នុងអំឡុងនៃការគ្រប់គ្រងអំណាចរបស់ខ្មែរក្រហម គឺមានមនុស្សស្លូតត្រង់ជាច្រើននាក់​ត្រូវបានស្លាប់ដោយសារជំងឺ និងចាប់យកទៅសម្លាប់។ ក្នុងគ្រានោះ ខ្មែរក្រហមបានជម្លៀសប្រជាជន ចេញពីភូមិស្រុកកំណើតដើម្បីឲ្យទៅរស់នៅតាមទីជនបទ។ គ្រួសាររបស់ខ្ញុំ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើត ឲ្យទៅរស់នៅនិងធ្វើការងារនៅតំបន់ទំនប់ម្លេច ស្ថិតនៅឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ដំបូងឡើយ ខ្មែរក្រហមបានបញ្ជូនខ្ញុំ​​​ និងប្រជាជនដទៃទៀត ឲ្យទៅជីក និងរែកដី កាប់ឆ្ការព្រៃ និងចាក់ដីធ្វើជាផ្លូវឆ្ពោះទៅកាន់តំបន់ទំនប់ម្លេច។ នៅពេលនោះខ្ញុំមិនបានដឹងថាខ្មែរក្រហមបញ្ជាឲ្យធ្វើអ្វីប្រាកដនោះទេ គ្រាន់តែដឹងថាខ្មែរក្រហមឲ្យយើងជីកដើម្បីទាញយកទឹកទៅធ្វើស្រែ និងដាក់ស្រូវដែលមានទីតាំងនៅខាងក្រោមជើងទំនប់ប៉ុណ្ណោះ។ ខ្ញុំនិងប្រជាជនដ៏ទៃទៀត ត្រូវបានខ្មែរក្រហមប្រើឲ្យជីកនិងរែកដី ដោយធ្វើការចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ និងចាប់ពីម៉ោង ១រសៀលរហូតដល់ម៉ោង៥ល្ងាចទើបបានឈប់សម្រាក។ ខ្មែរក្រហមបានរៀបកន្លែងសម្រាប់ប្រជាជនធ្វើការក្នុងកងចល័ត ដោយបានធ្វើរោងជាជួរៗវែង គ្មានជញ្ជាំង ហើយស្នាក់នៅជុំគ្នាជាច្រើននាក់។ នៅពេលដែលកំពុងធ្វើការនៅទីនោះ ខ្មែរក្រហមមិនអនុញ្ញាតឲ្យប្រជាជននិយាយគ្នា ឫុពិភាក្សាគ្នាជាក្រុមៗនោះទេ។ ក្នុងពេលនោះដែរ គឺមានប្រជាជនជាច្រើននាក់ ត្រូវបានស្លាប់ដោយសារជំងឺ, ការខ្វះថ្នាំពេទ្យព្យាបាល, ការធ្វើការងារលើសកម្លាំង, ការហូបចុកមិនគ្រប់គ្រាន់, ហើយជាពិសេស គឺការចាប់ខ្លួនប្រជាជនដោយខ្មែរក្រហមយកទៅរៀនសូត្រ និងសម្លាប់ចោលជាបន្តបន្ទាប់ ដោយគ្មានការវិនិច្ឆយទោសកំហុស។

ខ្ញុំបានធ្វើការនៅទំនប់ម្លេចបានប្រហែលជា៦ទៅ៧ខែ បន្ទាប់មកខ្មែរក្រហមបានជ្រើសរើសនិងបញ្ជូនខ្ញុំឲ្យទៅរៀនសូត្រនៅតំបន់កំពង់ក្រោម ប៉ុន្តែខ្មែរក្រហមមិនបានសម្លាប់ខ្ញុំនោះទេ ផ្ទុយទៅវិញគេបានជ្រើសរើសខ្ញុំឲ្យធ្វើជាយោធា។ ក្នុងពេលបម្រើការងារជាយោធា ខ្មែរក្រហមបានប្រាប់ខ្ញុំឲ្យសម្លាប់មនុស្សយ៉ាងហោចណាស់១ថ្ងៃ ១យប់ គឺត្រូវតែសម្លាប់មនុស្សឲ្យបាន២នាក់ ដោយមិនចាំបាច់ត្រូវសួររកខុសឬត្រូវនោះឡើយ បើនិយាយឲ្យខ្លីថា៖ “គឺត្រូវតែសម្លាប់ចោល”។ ពេលនោះខ្ញុំមានការភ័យតក់ស្លុតនិងខ្លាចជាទីបំផុត។ ក្រោយមក ខ្ញុំបានចេញពីកន្លែងរៀនសូត្រនោះហើយមកនៅក្នុងភូមិវិញ ខ្មែរក្រហមតែងតែតាមដានរូបខ្ញុំរហូត ហើយគេបានចាត់ឲ្យខ្ញុំមើលថែនិងចិញ្ចឹមគោមួយនឹមក្នុងភូមិ។

ជារៀងរាល់ពេលយប់ គឺមានក្រុមខ្មែរក្រហមបានមកឈ្លបយកការណ៍ពីខ្ញុំនៅពីក្រោមផ្ទះ។ ខ្ញុំបានដឹងរឿងនេះដោយសារខ្ញុំបានឮសំឡេងគោរបស់ខ្ញុំដែលបានចងនៅក្រោមផ្ទះ។ ខ្មែរក្រហមចាត់ឲ្យខ្ញុំចិញ្ចឹមគោមិនបានយូរប៉ុន្មាន ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅធ្វើការនៅទំនប់ម្លេចបានប្រហែលជា២ទៅ៣ខែ ខ្មែរក្រហមក៏បានដកខ្ញុំចេញពីទំនប់ម្លេចដោយឲ្យទៅភ្ជួរស្រែវិញ។ ខ្មែរក្រហមបានប្រើឲ្យខ្ញុំនិងប្រជាជន៤០នាក់ផ្សេងទៀត​ ធ្វើការភ្ជួរស្រែម៉ោងប្រហែល១យប់រហូតដល់ម៉ោង១១ព្រឹក។ ខ្ញុំធ្លាប់បានឃើញ ខ្មែរក្រហមបានហៅប្រជាជនដែលកំពុងធ្វើការជាមួយខ្ញុំ រួចដឹកយកចេញទៅដោយគ្រាន់តែប្រាប់ថាយកទៅរៀនសូត្រ ប៉ុន្តែខ្ញុំមិនដែលបានឃើញគាត់មកវិញនោះទេ។ ប្រជាជនទាំងនោះភាគច្រើនជាប្រជាជនថ្មីដែលជម្លៀសចេញពីខេត្តផ្សេងៗ។ ចំពោះការហូបចុកនៅទីនោះវិញ គឺមិនមានអាហារហូបចុកគ្រប់គ្រាន់នោះទេ។ ជាក់ស្តែងខ្មែរក្រហមបានឲ្យហូបពីរពេលក្នុងមួយថ្ងៃ បបរមួយកំប៉ុងសម្រាប់មនុស្សទៅដល់៤០នាក់។ ក្នុងគ្រានោះ ប្រជាជនភាគច្រើនត្រូវបានស្លាប់ដោយសារអត់អាហារ និងបាក់កម្លាំង។

នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមបានចូលមករំដោះប្រជាជនចេញពីរបបដ៏សែនកាចសាហាវនិងឃោរឃៅនេះ ខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំព្រមទាំងប្រជាជនដទៃទៀត បានរត់ភៀសខ្លួនចូលក្នុងព្រៃនិងរស់នៅទីនោះអស់ជាច្រើនខែ។ នៅពេលដែរខ្ញុំបានភៀសខ្លួនចូលព្រៃ គឺមានប្រជាជនជាច្រើនបានស្លាប់នៅតាមផ្លូវ ហើយមានសាកសពនៅទុកចោលពាសពេញព្រៃ។ ក្រោយកងទ័ពវៀតណាមបានរំដោះនិងសង្រ្គាមបានបញ្ចប់ទាំងស្រុង ក្រុមគ្រួសាររបស់ខ្ញុំ ព្រមទាំងក្រុមប្រជាជនដ៏ទៀត បានធ្វើដំណើរវិលត្រឡប់មកភូមិស្រុកកំណើតវិញ។ ពេលបានមកដល់ស្រុកកំណើត ខ្ញុំនិងក្រុមគ្រួសារបានប្រកបរបរធ្វើស្រែចម្ការ។

បច្ចុប្បន្ននេះ ខ្ញុំកំពុងមានជំងឺប្រចាំកាយដូចជា ជំងឺត្រចៀកធ្ងន់ ជម្ងឺលើសឈាម និងជំងឺសន្លាក់ដៃ ជើង។ មូលហេតុដែលធ្វើឲ្យកើតមានជំងឺនេះ ដោយសាររូបខ្ញុំមានវ័យកាន់តែចាស់ជរា ហើយម្យ៉ាងទៀតកាលពីឆ្នាំ​១៩៨៥ ខ្ញុំត្រូវបានចោរប្រដាប់អាវុធមួយក្រុមបានបាញ់ស្រោចមកលើរូបខ្ញុំ បណ្តាលឲ្យខ្ញុំពិការជើងទាំងសងខាង។ ដោយមានភ័ព្វសំណាងល្អ ខ្ញុំត្រូវក្រុមគ្រួសារបញ្ជូនខ្ញុំទៅកាន់មន្ទីរពេទ្យហើយបានព្យាបាលទាន់ពេលវេលា ទើបខ្ញុំមានជីវិតរស់នៅមកដល់សព្វថ្ងៃនេះ៕

ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤

អត្ថបទដោយ ផាត ពន្លក

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin