រឿងរបស់អ្នករស់រានពីសម័យខ្មែរក្រហមឈ្មោះ ស្រូវ ភ្លើង

ខ្ញុំមានឈ្មោះ ស្រូវ ភ្លើង មានអាយុ៦៤ឆ្នាំ រស់នៅភូមិពូក្រែង ឃុំស្រែអំពូម ស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគិរី។ ក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុ១៥ឆ្នាំ។ នៅពេលនោះ អង្គការបានជម្លៀសខ្ញុំ និងគ្រួសារឲ្យធ្វើដំណើរដោយថ្មើរជើងរយៈពេល៤យប់៥ថ្ងៃ ចេញពីភូមិពូក្រែងឲ្យទៅរស់នៅស្រុកកោះញែក។ នៅពេលនោះ ស្រុកកោះញែក ត្រូវបានហៅថា៖ “ស្រុករបី”។
នៅក្នុងសម័យនោះ ខ្ញុំរស់នៅភូមិទី៣ ដែលពេលនោះមាន៣ភូមិ គឺភូមិទី១ ភូមិទី២ និងភូមិទី៣។ នៅទីនោះ អង្គការបានចាត់ឲ្យខ្ញុំទៅធ្វើការនៅក្នុងកងចល័ត។ នៅការដ្ឋានការងារ នៅពេលដែលមានការខ្វះខាតកម្លាំងធ្វើការ អង្គការបានចាត់ខ្ញុំទៅដើម្បីបំពេញកម្លាំងកងនោះ។ ការងាររបស់ខ្ញុំពេលនោះចម្រុះគ្នា គឺមានទាំងការងារស្រែចម្ការ លើកទំនប់ និងជីកប្រឡាយជាដើម។ ខ្ញុំត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាក។
ចំណែកឯឪពុករបស់ខ្ញុំត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ដោយបានប្រាប់ថាទៅប្រជុំ។ បន្ទាប់ពីបានទៅប្រជុំ គាត់បានបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ អង្គការបានចោទប្រកាន់ឪពុកខ្ញុំថា គឺជាខ្មាំង ដែលបានចូលដៃជើងជាមួយបរទេស។ បន្ទាប់ពីឪពុកខ្ញុំបានបាត់ដំណឹងនាពេលយប់ អង្គការបានមកសួរគ្រួសារខ្ញុំថា៖ “តើនរណាចង់ទៅតាមឪពុកទេ?” ខ្ញុំឆ្លើយថាមិនចង់ទៅតាមទេ។ បើយើងឆ្លើយថាចង់ទៅ អង្គការនឹងយកយើងទៅសម្លាប់ម្នាក់ទៀត។ ខ្ញុំត្រូវក្រោកតាំងពីម៉ោង៣ទៀបភ្លឺ ដើម្បីទៅធ្វើការងាររហូតដល់ម៉ោង១១យប់ទើបបានសម្រាក។
ក្នុងមួយថ្ងៃៗ អង្គការបានចែករបបអាហារឲ្យហូបចំនួនបីពេល។ ពេលព្រឹកហូបបបរលាយជាមួយមើមក្តួច ឬដំឡូង។ ពេលថ្ងៃ និងយប់ គឺបានហូបបាយឬបបរ។ ខ្ញុំទទួលបានរបបអាហារបីពេល ប៉ុន្តែធ្វើការគ្មានពេលសម្រាក។ បន្ទាប់ពី ខ្ញុំធ្វើការបានពីរឆ្នាំ អង្គការឃើញខ្ញុំធ្វើការល្អបានប្តូរឲ្យទៅធ្វើការបោកខោអាវ និងមើលកុមារ។ ក្នុងមួយឆ្នាំ ខ្ញុំទទួលបានសម្លៀកបំពាក់ពណ៌ស ២សម្រាប់។ អ្នកស្លៀកពាក់សម្លៀកបំពាក់ពណ៌សទាំងនេះបញ្ជាក់ថាជាវណ្ណៈតូចតាច។ រីឯសម្លៀកបំពាក់ពណ៌ខ្មៅសម្រាប់អ្នកដែលមានឋានៈធំក្នុងសង្គម៕
សម្ភាស និងអត្ថបទដោយ ធី ស្រីពេជ្រ