ផង់ ហ៊ាង៖ ខ្ញុំបាត់បង់ជើងទាំងពីរដោយសារគ្រាប់មីន
ផង់ ហ៑ាង[1] ភេទប្រុស អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិយាវ ឃុំកំពង់ក្របី ស្រុកសំបូរ ខេត្តក្រចេះ។ បច្ចុប្បន្ន ហ៊ាង រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ហ៊ាងបាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៣នាក់ ហើយខ្ញុំជាកូនប្រុសពៅនៅក្នុងគ្រួសារ។ កាលពីកុមារភាព ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៥ពីសង្គមចាស់។ ខ្ញុំឈប់រៀនដោយសារតែគ្រួសារខ្ញុំមានជីវភាពក្រខ្សត់ខ្លាំងពេក។ ខ្ញុំត្រូវធ្វើការងារ ដើម្បីរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ។ មួយឆ្នាំក្រោយមក ខ្ញុំចាំបានថា លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ពីតំណែង។ ប្រជាជននៅក្នុងភូមិក៏មានការប្រមូលផ្ដុំកម្លាំង ដើម្បីធ្វើបាតុកម្មទម្លាក់ លន់ នល់ ពីតំណែងវិញ។ នៅពេលនោះ ប្រជាជនច្រើនណាស់បានចូលរួមកម្លាំងធ្វើបាតុកម្ម ដោយបាននាំគ្នាដើរតាមផ្លូវកាន់ដំបង កាំបិត ពូថៅ គ្រប់ដៃ ហើយធ្វើដំណើរឆ្ពោះទៅទីរួមស្រុកសំបូរ ខេត្តក្រចេះ។
បន្ទាប់មកទៀត ខ្ញុំក៏ត្រូវបង្ខំចិត្តចូលបម្រើក្នុងជួរកងទ័ព លន់ នល់ ក្នុងវ័យ១៨ឆ្នាំ ដោយសារការគំរាមកំហែងមកលើគ្រួសារខ្ញុំ។ ប្រសិនបើខ្ញុំមិនចូលធ្វើទ័ពទេ ឪពុកម្ដាយរបស់ខ្ញុំត្រូវចូលជំនួសខ្ញុំ។ ពេលនោះហើយដែលខ្ញុំចូលធ្វើជាកងទ័ព លន់ នល់។ ខ្ញុំត្រូវចាកចេញពីគ្រួសារតាំងពីខ្ញុំមានអាយុ១៨ឆ្នាំ។ ខ្ញុំ ទទួលបានការបង្ហាត់បង្រៀនពីវិធីសាស្រ្តកងទ័ពរយៈពេល៥ខែ កំឡុងពេលចូលទៅវាយក្នុងសមរភូមិដូចជា៖ ការក្រាបឬលូន និងការហាត់បាញ់កាំភ្លើងឲ្យបានស្ទាត់ជំនាញ។ ខ្ញុំនៅក្រោមការគ្រប់គ្រងរបស់មិត្ត ម៉ន ដែលជាកងទ័ព លន់ នល់។ ក្នុងកំឡុងពេលខ្ញុំរស់នៅក្នុងជួរទ័ព លន់ នល់ ខ្ញុំក៏បានស្ដាប់ឮការផ្សាយសំឡេងរបស់ សម្ដេច នរោត្តម សីហនុ ប្រាប់ឲ្យប្រជាជនខ្មែរចូលព្រៃម៉ាគី ដើម្បីប្រមូលកម្លាំងទាមទារអំណាចមកវិញ។ ពេលនោះ ខ្ញុំក៏បាននឹកគិតក្នុងចិត្តដែលថាខ្ញុំនឹងចូលរួមជាមួយកម្លាំងប្រជាជនខ្មែរដែលធ្វើការទាមទារអំណាចជូនសម្ដេចព្រះ សីហនុ វិញ។ ប៉ុន្តែកំឡុងពេលនោះខ្ញុំមិនអាចចាកចញពីទាហាន លន់ នល់ បានភ្លាមៗនោះទេ រហូតដល់ថ្ងៃមួយខ្ញុំបានចេញទៅវាយនៅសមរភូមិក្នុងទឹកដីខេត្តកំពង់ធំ។ ខ្ញុំក៏បានរត់ចេញពីជួរកងទ័ព លន់ នល់ ហើយចូលទៅខាងទ័ពខ្មែរក្រហមវិញ។ នៅពេលដែលខ្ញុំចូលក្នុងជួរទ័ពខ្មែរក្រហម ខ្ញុំមិនត្រូវបានសួរនាំឬស៊ើបអង្កេតអ្វីនោះទេ។ នៅពេលនោះ ខ្មែរក្រហមក៏សុទ្ធតែដឹងថាខ្ញុំត្រូវបានទាហាន លន់ នល់ ចាប់បង្ខំឲ្យចូលធ្វើទ័ព។ បន្ទាប់មកទៀត ខ្ញុំរស់នៅឈរជើងនៅក្នុងខេត្តកំពង់ធំជាមួយកងទ័ពខ្មែរក្រហមបានរយៈពេល២ឆ្នាំ ក្នុងការវាយចូលទៅទីក្រុងភ្នំពេញ។ បន្ទាប់មកទៀតកងកម្លាំងរបស់ខ្ញុំក៏ត្រូវបានបញ្ជូនទៅខេត្តក្រចេះ និងបានបន្តធ្វើជាកងទ័ពស្រុកសំបូរវិញ។ កំឡុងពេលទៅឈរជើងនៅទ័ពស្រុកសំបូរ ខ្ញុំក៏បានត្រឡប់ទៅលេងម្ដាយឪពុកនៅផ្ទះដែរ។ ពេលនោះ ម្ដាយឪពុកខ្ញុំមានការសប្បាយចិត្តណាស់ ដែលបានឃើញខ្ញុំនៅមានជីវិតរស់នៅ និងត្រឡប់មកជួបជុំគ្រួសារម្ដងទៀត។
ក្នុងកំឡុងឆ្នាំ១៩៧៥ ខ្មែរក្រហមទទួលបានជ័យជម្នះ។ ខ្ញុំមានអារម្មណ៍ថាត្រេកអរជាខ្លាំងព្រោះគិតថាលែងជួបការលំបាកក្នុងការធ្វើសង្គ្រាមទៀតហើយ។ ប៉ុន្តែការគិតរបស់ខ្ញុំខុសទាំងស្រុង។ ក្រោយពីទទួលបានជ័យជម្នះ របៀបរបបការរស់នៅរបស់ប្រជាជនត្រូវបានផ្លាស់ប្ដូរទាំងអស់។ ចំណែកឯខ្ញុំត្រូវបញ្ជូនឲ្យទៅកាន់ផ្នែកដឹកជញ្ជូនស្បៀង និងសម្ភារខាងផ្នែកកងទ័ពជើងទឹកម្ដង។ កាលនោះ ខ្ញុំដឹកជញ្ជូនសម្ភារតាមកាណូត ក្នុងមួយកាណូតដឹកសម្ភារមានគ្នាចំនួនពីរនាក់សម្រាប់ជួយមើលការខុសត្រូវ។ ខ្ញុំបានដឹកសម្ភារចេញពីភ្នំពេញ ទៅតាមបណ្ដាខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
ខ្ញុំនៅក្នុងកងទ័ពជើងទឹកផ្នែកដឹកជញ្ជូនរហូតដល់ឆ្នាំ១៩៧៩។ នៅពេលដែលកងទ័ពវៀតណាមបានវាយចូលមកដល់ភ្នំពេញ ទើបមានការបាក់ទ័ពខ្មែរក្រហមរត់ចូលព្រៃអស់។ កាលនោះខ្ញុំមានគ្នាចំនួន៧នាក់ ដែលបាននៅបន្តចាំយាមកាណូត ព្រោះខ្លាចបាត់។ ក្រុមខ្ញុំនៅចាំកាណូត រហូតដល់កម្លាំងទ័ពខ្មែរក្រហមរត់ចូលព្រៃអស់ ទើបគ្នាខ្ញុំទាំង៧នាក់ធ្វើដំណើរចូលព្រៃតាមក្រោយ។ កម្លាំងទ័ព និងប្រជាជនដែលរស់នៅក្នុងព្រៃគេចពីកងទ័ពវៀតណាមពីមួយថ្ងៃទៅមួយថ្ងៃមានការខ្វះខាតអាហារ និងទឹកប្រើប្រាស់ជាខ្លាំង។ ខ្ញុំបានធ្វើដំណើររួមជាមួយកម្លាំងជាច្រើននាក់ទៀតអស់រយៈពេលជាច្រើនខែទើបមានទំនាក់ទំនងជាមួយកម្លាំងនៅលើភ្នំដងរែក។
ពេលធ្វើដំណើរទៅដល់ភ្នំដងរែក ប្រជាជនទាំងអស់ពិតជាមានការសប្បាយចិត្តជាខ្លាំងដែលខ្លួនបានទទួលអាហារហូបចុក និងសម្ភារប្រើប្រាស់បានគ្រប់គ្រាន់លែងមានការខ្វះខាតបន្តទៀត។ ចំណែកឯខ្ញុំនៅតែបន្តធ្វើជាកងទ័ពចេញទៅវាយនៅសមរភូមិមុខ រហូតដល់ឆ្នាំ១៩៨៣ ដែលនៅពេលនោះខ្ញុំក៏បានដើរទៅជាន់មីនត្រូវរបួសយ៉ាងធ្ងន់ធ្ងរ។ អំឡុងពេលជាន់គ្រាប់មីនភ្លាមៗខ្ញុំបានសន្លប់អស់រយៈពេលមួយសប្ដាហ៍ទើបខ្ញុំដឹងខ្លួនវិញ។ ពេលដឹងខ្លួន ខ្ញុំនៅសម្រាកព្យាបាលពេទ្យថៃ ពេលនោះខ្ញុំពិតជាក្ដុកក្ដួលជាខ្លាំងបន្ទាប់ពីបានដឹងថាខ្លួនត្រូវបានកាត់ជើងទាំងពីរ។
ក្រោយពីដឹងថា ខ្លួនឯងត្រូវពិការភាពជើងទាំងពីរ អារម្មណ៍របស់ខ្ញុំមិនចង់ឃើញពីសភាពខ្លួនឯងបែបនេះទេ ខ្ញុំពិតជាចង់បញ្ចប់ជីវិតក្នុងពេលនោះណាស់។ ចាប់តាំងពីខ្ញុំពិការភាព ខ្ញុំតែងតែគិតថាតទៅថ្ងៃមុខទៀតការរស់នៅរបស់ខ្ញុំ ពិតជាជួបការលំបាក និងប៉ះពាល់ទៅដល់អ្នកនៅជុំវិញខ្លួនមិនខាន។ គិតថាខ្លួនត្រូវជួបនូវទុក្ខលំបាកវេទនា ដោយសារលែងមានជើងសម្រាប់ដើរតទៅទៀតហើយ។ ទន្ទឹមនឹងនេះ ការរស់នៅប្រចាំថ្ងៃនៃភាពនៅលីវរបស់ខ្ញុំក៏ត្រូវប្រឈមនឹងការរើសអើងពីមនុស្សជុំវិញខ្លួន។ ខ្ញុំគិតថាគ្មានអ្នកណាមកស្រលាញ់ និងរាប់រកខ្ញុំជាជនពិការនោះទេ។
នៅឆ្នាំ១៩៩៣ ខ្ញុំត្រូវប្រធានមន្ទីរជនពិការខ្មែរក្រហមរៀបចំឲ្យមានគ្រួសារដូចទៅនឹងយុវជនដទៃទៀត។ កំឡុងពេលនោះខ្ញុំបានចុះមករស់នៅក្នុងភូមិស្រះឈូកហើយទើបបានប្រពន្ធ។ បន្ទាប់ពីរៀបការ ខ្ញុំមិនអាចជួយធ្វើការងារធ្ងន់ៗដល់ប្រពន្ធខ្ញុំបាននោះទេ។ ខ្ញុំបានត្រឹមនៅមើលថែរក្សាផ្ទះសម្បែង និងរៀបចំបាយទឹកទុកឲ្យប្រពន្ធកូនមកពីធ្វើការ។ ម្ដងម្កាលខ្ញុំក៏បានទៅជួយធ្វើចម្ការប្រពន្ធកូនបានបន្តិចបន្តួចផងដែរ ប៉ុន្តែខ្ញុំត្រូវរំកិលគូទនៅលើដី ដើម្បីធ្វើការទាំងអស់នោះ។
ខ្ញុំពិតជាមិនចង់ឱ្យរបបផ្ដាច់ការមួយនេះ វិលត្រឡប់មកវិញម្ដងទៀតនោះទេ ព្រោះរបបនេះបានធ្វើឱ្យប្រជាជនខ្មែររស់នៅយ៉ាងលំបាកវេទនា ប្រជាជនត្រូវផ្លាស់ប្ដូរទីកន្លែងរស់នៅឥតឈប់ឈរ។ បន្ថែមពីនេះទៀត ការធ្វើសង្គ្រាមបានធ្វើឲ្យប្រជាជនខ្មែរបាត់បង់សាច់ញាតិ បងប្អូនឪពុកម្ដាយ ដែលបានបន្សល់ទុកនូវក្មេងកំព្រា ចាស់ជរា ស្រ្តីមេម៉ាយ និងជនពិការភាព រាប់ពាន់នាក់។ ជាក់ស្ដែង ខ្ញុំផ្ទាល់ត្រូវបានបាត់បង់ជើងទាំងពីរ ដែលធ្វើឲ្យខ្ញុំអស់សង្ឃឹមក្នុងការរស់នៅបន្ត។ ខ្ញុំមិនអាចធ្វើការងារ និងមិនអាចធ្វើដំណើរទៅណាឆ្ងាយបាននោះទេ ក្រៅពីនៅផ្ទះ។ ទន្ទឹមនឹងនេះ ខ្ញុំគ្មានលទ្ធភាពជួយសម្រាលបន្ទុកគ្រួសារ។ បច្ចុប្បន្ននេះ ខ្ញុំមានការអន់ចិត្ត និងសោកស្ដាយដែលខ្លួនត្រូវពិការភាពកំឡុងពេលធ្វើសង្គ្រាមជាខ្លាំង។ បច្ចុប្បន្ននេះ ខ្ញុំមិនហ៊ានចេញទៅខាងក្រៅនោះទេដោយសារតែខ្ញុំមានការអៀនខ្មាស់នឹងមនុស្សជុំវិញខ្លួន»។ ចំពោះជំងឺប្រចាំកាយមកទល់ពេលនេះខ្ញុំមានមួយចំនួនដូចជា៖ លើសជាតិស្ករ ជាតិអាស៊ីត ធ្វើទុកក្នុងរាងកាយ ពិសេសពោះចេះតែឈឺចាប់។
សរសេរ មេក វិន
ឯកសារយោង
[1] មេក វិន សម្ភាសន៍ជាមួយ ផង់ ហ៊ាង នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៤។