ជ័យ ទូច ហៅ ជ័យ ណាត ជាប្រធានកងហាស្រែអំបិលកំពង់កណ្ដាល នៅខេត្តកំពត

នៅឆ្នាំ១៩៧៥ខ្មែរក្រហមបានបញ្ជូន ជ័យ ទូច ហៅ ជ័យ ណាត ទៅការដ្ឋានស្រែអំបិលកំពង់កណ្ដាល ខេត្តកំពត។ ជ័យទូចមានតួនាទីជាប្រធានកងហា គ្រប់គ្រងយុវនារីចំនួន ពីរក្រុម។ ក្នុងមួយក្រុមមានយុវនារីចំនួន១២នាក់។ ខាង ក្រោមនេះជាសាច់រឿងរបស់ ជ័យ ទូច[1]ហៅជ័យ ណាត ៖
ខ្ញុំឈ្មោះជ័យ ទូច ហៅក្រៅថា ជ័យ ណាត ភេទស្រី អាយុ៤៨ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតនៅក្នុងភូមិក្រាំងស្បែក ឃុំត្រឡាច ស្រុកកោះអណ្ដែត ខេត្តតាកែវ។ បច្ចុប្បន្នរស់នៅ ក្នុងភូមិក្រាំងស្បែក ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ ឪពុកខ្ញុំឈ្មោះ ជ័យ យឹម និងម្ដាយឈ្មោះ ញ៉ោប មុំ។ ខ្ញុំមាន បងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រី៤នាក់ និងប្រុស៣ នាក់។ ខ្ញុំជាកូនទី៥នៅក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះ ខាន់ មាស អាយុ៤៧ឆ្នាំ និងមានកូនចំនួន៤នាក់។ កាលពីកុមារភាពខ្ញុំបានរៀនត្រឹមថ្នាក់កុមារដ្ឋាននៅសាលាវត្តឈើនៀងផ្អែម ដែលស្ថិតនៅក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
នៅឆ្នាំ១៩៧០ខ្ញុំបានឈប់រៀនដោយសារមានបាតុកម្មធំមួយនៅក្នុងភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ មុនពេលធ្វើបាតុកម្ម ខ្ញុំបានរស់នៅជួបជុំជាមួយគ្រួសារ។ ក្រោយពេលធ្វើបាតុកម្មចប់ក្នុងភូមិក្រាំងស្បែកជាតំបន់រំដោះ។ ទាហានរំដោះ តែងតែមកប្រចាំការ នៅក្នុងភូមិក្រាំងស្បែក និងក្នុងព្រៃក្បែរៗភូមិ។
នៅឆ្នាំ១៩៧២ ក្រុមគ្រួសារខ្ញុំទៅនៅភូមិត្រពាំងធំ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីប្រកប មុខរបរធ្វើស្រែចម្ការ។ ពេលទាហានធីវគីចូលមកធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ និងចាប់មាន់ ឆ្កែ ព្រមទាំងចាប់កូនក្រមុំ ប្រជាជន។ ខណៈពេលនោះមានប្រជាជនខ្លះនាំគ្នារត់ចូលព្រៃ ដើម្បីគេចពីទាហានធីវគី។
នៅឆ្នាំ១៩៧៣ គ្រួសារខ្ញុំបានត្រឡប់មករស់នៅក្នុងភូមិក្រាំងស្បែកវិញ។ ខ្ញុំបានស្ម័គ្រចិត្តចូលបម្រើចលនា ខ្មែរក្រហមដោយសារមានការឈឺចាប់នឹងរបប លន់ នល់ ដែលបានជិះជាន់មកលើប្រជាជនក្រីក្រ។ បន្ទាប់មក អង្គការបញ្ជូនខ្ញុំឲ្យទៅធ្វើការនៅក្នុងមន្ទីរឃុំត្រឡាច ។
នៅឆ្នាំ១៩៧៤ អង្គការបានចាត់តាំងខ្ញុំឲ្យទៅធ្វើការងារនៅមន្ទីរ១៥០។ មន្ទីរ១៥០ ជាកន្លែងលត់ដំកងទ័ព ដែលស្ថិតនៅជិតត្នោតជុំក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ កាលនោះមេឃុំត្រឡាច ឈ្មោះ តាគឹម។ ខ្ញុំនៅក្នុងមន្ទីរ១៥០ គ្មានអាហារហូបចុកគ្រប់គ្រាន់ទេ។
នៅឆ្នាំ១៩៧៥អង្គការបញ្ជូនខ្ញុំឲ្យទៅធ្វើការនៅស្រែអំបិល ខេត្តកំពត។ ខ្ញុំបានធ្វើដំណើរតាមរថយន្តពីវត្តត្រពាំងគល់ ភូមិត្រពាំងធំ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ឆ្ពោះទៅស្រែអំបិលខេត្តកំពត។ ខ្ញុំឃើញក្នុងមួយឡានមានមនុស្សប្រហែលជា២០នាក់។ ពេលទៅដល់ស្រែអំបិលកំពង់កណ្ដាល ខ្ញុំឃើញ មនុស្សស្រីរាប់ពាន់នាក់ដែលកំពុងធ្វើការនៅក្នុងស្រែអំបិល។ អង្គការបានបែងចែកជាបួនកងធំ ដែលក្នុងមួយកងមាន មនុស្សពីមួយរយទៅពីររយនាក់។ ខ្ញុំត្រូវអង្គការចាត់តាំងឲ្យធ្វើជាប្រធានកងហា។ ប្រធាននៅស្រែអំបិលឈ្មោះ បងជឿន។ ការងារនៅស្រែអំបិល ធ្វើការគ្មានដែនកំណត់ហើយ ធ្វើអំបិលបានតែខែប្រាំងប៉ុណ្ណោះ។ កម្មករនៅ ស្រែអំបិលទទួលរបបអាហារមួយថៃ្ងបានពីរពេលគឺពេលថៃ្ងត្រង់និងពេលល្ងាចមិនសូវមានការខ្វះខាតទេ។ខ្ញុំធ្វើការនៅស្រែអំបិល ចុះខោអាវណាស់។ នៅស្រែអំបិល អង្គការចែកសំលៀកបំពាក់ និងក្រមាចែកឲ្យប្រើប្រាស់មិនកំណត់ទេ។ នៅជិតស្រែអំបិលមានតំបន់កំពង់កណ្ដាល កំពង់ណុង សេះស ត្រើយកោះ ។ កម្មករត្រូវធ្វើការងារទៅតាមផែនការដែល អង្គការចាត់តាំង។
លោកអៀង សារីតែងតែមានផែនការឲ្យប្រជាជនរៀបចំស្រែអំបិល និងនាំអំបិលទៅឲ្យភ្ញៀវ។ នៅកំពង់ កណ្ដាលហៅថាស្រែអំបិលរដ្ឋ ចំណែកស្រែអំបិលអង្គោល ហៅថាស្រែអំបិលភូមិភាគស្រែអំបិលរដ្ឋ និងស្រែអំបិល ភូមិភាគមិនខុសគ្នាទេ។ ស្រែអំបិលភូមិភាគ ពេលទទួលបានគឺសម្រាប់ផ្គត់ផ្គង់នៅតាមភូមិភាគ។ ចំណែកស្រែអំបិល នៅកំពង់កណ្ដាល ពេលទទួលផលបានត្រូវដឹកតាមរទេះគោមកដាក់ឡានដឹកទៅភ្នំពេញ រួចដាក់តាមរទេះភ្លើងយក ទៅចែកចាយនៅភ្នំពេញ និងខេត្តបាត់ដំបង។
កាលនោះខ្ញុំមានតួនាទីជាកងហាហើយក្នុងមួយកងហាមាន២ក្រុម ក្នុងមួយក្រុមមានសមាជិក១២នាក់។ ប្រធាន កងរយឈ្មោះបងខុន។ កាលនោះក្នុងមួយកងរយមាន៣កងហា។ ខ្ញុំនៅស្រែអំបិលមិនដែលឃើញអង្គការចាប់កម្មករ ណាទៅសម្លាប់ចោលទេ។ នៅសហករណ៍ស្រែអំបិល នៅកំពង់កណ្ដាល ការហូបចុកមិនសូវពិបាកទេ ហើយការងារភាគ ច្រើនអង្គការហៅកងរយទៅប្រជុំ ដើម្បីដាក់បទបញ្ជាមកលើកងហា។ បងជឿន កាន់កាប់ស្រែអំបិលកណ្ដាល ហើយស្រែអំបិលកំពង់កណ្ដាលមាន កំពង់នង់ សេះស ត្រើយកោះ។
ខ្ញុំធ្លាប់បានឃើញ អៀង សារី ចុះមកមើលស្រែអំបិល និងរៀបចំការងារឲ្យមានរបៀបរៀបរយ។ ពេលនោះ អៀងសារី បានសួរខ្ញុំថា”ធ្វើម៉េចទើប ប្រមូលអំបិលបានអស់? ខ្ញុំបានឆ្លើយថា ជាដំបូងយើងត្រូវបង្ហាប់ដីឲ្យស្អាត ដូចដីថ្នល់ រួចបញ្ជូលទឹកប្រៃចូលក្នុងសែ្រ។ បន្ទាប់បង្ហូរទឹកប្រៃនោះចេញពីស្រែវិញ រួចចាប់ផ្តើមកិនដីអោយស្មើ ហើយបង្ហូរទឹកប្រៃចូលម្តងទៀត។ យើងទុកទឹកប្រៃនោះទាល់តែឡើងក្រាមអំបិល បន្ទាប់មកយើងត្រូវប្រមូលអំបិល ពូនជាពំនូកៗ ហើយរែកដាក់ក្នុងឃ្លាំងដែលធ្វើឡើងពីឈើឬឫស្សី ដើម្បីកុំឲ្យអំបិលសើម។”
នៅស្រែអំបិលបើសិនជាមេឃក្ដៅខ្លាំងអំបិលដុះខ្លាំង តែប្រសិនបើមេឃរកភ្លៀងយើងត្រូវរែងអំបិលមួយយប់ ទាល់ភ្លឺ។ ការងារនៅស្រែអំបិលធ្វើតែខែប្រាំងទេរីឯខែវរស្សាអង្គការឲ្យទៅធ្វើចម្ការ នៅកែប មានដាំដំណាំ ពពាយ ត្រកួន និងត្រឡាច។ រហូតដល់ខែប្រាំង អង្គការដកក្នុងមួយក្រុម១០នាក់ឲ្យទៅថែដំណាំ ហើយមួយចំនួនទៀតទុក ធ្វើស្រែអំបិល។ បន្លែត្រូវបេះពីមកក្រុងកែបទុកហូប ព្រោះយើងបានទៅដាំ និងមើលថែ តាំងពីរដូវវរស្សា។ ការហូបចុកនៅស្រែអំបិលនៅក្នុងមួយថ្ងៃ ហូបបាយបានពីរពេលគឺពេលថ្ងៃត្រង់និងពេលល្ងាច នឹងមានបង្អែមប្រចាំ ថ្ងៃសៅរ៍ និងអាទិត្យ។
កាលនៅស្រែអំបិលម្ដាយខ្ញុំបានមកលេងបានម្ដ ហើយនៅតាមភូមិមានរទេះគោមួយដែលអង្គការឲ្យសម្រាប់ដឹករបស់របរដូចជាមាន់ ទា និងអំបិលសម្រាប់យកមកចែកក្នុងសហករណ៍។ រទេះនោះមិនបានអូស ដោយគោឬក្របីទេ គឺប្រើកម្លាំងមនុស្សនិងមានការអនុញ្ញាតពីសហករណ៍ ដើម្បីទៅយកអំបិលហូប។ ម្តាយរបស់ខ្ញុំបានសុំអនុញ្ញាតពីឈ្មោះ រដ្ឋ ប៉ិន ជាប្រធានសហករណ៍ ភូមិក្រាំងស្បែក ដើម្បីជួបជាខ្ញុំ និងក្មួយ ដែលកំពុងធ្វើការនៅស្រែអំបិល។
នៅចុងឆ្នាំ១៩៧៧ខ្ញុំបានត្រូវអង្គការបញ្ជូនមកខេត្ដបាត់ដំបង ដើម្បីធ្វើការរោងចក្រក្រណាត់ នៅកំពង់គ ជាប្រធានផ្នែកម៉ាស៊ីន ប៉ុន្តែមុនអង្គការចាត់តាំងឲ្យធ្វើជាប្រធានផ្នែក អង្គការក៏បានឲ្យ ខ្ញុំទៅរៀនជាក់ស្ដែង ហើយចំពោះគ្រូបង្រៀនគឺកម្មករចាស់ៗនៅកន្លែងធ្វើបាវដែលមានប្រធានរោងចក្រ ឈ្មោះបងជឿន។ បងជឿន ធ្វើខុសសីលធម៌ប្រពន្ធទៅទាន់បាញ់សម្លាប់ចោល។ បន្ទាប់មកអង្គការបានយកបូរទៅជំនួសបងជឿន។ កម្មករនៅរោងចក្រពុំសូវមានអង្គការចាប់អារម្មណ៍ទេ។ ពេលផ្លាស់ ប្ដូរមិនមានការប៉ះពាល់ដល់រោងចក្រទេ។
ខ្ញុំរៀបការជាមួយឈ្មោះ ហូ អំឡុងធ្វើការនៅរោងចក្រខេត្តបាត់ដំបង។ គ្រួសារខ្ញុំបែកគ្នាពេលដែលអង្គការបញ្ជូន ហូ ទៅ ភ្នំសំពៅ។ ចំណែកខ្ញុំបានរត់ទៅព្រំដែនថៃបានទៅ រស់នៅជំរំសុខសាន្ដ ខេត្ដត្រាត ប្រទេសថៃ ដែលជាជំរំរបស់លោកតា សឺន សាន។ ក្រោយមកទៀត ខ្ញុំមិនដែលឮដំណឹងពី ហូ ទេ។
នៅឆ្នាំ១៩៧៩ពេលរំដោះរួច ខ្ញុំបានត្រឡប់មករស់នៅស្រុកកំណើតវិញ។ ខ្ញុំបានរៀបការជាមួយគ្រួសារថ្មីនៅឆ្នាំ ១៩៨០។ ខ្ញុំបានរស់នៅជាមួយគ្រួសារថ្មី រហូតមកដល់សព្វថ្ងៃ។
អត្ថបទដោយ វី ស៊ីថា
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា បទសម្ភាសន៍ជ័យ ទូច ហៅជ័យ ណាត I05318 (TkI0576) ភូមិក្រាំងស្បែក ឃុំ ប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សឹម សុរិយ៉ា និង ផាន់ សុជា, ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៤ ,ចម្លងចេញពី កាសែតដោយៈ ផាន់ សុជា។