ម៉ៃ ផូរ៖«ឯងធ្វើបដិវត្តន៍នឹងគេដែរ ម៉េចក៏នៅតែរហាមអញ្ចឹង?»

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

«ឯងធ្វើ​បដិវត្តន៍​នឹង​គេដែរ ម៉េច​ក៏នៅ​តែ​រហាម​​​អញ្ចឹង? ធ្វើបដិវត្តន៍ កុំ​ខ្វះពេក កុំ​​ធ្វើក្រពេក បដិវត្តន៍​អ្នក​ណា​ គេធ្វើ​ដូចឯងនោះ?» ចំណែក​ឯការ​ប្រើ​ប្រាស់​សម្ភារ​​ផ្សេងៗ​វិញ ម៉ៃ ផូរ ក៏​បានណែនាំ​ យឿន​ ថា៖ «បើខូច ត្រូវ​ផ្លាស់​ភ្លាម កុំ​ធ្វើ​ឫក​រហាម​ពេក»។ ​នេះគឺជាសម្តី​របស់ ម៉ៃ ផូរ ដែល​ជា​គណៈស្រុក​មេមត់ ​ទៅ​កាន់​ ពេជ្រ យឿន ដើម្បី​​ជំរុញឲ្យ​ធ្វើ​សកម្មភាពក្បត់​បដិវត្តន៍។ ពេជ្រ យឿន គឺជា​អ្នកបើកឡាន​ឲ្យ​ ម៉ៃ ផូរ។ ​

នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៧៧ ពេជ្រ យឿន​ ត្រូវ​បាន​ចាប់ខ្លួន​និង​សួរចម្លើយ ដោយមាន​ស្នាម​ផ្តិត​មេ​ដៃ​នៅ​ផ្នែក​ខាង​ក្រោមបង្អស់ និងផ្នែកខាងលើបង្អស់​នៃចម្លើយសារភាព​មាន​អក្សរថា «​ក្រសួង​សន្តិសុខ​ តំបន់​២១»។ ​ ចម្លើយសារភាព​របស់​ ពេជ្រ យឿន[1] មានសង្ខេប​​ដូចខាងក្រោម៖​

ពេជ្រ យឿន ហៅ ជុំ ដួង ឬ​ សី ​អាយុ​៣០ឆ្នាំ​ មាន​ទីកន្លែងកំណើត​នៅភូមិ​ខ្ពប ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​​កំពង់ចាម។ យឿន​ បាន​រស់នៅ​ជាមួយ​ឪពុកម្តាយ និង​ប្រកបរបបរកសិកម្ម។ ឪពុក​របស់យឿន មាន​ឈ្មោះ ពេជ្រ ជុំ ដែលមាន​វ័យ​៥០ឆ្នាំ និង​ម្តាយ​ឈ្មោះ ខៀវ យីន ដែលធ្វើការងារនៅក្នុង​សហករណ៍​ភូមិខ្ពប។ យឿន​ មាន​ប្អូន​ស្រីម្នាក់ឈ្មោះ គង់ ជា ដែលមាន​អាយុ​១៨ឆ្នាំ និង​ធ្វើការ​នៅក្នុង​កងចល័តឃុំ​រំចេក។​

នៅ​ក្នុង​ជំនាន់​បារាំង ក្រុមគ្រួសារ​របស់ យឿន​​ ត្រូវ​បាន​ជម្លៀសពីភូមិ​ខ្ពប ទៅកាន់​ភូមិ​កំពង់​ស្រែ ឃុំ​ឆ្លូង ស្រុក​​ឆ្លូង អស់រយៈ​ពេល​៣ឆ្នាំ។ យឿន​ និង​ក្រុមគ្រួសារ​បាន​វិល​ត្រឡប់ទៅកាន់ភូមិកំណើតវិញ បន្ទាប់​ពីមាន​សន្ធិ​សញ្ញា​ទីក្រុង​ហ្សឺណែវ​ ឆ្នាំ​១៩៥៤។ ពីរឆ្នាំ​ក្រោយមក យឿន​ បាន​ចាប់ផ្តើមការរៀនសូត្រ​នៅ​សាលា​វត្តខ្ពប​អស់រយៈពេល​៤ឆ្នាំ​ មុន​ពេលត្រឡប់ទៅ​ជួយ​ការងារ​ស្រែចម្ការរបស់ឪពុកម្តាយវិញ។

បន្ទាប់ពីឈប់រៀន យឿន​ បាន​ទទួលការ​អប់រំអំពីគោលជំហរ​បដិវត្តន៍ពីសំណាក់ សុង, រី, និង​ ស៊ីម ហើយ​ក៏​បាន​​សម្រេចចិត្តចូលធ្វើបដិវត្តន៍នៅក្នុង​ឆ្នាំ​​១៩៦៧។ ភារកិច្ចចម្បង​របស់​យឿន​គឺ​ផ្តល់​ព័ត៌មា​ន​ពីភូមិខ្ពប ទៅកាន់ កម្លាំង​នៅក្នុង​ព្រៃ។ នៅក្នុង​ឆ្នាំ​១៩៦៨ យឿន​បាន​រត់ចូលព្រៃ​ និង​បម្រើការ​ជា​«កង​ការពារ​​សម្ងាត់​ប្រចាំ​នៅមូលដ្ឋាន ខ្ពប» របស់​បដិវត្តន៍។ យឿន បាននិយាយថា ខ្មាំងបាន​វាយកម្ទេច​មូលដ្ឋាន​បដិវត្តន៍ ដោយ​បាន​សម្លាប់​និង​ចាប់ខ្លួន​ជន​បដិវត្តន៍ស្ទើរតែទាំងអស់​។ យឿន និង​សមមិត្ត ឈឿន ដែលទទួលបន្ទុក​ផ្នែកសេដ្ឋកិច្ច​ស្រុកមេមត់ រងរបួស និង​រួចផុត​ពីការ​ស្លាប់និង​ចាប់ខ្លួន។​ យឿន និង ឈឿន បានបន្ត​ភ្ជាប់​ខ្សែរយៈជាមួយ​មូលដ្ឋាន​នៅភូមិព្នៅឡើងវិញ ដោយ​មាន​ការ​ទទួលស្គាល់​ពីសំណាក់ ចាន់ និង ម៉ៃ ផូរ ដែល​ជាគណៈស្រុក​មេមត់ នៃខេត្តកំពង់ចាម។​

នៅ​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ យឿន ត្រូវ​បាន​ចាត់តាំងឲ្យ​ធ្វើការងារ​ផ្សេងៗជាច្រើន រួមមាន៖ កង​ការ​ពាររបស់ ម៉ៃ ផូ, អនុប្រធាន​មន្ទីរ​ស្រុក​មេមត់ ទទួល​ផ្នែក​រោងពុម្ព, លេខាសម្ព័ន្ធយុវជន​ស្រុកមេមត់, ប្រធាន​នយោបាយ​«គ»នៃយោធាស្រុកមេមត់, បញ្ជាការរួម​«ឃ»និងភស្តុភារ​របស់សេនាធិការ​យោធា​ តំបន់​២១, អនុ​ប្រធាន​​នយោបាយ​ឃ-៣១, និងគណៈប​ញ្ជាការឃ-៥៩។ ចាប់ពីឆ្នាំ​១៩៧៥ យឿន​ ត្រូវ​បាន​ចាត់តាំងឲ្យ​ធ្វើ​ជា​​ប្រធាន​​នយោបាយ​ឃ-៧៥ និង​អនុប្រធាន​នយោបាយ​«ង»​នៃតំបន់​២១។

យឿន បាន​ឆ្លើយ​សារភាពថា ម៉ៃ ផូ បាន​អប់រំនិង​បំពាក់បំប៉ន​ខ្លួន​ឲ្យ​មាន​ជំហរក្បត់​បក្ស តាមរយៈការ​ជំរុញ​ឲ្យ​​មាន​ទឹកចិត្ត​ស្រឡាញ់​​​ភាពសម្បូរបែប ​ហ៊ឺហា រុងរឿង និង​សេរីនិយមជាមួយ​ស្រីៗជាដើម។ ម៉ៃ ផូរ ក៏បានប្រាប់​យឿន ថា៖ «ឯងធ្វើ​បដិវត្តន៍​នឹង​គេដែរ ម៉េច​ក៏នៅ​តែ​រហាម​អញ្ចឹង? ធ្វើបដិវត្តន៍ កុំ​ខ្វះពេក កុំ​ធ្វើក្រពេក បដិវត្តន៍​អ្នក​ណា​​គេធ្វើ​ដូចឯងនោះ?»។ ចំណែក​ឯការ​ប្រើប្រាស់សម្ភារផ្សេងៗវិញ ម៉ៃ ផូរ បានណែនាំ​ យឿន​ ថា៖ «បើខូច ត្រូវ​ផ្លាស់​​ភ្លាម កុំ​ធ្វើ​ឫករហាមពេក»។ ​ដូច្នេះហើយ យឿន​​ត្រូវ​បានបំផុស​ឲ្យ​កសាងទំនុកចិត្ត​ជាមួយ​​មហាជន និង​ប្រមែ​ប្រ​មូល​កម្លាំងក្បត់​ឲ្យ​បានច្រើន​។ កម្លាំងក្បត់​ត្រូវ​ឈរលើ​សមាសភាព​អនុធន នាយទុន អ្នកបច្ចេកទេស ឬ​អ្នក​ឆាប់​យល់​​ការ​ងារ។

យឿន​ បានរាយការណ៍ទៅ ម៉ៃ ផូរ ស្តីពី​សភាពការណ៍ល្អនិង​អាក្រក់​នៅ​ក្នុង​អង្គភាព និងកិច្ចការ​ផ្សេងៗនៅ​តាម​ព្រំដែន ដែល​វៀតណាម​បញ្រ្ជាប​គិញចូលមកកម្ពុជា​ និង​បាញ់​បោះ​រាល់ថ្ងៃ​នៅ​ក្នុងទឹកដីកម្ពុជា​។ យឿន​ក៏​បាន​រៀប​រាប់​ទៀត​ថា ប្រជាជន​ភាគច្រើន​ថ្នាំងថ្នាក់​ជាមួយអង្គការ ទាក់ទងនឹង​ការ​ខ្វះខាតអាហារ និង​ការ​រត់គេចខ្លួនចូលទៅក្នុង​ប្រទេស​​វៀតណាម។ ​

បន្ទាប់​ពី​ម៉ៃ​ ផូរ​ ត្រូវ​បាន​​ផ្ទេរពីគណៈស្រុកមេមត់ ទៅ​ជាកាន់​រោងចក្រ​ចំការ​កៅស៊ូ​ជប់។ ជា​ជំនួស​​វិញ យឿន​ ចាប់ផ្តើម​ទាក់ទងភ្ជាប់​ខ្សែ​ជាមួយ បូរ ដែល​ជា​លេខាស្រុក​ពាម​ជីលាំង ចាប់​ពី​ខែកុម្ភៈ ឆ្នាំ​១៩៧៧។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ យឿន​នៅតែបន្ត​ផែនការចាស់ដដែល​ និង​បង្កើន​ភាព​ប្រុង​ប្រយ័ត្ន​លើ​សកម្ម​ភាព​នានា។ យឿន​ បាន​ឆ្លើយ​សារភាពទៀតថា ​ការ​ប្រជុំ​លើ​ផែនការ​ក្បត់​ជាមួយ «បូរ» បាន​ផ្តោតលើ​បញ្ហា​ទំនាស់​​រវាង​កម្មសិទ្ធិ​​ឯក​ជន និង​សមូហភាព ព្រមទាំង​បញ្ហាមុខមាត់ ​បុណ្យសក្តិ និង​តួនាទី។

ក្រៅពីនេះ​ទៀត យឿន បាន​​ឆ្លើយ​សារភាពទាក់ទង​នឹង​សកម្ម​ភាព​ជាមួយវៀតណាម ចំនួន​បីដង តាមរយៈច្រក ចាន់​មូល, បឹង​ច្រូង, និង​ក្រាញ់​។​ យឿន បាន​និយាយថា អ្វី​ដែល​គួរ​កត់​សម្គាល់​គឺ​ខ្លឹម​សារ​​នៃ​ការពិភាក្សា ដែល​​ភាគីកម្ពុជាស្នើថា៖ «បើសិន​ណា​ជា​ឃើញ​​ប្រជាជន​កម្ពុជា ដែលរត់​ឆ្លង​ចូល​​ដី​វៀត​ណាម​ ឲ្យ​​ទទួល​គ្រប់គ្រង និង​ជួយលាក់​បំពួន​ផង»។ យឿន បាន​បញ្ជាក់ថា ភាគីវៀតណាម​បាន​យល់​ស្រប​តាមការស្នើសុំ ហើយ​យឿន​ក៏បាន​ប្រាប់បន្ត​ស្តី​ពី​តួលេខ និង​ទីតាំង​ឈរជើងរបស់​កងទ័ពកម្ពុជា ព្រមទាំង​អាវុធតូចធំ​ផង។

យឿន បាន​ឆ្លើយសារភាពទាក់ទងនឹងសកម្មភាព​របស់​ សាត និង សាន​ ​ដែល​បើកផ្លូវឲ្យ​វៀតណាម​ចូលមក ស៊ើបការណ៍​ពី​ប្រទេស​កម្ពុជា​។ សាន​ ក៏បាន​ទទួល​អាវុធធន់«​អាអ៊ែរ»​ចំនួន​៥​ដើមពី ​ឌិន យ៉ាំង​ងា និង​យល់ព្រមឲ្យ​យួន​ចូលតាម​ច្រក​ទាហោត និង​ភូមិប្រី​ ដោយសារសាន​បាន​ទទួលខុសត្រូវ​លើមុខព្រួញនោះ។ យឿន​ បាន​ឆ្លើយ​ទៀតថា បើករណីបែកការណ៍ កម្លាំងទាំងឡាយ​ត្រូវ​រត់​ចូល​ក្នុង​ទឹកដី​វៀតណាម ដែលវៀតណាមនឹង​រង់ចាំទទួល។ ផ្នែក​ខាង​ក្រោម​បង្អស់​នៃ​ចម្លើយ​សារភាព បញ្ជាក់ថា «បញ្ចប់​ការ​សួរនៅថ្ងៃទី​១៩ ខែ​៦ ឆ្នាំ​១៩៧៧ នៅ​ម៉ោង​៦​ព្រឹក»៕

អត្ថបទដោយ លី សុខឃាង


[1] ឯកសារលេខ​ J00318 ដែលមាន​រក្សាទុកនៅ​ក្នុង​ការិយាល័យ​មជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង​នៃមជ្ឈមណ្ឌល​ឯកសារកម្ពុជា​។ ខ្លឹមសារ​នៃ​ចម្លើយសារភាពមិន​ត្រូវ​បាន​ចាត់ទុកថាត្រឹម​ត្រូវទាំងស្រុងដូចអ្វីដែលបាន​ឆ្លើយនិង​សរសេរទេ ដោយសារ​តែ​ចម្លើយសារ​ភាព​ភាគច្រើន​បានមកពីអំពើទារុណកម្ម​យ៉ាងអមនុស្សធម៌ទៅលើ​ម្ចាស់ចម្លើយ​។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin