“ត្រូវបានខ្មែរក្រហមធ្វើបាបដោយសារពោត៤ផ្លែ (១៩៧៥-១៩៧៩)”

រឹក អៀង (២០២៤)

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)ប្រទេសកម្ពុជាធ្លាក់ក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហម ដែលជារបបមួយឃោរឃៅនិងធ្វើបាបប្រជាជនដោយមិនរើសមុខមិនថាក្មេងឬចាស់ ប្រុសឬស្រីទេ។ ក្នុងចំណោមប្រជាជនកម្ពុជាទាំងអស់ក៏មាន រឹក អៀង គឺកុមារម្នាក់ដែលត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការគ្មានពេលសម្រាក និងបានធ្វើទារុណកម្មទៅលើ រឹក អៀង ដោយមូលហេតុលួចពោតហូប៤ផ្លែ ព្រោះតែទ្រាំនឹងភាពអត់ឃ្លានមិនបាន។

ខ្ញុំឈ្មោះ រឹក អៀង ភេទប្រុស អាយុ៥៦ឆ្នាំ ខ្ញុំមានស្រុកកំណើត ភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានបងប្អូន៦នាក់ (ប្រុស៣ស្រី៣)។ ប្រពន្ធខ្ញុំឈ្មោះ ប៉ាវ ពាល និងមានកូន៤នាក់ (ប្រុស៣ស្រី១)។ ម្ដាយខ្ញុំឈ្មោះ ប៉ក ជនជាតិដើមភាគតិចស្ទៀងបានស្លាប់បន្ទាប់ពីត្រឡប់ចូលស្រុកវិញពេលដែលប្រទេសទទួលបានរំដោះឆ្នាំ១៩៧៩ដោយសារជំងឺ។ ខ្ញុំជាកូនជនជាតិដើមភាគតិចស្ទៀង សព្វថ្ងៃខ្ញុំនៅចេះនិយាយខ្លះៗ ព្រោះខានប្រើប្រាស់យូរហើយណាមួយក្មេងជំនាន់ក្រោយគ្មានអ្នកចេះចឹងខ្ញុំមិនដឹងនិយាយជាមួយអ្នកណាទេ។ ចំណែកឪពុកខ្ញុំឈ្មោះ រឹក ជនជាតិខ្មែរ បានស្លាប់នៅជំនាន់អាមេរិកទម្លាក់គ្រាប់បែកនៅឆ្នាំ១៩៧០ យន្តហោះទម្លាក់គ្រាប់ត្រូវពេលឪពុកខ្ញុំកំពុងជម្រះស្មៅនៅចម្ការក្នុងភូមិពងទឹកពេលនោះមានមនុស្សស្លាប់ច្រើនដែរ។

នៅឆ្នាំ១៩៧០ខ្ញុំរស់នៅភូមិពងទឹក ឃុំទន្លូង មានការទម្លាក់គ្រាប់បែកខ្លាំងណាស់បណ្ដាលឲ្យប្រជាជននិងឪពុកខ្ញុំបានបាត់បង់ជីវិត។ បន្ទាប់មកខ្មែរក្រហមក៏បានចូលកាន់កាប់ប្រទេសទាំងមូលខ្ញុំមិនចាំថាឆ្នាំណាទេ ។ ខ្ញុំបានរត់មករស់នៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នត្បូងឃ្មុំ) ។

កាលពីកុមារភាពខ្ញុំបានរៀនសូត្រតិចតួច ខ្ញុំរៀននៅភូមិក្ដុលលើ គ្រូបង្រៀនខ្ញុំឈ្មោះ សាវណ្ណគាត់កាចខ្លាំងណាស់។ ខ្ញុំរៀនតែស្រៈនិងព្យព្ជានៈបានតែពាក់កណ្ដាលខ្ញុំមិនចាំថាថ្នាក់ទីប៉ុន្មានទេព្រោះគ្មានថ្នាក់គ្មានអីផង។ សាលានៅក្នុងភូមិក្ដុលលើប្រកស្លឹកទ្រាំងធម្មតាគ្មានសាលាល្អដូចក្មេងៗឥឡូវទេមានសិស្សានុសិស្សមករៀនច្រើនមានទាំងប្រុសទាំងស្រី រៀននៅពេលព្រឹក ពេលថ្ងៃទៅធ្វើការដូចជាកើបលាមកគោ មើលគោក្របីជាដើម។ ពេលនោះ ខ្មែរក្រហមបានបែងចែកឲ្យប្រជាជន ហូបបាយរួមនៅតាមរោងបាយសហករណ៍។

ខ្មែរក្រហមបានឲ្យប្រជាជនក្នុងភូមិក្ដុលលើហូបបាយរួម របស់របរប្រមូលដាក់រួមទាំងអស់ លុយកាក់លែងឲ្យចាយ វត្តអារាមយកធ្វើជារោងបាយក៏មាន បំបិទសិទ្ធសេរីភាពអស់ដឹងតែប្រើឲ្យប្រជាជនធ្វើការមួយមុខ។ ពេលហូបបាយខ្មែរក្រហមមានអ្នកវាយជួងជាសញ្ញាឲ្យបានដឹងដើម្បីឲ្យយើងមកហូបបាយរួមជាមួយគ្នា ក្នុងមួយថ្ងៃហូបបាយបានពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ខ្មែរក្រហមគ្មានអ្នកណាឆ្ងាយទេ គឺអ្នកនៅក្នុងភូមិជាមួយយើងនេះដែលថ្នាក់លើចាត់តាំងឲ្យមើលការខុសត្រូវប្រជាជនក្នុងភូមិ។ ពេលហូបបាយរួមគ្មានអ្នកភូមិផ្សេងទេមានតែអ្នកភូមិក្ដុលលើហ្នឹង មិនយូរប៉ុន្មានក៏មានខ្មែរក្រហមមកប្រាប់ថាប្រជាជនទាំងអស់ត្រូវចាកចេញពីភូមិក្ដុលលើឲ្យទៅរស់នៅភូមិបេងកោង ឃុំទន្លូងដោយហេតុថាយួនចូលមកជិតដល់ហើយ។ អំឡុងពេលខ្ញុំកំពុងធ្វើដំណើរទៅភូមិបេងកោងខ្ញុំបានជួបជាមួយទាហានវៀតណាមហើយក៏ស្រាប់តែខ្ញុំបានឮសំឡេងស្រែកថាទៅៗកុំបកក្រោយ ប្រយ័ត្នយួនវះពោះច្រកស្មៅដល់ពេលឮអញ្ចឹងខ្ញុំនាំគ្នារត់តែម្ដងភ័យណាស់ទៅដល់ភូមិបេងកោងក៏ខ្មែរក្រហមឲ្យហូបបាយរួមទៀត ។

នៅពេលយប់មានភ្នាក់ងារស៊ើបអង្កេតមើលតាមផ្ទះហើយគ្មានអ្នកនៅឆ្ងាយទេគឺអ្នកនៅក្នុងភូមិក្ដុលលើ។  បើ ប៊ីន ឃើញតាមផ្ទះ លួចដាំបាយ ឬធ្វើអ្វីមួយដែលអង្កការបានហាមឃាត់មិនឲ្យធ្វើដូចជានិយាយពិភាក្សាគ្នា លួចហូបអាហារផ្លែឈើផ្សេងនោះ។ អ្នកធ្វើខុសខ្មែរក្រហមនិងយកទៅណែនាំធម្មតាមិនទាន់សម្លាប់ចោលទេ ប៉ុន្តែបុគ្គលនោះ អង្គការលែងទុកចិត្តហើយនៅតាមដានរហូតបើធ្វើខុសទៀត អង្គការនឹងយកទៅកសាង(សម្លាប់ចោល)។ ខ្ញុំមិនដែលឃើញខ្មែរក្រហមយកប្រជាជនទៅធ្វើទារុណកម្មទេពេលនៅភូមិក្ដុលលើ ប៉ុន្តែបើប្រជុំស្ដីឲ្យណែនាំ។ ខ្មែរក្រហមតែងតែប្រជុំរាល់ល្ងាចពេលត្រឡប់មកពីធ្វើការងារវិញ ដោយហូបបាយល្ងាចរួចវាយជួងប្រជុំជួរ។ ពេលប្រជុំម្ដងៗខ្មែរក្រហមមានគ្នា៥នាក់ហើយពេលខ្លះមាន៣នាក់។ អំឡុងពេលប្រជុំមិននិយាយអ្វីច្រើនទេឲ្យតែប្រជាជនទាំងអស់ខិតខំធ្វើការងារផ្សេងៗដែលខ្មែរក្រហមបែងចែកឲ្យធ្វើ។ ខ្ញុំគ្មានធ្វើការអ្វីច្រើនទេក្រៅពីមើលគោ និងកើបស្មៅ។ ខ្មែរក្រហមបានជម្លៀសខ្ញុំទៅដល់ស្រែតាពេជ្រ ឃុំជាំតាម៉ៅ ខ្ញុំនៅមិនបានយូរប៉ុន្មានទេរួចខ្មែរក្រហមបន្តជម្លៀសទៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ នៅយ៉ាងយូរ១០ថ្ងៃរួច ជម្លៀសចេញពីកូនក្រពើទៅស្រែជៀវ ជម្លៀសជារើយៗមិនឲ្យនៅនឹងមួយកន្លែងទេ ទៅនៅនេះបន្តិចទៅនៅនោះបន្តិច​។ ខ្ញុំបានទៅដល់ម្លិច ឃុំស្វាយជ្រះស្មួល ខេត្តក្រចេះ នៅទីនោះពិបាកខ្លាំងណាស់ហូបបបរទោះក្នុងគ្រួសារមានមនុស្សច្រើនក៏ដោយក៏ខ្មែរក្រហមចែកតែមួយកាដែរ ខ្មែរក្រហមមិនខ្វល់ទេ។ នៅម្លិចមានប្រជាជនស្លាប់ច្រើនណាស់ដោយសារតែអត់បាយហូបនិងកើតជំងឺហើម អត់មានអីហូបហើយធ្វើការគ្មានពេលសម្រាក ឈឺគ្រុនគ្មានថ្នាំព្យាបាលទេ ឈឺមានតែចាំថ្ងៃស្លាប់។  នៅម្លិចមានអ្នកភូមិខ្ញុំម្នាក់ឈ្មោះ ខាតត្រូវបានខ្មែរក្រហមវាយចោលនៅពេលប្រជុំដោយខ្មែរក្រហមចោទថា ពូខាត រករត់ទៅវៀតណាមតែតាមការពិត ពូខាត មិនបានចង់រត់ទៅវៀតណាមទេ។ រឿងមួយទៀត ពូខាត បានឲ្យពោតទៅអ្នកដែលគាត់ស្គាល់៤ទៅ៥ផ្លែ ព្រោះ ពូខាត ជាអ្នកដឹកពោត។ ពូខាត មានគូស្នេហ៍ពេលដែលខ្មែរក្រហមវាយ ពូខាត រួចគូស្នេហ៍របស់ ពូខាត យំខ្លាំងណាស់។ បន្ទាប់មកខ្មែរក្រហមបានដឹងក៏វាយគូស្នេហ៍របស់ ពូខាត់ ម្ដង ខ្ញុំមិនស្គាល់ឈ្មោះ គូស្នេហ៍ពូខាតទេ។ វាយពូខាត ពេលព្រឹក រសៀលតិចវាយគូស្នេហ៍ពូខាត​ ដោយវាយទម្លាក់រណ្ដៅទាំងពីរ។ ខ្ញុំផ្ទាល់ក៏ត្រូវបានខ្មែរក្រហមវាយធ្វើបាបដែរ ដោយសារខ្ញុំលួចពោតហូប និងបានយកពោតពីខ្ញុំអស់ ខ្ញុំចាំឈ្មោះអ្នកដែលវាយខ្ញុំគឺឈ្មោះ តាចាំង ពេលរស់នៅម្លិច។

ក្នុងរបបខ្មែរក្រហម មាសប្រាក់ លុយកាក់ នាឡិកា​ របស់ប្រើប្រាស់ផ្សេងៗទៀត ខ្មែរក្រហមដកហូតទាំងអស់ប្រសិនបើមានអ្នកលាក់ទុកហើយខ្មែរក្រហមដឹង នឹងយកទៅសម្លាប់ចោលតែម្ដង។ ប្រជាជនភាគច្រើន ដែលជម្លៀសមកពីភ្នំពេញ រស់នៅតាមទីជនបទនានាមានការស្លាប់បាត់បង់ជីវិតច្រើនណាស់ ព្រោះចាញ់ទឹកដី ហើយហូបចុកមិនគ្រប់គ្រាន់ទៀត។ នៅម្លិចនេះឈឺគ្រុនក៏គ្មានពេទ្យគ្មានថ្នាំព្យាបាលដែរ។ ប្រជាជនបានស្លាប់ដោយសារអត់បាយ និងជំងឺដោយគ្មានថំា្នព្យាបាល។

ពេលចេញពីម្លិចខ្ញុំទៅស្វាយជ្រះ នៅទីនោះខ្ញុំហូបបាយឆ្អែតធម្មតាហើយអត់ធ្វើការងារអ្វីទេ អត់ហត់ទេ។ ចេញពីស្វាយជ្រះ បន្តទៅដល់ថ្មក្រែមានប្រជាជនយើងច្រើនណាស់រងចាំជិះកាណូតទៅស្រុកស្ទឹងត្រង់ ភូមិជ័យយោ។ ខ្ញុំមិនចាំថានៅបានប៉ុន្មានថ្ងៃទេតែការហូបចុកនៅភូមិជ័យយោគ្រប់គ្រាន់មិនសូវលំបាកវេទនាដូចនៅភូមិម្លិចទេ។ ពេលខ្មែរក្រហមជម្លៀសខ្ញុំទៅនៅភូមិជ័យយោ ខ្មែរក្រហមជម្លៀសបំរុងសម្លាប់ចោលដោយចោទពួកខ្ញុំក្បាលយួនខ្លួនខ្មែរ នៅសល់តែពីរថ្ងៃទៀតខ្ញុំត្រូវអស់ជីវិតហើយ។ នៅសល់តែមួយយប់ទៀត ខ្ញុំត្រូវខ្មែរក្រហមសម្លាប់ចោល ស្រាប់តែយាយម្នាក់ដែលយើងនាំគ្នាហៅគាត់ថាយាយកញ្រ្ជាំងច្រាស់ បានសុបិនឃើញថាបានត្រឡប់ទៅផ្ទះសំបែងយើងវិញហើយបងប្អូន រំពេចនោះប្រហែលម៉ោង៧ព្រឹកមានយន្តហោះបានប្រកាសតាមក្បាលមីក្រូថាបងប្អូនទាំងអស់គ្នាអ្នកដែលមានស្រុកកំណើតនៅភូមិណា​ស្រុកណាសូមឲ្យត្រឡប់ទៅស្រុក ភូមិនោះស្រុកនោះវិញចុះ។ ប្រជាជនទាំងអស់បានឮបែបនេះហើយនាំគ្នាប្រមែប្រមូលស្រូវ អង្ករខ្លះនិងរបស់ប្រើប្រាស់ខ្លះដែលខ្លួនគិតថាចាំបាច់យកទៅតាមខ្លួន។

ខ្ញុំបានធ្វើដំណើរចេញពីភូមិជ័យយោមកដល់កំពង់ចាមដើរទាំងយប់ទាំងថ្ងៃ ពេលហេវហត់ក៏នាំគ្នាសម្រាក។ ប្រជាជនកំពុងតែមមាញឹកត្រឡប់ទៅស្រុកកំណើតស្រាបតែមានអ្នកជិះឡានមកឆ្លៀតឱកាសនិយាយថាមានបងប្អូនណាប្រញាប់ទៅផ្ទះទៅស្រុកកំណើតអាចឡើងឡានបាន តាមការពិតមានឡានខ្លះដឹកយើងទៅដល់ស្រុកកំណើតពិតមែន ប៉ុន្តែឡានខ្លះទៀតដឹកយើងយកទៅសម្លាប់ចោល។ ចំណែកខ្ញុំមិនបានឡើងឡានទេ ព្រោះជៀសវាងជិះចំឡានយកទៅសម្លាប់ចោល។​ ខ្ញុំបានជិះសាឡាងពីកំពង់ចាមមកទន្លេងបិទ រួចបន្តដំណើរដោយថ្មើជើងរហូត ហត់នាំគ្នាសម្រាករួចដាំបាយហូបតាមផ្លូវ រួចនាំគ្នាបន្តដំណើរទៀត។ ពេលខ្ញុំមកដល់ភូមិគ្មានប្រជាជនណាមកដល់មុនខ្ញុំទេ មានតែខ្ញុំទេដែលមកដល់មុនគេ បើផ្ទះសំបែងនៅក្នុងភូមិវិញខួចខាតអស់ហើយ មានតែព្រៃដុះពេញភូមិ  មិនយូរប៉ុន្មានកងទ័ពវៀតណាមចូលមកស្នាក់នៅក្នុងភូមិ និងសង់បន្ទាយនៅម្ដុំជ្រៃកោងក្នុងភូមិក្ដុល កងទ័ពវៀតណាមនៅយូរឆ្នាំដែររហូតមានប្រជាជនខ្លះក៏ចេះវៀតណាម។

ខ្ញុំគិតៗទៅប្រជាជនដែលរួចជីវិតនៅរបបខ្មែរក្រហមពិតជាសំណាងណាស់ព្រោះរបបនេះឃោឃៅណាស់ធ្វើបាបប្រជាជនគ្មានរើសមុខ បង្អត់អាហារ បង្ខំឲ្យធ្វើការធ្ងន់ រស់នៅគ្មានសិទ្ធិសេរីភាព ។ ចុងក្រោយខ្ញុំសូមផ្ដាំឲ្យដល់ក្មេងៗជំនាន់ក្រោយត្រូវខិតខំរៀនសូត្រឲ្យមានចំណេះដឹង ជៀសឲ្យឆ្ងាយពីអំពើហិង្សាទាំងឡាយ ដោះស្រាយបញ្ហាដោយសន្តិវិធី និងចេះស្រឡាញ់ប្រទេសជាតិរបស់ខ្លួន៕

អត្ថបទ និងសម្ភាសដោយ៖​ ម៉ាប់ ស៊ីណា

ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin