ប្រធានរោងបាយសហករណ៍ទី២

ជុំ សារឹម ហៅ សារ៉ន ភេទប្រុស អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ឪពុករបស់សារឹមឈ្មោះ ហ៊ឹម ជុំ និងម្ដាយឈ្មោះ ភី ណាត់។

សារេមមានបងប្អូនប្រាំនាក់(ស្រីបីនាក់ និងប្រុសពីរនាក់) និងបាត់បង់ជីវិតអស់ពីរនាក់។ សារឹម ជាកូនទីបីក្នុងគ្រួសារ។ បងប្អូនរបស់គាត់ពីរនាក់ដែលបានស្លាប់នោះគឺ ស្លាប់នៅក្នុងសម័យរំដោះឆ្នាំ១៩៧៩ ដោយសារជំងឺ។ ប្រពន្ធរបស់គាត់ឈ្មោះ សួស សួន មានកូនសរុបទាំងអស់ប្រាំបីនាក់ ប្រុសប្រាំពីរនាក់ ស្រីម្នាក់។

គាត់បានរៀបរាប់ប្រាប់ថា មូលហេតុដែលគាត់ផ្លាស់ប្ដូរឈ្មោះពី ជុំ សារឹម ទៅជា ជុំ សារ៉ន គឺដោយសារតែ គាត់មានជំងឺជាប្រចាំ ទើបមេភូមិបានប្ដូរឈ្មោះគាត់ទៅជា ជុំ សារ៉ន ដោយយកឈ្មោះរបស់បងរបស់គាត់ដែលបានស្លាប់។ គាត់បាននិយាយថា គាត់មិនពេញចិត្តជាមួយនឹងឈ្មោះនោះឡើយ ព្រោះឈ្មោះនោះជាឈ្មោះរបស់បងគាត់បង្កើតដែលបានស្លាប់ ប៉ុន្តែបើទោះបីជាគាត់មិនពេញចិត្តយ៉ាងណាក្ដី ក៏ត្រូវតែព្រមទទួលយក ដោយសារតែមេភូមិជាអ្នកដាក់ឲ្យ។

ការសិក្សានៅជំនាន់សង្គមរាស្រ្តនិយម

សារឹម បាននិយាយបន្ថែមថា នៅពេលដែលគាត់នៅក្មេងៗ គាត់បានរៀនអក្សរនៅសាលាបាសក់ នៅក្នុងវត្តទួលសាលា។ នៅពេលនោះគាត់រៀនសូត្របានបន្តិចបន្តួចប៉ុណ្ណោះ។ បន្ទាប់មកគាត់បានចូលរៀននៅសាលាសង្កៃ រៀនបានបីថ្នាក់ ហើយបន្ទាប់មកទៀតបានចូលរៀននៅសាលាបឋមសិក្សាម៉ារាគ ដែលស្ថិតនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល។ គាត់រៀននៅទីនោះបានត្រឹមថ្នាក់ទីប្រាំបួនសង្គមចាស់ គាត់បានឈប់រៀន ដោយផ្ដល់សិទ្ធិឲ្យប្អូនគាត់រៀនបន្ត។

សារឹម​ ត្រូវឈប់សិក្សាតាំងពីក្មេងដើម្បីរកថវិកាដើម្បីជួយសម្រាលបន្ទុកគ្រួសារ ព្រោះតម្រូវការចំណាយមានច្រើន បន្ទាប់ពីឪពុករបស់គាត់បានស្លាប់ ដោយបន្សល់ទុកតែម្ដាយម្នាក់ ។ បន្ទាប់ពីគាត់បានឈប់រៀន គាត់បានទៅធ្វើជាកម្មករសាច់ក្រក នៅផ្សារតាហោ ជាមួយនឹងអ៊ំរបស់គាត់។ គាត់ខិតខំរកស៊ី ដើម្បីយកថវិកាសម្រាប់ផ្គត់ផ្គងលើការសិក្សាប្អូនរបស់គាត់។ គាត់ធ្វើការនៅទីនោះរហូតដល់ឆ្នាំ១៩៧០ នៅពេលដែលមានរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្តម សីហនុ ទើបគាត់ឈប់ ហើយបានត្រឡប់ទៅផ្ទះជួបជុំជាមួយនឹងប្រពន្ធកូនវិញ។

ក្នុងអំឡុងពេលរដ្ឋប្រហារកើតមានឡើង គឺមានការជ្រើសរើសទាហាន ដើម្បីចូលសមរភូមិ។ សារឹម ត្រូវបានជ្រើសឲ្យធ្វើជាទាហាន គាត់បានហាត់រៀនតែបីខែប៉ុណ្ណោះ ជាមួយនឹងលោក បោរ សោហោ ជាមេបញ្ជាការខេត្តស្វាយយរៀង ហើយត្រូវបានបញ្ជូនទៅកាន់សមរភូមិភ្លាម។ គាត់មានតួនាទីជាអ្នកកាន់បដាធ្វើបាតុកម្មដើរដេញ ទាហានយៀកកុងនៅស្រុកកំប៉ូតទូក ចេញពីទឹកដីកម្ពុជា។ មកដល់ទីនោះ ទាហានយៀកកុង បានតដៃ គាត់ក៏បានទម្លាក់បដាចុះ ហើយរត់គេចទៅកាន់ផ្ទះរបស់គាត់វិញ។ អំឡុងពេលនោះក៏មានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាមេរិក នៅក្នុងតំបន់ដែលគាត់រស់នៅ។ ការទម្លាក់គ្រាប់បែកនោះបានសម្លាប់ និងធ្វើឲ្យប្រជាជនជាច្រើននាក់បានរងបួស។ មិនត្រឹមតែប៉ុណ្ណោះទ្រព្យសម្បត្តិក៏ត្រូវខូចខាតនិងបាត់បង់ ទាំងផ្ទះសម្បែង សំណង់អគារ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

នៅចន្លោះឆ្នាំ ១៩៧០-១៩៧៥ គឺមានការរៀបចំមូលដ្ឋានភូមិ-ឃុំ មានឈ្លប និងមានសន្តិសុខស្លៀកពាក់ខ្មៅ ហើយបានប្ដូរឈ្មោះស្រុកពី ស្រុករំដួល ទៅជាស្រុកសំរោង។ សារឹម បានរៀបរាប់ថា នៅចន្លោះឆ្នាំនោះ ប្រជាជនអាចនៅប្រកបរបរផ្សេងបានខ្លះដោយមិនទាន់មានការរឹតបន្តឹងខ្លាំងឡើយ។[1]

ព្រឹត្តិការណ៍អំឡុងឆ្នាំ ១៩៧៥-១៩៧៩

ឈានចូលដល់ថ្ងៃទី១៧ មេសា ១៩៧៥ មានការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ទៅកាន់បណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជា។ អង្គការបានបែងចែកប្រជាជនជាពីរផ្នែក គឺប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី។ ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់គឺជាអ្នកទាំងឡាយណាដែលធ្លាប់រស់នៅតាមតំបន់ជនបទគ្រប់គ្រងដោយបក្សកុម្មុយនីស្ដកម្ពុជាមុនថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥។ ខ្មែរក្រហមបានបែងចែកអ្នកទាំងនេះជាប្រជាជនពេញសិទ្ធិ ឬប្រជាជនត្រៀម។ ប្រជាជនពេញសិទ្ធិគឺជាអ្នកទាំងឡាយណាដែលមិនមានបងប្អូនធ្លាប់ធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ ហើយជាសមាជិកគ្រួសារកសិករក្រ ឬកម្មករកណ្ដាលថ្នាក់ក្រោម(កសិករនិងកម្មករ)។ រីឯ ប្រជាជនថ្មី ឬប្រជាជន១៧មេសាគឺជាអ្នកដែលត្រូវជម្លៀសចេញពីទីក្រុង ឬទីប្រជុំជននានានៅខែមេសា ឆ្នាំ១៩៧៥។ ទោះជាយ៉ាងណាក្ដី​ មួយចំនួនធំនៃអ្នកទាំងនេះគឺជាអ្នកមកពីជនបទ ហើយបានរត់ទៅទីក្រុងដើម្បីគេចពីសង្គ្រាម។ ប្រជាជនថ្មីត្រូវបានចាត់ទុកថាជាមនុស្សដែលមិនអាចជឿទុកចិត្តបាន ហើយទទួលការស្អប់ខ្ពើមនិងការសង្ស័យពីសំណាក់អង្គការ។[2]

នៅពេលដែលប្រជាជន១៧មេសា បានទៅដល់ទីតាំងកំណត់របស់អង្គការហើយ គឺតែងតែមានមេភូមិប្រចាំនៅតំបន់នោះសាកសួរអំពីជីវប្រវត្តិ ដើម្បីដឹងអំពីឋានៈ និងតួនាទី។ ការសាកសួរប្រវត្តិរូបពីប្រជាជននីមួយៗគឺមានបង្កប់អត្ថន័យនៅក្នុងនោះ ដោយអង្គការបាននិយាយប្រាប់ប្រជាជនថា ប្រសិនមានប្រជាជនណាដែលមានតួនាទីជាទាហាននៅក្នុងសង្គមចាស់ មានបំពាក់សក្ដិ នោះអង្គការនឹងដំឡើងសក្ដិឲ្យបន្ថែមទៀត។ ​មានប្រជាជនជាច្រើនដែលយល់ថាអង្គការធ្វើតាមសម្ដីដែលបាននិយាយ ហើយបានទៅឈរតាមផ្នែកនៃតួនាទីមួយដុំៗ។

បន្ទាប់ពីនោះ អង្គការបានសួររកសមាជិកគ្រួសារមាន ប្រពន្ធ ឬប្ដី និងកូន ឲ្យទៅឈរជិតប្ដី ឬប្រពន្ធ។ ពេលបែងចែករួចរាល់ អង្គការឲ្យនៅមួយដុំសិន លុះដល់ពេលព្រលប់ អង្គការបាននាំខ្លួនអ្នកដែលមានតួនាទីទាំងប៉ុន្មាននាក់នោះ យកទៅតំបន់កំពង់អំពិល និងពពកវិល ដើម្បីសម្លាប់ចោល។ សារឹម បានបញ្ជាក់ថា អ្នកដែលគ្រប់គ្រងនៅតំបន់កំពង់អំពិល និងពពកវិល មានឈ្មោះថា សៅ សារ៉េត និងប៉ូល វ៉ាន់។

អង្គការបានបំបែកប្រជាជន មិនឲ្យរស់នៅជួបជុំជាមួយគ្រួសារឡើយ គឺបែងចែកតាមកង។ បុរសនៅមួយកង ស្រ្តីនៅមួយកង កុមារមួយកង និងចាស់ជរាមួយកងផ្សេងទៀត។ គ្រប់ប្រជាជនកម្ពុជាទាំងអស់គឺមានការងារធ្វើរៀងៗខ្លួនមិនមាននរណាម្នាក់នៅទំនេរឡើយ។ បុរស និងស្រ្តីដែលពេញកម្លាំង អង្គការបានឲ្យចូលកងចល័ត ធ្វើស្រែចម្ការ លើកទំនប់ ជីកប្រឡាយ និងគាស់គល់ឈើ ចំណែកកងកុមារ ឲ្យរើសអាចម៍គោ កាប់ទន្រ្ទានខែត្រ ដើម្បីធ្វើជី។ រីឯកងចាស់ជរា យាយៗឲ្យមើលថែទាំកុមារតូចៗ និងតាៗឲ្យវេញខ្សែក្រឡូស។

ចំពោះរបបអាហារនៅក្នុងរបបខ្មែរក្រហម ទាល់តែប្រជាជនដែលមានការងារធ្វើទើបមានអាហារហូប។ នៅពេលនោះរបបអាហារមិនមានគ្រប់គ្រាន់សម្រាប់ប្រជាជនទាំងអស់នោះទេ។ ក្នុងចំណោមកុមារ១០នាក់ ទទួលបានអង្ករពីរកំប៉ុងសម្រាប់បបរហូបជុំគ្នា។

នៅពេលដែល សារឹម បានឡើងកាន់ដំណែងជាប្រធានសហករណ៍រោងបាយ ក្នុងរបបខ្មែរក្រហមហៅថា “កងរោងបាយ”។ នៅក្នុងតំបន់ដែលគាត់រស់នៅគឺមានសហករណ៍រោងបាយចំនួនពីរ ហើយ សារឹម គ្រប់គ្រងនៅសហករណ៍រោងបាយទីពីរ។ សារឹម ជាអ្នកមើលការខុសត្រូវប្រជាពលរដ្ឋ ចាត់ចែងការងារផ្សេងៗនៅក្នុងរោងបាយ ដឹកនាំឲ្យទៅធ្វើស្រែ ទាំងពេលព្រឹក ល្ងាច និងពេលយប់។ នៅក្នុងមួយសហករណ៍រោងបាយដែលគាត់គ្រប់គ្រងមានប្រជាជនជាង៥០គ្រួសារ។

ក្រៅពីគាត់ដែលជាប្រធានសហករណ៍រោងបាយ មានមេសហករណ៍ម្នាក់ទៀតដែលជាអ្នកមើលការខុសត្រូវលើហករណ៍ទាំងមូល។ មេសហករណ៍មានសិទ្ធិគ្រប់គ្រងលើសហករណ៍ទាំងមូល មិនថាតែការងារធ្វើការងារ ការហូបចុក។ នៅក្នុងរបបនោះការហូបចុកគឺមានការរឹតត្បិតខ្លាំង សូម្បីតែអំបិល និងប្រហុកក៏មានការប្រិតប្រៀងដែរ។ គាត់បាននិយាយថានៅក្នុងមួយពេលមេសហករណ៍ផ្ដល់អំបិលឲ្យតែពីរទៅបីគ្រាប់ក៏មាន។

នៅក្នុងរបបខ្មែរក្រហម គ្រប់ប្រជាជនទាំងអស់មានសិទ្ធិស្វ័យទិតៀន លើកពីចំណុចខ្វះខាត់ពីគ្នាទៅវិញទៅមក។ ពេលនោះមានប្រជាជនម្នាក់ឈ្មោះ ពៀម សារិទ្ធ ហៅ ហន (មិនបានបញ្ជាក់នាមត្រកូល) នៅពេលដែលសហករណ៍មានការប្រជុំ​ ហន បានលើកអំពីភាពខ្វះខាតនៃការគ្រប់គ្រងរបស់ ចាន់ ស៊ឹម ដែលមានតួនាទីជាមេភូមិ។ បន្ទាប់ពីទិតៀនម្ដងជាពីរដង ស៊ឹម បានប្ដឹងទៅកាន់ប្រធានសន្តិសុខគុក ឈ្មោះ សៅ សារ៉េត ដែលត្រូវជាមិត្តភក្ដិជាមួយនឹងគ្នានោះ ឲ្យចាប់ សារិទ្ធ យកទៅសម្លាប់។ ក្រោយមកមិនបានប៉ុន្មាន សារិទ្ធ ក៏ត្រូវចាប់ខ្លួនយកទៅ ហើយមិនឃើញត្រឡប់ទៅសហករណ៍វិញឡើយ។

ឆ្នាំ ១៩៧៧ អង្គការបានចាប់បញ្ជូនប្រជាជនចេញពីភូមិបូព៌ា ដោយអ្នកនៅភូមិភាគនិរតីជាអ្នកមកចាប់។  ភូមិភាគនិរតី (ភូមិភាគ៤០៥) ដឹកនាំដោយ ឈិត ជឿន ហៅតាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពតនិងខេត្តតាកែវទាំងមូល ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ (ស្រុកសំរោងទង និងស្រុកគងពិសី) និងស្រុកប្រាំក្នុងខេត្តកណ្ដាល (ស្រុកកណ្ដាលស្ទឹង ស្អាង កោះធំ កៀនស្វាយ និងស្រុកលើកដែក)។ ភូមិភាគនេះបែងចែកជាបួនតំបន់ គឺតំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។[3]

ការចាប់ខ្លួនប្រជាជននៅពេលនោះ គឺមានការបង្ខិតបង្ខំឲ្យប្រជាជនទាំងអស់នៅក្នុងសហករណ៍នោះ ចូលក្នុងបាវ មិនថាមានតួនាទីជាអ្វីនោះទេ។ អង្គការបានចាប់បញ្ជូនប្រជាជនទាំងអស់ទៅកាន់តំបន់កំពង់សឹង នៅក្នុងឃុំអ្នកលឿង។ ទៅដល់ទីនោះ អង្គការបានឲ្យប្រជាជនទាំងអស់ប្រកបរបរធ្វើស្រែដូចនៅសហករណ៍ចាស់ដដែល គ្រាន់តែទៅដល់ទីនោះមិនមានអ្នកគ្រប់គ្រងច្រើនផ្នែកដូចនៅខេត្តស្វាយរៀងឡើយ។ សារឹម បានប្រាប់បន្ថែមថា គាត់រស់នៅទីនោះបានប្រហែលបួនខែ ខ្មែរក្រហមបានជម្លៀសគាត់បន្តទៅកាន់ខេត្តបាត់ដំបង ប៉ុន្តែដំបូងឡើយអង្គការមិនបានប្រាប់ប្រជាជនថាទៅបាត់ដំបងឡើយ ដោយគ្រាន់តែប្រាប់ឲ្យប្រជាជនចាកចេញពីតំបន់ដែលនៅខាងកើតទន្លេមេគង្គ។ ការជម្លៀសចេញពេលនោះគឺអង្គការជម្លៀសចេញតាមរយៈកប៉ាល់ចេញពីអ្នកលឿង ទៅកាន់ភ្នំពេញ ដោយឈប់ត្រឹមតំបន់ក្បាលថ្នល់ (ស្ពានច្បារអំពៅបច្ចុប្បន្ន)។ បន្ទាប់ពីទៅដល់ភ្នំពេញ សម្រាកបានមួយយប់ស្អែកព្រឹកឡើងបន្តដំណើរបន្តតាមរយៈរថភ្លើងចេញទៅកាន់ខេត្តបាត់ដំបង។

រថភ្លើងបានចាកចេញពីទីក្រុងភ្នំពេញ ហើយបានឈប់នៅចំណតស្វាយដូនកែវ នៅខេត្តពោធិ៍សាត់។ បន្ទាប់ពីរថភ្លើងបានឈប់នៅឯស្ថានីយ៍ សារឹម បានប្រាប់ថាមានឡានដែលមកចតចាំទទួលប្រជាជនរួចជាស្រេច។ សារឹម និងគ្រួសារបានឡើងឡានមួយដែលនាំគាត់ និងប្រជាជនដទៃទៅកាន់ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ គាត់បន្តថា នៅពេលដែលទៅដល់ខេត្តបាត់ដំបងគឺយប់ជ្រៅ ដូច្នេះហើយអង្គការបានបែងចែកគាត់ និងប្រជាជនដទៃទៀតទៅតាមសហករណ៍ផ្សេងៗគ្នា។ ពេលនោះជាពេលដែលប្រជាជនជាច្រើនគ្រួសារបានបែកបាក់គ្នា ដោយសារតែការបែងចែករបស់អង្គការ ហើយពេលនោះផងដែរ សារឹម ផ្ទាល់ក៏កើតមានការភ័យខ្លាចជាខ្លាំង ព្រោះគាត់គិតថាអាចនឹងត្រូវអង្គការយកទៅសម្លាប់ចោលក៏មិនដឹង។

សារឹម និងប្រជាជនមួយចំនួនត្រូវអង្គការឲ្យទៅរស់នៅសហករណ៍កូនក្អែក។ ការរស់នៅក្នុងសហករណ៍នោះ គាត់រស់នៅមួយថ្ងៃប្រៀបដូចជាមួយឆ្នាំ ព្រោះនៅទីនោះគឺមានការបង្អត់បាយប្រជាជន ដើម្បីត្រៀមយកទៅសម្លាប់។ ការងារដែលគាត់ធ្វើនៅតំបន់នោះ គឺមើលថែចម្ការក្រូច។ អង្គការបានបញ្ជាគាត់ឲ្យពិនិត្យមើលកុំឲ្យមានសត្វមកបំផ្លាញ និងដាក់ទឹកឲ្យបានគ្រប់គ្រាន់កុំឲ្យក្រូចស្វិត ឬខូច។ អង្គការបានគំរាមគាត់ថាករណីមានក្រូចណាមួយដែលមានរសជាតិមិនឆ្ងាញ់ អង្គការនឹងចាប់យកទៅសម្លាប់ចោលជាមិនខាន។

យប់មួយ នៅពេលដែលកងទ័ពវៀតណាមបានចូលរំដោះប្រទេសកម្ពុជា សារឹម រៀបនឹងសម្រាក ស្រាប់តែឮស្នូរកាំភ្លើង ប្រជាជនចាប់ផ្ដើមវឹកវរ បន្ទាប់មកគាត់បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ[4]

[1] មជ្ឈមណ្ឌលឯកសារកម្ពុជា. បទសម្ភាសន៍ដោយ ឡុង ដានី. គម្រោងការជម្រុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability) SVI0097

[2] ឌី ខាំបូលី. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០០៧. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៧-៣៨

[3] ឌី ខាំបូលី. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០០៧. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ២៩

[4] មជ្ឈមណ្ឌលឯកសារកម្ពុជា. បទសម្ភាសន៍ដោយ ឡុង ដានី. គម្រោងការជម្រុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability) SVI0097

អត្ថបទដោយ៖ នេន ស្រីមុំ អ្នកសរសេរព័ត៌មានឌឹញូវ

កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin