របបខ្មែរក្រហមមិនបានយកចិត្តទុកដាក់សុខភាពប្រជាជន
នៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានទទួលជ័យជម្នះលើរបបសាធារណរដ្ឋដឹកនាំដោយសេនាប្រមុខលន់ លន់។ ពេលនោះខ្មែរក្រហមបានដាក់ឈ្មោះខ្លួនឯងថារបបកម្ពុជាប្រជាធិបតេយ្យដែលស្គាល់ថា “របបខ្មែរក្រហម”។ បន្ទាប់ពីចូលកាន់កាប់ទីក្រុងភ្នំពេញខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនចេញទីក្រុងភ្នំពេញភ្លាមៗទោះបីមានអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក៏មិនលើកលែងដែរ។ ជាពិសេសទាហានលោកលន់ នល់ មួយចំនួនត្រូវយោធាខ្មែរក្រហមចាប់ធ្វើបាប និងយកទៅសម្លាប់ចោលភ្លាមៗតែម្តងយ៉ាងសាហាវព្រៃផ្សៃបំផុត។ ខាងក្រោមនេះគឺជាការរៀបរាប់របស់ វ៉ាន់ អំពីបទពិសោធន៍រស់នៅក្រោមរបបខ្មែរក្រហម។
ខ្ញុំឈ្មោះ រ៉ាន់ អាយុ៦៤ឆ្នាំ។ ខ្ញុំបានឃើញខ្មែរក្រហមជម្លៀសប្រជាជនថ្មីជាច្រីនគ្រួសារចេញមកពីភ្នំពេញ (ហៅថាប្រជាជន១៧មេសា)។ ខ្ញុំ បានឃើញប្រជាជនថ្មីមួយចំនួនបន្តដំណើរទៅមុខទៀតហើយក៏មានប្រជាជនថ្មីមួយចំនួនបានចូលមករស់នៅក្នុងភូមិថ្មី ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ខ្ញុំ នៅចងចាំថា ខ្មែរក្រហមចាប់ផ្តើមប្រមូលទ្រព្យសម្បត្តិប្រជាជនដាក់រួមទាំងអស់ ដោយមិនឲ្យមានទ្រព្យសម្បត្តិឯកជន និងចាប់ផ្តើមបំផ្លិចបំផ្លាញវត្តអារាម មិនអនុញ្ញាតឲ្យមានមន្ទីរពេទ្យ សាលារៀនជាដើម។ ប្រជាជននៅក្នុងភូមិទាំងអស់ត្រូវបានអង្គការបង្ខំឲ្យធ្វើការងាររួម ហូបបាយរួម នៅតាមសហករណ៍និងមានកម្មាភិបាលខ្មែរក្រហមនៅតាមមូលដ្ឋានជាអ្នកចាត់តាំងការងារប្រចាំថ្ងៃ។ ខ្មែរក្រហមបានបែងចែកកម្លាំងជាបីក្រុម កម្លាំងទី១ ជាយុវជនយុវនារីដែលមានកម្លាំងខ្លាំងត្រូវបានចាត់តាំងឲ្យធ្វើការងារធ្ងន់ៗដូចជាលើកទំនប់ ជីកប្រឡាយ។ រីឯកម្លាំងទី២ ជាមនុស្សវ័យកណ្តាលដែលមានកូនចៅឲ្យធ្វើការងារនៅតាមភូមិដូចជា កាប់ គាស់ ដក ស្ទូង ភ្ជួរ រាស់ ឬដេកសម្រាកនៅតាមការដ្ឋានឆ្ងាយហើយយូរៗបានមកផ្ទះវិញ។ ចំណែកកម្លាំងទី៣ ជាកុមារដែលមានអាយុចាប់ពី៧ដល់អាយុ១៤ឆ្នាំ ធ្វើការងារតាមភូមិដូចជា កើបអាចម៌គោតាមភូមិយកទៅធ្វើជីដាក់ស្រែ និងមានពេលខ្លះដេញសត្វចាបមិនឲ្យស៊ីស្រូវ និងពេលខ្លះទៀតសែងដីកាប់ដីដូចជាមនុស្សធំដែរ។
នៅក្នុងសម័យខ្មែរក្រហម ខ្ញុំមានប្តីមានកូនចំនួនពីរនាក់ អង្គការចាត់តាំងខ្ញុំឲ្យធ្វើការងារហួសកម្រិតគ្មានពេលសម្រាកទេ ដូចជាលើកទំនប់ជីកប្រឡាយ រែកដីដំបូក ដកស្ទូង។ ជួនកាលខ្ញុំធ្វើការងារដកស្ទូងនៅពេលយប់ទៀត និងគ្មានអាហារហូបគ្រប់គ្រាន់ មានតែបបររាវៗស្ទើរតែគ្មានគ្រាប់អង្ករក្នុងមួយថ្ងៃពីរពេល។ ខ្ញុំសម្រាលកូនលើកទី១នៅក្នុងភូមិ ដោយមានតែឆ្មបនៅក្នុងភូមិជាមួយគ្នាជាអ្នកជួយសម្រាលកូនឲ្យ។ នៅក្នុងភូមិខ្ញុំមិនមានពេទ្រត្រឹមត្រូវទេ ហើយក៏គ្មានថ្នាំសង្កូវគ្រប់គ្រាន់ដែរ។ ខ្ញុំត្រូវរកថ្នាំផឹកដោយខ្លួនឯងដូចជា ដើរកាប់សំបកឈើណាដែលអាចយកមកធ្វើជាថ្នាំបាន។ ក្រោយសម្រាលកូនរួចខ្ញុំបានសម្រាកចំនួន២០ថ្ងៃ។ ក្រោយមកអង្គការចាត់តាំងខ្ញុំឲ្យធ្វើការងារស្រាលៗសិនដូចជា ដេរស្លឹកត្នោតដើម្បីយកទៅប្រក់រោងនៅតាមការដ្ឋានឬប្រក់ផ្ទះរយៈពេលពីរខែ។
នៅឆ្នាំ១៩៧៨ កម្លាំងខ្មែរក្រហមមកពីភូមិភាគនិរតី ចូលមកកាន់កាប់នៅឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងបានប្រើនយោបាយអប់រំប្រជាជនឲ្យខិតខំធ្វើការងារដើម្បីកសាងប្រទេសជាតិ។ ប៉ុន្តែមិនយូរប៉ុន្មាន កម្លាំងដែលមកពីភូមិភាគនិរតីបានធ្វើបាបប្រជាជនជាងកម្មាភិបាលខ្មែរក្រហមមុនទៅទៀតដោយបានចាប់ចងកម្មាភិបាលខ្មែរក្រហមចាស់ដែលធ្លាប់ដឹកនាំប្រជាជននៅទីនេះ។ នៅពេលខ្លះក៏ប្រើល្បិចហៅយកទៅរៀនសូត្រហើយមិនដែលឃើញត្រឡប់មកវិញស្ទើរតែទាំងអស់។ នេះជាការលំបាកថ្មីមួយទៀតមកលើប្រជាជន ពិសេសប្រជាជន១៧មេសា ស្ទើរតែបាត់ខ្លួនអស់ពីភូមិ។ នៅក្នុងឆ្នាំ១៩៧៨ កម្មាភិបាលមកពីភូមិនិរតី បានធ្វើបាបប្រជាជនលើសមុនទៀត ដូចជាការងារធ្ងន់, បង្អត់អាហារ និងយកទៅសម្លាប់ចោល។ ប្រជាជន១៧មេសា ត្រូវខ្មែរក្រហមធ្វើទារុណកម្មយកទៅសម្លាប់ដោយមិនដឹងអំពីកំហុសអ្វីទាំងអស់។ ការសម្លាប់គឺមានមានភាពសាហាវបំផុត ដោយសម្លាប់នឹងត្បូងចប ភ្នៅរទេះ ឬគល់ឬស្សីជាដើម។
នៅឆ្នាំ១៩៧៩ ខ្ញុំបានរួចជីវិតពីរបបខ្មែរក្រហម និងបានរស់នៅជួបជុំគ្រួសារបងប្អូនហើយប្រកបមុខរបរធ្វើស្រែចម្ការរៀងៗខ្លួនវិញ។ បច្ចុប្បន្ននេះខ្ញុំមានវ៍យកាន់តែចាស់ កម្លាំងមិនសូវមាន។ ខ្ញុំមានជំងឺច្រើន លើសឈាម ឈឺចង្កេះ និងឈឺក្រពះថែមទៀត។ ពេលនេះខ្ញុំសប្បាយចិត្ត ដោយសារក្មួយៗស្ម័គ្រចិត្តចុះមកសម្ភាសសាច់រឿងដែលខ្ញុំបានឆ្លងកាត់សម័យខ្មែរក្រហម ដើម្បីទុកសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ។ ខ្ញុំក៏ត្រេកអរពេលក្មួយអ្នកស្ម័គ្រចិត្តបានមកសួរសុខទុក្ខអំពីសុខភាពប្រចាំថ្ងៃ ដែលពីមុនមកមិនដែលមានអ្នកណាយកចិត្តទុក្ខដាក់រឿងសុខភាពនិងនិយាយអប់រំពីសុខភាពទេ។
អត្ថបទដោយ៖ សុខ វណ្ណៈ
កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា