ធៀន ញាំ៖ អាយុ៦៨ រស់នៅភូមិបាកើនឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត

ធៀន ញាំ បច្ចុប្បន្នរស់នៅ ភូមិបាក់នឹម​​​ ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ ផាត ពន្លក/បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

ខ្ញុំឈ្មោះ ធៀន ញាំ ភេទស្រី អាយុ៦៨ឆ្នាំ កើតក្នុងឆ្នាំ១៩៥៧។ ទីកន្លែងកំណើតស្ថិតនៅភូមិទុល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ។ ឪពុកឈ្មោះ ធៀន គុណ(ស្លាប់) ម្តាយឈ្មោះចាន់ ញ៉ន(ស្លាប់)។ បច្ចុប្បន្នរស់នៅ ភូមិបាក់នឹម​​​ ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន០៦នាក់ កូនទី១ឈ្មោះធៀន ញាំ កូនទី២ឈ្មោះ ធៀន ញឿន កូនទី៣ឈ្មោះ ធៀន ម៉ាប់ កូនទី៤ឈ្មោះកូនទី៥ ធៀន តូច កូនទី៥ឈ្មោះ ធៀន ញឿន និងកូនទី៦ឈ្មោះ ធឿន ម៉ៅ សព្វថ្ងៃខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងលក់ដូរ។

កាលពីកុមារភាពខ្ញុំបានចូលរៀននៅឆ្នាំ១៩៧៣ ខ្ញុំរៀននៅសាលាតាមវត្ត១៩៧៤ បន្ទាប់ពីនាងខ្ញុំបានឈប់រៀនហើយ ខ្ញុំបានបន្តធ្វើការងារជាមួយឪពុកម្តាយ។ កាលនៅសង្គមរាស្រ្តនិយម  ដែលមានការគ្រងដោយសម្ដេចព្រះនរោត្តម​ សីហនុ ពេលនោះស្ថានភាពនៅក្នុងភូមិពិតជាមានភាពសម្បូរសប្បាយ ហូបចុកគ្រប់គ្រាន់ គ្មានការធ្វើទារុណកម្មប្រជាជនថែមទៀតផង ប៉ុន្តែដោយសារតែ​ លន់ នល់​​ បានទម្លាក់សម្ដេចរួចក៏ធ្វើសង្រ្គាមជាមួយខ្មែរក្រហមនៅឆ្នាំ ១៩៧០-១៩៧៥ ពេលនោះស្ថានភាពនៅក្នុងភូមិពិតជាមានភាពច្របូកច្របល់ខ្លាំងណាស់ដោយសារមានការទម្លាក់គ្រាប់បែកស្ទើរពេញផ្ទៃប្រទេស។

នៅ ឆ្នាំ១៩៧៥ កើតមាននៅរបបថ្មីមួយទៀតគឺ របបកម្ពុជាប្រជាធិតេយ្យ ដែលប្រជាជនខ្មែរហៅថារបបខ្មែរក្រហម។ ខ្មែរក្រហមបានចាត់តាំងក្រុមគ្រួសាររបស់ខ្ញុំទៅជាប្រជាជនចាស់ ឬហៅថាប្រជាជននៅមូលដ្ឋាន។ ខ្មែរក្រហមបានប្រើឲ្យខ្ញុំធ្វើស្រែ និងរែកដីដំបូក ដើម្បីយកមកធ្វើជាជីដាក់ស្រែ។ ខ្មែរក្រហមក៏បានបញ្ជូនខ្ញុំទៅធ្វើការនៅតាមកងចល័តដូចជា ជីកនិងរែកដីនៅទំនប់អូឃ្លៃ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃស្បូវ ឃុំមានជ័យ​​ ស្រុកឈូក ខេត្តកំពត។ ទំនប់ត្រពាំងបឹង ដែលមានទីតាំងស្ថិតនៅភូមិ ត្រពាំងបឹង ឃុំឈូក ស្រុកឈូក ខេត្តកំពត ខ្មែរក្រហមបានបញ្ជូនឱ្យទៅជីកទំនប់ម្លេច ដែលមានទីតាំងស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ រហូតដល់ ឆ្នាំ១៩៧៩ ខ្ញុំបានចេញពីកន្លែងធ្វើការសំដៅទៅភ្នំពេញ រហូតឆ្នាំ១៩៨០ទើបខ្ញុំបានវិលត្រឡប់មករកភូមិស្រុកកំណើតវិញ។

សព្វថ្ងៃនេះ ខ្ញុំមានជំងឺប្រចាំកាយដូចជា ជំងឺសន្លាក់ដៃសន្លាក់ជើង និងជំងឺក្រពះពោះវៀន។​ កត្តាដែលធ្វើឱ្យខ្ញុំកើតមានជំងឺខាងលើនេះគឺបណ្តាលមកពីមូលហេតុដូចជា​ កាលខ្ញុំនៅពីកុមារភាពប្រទេសកើតសង្គ្រាមឥតឈប់ឈរធ្វើឱ្យ ខ្ញុំហូបចុកមិនគ្រប់គ្រាន់ និងកង្វះអាហារូបត្ថម្ភ មួយវិញ រហូតមកដល់ពេលបច្ចុប្បន្ននេះខ្ញុំមានអាយុកាន់តែច្រើន។ ចំពោះការព្យាបាលជំងឺរបស់ខ្ញុំវិញ កន្លងមកក្នុងឆ្នាំ​២០២៣ ក្រុមការងារះរបស់មជ្ឈមណ្ឌលឯកសារ​កម្ពុជាបាន អញ្ជើញក្រុមគ្រូពេទ្យជំនាញចុះមកពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិបាក់នឹម ពេលនោះ ខ្ញុំក៏បានចូលរួមក្នុងកម្មវិធីពិនិត្យសុខភាពដែលរៀបចំ ដោយក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ថែមទាំងមានការចែកជូនកូនសៀវភៅ សុខភាព ដែលមានរៀបរាប់អំពីជំងឺទាំង១០ប្រភេទ ក្នុងសៀវនោះផ្តល់សារៈប្រយោជន៍ចំណេះដឹងអំពីសុខភាពជាច្រើនដល់រូបខ្ញុំ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិ។ ក្នុងចំណោមជំងឺទាំង១០ប្រភេទនេះ ខ្ញុំបានកើតជំងឺ២ប្រភេទប្រចាំរាងកាយរបស់ខ្ញុំ។ សព្វថ្ងៃនេះ ខ្ញុំមិនបានទៅព្យាបាលជំងឺឆ្ងាយនោះទេ ខ្ញុំព្យាបាលនៅក្នុងភូមិស្រុកដែលខ្ញុំរស់នៅ។ គ្រូពេទ្យនៅតាមភូមិបានចាក់ថ្នាំ និងផ្សំថ្នាំលេបដល់ខ្ញុំ។

ជាចុងក្រោយខ្ញុំសូមថ្លែងអំណអរគុណយ៉ាងខ្លាំង ចំពោះការចុះមកសួរសុខភាពនិងសុខទុក្ខរបស់នាងខ្ញុំនិងសូមជូនពរឲ្យក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាជួបប្រទះតែពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណះ សុខះ និងពលះ កុំបីឃ្លៀងឃ្លាតឡើយ។[1]

អត្ថបទដោយ ផាត ពន្លក


[1] ធៀន ញាំ ៖ សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត

 

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin