សារឹម ជាកម្មកររោងចក្រស្ករអំពៅកំពង់គល់ ខេត្តបាត់ដំបង

នៅខែកក្កដា ឆ្នាំ១៩៧៧ អង្គការបានផ្លាស់ សារឹម ទៅខេត្តបាត់ដំបង។ លុះពេលធ្វើដំណើរតាម រថភ្លើងទៅដល់ ខេត្តបាត់ដំបង ទើបអង្គការបែងសមមិត្តទាំង៥៣នាក់ទៅតាមមុខសញ្ញា ខ្លះទៅរោងចក្របាវ ដូនទាវ ខ្លះទៅរោងចក្រស្ករស ខ្លះទៅរោងចក្រតម្បាញ។ ចំណែក សារឹម និងសមមិត្ត៧នាក់ទៀតទៅរោង ចក្រស្ករស (អំពៅ) នៅកំពង់គល់ ខេត្តបាត់ដំបង។ ខាងក្រោមនេះជាសាច់រឿង សារឹម៖
ឈ្មោះដើម សារឹម[1] ភេទស្រី ជនជាតិខ្មែរ កើតនៅថ្ងៃអាទិត្យ ខែពិសាខ ឆ្នាំ១៩៥៥ កើតនៅក្នុង ភូមិត្រពាំងឆ្អែង សង្កាត់ពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកឈ្មោះ ប៉ុស អាយុ៤៧ឆ្នាំ ជាជនជាតិខ្មែរ កើតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងម្ដាយឈ្មោះ គឹម បូ អាយុ៣៧ឆ្នាំ ជាជនជាតិខ្មែរ កើតនៅក្នុង ភូមិត្រពាំងឆ្អែង សង្កាត់ពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ សារឹម មានបងប្អូន៦នាក់ ក្នុងនោះមានស្រី៣ នាក់ និង ប្រុស៣នាក់។
ឈ្មោះ សារឹម[2] ភេទស្រី អាយុ៤៨ឆ្នាំ សព្វថ្ងៃរស់នៅក្នុង ភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ សារឹម មានប្ដីឈ្មោះ យស់ បឿន អាយុ៤៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងស្រុកពោធិ៍សាត់ ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់។ សារឹម មានកូន៦នាក់។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមវាយបែកទីក្រុងភ្នំពេញ អង្គការបានចាត់តាំងឲ្យ សមមិត្តវ៉ាន់ដែលជាគណៈសង្កាត់ពពេល ដើរប្រមូលយុវជន-យុវនារី ដើម្បីយកទៅបោសសម្អាតទីក្រុង។ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧៥ សារឹម បានចូលបដិវត្ត តាមរយៈសមមិត្តវ៉ាន់ នៅខេត្តតាកែវ។ ពេល សារឹម ទៅដល់ខេត្តតាកែវ អង្គការបានបំពាក់កាំភ្លើងឲ្យ ហើយបន្ទាប់មកឲ្យរៀបចំសម្អាតទីក្រុងឲ្យបានរៀប រយ។ សារឹម បានធ្វើការរៀបចំ និងបោសម្អាតទីក្រុងភ្នំពេញ រហូតដល់ខែវិច្ឆិការ ឆ្នាំ១៩៧៥ ទើបអង្គការដក អាវុធ រួចអង្គការបញ្ជូន សារឹម មកខេត្តកំពត។ សារឹម នៅខេត្តកំពត ដើម្បីឲ្យធ្វើស្រែអំបិល។
នៅខែមីនា ឆ្នាំ១៩៧៦ អង្គការបានបញ្ជូន សារឹម ទៅខេត្តកែប ដើម្បីធ្វើចម្ការដាំដំណាំ និងបន្លែ ផ្សេងៗសម្រាប់ទុកហូបចុក។ នៅខេត្តកែបការងារមិនសូវពិបាក ដូចពេលធ្វើស្រែអំបិលទេ។ ចំណែកការហូប ចុកវិញហូបតែបបរលាយជាមួយបន្លែ ត្រកួន ស្លឹកបាស ផ្ទី និងបន្លែផ្សេងៗទៀតដែលអាចយកមកលាយហូប ជាមួយបបរបាន។ ពេលវេលាធ្វើការក៏មិនសូវពិបាកដូចនៅស្រែអំបិលដែរ ធ្វើការមានពេលសម្រាកគ្រប់គ្រាន់។
នៅខែវិច្ឆិកា ឆ្នាំ១៩៧៦ អង្គការបានផ្លាស់ សារឹម មកធ្វើស្រែអំបិលនៅកំពតវិញ។ ប្រធាននៅស្រែ អំបិលឈ្មោះបងជឿន។ ការងារនៅស្រែអំបិលធ្វើការគ្មានដែនកំណត់ទេ។ នៅស្រែអំបិលធ្វើអំបិលបានតែ ខែប្រាំងទេ។ កម្មករនៅស្រែអំបិលទទួលរបបអាហារមួយថៃ្ងបានពីរពេល គឺពេលថៃ្ងត្រង់ និងពេលល្ងាច ហើយ របបអាហារមិនសូវមានការខ្វះខាតទេ។សារឹម ធ្វើការនៅស្រែអំបិលចុះខោអាវណាស់។ នៅស្រែអំបិល អង្គការចែកសម្លៀកបំពាក់ និងក្រមាចែកឲ្យប្រើប្រាស់មិនកំណត់ទេ។ នៅជិតស្រែអំបិលមានកំពង់កណ្ដាល កំពង់ណុង សេះស និង ត្រើយកោះ ។ កម្មករត្រូវធ្វើការងារទៅតាមផែនការដែលអង្គការចាត់តាំង។
នៅខែធ្នូ ឆ្នាំ១៩៧៦ អង្គការបានឲ្យ សារឹម ត្រឡប់ទៅមកធ្វើស្រែបណ្ដុះ និងពង្រីកស្រែថ្មីក្នុងស្រែ អំបិល។ សារឹម នៅធ្វើស្រែអំបិល និងកើបអំបិលរហូត។ ពេលវេលាធ្វើការនៅស្រែអំបិលមិនសូវជាយ៉ាប់ ទេ។ ពេលអង្គការឲ្យរែកអំបិល ការងារយ៉ាប់ខ្លាំងបីយប់បីថ្ងៃទើបបានសម្រាក។ អង្គការបង្ខំព្រោះខ្លាចអំបិល ត្រូវភ្លៀងរលាយអស់។ ក្នុងរយៈពេលមួយអាទិត្យត្រូវកើបអំបិលម្ដង រួចអង្គការកំណត់ឲ្យរែកអំបិលឲ្យហើយ ទើបបានសម្រាក។ ជួននកាលទៅរែក៣ថ្ងៃ-៤ថ្ងៃបានអង្គការឲ្យសម្រាក។ ពេលថ្ងៃត្រង់ម៉ោង១១:00នាទី ព្រឹកត្រូវធ្វើការងារសង្គមនិយមតាមក្រុម អង្គការឲ្យដាំបន្លែ, ជី, ស្លឹកគ្រៃសម្រាប់ហូប។
កាលនោះ សារឹម ដំបៅជើងអង្គការមិនឲ្យធ្វើស្រែអំបិលទៀតទេ អង្គការឲ្យទៅដាំដំណាំនិង ចិញ្ចឹម សត្វ។ នៅស្រែអំបិលមានសមមិត្តនារីប្រមាណជាង៥០០នាក់។ នៅក្នុងស្រែអំបិលមានសុទ្ធតែ ជាកងនារីទាំងអស់ មានបុរសចំណាស់ៗតែ២ទៅ៣នាក់ប៉ុណ្ណោះនៅខាងផ្នែកជាង។ នារីដែលធ្វើការនៅស្រែ អំបិលសុទ្ធតែនៅលីវទាំងអស់។ អង្គការនិយាយថាអ្នកនៅលីវមានកម្លាំងធ្វើការ។ អំបិលដែលធ្វើបាន បើតាម មតិរបស់អង្គការត្រូវចែកជូនប្រជាជនទូទាំងប្រទេស។ ស្រែអំបិលបើធ្វើបានលើសផែនការ កម្មករនៅស្រែ អំបិលទាំងអស់បានហូបបាយស្រួយ ការហូបចុកមិនសូវពិបាកទេ។
នៅខែកក្កដា ឆ្នាំ១៩៧៧ អង្គការបានផ្លាស់ សារឹម ទៅខេត្តបាត់ដំបង។ អង្គការបានដកក្រុម សារឹម ចំនួន៥៣នាក់ឲ្យឡើងរថភ្លើងទៅបាត់ដំបង។ សារឹម បានជិះរថភ្លើងពីខេត្តកំពតមកចុះនៅ ភ្នំពេញឈប់សម្រាកបានមួយសប្តាហ៍។ អំឡុងពេលនៅភ្នំពេញមួយសប្តាហ៍អង្គការជូនដើរមើលនៅភ្នំពេញមាន កន្លែងរោងចក្រទឹកកក រោងចក្រទឹកក្រូច រោងចក្រកាត់ដេរ កន្លែងតម្បាញ អង្គការថាទៅនៅជនបទហើយ មិនបានឃើញអីទេ។ លុះពេលធ្វើដំណើរតាមរថភ្លើងទៅដល់ខេត្តបាត់ដំបង ទើបអង្គការអ្នកទាំង ៥៣ នាក់ ទៅតាមមុខសញ្ញាខ្លះទៅរោងចក្របាវដូនទាវ ខ្លះទៅរោងចក្រស្ករស ខ្លះទៅរោងចក្រតម្បាញ ចំណែក សារឹម និងសមមិត្ត៧នាក់ទៀតទៅរោងចក្រស្ករស។ នៅក្នុងរោងចក្រស្ករស អង្គការបែងចែកឱ្យ ខ្លះទៅដាំអំពៅ ខ្លះកិនអំពៅ។ សារឹម អង្គការចាត់តាំងឲ្យកាប់អំពៅ។ សារឹម នៅធ្វើការក្នុងរោងចក្រ ស្ករសបានហូបបាយស្រួយ។ នៅរោងចក្រ ស្ករសមានកម្មករនារីប្រហែលជា ៣០០នាក់ និងយុវជន ៥០០នាក់។ សារឹម ធ្វើការនៅរោងចក្រស្ករសបាន ប្រហែលជាមួយខែ អង្គការបានដកទៅកន្លែងបន្លែ ព្រោះ សារឹម មិនសូវមានកម្លាំង។ នៅបាត់ដំបង ពិបាកហូបចុកណាស់ ហូបតែបបបរលាយជាមួយបន្លែចម្រុះ។ ប្រធានរោងចក្រស្ករសឈ្មោះ ណុច។ បន្ទាប់មក ពូយ៉ាន ឡើងជា ប្រធានរោងចក្រស្ករស។
នៅខែវិច្ឆិកា ឆ្នាំ១៩៧៨ សារឹម ត្រូវបានប្រធានរោងចក្រស្ករសរៀបចំឲ្យមានគ្រួសារជាមួយ យស់ បឿន នៅក្រុមជួសជុលត្រាក់ទ័រ។ កាលនោះ សារឹម ក៏មិនបានស្គាល់ បឿន នោះទេ។ បុរស នារី ភាគច្រើនមិនអនុញ្ញាតឲ្យជ្រើសរើសគូស្រករដោយខ្លួនឯងទេ។ ពេល សារឹម រៀបការពុំមានឪពុកម្ដាយចូលរួមទេ ចំណែកសាច់ញាតិខាង បឿន ក៏មិនបានចូលរួមដែរព្រោះអង្គការមិនអនុញ្ញាតិ។ ពេលរៀបការហើយ សារឹម ជាមួយ បឿន នៅជាមួយគ្នាបាន ៣ ថ្ងៃ ៣ យប់។ រួចក៏ត្រឡប់ ទៅកន្លែងជួសជុលទ្រាក់ទ័រវិញ។ បឿន អង្គការចាត់តាំងឲ្យជួសជុលត្រាក់ទ័រធ្វើឲ្យដំណើរការវិញទាំងអស់ បើមិនចឹងទេត្រូវស្លាប់ចោលទាំងអស់។ សារឹម នៅកន្លែងដាំបន្លែជិតក្នុងរោងចក្រស្ករសដដែល អង្គការឲ្យគ្រប់គ្រងចាស់ៗចំនួន ៤១ នាក់។ សារឹម នៅកន្លែងដាំបន្លែរហូតដល់ឆ្នាំ១៩៧៩។
កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយ រំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា»[3]។
បឿន បានទៅយក សារឹម ទៅនៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ នៅឆ្នាំ១៩៨១បានខ្ញុំត្រឡប់មកស្រុកកំណើតវិញ។
អត្ថបទដោយ វី ស៊ីថា
[1] មជ្ឈមណ្ឌលឯកកសារកម្ពុជា (Source: I05322, p. 1)
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា TKI0023, ថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣ ភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ជួបសម្ភាសជាមួយដួង សារឹម ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
[3] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯក ទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។