សែប រ៉េត អតីតជាអ្នកបើកបររថយន្តឲ្យតាម៉ុក

សែប រ៉េត[1] អាយុ៥៧ឆ្នាំ(គិតត្រឹមឆ្នាំ២០១១) អតីតជាអ្នកបើកបររថយន្តឲ្យតាម៉ុក។ រ៉េត មានឪពុកឈ្មោះ ប៉ុក សែប(ស្លាប់)ម្តាយឈ្មោះ សុខ គួន(ស្លាប់) និងមានបងប្អូនបង្កើតចំនួន៨នាក់(ប្រុស៥ស្រី៣)មានស្រុកកំណើតនៅភូមិធ្លកយុល ឃុំស្រែក្នុង ស្រុកឈូក(ស្រុកជុំគិរីបច្ចុប្បន្ន) ខេត្តកំពត។ នៅក្នុងចំណោមបងប្អូន៨នាក់ មានពីរនាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ រ៉េត ក៏ជាប់សាច់ញាតិជាមួយ មាស មុត ដែលត្រូវជា(ឪពុកមារ) អតីតជាប្រធានកងពលទី៣ បន្ទាប់មកទៀតក្លាយជាប្រធានកងពល១៦៤ ការពារដែនសមុទ្រ។
រ៉េត ជាកូនទី៤ បានសិក្សារៀនសូត្រត្រឹមថ្នាក់ទី៩(ចាស់)នៅសាលាបឋមសិក្សាវត្តស្រែក្នុង។ នៅឆ្នាំ១៩៧៣ គាត់បានឈប់រៀនដោយសារគ្រួសារមានជីវភាពខ្វះខាត ណាមួយប្រទេសជាតិ កំពុងកើតមានសង្រ្គាម ការទម្លាក់គ្រាប់បែករបស់ទាហានឧត្តមសេនីយ លន់ នល់។ នៅឆ្នាំ១៩៧៤ រ៉េត មានអាយុ១៥ឆ្នាំ បានចូលរួមជាមួយកម្លាំងចលនាបដិវត្តន៍ខ្មែរក្រហម នៅក្នុងកងកុមារមានគ្នាប្រហែល៧០នាក់។ ការងារដំបូងដូចជា កាប់ដីដំបូកយកមកធ្វើជីដាក់ស្រែ បានរយៈពេលប្រាំពីរខែ។ បន្ទាប់មកទៀត រ៉េត បានស្ម័គ្រចិត្តចូលបម្រើចលនាខ្មែរក្រហម ធ្វើជាយោធាស្រុក ដែលមានឈ្មោះ ចែម ផែន ជាគណៈស្រុកឈូក ភូមិភាគនិរតី ដឹកនាំកម្លាំងយោធាខ្មែរក្រហម វាយប្រយុទ្ធជាទាហានឧត្តមសេនីយ លន់ នល់ គ្រប់ទីកន្លែង។ កម្លាំងយោធាយខ្មែរក្រហម ភូមិភាគនិរតី មានចំនួនបីកងពលធំ កងពលទី១ប្រធាន(មិនចាំឈ្មោះ)កងពលទី២តារ៉ែន (ត្រូវជាកូនប្រសារតាម៉ុក) និងកងពលទី៣មាស មុត (កូនប្រសារតាម៉ុក)។ រ៉េត នៅក្នុងកងពលទី២ និងមានប្រធាននីរសាឈ្មោះទូច បានដឹកនាំកម្លាំងយោធាខ្មែរក្រហម វាយចល័តជាមួយទាហានឧត្តមសេនីយ លន់ លន់ ចាប់ពីតំបន់ត្រពាំងធំខាងជើង,ត្រពាំងធំខាងត្បូង,ស្រែក្នុង រហូតដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងវាយសំដៅចូលទីក្រុងភ្នំពេញ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានបញ្ចប់រាល់ការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់គ្រាប់បែក និងការប្រឈមអាវុធដាក់គ្នា នៃសង្រ្គាមរវាងខែ្មរនិងខ្មែរ ដែលអូសបន្លាយពេលប្រាំឆ្នាំនៅកម្ពុជា[2]។ នៅអំឡុងឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហម បានឡើងកាន់អំណាចទាំងស្រុង រ៉េត បានចូលមកទីក្រុងភ្នំពេញ ដើម្បីដើរបោសសម្អាត តាមលំនៅដ្ឋាន មន្ទីរក្រសួងនានា ក្រែងមានទាហានឧត្តមសេនីយ លន់ នល់ លាក់ខ្លួនមិនទាន់ចេញអស់។ បន្ទាប់ទៀត រ៉េត អង្គការចាត់តាំងឲ្យប្រមូល ទ្រព្យសម្បត្តិមួយចំនួនដែលនៅសេសសល់រាយប៉ាយតាមផ្ទះ និងតាមផ្លូវដូចជា៖ម៉ូតូ,កង់,រថយន្ត និងសព្វាវុធគ្រាប់រំសេវ យកមករក្សាទុកក្នុងឃ្លាំងទាំងអស់។ នៅក្នុងទីក្រុងភ្នំពេញ រ៉េត បានសង្កេតឃើញថា មានយោធាខ្មែរក្រហម នៅឈរយាមការពារតាមដងផ្លូវក្នុងទីក្រុងភ្នំពេញ ប្រហែលជាង៤០០នាក់។
របបខ្មែរក្រហមឡើងកាន់អំណាច នៅឆ្នាំ១៩៧៥ តាម៉ុក ហៅ តា១៥ លេខាភូមិភាគនិរតី បានជ្រើសរើសយោធាជាកម្មាភិបាលខ្មែរក្រហម ចំនួន១៥នាក់ ដែលមានប្រវត្តិរូបល្អ សម្រាប់ធ្វើជាកងការពារ ជានីរសារ និងជាអ្នកបើកបររថយន្តសម្រាប់តាម៉ុក ផ្ទាល់។ នៅក្នុងចំណោមមនុស្ស១៥នាក់ មានបីនាក់ត្រូវបានជ្រើសរើសជាអ្នកបើកបររថយន្ត។ នៅសល់១២នាក់ទៀតក្លាយជាកងការពារ និងជានីរសារ។ រ៉េត បានក្លាយជាអ្នកបើកបររថយន្ត នៅអំឡុងពេលបំពេញការងារចុះឡើងមជ្ឈិម ឬចុះទៅតាមភូមិ,ឃុំ,ស្រុក,តំបន់ និងតាមស្រុកស្រែចម្ការ គាត់បានដឹងហេតុការណ៍មួយចំនួននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសបានដឹងពីទុក្ខលំបាក និងការស្លាប់ប្រជាជនថ្មី១៧មេសាថែមទៀត។
នៅឆ្នាំ១៩៧៦ រ៉េត ក្លាយជាអ្នកបើកបររថយន្តផ្ទាល់សម្រាប់តាម៉ុក ក្នុងពេលបំពេញការងារ នៅតាមភូមិ,ស្រុក,តំបន់ និងជាពិសេសបានស្គាល់ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើននៅមន្ទីរ៨៧០ ដូចជា៖ ប៉ុល ពត,អៀង សារី,ខៀវ សំផន,នួន ជា,វ៉ន វ៉េត,ចេង អន,សុន សេន និងកម្មាភិបាលខ្មែរក្រហម មួយចំនួនទៀត។ នៅពេល តាម៉ុក ចេញទៅដំណើរទៅណាមកណាម្តងៗ មានរថយន្តតូចតែមួយគ្រឿងប៉ុណ្ណោះ និងមានកងការពារ៤នាក់។ រាល់ពេលធ្វើដំណើរចេញពីមន្ទីរភូមិភាគនិរតី សំដៅទៅមន្ទីរ៨៧០ នៅទីក្រុងភ្នំពេញ ដើម្បីជួបមេដឹកនាំជាន់ខ្ពស់ដូចជា៖ប៉ុល ពត,នួន ជា,អៀង សារី និងខៀវ សំផន ក្នុងមួយសប្តាហ៍ម្តង ជួនណាពីរដង មានពេលខ្លះការងារប្រជុំមិនទាន់ចប់ នាំគ្នាសម្រាកនៅទីក្រុងភ្នំពេញ ពេញមួយសប្តាហ៍ក៏មានដែរ។ នៅពាក់កណ្តាលឆ្នាំ១៩៧៦ រ៉េត និងកងការពារចំនួន៤នាក់ បានចុះទៅតាមភូមិនៅក្នុងសហករណ៍មួយកន្លែងបានឃើញប្រជាជន គ្មានអាហារហូបគ្រប់គ្រាន់ និងបានដឹងថាប្រជាជន១៧មេសា ដែលខិតខំធ្វើការងារលើកទំនប់ ជីកប្រឡាយនៅម្តុំកោះស្លាត្រូវខ្មែរក្រហម ចាប់ខ្លួនយកទៅសម្លាប់ចោល នៅក្នុងឃុំស្រែក្នុង ទីតាំងនៅក្នុងវត្តដែលមានផ្ទៃដីទំហំប្រហែលជាកន្លះគីឡូម៉ែត្របួនជ្រុង និងមានព័ទ្ធបន្លាលួសជុំវិញ រួមទាំងមានរណ្តៅសាកសពថ្មីៗ នៅក្បែរនោះថែមទៀត។ កាលនោះអ្នកគ្រប់គ្រង់នៅទីនោះ ឈ្មោះ ផន ជាគណៈឃុំ និងគណៈស្រុកឈ្មោះ ចែម ផែន ។ រ៉េត ជាអ្នកបើកបររថយន្តឲ្យតាម៉ុក ជារៀងរាល់ថ្ងៃបានឃើញសភាពការណ៍ជាក់ស្តែង ជាពិសេសប្រជាជន១៧មេសា ត្រូវយោធាខ្មែរក្រហម ចាប់យកទៅសម្លាប់ចោល មើលទៅគួរឲ្យអាណិតអាសូរយ៉ាងខ្លាំង។ រ៉េត បានត្រឹមតែគិតក្នុងចិត្តម្នាក់ឯងថា តាម៉ុក គាត់ប្រាកដជាដឹងច្បាស់ ពីការសម្លាប់មនុស្សទាំងនេះ។
លើសពីនេះទៅទៀតក្នុងឆ្នាំ១៩៧៧ រ៉េត បានដឹងថា នៅក្នុងជួរកម្មាភិបាលខ្មែរក្រហម ថ្នាក់ស្រុក, តំបន់,ភូមិភាគ និងកម្មាភិបាលថ្នាក់មជ្ឈិមមួយចំនួនត្រូវអង្គការចាប់ខ្លួនយកទៅដាក់នៅមន្ទីរឃុំឃាំង ស-២១ឬហៅថា(គុកទួលស្លែង) ដោយបានចោទថា៖ ជាខ្សែ(សេ- អ៊ី- អា)សហរដ្ឋអាមេរិក(កា- ហ្សេ- បេ)សហភាពសូវៀត ដែលមាននិន្នាការនយោបាយក្បត់បដិវត្តន៍ ដូចជា៖ចេង អន,កុយ ធួន,វ៉ន វ៉េត និងកម្មាភិបាលភូមិភាគពាយ័ព្យ, ភូមិភាគបូព៌ា, ភូមិភាគឥសាន្ត ដូចជា៖ រស់ ញឹម,ណៃ សារ៉ាន់ ហៅ យ៉ា និងសោ ភឹម ជាដើម។
នៅខែសីហា ឆ្នាំ១៩៧៨ រ៉េត ត្រូវបានតាម៉ុក បញ្ជូនឲ្យទៅសិក្សារៀនសូត្រ នៅប្រទេសប្រជាមានិតចិន មានយុវជនជាកម្មាភិបាលខ្មែរក្រហម ចំនួន១០០នាក់ មកពីភូមិភាគនិរតី បូករួមជាមួយកម្មាភិបាលខ្មែរក្រហម តាមក្រសួងមន្ទីរនានា នៅក្នុងទីក្រុងភ្នំពេញ សរុបទាំងអស់មានចំនួន៣០០នាក់ ត្រូវបានអង្គការបញ្ជូនទៅសិក្សារៀនសូត្រ អ្នកខ្លះរៀនខាងផ្នែកបច្ចេកទេសយោធា និងបច្ចេកទេសផ្សេងៗទៀត។ រ៉េត ត្រូវបានសិក្សារៀនសូត្រខាងបច្ចេកទេសយោធាដូចជា៖ ផ្នែករថក្រោះ,កាំភ្លើងធំ និងយោធាខ្មែរក្រហម មួយចំនួនទៀតបានសិក្សារៀនសូត្រមុខជំនាញបច្ចេកទេសបើកបរយន្តហោះចម្បាំង។ នៅអំឡុងពេលនោះដែរ រ៉េត បានដឹងថា នៅក្នុងរបបខ្មែរក្រហម កំពុងមានការកសាងព្រលានយន្តហោះចម្បាំងជិតបានសម្រេចមួយកន្លែង នៅខេត្តកំពង់ឆ្នាំង(ភូមិភាគបស្ចិម)តំបន់៣៥ ជាជំនួយពីរដ្ឋាភិបាលប្រទេសប្រជាមានិតចិន។ នៅអំឡុងពេលនោះ សុន សេន ជារដ្ឋមន្រ្តីក្រសួងការពារជាតិ កាន់ផ្នែកកងទ័ពទូទាំងប្រទេស។ នៅពេលកំពុងសិក្សារៀនសូត្រ ក៏បានទទួលដំណឹងតាមសារព័ត៌មានថា សង្រ្គាមនៅកម្ពុជា ចាប់កើតឡើងជាមួយប្រទេសវៀតណាម កាន់តែខ្លាំងទៅៗ។ រ៉េត និងអ្នកដទៃទៀត កំពុងតែសិក្សារៀនសូត្រនៅប្រទេសចិន ក្នុងខេត្តគ័ងទុង បានត្រឹមតែរយៈពេល៧ខែប៉ុណ្ណោះ។
នៅពេលកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រ្គោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះក្លាយជាថ្ងៃប្រវត្តិសាស្រ្តនៃការរំដោះជាតិ។ រណសិរ្សនេះបានបង្កើតរបបថ្មីឈ្មោះថា(សាធារណរដ្ឋប្រជាមានិតកម្ពុជា)[3]។ នៅឆ្នាំ១៩៨០ រ៉េត ត្រូវបានប្រទេសប្រជាមានិតចិន បញ្ជូនមកប្រទេសកម្ពុជាវិញតាមនាវា(កប៉ាល់)មកដល់ប្រទេសថៃ រួចបានធ្វើដំណើរបន្តមកព្រំដែនកម្ពុជាវិញ ដើម្បីចូលរួមបម្រើចលនាខ្មែរក្រហម បន្តទៀតនៅក្នុងកងពលលេខ២ ប្រធានឈ្មោះតារ៉ែន(ត្រូវជាកូនប្រសារតាម៉ុក)អនុកងពលឈ្មោះតាសេង បាននាំកម្លាំងយោធាខ្មែរក្រហម វាយប្រយុទ្ធជាមួយកម្លាំងកងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលលោកហេង សំរិន(បច្ចុប្បន្នជាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន[4]) នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ រ៉េត បានចូលសមរភូមិប្រយុទ្ធគ្រប់ទីកន្លែង ចាប់ពីស្រុកវាលវែង អូរសោម ថ្មដារ ដល់ខេត្តកោះ កុង រហូតដល់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចល័តដល់ខេត្តកំពង់ឆ្នាំងថែមទៀត។ នៅឆ្នាំ១៩៩៩ យោធាខ្មែរក្រហម នៅទូទាំងប្រទេស បានធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល ដោយទទួលយកគោលនយោបាយឈ្នះឈ្នះ ទើបប្រទេសជាតិ ចាប់មានសុខសន្តិភាពពេញលេញហូតមកដល់បច្ចុប្បន្ននេះ។
អត្ថបទដោយ សុខ វណ្ណៈ
[1] នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១១(ឡុង ដានី បានជួបសម្ភាសន៍ជាមួយឈ្មោះ សែប រ៉េត ភេទប្រុស អាយុ៥២ឆ្នាំ(អតតីជាអ្នកបើកបររថយន្តឲ្យតាម៉ុក លេខាភូមិភាគនិរតី តំបន់១៣) រ៉េត មានស្រុកកំណើតនៅភូមិធ្លកយុល ឃុំស្រែក្នុង ស្រុកឈូក ខេត្តកំពត។ សព្វថ្ងៃ រ៉េត រស់នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លេខឯកសារ(PTI 0072) មជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ផេង ពង្សរ៉ាស៊ី,ដេវីត ឆេនដល័រ,គ្រីស្តូហ្វ័រ ឌៀរីង និងសុភ័ក្រ្ត ភាណា (សៀវភៅប្រវត្តសាស្ត្រកម្ពុជា ប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ (ឆ្នាំ២០២០) ជំពូកទី៣ ទំព័រទី១៤
មជ្ឈមណ្ឌលឯកសារកម្ពុជា
[3] ឃួន វិច្ឆិកា និងអ្នកឯទៀត (សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦) ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព(ភ្នំពេញ)៖ អនុគណៈកម្មការមុខវិជ្ជា ឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា
បោះពុម្ព ឆ្នាំ២០២៥,ទព័រ៤១
[4]ឯកឧត្តម សាយ ឈុំ, នៃ ប៉េណា, ស៊ឺម កា, ជាម យៀប, វង សូត, យី យ៉ូន និងកែវ ពិសិដ្ឋ៖ ដកស្រង់ចេញពីសៀវភៅកំណត់ហេតុ (សម្តេចអគ្គមហាពញាចក្រី ហេង សំរិន)
បោះពុម្ពលើកទី២ (ឆ្នាំ២០១៦) ទំព័រទី១