អៀន សំអ៊ុក៖ ជីវិតខ្ញុំក្នុងសម័យខ្មែរក្រហមទទួលបានអាហារឆ្ងាញ់ គឺថ្ងៃជប់លៀង

ការចូលរួមពិធីអ្វីមួយដោយមានការជួបជុំបរិភោគអាហាររួមគ្នាជាមួយមិត្តភក្តិ សាច់ញាតិ និងក្រុមការងារជាដើមនោះ ខ្មែរយើងតែងនិយមហៅថាជប់លៀង។ ថ្ងៃដែលខ្ញុំបានហូបបង្អែម ផ្លែឈើ ចេក នំ បាយគ្រប់គ្រាន់ និងឆ្ងាញ់ នៅភូមិព្នៅ ឃុំរំចេក គឺខ្មែរក្រហមរៀបចំពិធីជប់លៀងជូនសមាជិកក្រុមចំនួន២០នាក់ ដែលធ្វើការងាររួចរាល់មុនថ្ងៃកំណត់របស់អង្គការ។
ឈ្មោះ អៀន សំអ៊ុក[1] ភេទស្រី អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ មានឪពុកឈ្មោះ អុក ម៉ៅ បានស្លាប់ដោយសារការផ្ទះគ្រាប់មីននៅក្នុងសម័យអាមេរិកាំង។ ចំណែកម្តាយឈ្មោះ មាស សុន ស្លាប់ក្នុងសម័យខ្មែរក្រហម។ ឪពុកម្ដាយខ្ញុំគឺជាជនជាតិខ្មែរ ព្រោះ គាត់មានស្រុកកំណើតនៅក្នុងភូមិព្នៅទាំងពីរ។
កាលពីកុមារខ្ញុំបានរៀនសូត្រ នៅសាលា ក្នុងភូមិព្នៅ ឃុំរំចេក។ ខ្ញុំបានចូលរៀនចំនួន ២ ឆ្នាំក៏ឈប់ ដោយសារគ្រួសារមានជីវភាពខ្វះខាត។ ខ្ញុំឈប់រៀនទៅមើលគោ មើលក្របី ជំនួសឪពុកម្ដាយ ព្រោះឪពុកម្ដាយគាត់ជាប់រវល់ធ្វើស្រែ។ ក្រៅពីឃ្វាលគោ ក្របី ជួយស្ទួងស្រូវម្តាយមួយព្រឹក ដល់ពេលរសៀលដេញគោ ក្របី ទៅឱ្យស៊ីស្មៅនៅឯវាលខាងលិចភូមិ។ កុមារ ប្រុស ស្រី ប្រហែល១៥នាក់ ទៅឃ្វាល គោ ក្របី រាល់ថ្ងៃនៅភូមិព្នៅនេះ។ ម៉ោង៥ល្ងាចដេញ គោ ក្របី ត្រឡប់ចូលក្រោល។
នៅឆ្នាំ១៩៦៨ បានខ្ញុំចូលរៀនម្ដងទៀត រៀននៅសាលាភូមិខ្ពប ឃុំរំចេក ស្រុកមេមត់មានបានត្រឹមថ្នាក់ទី ៣ កាលពីសង្គមចាស់ក៏ឈប់រៀន។ ខ្ញុំអាចអានអក្សរ និងសរសេរអក្សរបានខ្លះៗ គ្រាន់តែមិនសូវចេះជ្រៅជ្រះដូចប្រុសៗ ព្រោះជំនាន់នោះប្រុសៗគេបានបួសរៀនក្នុងវត្តខ្ពប ឃុំរំចេក ខ្លះបានបួសជាព្រះសង្ឃ។ សាលានៅភូមិខ្ពបអស់ថ្នាក់រៀន ខ្ញុំមានឈ្មោះអាចបន្តសិក្សានៅស្រុកមេមត់ទៀត ប៉ុន្តែគ្រួសារខ្ញុំគ្មានមធ្យោបាយធ្វើដំណើរ ហើយគ្មានលុយកាក់ក៏ឈប់រៀនតែម្ដងទៅ។
នៅឆ្នាំ១៩៧០ កើតមានសង្គ្រាមនៅឃុំរំចេក ស្រុកមេមត់។ ប្រជាជនមិនពេញចិត្តចំពោះ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទ នរោត្តម សីហនុ ចេញពីតំណែង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ប្រជាជននាំគ្នាធ្វើបាតុកម្មទាមទារឱ្យសម្តេចព្រះនរោត្តមសីហនុ ឡើងកាន់អំណាចវិញ។ អំឡុងពេលបាតុកម្មនេះ ក៏មានការទម្លាក់គ្រាប់បែករបស់អាមេរិកាំងនៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់។ ការទម្លាក់គ្រាប់បែករបស់អាមេរិកាំង មុនពេលទម្លាក់គ្រាប់មានយន្តហោះពីរទៅបីគ្រឿង ហោះចុះឡើង ហោះពីទិសខាងកើតទៅទិសខាងលិច ចំនួនពីរលើក ក្រោយមកគ្រាប់បេ-៥២ចាប់ផ្ដើមផ្ទុះឡើងក្នុងភូមិព្នៅតែម្តង។ គ្រួសារខ្ញុំ និងប្រជាជនក្នុងភូមិនាំគ្នារត់ចូលទៅក្នុងព្រៃឬលាក់ខ្លួនក្នុងរណ្ដៅត្រង់សេ ដើម្បីកុំឲ្យអាមេរិកាំងឃើញ។ ប្រជាជនភាគច្រើនជីករណ្ដៅត្រង់សេឬក៏រស់នៅក្នុងព្រៃ ទាល់តែស្ងាត់សំឡេងយន្តហោះទើបនាំគ្នាចូលមកនៅក្នុងភូមិ។
កាលពីមុនគ្រួសាររបស់ខ្ញុំ និងប្រជាជនក្នុងភូមិ មិនហ៊ានដាំបាយពេលថ្ងៃនោះទេ ទាល់តែពេលយប់បាននាំគ្នាដាំបាយហូប។ ប្រសិនជាយើងដាំបាយពេលថ្ងៃខ្លាច ទាហានអាមេរិកឃើញមានភ្លើង មានផ្សែងហើយមកទម្លាក់គ្រាប់បែកទៀត។ ខ្ញុំបាននាំគ្នារត់ចូលនៅក្នុងព្រៃខាងជើងទំនប់បាក់ស្អុង ឃុំរំចេក ស្រុកមេមត់ ដេកក្នុងព្រៃមួយអាទិត្យ។ ឪពុកខ្ញុំ ធ្វើដំណើរត្រឡប់ទៅភូមិ ដាក់បាយជ្រូក បាយមាន់ ហើយយកអង្ករសម្រាប់ដាំបាយហូបក្នុងព្រៃបាក់ស្អុង។
អាមេរិកាំងចូលមកទម្លាក់គ្រាប់បេ-៥២ នៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ចំនួនពីរលើក។ ទម្លាក់លើកទី១ នៅតាមព្រៃជាយភូមិមិនសូវមានបញ្ហា ឬគ្រោះថ្នាក់ដល់មនុស្ស សត្វ ក្នុងភូមិទេ។ ប៉ុន្តែប្រជាជនភ័យខ្លាច រត់ភៀសខ្លួនចេញពីភូមិព្នៅ ទៅស្នាក់នៅភូមិរំចេក ភូមិខ្ពប ឃុំរំចេក។ ទម្លាក់លើកទី ២ ទម្លាក់នៅចំភូមិព្នៅ ឃុំរំចេក។ គ្រាប់បេ-៥២ ចំនួនគ្រាប់ របស់អាមេរិកកាំងទម្លាក់ក្នុងភូមិបង្កឲ្យមនុស្សស្លាប់ និងរបួស។ ប្រជាជនរស់នៅភូមិព្នៅស្លាប់ចំនួន១៤នាក់។ គ្រាប់បេទម្លាក់ចំពីរគ្រួសារ។ គ្រួសារមួយមានសមាជិកចំនួន ៨ នាក់ ហើយគ្រួសារមួយទៀតមានចំនួន ៦នាក់។ ក្រោយពេលទម្លាក់គ្រាប់បែកចប់ ទាហានអាមេរិកាំងចាកចេញពីកន្លែងទម្លាក់គ្រាប់ភ្លាមៗ។ ទ័ពយៀកកុងរស់នៅក្នុងឃុំរំចេក មិនទាន់ចាកចេញពៅភូមិទេ។ រយៈពេលប្រមាណពីរខែក្រោយ ទើបកងទ័ពយៀកកុងចាកចេញ។បន្ទាប់ពីទាហានអាមេរិកាំង និងកងទ័ពយៀកកុងចាកចេញពីទឹកដីឃុំរំចេក ស្រុកមេមត់ ប្រហែល១ឆ្នាំ កងកម្លាំងខ្មែរក្រហមចាប់ផ្តើមមានក្នុងភូមិ។ មុនដំបូងខ្មែរក្រហមធ្វើការប្រវាស់ដៃ ចំណែកផលទទួលបានចែកគ្នាតាមគ្រួសារ និងហូបបាយតាមផ្ទះរៀងខ្លួន។ ដល់ឆ្នាំ១៩៧៥ ទើបមានការរៀបចំសាជាថ្មី ខ្មែរក្រហមឲ្យអ្នកភូមិព្នៅហូបបាយរួម ស្នាក់នៅរួម ធ្វើការងាររួម។ ទ្រព្យសម្បត្តិ មាស ប្រាក់ គោ ក្របី សម្ភារប្រើប្រាស់ជាដើម កម្មាភិបាលខ្មែរក្រហមប្រមូលដាក់រួមទាំងអស់។ ខ្មែរក្រហមជម្លៀសប្រជាជនមកពីទីក្រុងភ្នំពេញ ឲ្យនៅភូមិរំចេក ភូមិខ្ពប ឃុំរំចេក។
នៅចុងឆ្នាំ១៩៧៥ ដើមឆ្នាំ១៩៧៦ ខ្មែរក្រហមចាប់ផ្តើមបង្កបង្កើនផលស្រូវនៅភូមិព្នៅ ឃុំរំចេក។ ប្រជាជនទាំងអស់ក្នុងភូមិត្រូវធ្វើស្រែ ខ្មែរក្រហមបែងចែកកម្លាំងផ្សេងៗគ្នា ដូចជាយុវជន មានកម្លាំង ត្រូវជ្រើសរើសជាកងចល័ត កុមារ ឃ្វាលគោ ក្របី ដកស្មៅ ធ្វើជីដាក់ស្រូវ ឯមនុស្សចាស់នៅផ្ទះមើលថែក្មេងតូចៗ។ ខ្ញុំបានឃើញប្រជាជនមកពីភ្នំពេញ ត្រូវបានខ្មែរក្រហមចាត់មកស្ទួងស្រូវ ជាមួយប្រជាជននៅភូមិព្នៅ។ ប្រធានសហករណ៍ ឈ្មោះ ផន ចាត់ឲ្យខ្ញុំជាអ្នកបង្រៀនស្ទួងស្រូវ ព្រោះប្រជាជនត្រូវបានជម្លៀសមកពីទីក្រុងអត់ចេះស្ទួងស្រូវទេ។ ខ្ញុំឃើញទឹកមុខ អ្នកទាំងនោះមានការភ័យខ្លាច។ ខ្ញុំកំពុងតែបង្រៀនស្ទួងស្រូវ បានសួរទៅកាន់មិត្តនារីម្នាក់ថា រស់នៅទីនោះមានគេធ្វើអីមិត្តអត់? មិត្តនារី៖ ឆ្លើយខ្មែរក្រហមស្តីបន្ទោសស្ទើរតែរាល់ថ្ងៃ តម្រូវឲ្យធ្វើការងារធ្ងន់ៗ។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានអង្គការជ្រើសរើសធ្វើជាកងចល័ត។ ខ្មែរក្រហមជ្រើសរើសធ្វើជាកងចល័ត ប្រុសៗជ្រើសរើសធ្វើជាកងកម្លាំងជួរមុខ និងចែកការងារជាក្រុមៗ។ អង្គការចាត់តាំងខ្ញុំឲ្យធ្វើស្រែគ្រប់ភូមិស្ថិតនៅឃុំរំចេក។ ប្រជាជននៅក្នុងភូមិព្នៅ ទទួលបានអាហារពីរពេលក្នុងមួយថ្ងៃ។ ថ្ងៃដែលមានបង្អែម ផ្លែឈើ ចេក នំ បាយ ទាល់មានកម្មវិធីជប់លៀង ឬធ្វើការងាររួចរាល់មុនថ្ងៃកំណត់ ប៉ុន្តែនៅភូមិព្នៅភាគច្រើនហូបបបរ។
នៅឆ្នាំ១៩៧៧ ប្រធានសហករណ៍បានជ្រើសតាំងឲ្យខ្ញុំទៅចល័តស្ទួងស្រូវនៅឃុំរំចេក។ ប្រធានសហករណ៍ឈ្មោះ ផន បាននិយាយប្រាប់ក្រុមខ្ញុំដែលមានសមាជិកចំនួន១០នាក់ យើងត្រូវតែប្រឹងប្រែងធ្វើការកុំខ្ជិលឱ្យសោះ ព្រោះអីខ្លាចអង្គការថ្នាក់លើយកទៅកសាង។ ចូលធ្វើការចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង ១០ បាននាំគ្នាឈប់សម្រាក។ សូរជួងចាប់ផ្ដើមបន្លឺឡើង ក្រុមកងចល័តកាន់ចានរៀងៗខ្លួន ដើម្បីទៅបើកបាយកន្លែងសហករណ៍។
ឆ្នាំ ១៩៧៨ ទើបមានទ័ពមជ្ឈិមចូលមកនៅក្នុងភូមិភាគបូព៌ា ហើយនៅភូមិព្នៅកងកម្លាំងទាំងនោះច្រើននិយាយរដឺនៗ។ អង្គការចាប់ផ្ដើមជ្រើសរើសអ្នកដែលធ្លាប់ធ្វើការសម័យ លន់ នល់ គ្រូបង្រៀន និងអ្នកចំណេះដឹងយកទៅរៀនសូត្របន្ថែម។ ទ័ពមជ្ឈិមចូលក្នុងភូមិ ប្រកាសប្រាប់ថា សូមប្រជាជនកុំមានការភ័យខ្លាចអីឲ្យសោះ ពួកខ្ញុំមកនេះគឺគ្រាន់តែចង់បោះសម្អាតវៀតណាម និងខ្មាំងអង្គការឲ្យចេញពីប្រទេសខ្មែរយើងនោះទេ។ ក្រោយមកអង្គការមានការប្រជុំមួយ មានប្រធានកងតូច ប្រធានកងធំ អ្នកធ្លាប់ធ្វើគ្រូពេទ្យ គ្រូបង្រៀន ធ្លាប់ធ្វើការនៅខាងឃុំ ខាងស្រុកជាដើម។ អ្នកទាំងនោះត្រូវបានអង្គការហៅឱ្យទៅប្រជុំនៅផ្ទះសង្គមនិយមស្ថិតនៅភូមិព្នៅ ឃុំរំចេក។ ទាំងនេះ ជានយោបាយឬផែនការរបស់ខ្មែរក្រហម។ បន្ទាប់មកប្រជាជនបានទៅដល់ផ្ទះសង្គមនិយម ហើយអង្គការចាប់អ្នកទាំងនោះចងនៅលើផ្ទះ ធ្វើទារុណកម្ម និងសម្លាប់ចោល។ បើតាមខ្ញុំដឹង អ្នកដែលអង្គការចាប់ចងនៅផ្ទះសង្គមនិយមមានចំនួន ៧០នាក់។ ក្នុងចំណោមមនុស្ស៧០នាក់ មានម្នាក់បានរត់រួចខ្លួនដោយសារលោតពីលើផ្ទះសង្គមនិយម។
នៅចុងឆ្នាំ ១៩៧៨ គេបានជម្លៀសប្រជាជនចេញពីភូមិទាំងអស់ ចំណែកគ្រួសារខ្ញុំ ត្រូវបានជម្លៀសឲ្យទៅរស់នៅខាងភូមិលោ ឃុំកំពាន់។ ខ្ញុំដេកបានពីរយប់ រួចបន្តដំណើរទៅមុខទៀត យប់កន្លែងណាដេកកន្លែងនោះ។ ខ្ញុំបានទៅដល់ខេត្តកំពង់ធំ ខ្មែរក្រហមដាក់ឲ្យខ្ញុំនៅវត្តកំពង់ស្វាយ។ ខ្ញុំស្នាក់នៅវត្តកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ បាន១០ថ្ងៃ មានខាងភូមិ ឃុំ ចុះមកបើកអង្គជូនប្រជាជន។ ក្រោយមកនៅបានពីរថ្ងៃទៀត ទើបមានសេចក្តីប្រកាសតាមផ្លូវថា យើងបានវាយឈ្នះទ័ពសត្រូវ សូមប្រជាជនត្រឡប់មកផ្ទះសម្បែងរៀងៗខ្លួនវិញ។ ខ្ញុំដើរថ្មើរជើងចេញពីខេត្តកំពង់ធំ ទៅខេត្តកំពង់ចាម រយៈពេល៣ថ្ងៃបានទៅដល់។ ដេកនៅកំពង់ចាមបានមួយយប់ ស្នាក់នៅផ្ទះប្រជាជនដែលទុកចោលគ្មានមនុស្ស។ ពេលមកដល់ផ្ទះឃើញបាក់បែក ខ្លះខូចខាតទាំងស្រុង។ ចំពោះពូជស្រូវទៅដូរជាមួយប្រជាជនគេនៅតាមភូមិ ឬរើសតាមវាលស្រែដែលភ្លើងឆេះមិនអស់។ ខ្ញុំចាប់ផ្ដើមកាប់ឆ្ការព្រៃយកដីដាំស្រូវ ក្រៅពីដាំស្រូវមានដាំពោតសណ្ដែក ទម្រាំតែបានហូបចុកគ្រប់គ្រាន់រយៈពេល ៣ឆ្នាំទើបមានរបស់ប្រើប្រាស់ និងហូបគ្រប់គ្រាន់។
អត្ថបទដោយ ឈុំ រ៉ា
[1] មជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងការលើកកម្ពស់សិទ្ធិនឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាព សុខភាព អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, បទសម្ភាសន៍ លីម អ៊ីភីង ជាមួយ អៀន សំអ៊ុក អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។