វេន សុន៖ អតីតប្រធានមន្ទីរស្រុកកែវសីមា តំបន់ស្វយ័ត១០៥(មណ្ឌលគិរី)

វេន សុន[1] អាយុ៧១ឆ្នាំ ជនជាតិលាវកាត់ទំពួន មានស្រុកកំណើតនៅភូមិកោះម៉ាយើល ឃុំពាមជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ឪពុកឈ្មោះ វេន ជាជនជាតិលាវ និងម្តាយឈ្មោះ ម៉ាញ់ ជនជាតិទំពួន និងមានបងប្អូនបង្កើត៥នាក់ (ស្រី២នាក់ និងប្រុស៣នាក់)។ សុន មានប្រពន្ធ២នាក់៖ ប្រពន្ធទី១ឈ្មោះ ផាយ ស៊ូន ជនជាតិលាវ (ស្លាប់២០១០) និងមានកូន៧នាក់ (ស្រី៣នាក់ និងប្រុស៤នាក់)។ ចំណែកប្រពន្ធទី២ មានឈ្មោះ ថន ថា ជនជាតិខ្មែរ។
កាលពីសង្គមចាស់ សុន រៀនបានត្រឹមថ្នាក់ទី៨ចាស់ នៅសាលាបឋមសិក្សាក្នុងឃុំពាមជីមៀត។ នៅពេលចលនាខ្មែរក្រហមទៅដល់ខេត្តមណ្ឌលគិរីឆ្នាំ១៩៦៧-១៩៦៨ សុន បានឈប់រៀន និងចូល បម្រើបដិវត្តន៍ខ្មែរក្រហមនៅមន្ទីរភ្នំក្រោល។ នៅមន្ទីរភ្នំក្រោលកាលនោះមានទាំងជនជាតិខ្មែរ និងជនជាតិដើមភាគគិចមានចំនួនប្រហែល២០០ ទៅ៣០០នាក់។ ឈ្មោះឡាំង ជនជាតិលាវ ជាអ្នកដឹកនាំចលនាខ្មែរក្រហមនោះ។ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ចេញពីតំណែងនៅក្នុងឆ្នាំ១៩៧០ ខេត្តមណ្ឌលគិរីបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមទាំងស្រុង។ នៅខណៈពេលនោះក៏ការទម្លាក់គ្រាប់បែកពីសំណាក់ទាហានសហរដ្ឋអាមេរិកមកលើភូមិកំណើតរបស់ សុន ដោយទាហានអាមេរិកគិតថាមានកងទ័ពវៀតកុងស្នាក់នៅ។ ក្រុមគ្រួសារ សុន និងអ្នកភូមិកោះម៉ាយើលទាំងអស់បានរត់ចូលព្រៃគេចពីគ្រាប់បែក។ នៅពេលអ្នកភូមិរស់នៅលាក់ខ្លួនក្នុងព្រៃក៏មានកងទ័ពវៀតកុងរស់នៅ លាយឡំជាមួយអ្នកភូមិដែរ។ ការលាក់ខ្លួននៅក្នុងព្រៃនោះបានបណ្តាលឲ្យអ្នកភូមិមានជំងឺ និងស្លាប់អស់ជាច្រើននាក់។ ពេលនោះវៀតកុងចូលបានសហការជាមួយខ្មែរក្រហមធ្វើការឃោសនាឲ្យប្រជាជនចូលរួមតស៊ូ និងធ្វើបដិវត្តន៍ប្រឆាំងនឹងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលនៃរបប លន់ នល់។ សុន និងអ្នកភូមិបានលាក់ខ្លួននៅក្នុងព្រៃរយៈពេលជាង៣ឆ្នាំ ទើបវិលត្រឡប់មកភូមិវិញ ពីព្រោះទាហានអាមេរិកបានឈប់ទម្លាក់គ្រាប់បែក។
នៅឆ្នាំ១៩៧៣ សុន ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យចូលធ្វើកងទ័ពខ្មែរក្រហមក្នុងតំបន់១០៥។ បន្ទាប់មក សុន ត្រូវបានអង្គការខ្មែរក្រហមបញ្ជូនឲ្យទៅរៀនវគ្គកាំភ្លើងធំនៅសាលាគ-៩២ របស់មជ្ឈិម ស្ថិតនៅក្បែរភូមិក្រយាដងក្តារ ស្ថិតក្នុងខេត្តកំពង់ធំ ដោយមានការបង្ហាត់បង្រៀនពីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមឈ្មោះ សុន សេន និង សោ ភឹម។ សុន បានរៀនសូត្រនៅភូមិក្រយាដងក្តាររយៈពេលបីខែ ដោយមានយោធាជាច្រើននាក់មកពីគ្រប់តំបន់នៃប្រទេសកម្ពុជា។ បន្ទាប់មកខ្មែរក្រហមបានចាត់តាំង សុន និងកងទ័ពខ្មែរក្រហមផ្សេងទៀតសហការជាមួយកងទ័ពវៀតកុងប្រយុទ្ធតទល់នឹងទាហាន លន់ នល់ នៅសមរភូមិចេនឡាទី២ ស្ថិតនៅតាមផ្លូវជាតិលេខ៦ ចន្លោះពីទីរួមខេត្តកំពង់ធំ និងស្រុកបារាយណ៍។ ការចូលរួមប្រយុទ្ធនេះ ដើម្បីចង់សាកល្បងសមត្ថភាពបន្ទាប់ពីបានហ្វឹកហាត់ចប់។ ក្រោយមកខ្មែរក្រហមបញ្ជូន សុន ត្រឡប់មកតំបន់ ១០៥ (មណ្ឌលគិរី) និងត្រូវជ្រើសតាំងឲ្យធ្វើជាប្រធានមន្ទីរស្រុកកែវសីមា ដែលមានឈ្មោះ កាស៊ី ជាលេខាស្រុក។
នៅឆ្នាំ១៩៧៤ សុន បានស្នើអង្គការខ្មែរក្រហមរៀបការជាមួយប្រពន្ធទី១ឈ្មោះ ផាយ ស៊ូន នៅមន្ទីរស្រុកកែវសីមា។
បន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សុន មាននាទីជាប្រធានមន្ទីរស្រុកកែវសីមាដដែល។ ស្រុកកែវសីមាក៏ដូចជាស្រុក និងតំបន់ផ្សេងៗនៅទូទាំងប្រទេសដែរ។ បន្ទាប់ពីរំដោះបានភ្លាមៗ ខ្មែរក្រហមបានជម្លៀសប្រជាជនថ្មីមួយចំនួនឲ្យមករស់នៅក្នុងស្រុកកែវសីមា។ ប្រជាជនទាំងអស់ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើស្រែ លើកទំនប់ ជីកប្រឡាយដូចគ្នា និងមិនមានអាហារហូបចុកគ្រប់គ្រាន់។នៅស្រុកកែវសីមាមិនមានគុក ឬមន្ទីរសន្តិសុខឡើយ ប្រសិនមានកាចាប់ចងគឺត្រូវបញ្ជូនទៅមន្ទីរសន្តិសុខភ្នំក្រោល ដែលជាមន្ទីរសន្តិសុខរបស់តំបន់ស្វយ័ត១០៥។ ពេលនោះមន្ទីរតំបន់ស្វយ័ត ១០៥ ស្ថិតនៅភ្នំក្រោល ក្នុងស្រុកកោះញែក។ នៅពេលមានការប្រជុំម្តងៗ សុន តែងតែធ្វើដំណើរទៅទីនោះ ដោយជិះដំរី ដោយប្រើរយៈពេល២យប់ ទើបទៅដល់មន្ទីរតំបន់។
សុន មិនដែលធ្លាប់បានឃើញ ឬដឹងថា មានការសម្លាប់មនុស្សនៅស្រុកកែវសីមានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ១៩៧៥-១៩៧៩ ឡើយ។ នៅក្នុងឆ្នាំ១៩៧៨ ថ្នាក់លើនៅទីក្រុងភ្នំពេញបានមកស្នើសុំប្រជាជនជនជាតិដើមភាគតិចពីស្រុកកែវសីមាចំនួន៣០គ្រួសារយកទៅធ្វើជាកម្មកររោងចក្រនៅភ្នំពេញ។ សុន បានជ្រើសរើសជនជាតិដើមភាគតិចចំនួន៣០ គ្រួសារប្រគល់ឲ្យថ្នាក់លើតាមការស្នើសុំ។ គ្រួសារទាំងនោះភាគច្រើនជាជនជាតិដើមភាគតិចក្រោល និងភ្នងដែលមានចិត្តស្លូតបូតស្មោះត្រង់នឹងបដិវត្តន៍ខ្មែរក្រហម។ ក្រោយមក សុន បានឮដំណឹងថា គ្រួសារដែលថ្នាក់លើបានស្នើសុំយកទៅធ្វើកម្មករនៅភ្នំពេញត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលនៅម្តុំចម្ការកៅស៊ូក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយពុំដឹងមូលហេតុ។ ពេលនោះមានគ្រួសារជនជាតិដើមភាគតិចតែពីរគ្រួសារ ប៉ុណ្ណោះបានរួចគេចផុតពីការសម្លាប់ (គ្រួសារទី១ឈ្មោះ គឹម ញ៉ាន សព្វថ្ងៃជាអនុប្រធានភូមិ១០៥(ថ្នល់កែង) និងគ្រួសារទី២ មិនចាំឈ្មោះរស់នៅ ភូមិ១០៥ (ថ្នល់កែង) ដែរ)។
តំបន់ស្វយ័ត១០៥ (មណ្ឌលគិរី) មានឈ្មោះ តាហម ហៅ តាឡាំង លេខាតំបន់ និងឈ្មោះ តាខាំភួន អនុលេខា។ តំបន់ស្វយ័ត១០៥ មានស្រុកចំនួន៥ គឺស្រុកកែវសីមា ដែលមានឈ្មោះ កាស៊ី លេខា, ស្រុកច្បារមានឈ្មោះ តាចាំ លេខា, ស្រុកពេជ្រាដាមានឈ្មោះ តាសារុន លេខា, ស្រុកអូររាំងមានឈ្មោះ តាឃឿន លេខា និង ស្រុកកោះញែកមានឈ្មោះ តាស្វាយ លេខា។ ប្រធានយោធាតំបន់ស្វយ័ត ១០៥ ឈ្មោះ វៀង និងប្រធានមន្ទីរសន្តិសុខតំបន់ស្វយ័ត១០៥ ឈ្មោះ សុភា។
នៅឆ្នាំ១៩៧៨ តំបន់ស្វយ័ត១០៥ មានភាពច្របូកច្របល់ខ្លាំង ដោយសារលេខាស្រុកកែវសីមាឈ្មោះ កាស៊ី ត្រូវបានចាប់ខ្លួន និងដាក់ជំនួសដោយឈ្មោះ អនស៊ី ដែលត្រូវជាប្អូនប្រុស តាឡាំង, តាស្វាយ លេខា ស្រុកកោះញែកបានចងកសម្លាប់ខ្លួនបន្ទាប់ពីបានបាញ់សម្លាប់កម្មាភិបាលស្រុកអូររាំងចំនួន២នាក់ គឺឈ្មោះ ដាំង និង គី។ តាចាំ លេខាស្រុកច្បារក៏ត្រូវបានខ្មែរក្រហមចាប់ខ្លួន។ សុន បានឮដំណឹងតៗគ្នាមកថា តាឡាំង និង តាខាំភួន ដែលជាលេខា និងអនុលេខាតំបន់ស្វយ័ត១០៥ បានឈ្លោះប្រកែក និងសម្លាប់គ្នា នៅខណៈពេលដែលមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមកោះហៅអ្នកទាំងពីរមកប្រជុំនៅទីក្រុងភ្នំពេញ។
នៅចុងឆ្នាំ១៩៧៨ តាសារុន, តាអនស៊ី និង វៀង ត្រូវបានតម្លើង ជាលេខា, អនុលេខា និងសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការតំបន់ស្វយ័ត១០៥។
នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយផ្តួលរំលំរបបខ្មែរក្រហម។ ពេលនោះ សុន បានរត់គេចខ្លួនចូលព្រៃក្នុងខេត្តមណ្ឌលគិរី និងបានរស់នៅក្នុងព្រៃអស់រយៈពេលជិតបួនឆ្នាំ។ បន្ទាប់មកនៅឆ្នាំ១៩៨៣ កងទ័ពស័្មគ្រចិត្តវៀតណាមបានវាយប្រហារកងទ័ពខ្មែរក្រហមនៅខេត្តមណ្ឌលគិរីកាន់តែខ្លាំងឡើងៗ សុន និងបក្ខពួកបានរត់គេចខ្លួន ដោយជិះកាណូតឆ្លងទន្លេមេគង្គពីត្រើយខាងកើតមកខាងលិច និងធ្វើដំណើរឆ្ពោះទៅព្រៃឡង់។ សុន និងបក្ខពួកបានបន្តដំណើររហូតមករស់នៅលើភ្នំដងរ៉ែកម្ដុំមុំបី (ភ្នំ១០០១) ដែលមាន សុន សេន ជាអ្នកគ្រប់គ្រង។ នៅភ្នំ១០០១ មានកងទ័ពខ្មែរក្រហមចំនួន៤កងពល គឺកងពល៨០១, កងពល៤១៧, កងពល៩២០ និងកងពល ១០៥ ។ ចំណែក សុន មានប្រពន្ធ និងកូនតូចៗចំនួន៣នាក់ផងនោះ ក៏សម្រេចចិត្តឈប់ពីកងទ័ព មករស់នៅជាប្រជាជនធម្មតានៅក្នុងជំរំស្ទឹងច័ន្ទ (ប្រទេសថៃ)។ ជំរំ នេះស្ថិតនៅក្រោមការគ្រប់គ្រង់របស់ខ្មែរក្រហមនៅភ្នំ១០០១ដែរ។ តាអាន ជាអ្នកគ្រប់គ្រងប្រជាជនទាំងអស់នៅជំរំស្ទឹងច័ន្ទ ។ សុន និងប្រជាជនផ្សេងទៀតបានរស់នៅក្នុងជំរំស្ទឹងច័ន្ទអស់រយៈពេលមួយឆ្នាំ ទើបភាគីថៃលែងឲ្យរស់នៅទីនោះ សុន និងប្រជាជនផ្សេងទៀត ក៏បានផ្លាស់មករស់នៅអូរជន្លៀស ដែលស្ថិតនៅក្បែរជំរំស្ទឹងច័ន្ទ ដោយរំលងតែភ្នំមួយប៉ុណ្ណោះ។
នៅឆ្នាំ១៩៩០-៩១ សុន និងប្រជាជនផ្សេងទៀត បានចុះមករស់នៅតំបន់អន្លង់វែង បន្ទាប់ពីកងទ័ពខ្មែរក្រហមដណ្ដើមកាន់កាប់តំបន់អន្លង់វែងទាំងស្រុង។ តាម៉ុក បានឈូសធ្វើផ្លូវចុះពីច្រកជាំស្រងាំចុះមកតំបន់អន្លង់វែង។ សុន និងគ្រួសារ បានរស់នៅភូមិកងពល១០៥ (ភូមិថ្នល់កែង)ដែលជាទីតាំងកងទ័ព និងក្រុមគ្រួសារមកពីខេត្តមណ្ឌលគិរី។ នៅពេលនោះមេដឹកនាំកងពល១០៥ មានតាអនស៊ី, តាសារុន, វៀង និងតាឃឿន បានសម្រេចបង្កើតជាភូមិដោយដាក់ឈ្មោះថាភូមិ១០៥ តែម្ដង។ នៅឆ្នាំ១៩៩៤ កងទ័ពរាជរដ្ឋាភិបាលភ្នំពេញបានវាយចូលដល់ភូមិ១០៥ សុន និងអ្នកភូមិក៏បាននាំគ្នា រត់គេចខ្លួនទៅលើភ្នំដងរែក។ បន្ទាប់មក សុន និងអ្នកភូមិបានវិលត្រឡប់មករស់នៅក្នុងភូមិ១០៥វិញ ដើម្បីប្រកបរបរធ្វើស្រែចម្ការ។ ដោយសារភូមិ១០៥មានប្រជាជនរស់នៅច្រើននោះ តាអនស៊ី ដែលជាមេដឹកនាំកងពល១០៥ បានសម្រេចចិត្តឲ្យ សុន និងប្រជាជនមួយចំនួនទៀតផ្លាស់ទៅរស់នៅកន្លែងថ្មី។ តាអនស៊ី បានដាក់ឈ្មោះកន្លែង ថ្មីនោះថាជាភូមិទំនប់លើ ហើយ សុន ក៏ត្រូវបានជ្រើសរើសឲ្យធ្វើជាមេភូមិទំនប់លើ។
នៅចុងឆ្នាំ១៩៩៨ ខ្មែរក្រហមបានធ្វើសមាហរណកម្មចុះចូលជាមួយរដ្ឋាភិបាល ហើយភូមិទំនប់លើ ត្រូវដាក់ឲ្យស្ថិតក្នុងឃុំត្រពាំងតៅ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សុន មានអារម្មណ៍ត្រេកអរ ដោយសារសង្គ្រាមរវាងខ្មែរ និងខ្មែរត្រូវបានបញ្ចប់។ ប្រទេសកម្ពុជានឹងមានការបង្រួបបង្រួមជាតិឡើងវិញ។ ប្រជាជនមានសិទ្ធិសេរីភាព និងប្រកបរបររកស៊ីតាមចិត្តចង់។ ក្មេងៗជំនាន់ក្រោយមានឱកាសចូលរៀនទទួលបានចំណេះដឹងខ្ពស់ និងរួមគ្នាការពារ និងកសាងប្រទេសជាតិបានរីកចម្រើនលូតលាស់ឡើងវិញ៕
អត្ថបទដោយ ឡុង ដានី
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា ឡុង ដានី សម្ភាសជាមួយ វេន សុន រស់នៅភូមិទំនប់លើ ឃុំត្រពាំងតៅ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យថ្ងៃទី០២ ខែមេសា ឆ្នាំ២០១២។