សង្ឃឹមបដិវត្តន៍នាំសន្តិភាព

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អ៊ុង ស្រ៊ុន និយាយថាពេលប្រទេសមានសង្រ្គាម ក្នុងនាមជាយុវជន ត្រូវស្ម័គ្រចិត្ត​ចូលរួមតស៊ូដើម្បីជាតិ និងប្រជាជន។ ទន់ ស្រ៊ុន ឈ្មោះបដិវត្តន៍ អ៊ុង ស្រ៊ុន ហៅ ធី ភេទប្រុស អាយុ៥៧ឆ្នាំ (ឆ្នាំ២០០៦) ធ្លាប់ធ្វើជាយោធា ក្នុងរសេនាតូច នៃកងពល៣១០ តំបន់៥០៥ ក្នុងរបបខ្មែរក្រហម​។[1] ស្រ៊ុន បច្ចុប្បន្នរស់នៅភូមិស្វាយជ្រុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ឪពុករបស់ស្រ៊ុន ឈ្មោះ ទន់ អ៊ុន(ស្លាប់) និងម្ដាយឈ្មោះ ជួរ ស្រ៊ាន​។ ស៊ុ្រន គឺជាកូនទីបីក្នុងគ្រួសារដែលមានបងប្អូនចំនួនប្រាំបីនាក់ (ស្រីបីនាក់) ហើយបងប្អូនរបស់ស្រ៊ុន ពីរនាក់មានឈ្មោះ ទន់ ស្រិន និងទន់ សារុំ (បច្ចុប្បន្ន​រស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) បានចូលរួមក្នុងចលនាបដិវត្តន៍ខ្មែរក្រហម។

កាលពីកុមារភាព ស្រ៊ុន រៀនបានថ្នាក់ទី៧ (សង្គមចាស់) នៅអនុវិទ្យាល័យឫស្សីកែវ ខេត្តក្រចេះ​។ នៅឆ្នាំ១៩៧០ ប្រទេសជាតិមានរដ្ឋប្រហាររបស់ឧត្តមសេនីយ លន់ នល់ ដើម្បីទម្លាក់សមេ្ដចព្រះនរោត្តម សីហនុ ពីអំណាច ជាហេតុនាំឲ្យតំបន់ដែល ស្រ៊ុន រស់នៅ និងតំបន់ដទៃក្នុងខេត្តក្រចេះ ​​មានការដង្ហែក្បួនបាតុកម្មប្រឆាំងនឹងវត្តមានទាហាន លន់ នល់។ ពេលនោះ ស្រ៊ុន ​មិនបានទៅចូលរួមធ្វើបាតុកម្មជាមួយ យុវជន-យុវនារី ក្នុងភូមិទេ គាត់នៅផ្ទះជួយធ្វើស្រែចម្ការ ឪពុកម្ដាយ និងមើលថែទាំ ប្អូនៗ។ នៅចុងឆ្នាំដដែល ស្រ៊ុន និងមិត្ដភក្ដិក្នុងភូមិចំនួន៧នាក់ បានស្ម័គ្រចិត្ដចូលរួមជាមួយចលនាបដិវត្តន៍ខែ្មរក្រហម តាមការណែនាំរបស់ឈ្មោះ ថន ជាគណៈភូមិភាគ៤ ដោយសារគាត់ចង់ ចូលរួមរំដោះប្រទេសជាតិចេញពីភ្នក់ភ្លើងសង្គ្រាមនាំសន្តិភាពមកជូនប្រជាជន។[2] ស្រ៊ុន និយាយថា “ប្រ​ទេ​​ស​ជាតិមាន​សង្គ្រាម​យើងជាយុវជនមិនត្រូវសំងំស្ងៀមទេ ត្រូវស្ម័គ្រចិត្តរំដោះប្រទេសឲ្យមានសន្តិភាព”។ នៅពេលចូលបដិវត្តន៍ដំបូង ស្រ៊ុន ត្រូវបានអង្គការបញ្ជូនទៅរៀនយុទ្ធសាស្រ្តយោធានៅ ភូមិស្ពឺ ឃុំស្រែវាល ខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧២ ស្រ៊ុន និងយោធាបដិវត្តន៍ខ្មែរក្រហមបានចេញទៅប្រយុទ្ធជាមួយទាហាន លន់ នល់ នៅខេត្តក្រចេះ, ខេត្តកំពង់ចាម,​ ខេត្តកំពង់ធំ, និង បន្ទាយ​លង្វែក ខេត្តកំពង់ឆ្នាំង​។ នៅសមរភូមិ ​ខេត្តកំពង់ឆ្នាំង យោធាខ្មែរក្រហមត្រូវបានស្លាប់ និងរងរបួសយ៉ាងច្រើន ដោយសារគ្មានអាវុធទំនើប និងគ្មានរថក្រោះដូចទាហាន លន់ នល់ ប៉ុន្តែដោយសារទឹកចិត្តក្លាហានចង់បានសន្តិភាព និង​ចង់បានស​ង្គមមួយស្អាតស្អំ ទើបធ្វើឲ្យយោធាបដិវត្តន៍ខ្មែរក្រហមចេះតែរំកិលទៅមុខឥតឈប់ឈរ​។

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៧៣ ស្រ៊ុន ត្រូវបានចលនាខ្មែរក្រហមចាត់តាំងជាយោធាក្នុង​វរសេនាតូច, នយោបាយកងធំ ក្នុងកងពលទី១ ដែលគ្រប់គ្រងដោយ អឿន ជាប្រធានកងពល។[3] នៅពេលនោះគាត់ត្រូវបានឈ្មោះ ហាក់ នាំចូលយុវជនកុម្មុយនីស្តកម្ពុជា (យុវកក) និងក្រោយមកគាត់ក្លាយជាបក្សជនពេញសិទ្ធិ។[4] នៅឆ្នាំដដែល សង្គ្រាមរវាងទាហាន លន់ នល់ និងចលនាខ្មែរក្រហមកាន់តែខ្លាំងឡើងៗ ដោយមានទាំងសង្គ្រាមថ្មើរជើង, ជើងទឹក និងជើងអាកាស។ យន្តហោះបាន ទម្លាក់គ្រាប់បែកនៅតាមពៃ្រ និងជាយៗភូមិធ្វើឱ្យប្រជាជនមានការភ័យខ្លាចមិនហ៊ានចេញ​ទៅប្រកបរបររកស៊ី និងធ្វើស្រែចម្ការ។

នៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ ស្រ៊ុន បានចូលរួមវាយចូលទីក្រុងភ្នំពេញ និងទទួលបានជ័យជម្នះទាំងស្រុងលើរបប លន់ នល់​។  នៅក្រុងភ្នំពេញ ស្រ៊ុន ឃើញប្រជាជននាំគ្នាចេញពីផ្ទះមកឈរពាសពេញផ្លូវ ហើយស្រែកអបអរសាទរនៅពេលឃើញយោធាខ្មែរក្រហមដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងពណ៌អាចម៍សេះ​បានធ្វើដំណើរចូលដល់ទីក្រុងភ្នំពេញពីគ្រប់ទិសទី។ ស្រ៊ុន និងយោធាកងពលទី១ មកឈរជើងនៅម្ដុំវត្ដភ្នំបានបញ្ជាតាមឧឃោសនស័ព្ទឲ្យប្រជាជនចេញពីទីក្រុងភ្នំពេញក្នុងរយៈ​ពេលបីថៃ្ង។ ក្រោយពីប្រជាជនចេញអស់ពីទីក្រុងភ្នំពេញ យោធាក្នុងកងពលទី១ ត្រូវបានបែកចែកជាបីផ្នែក មួយផ្នែកនៅការពារក្រុងភ្នំពេញ, មួយផ្នែកបញ្ជូនទៅការពារព្រំដែនកម្ពុជា-វៀតណាមខេត្តព្រៃវែង និងខេត្តស្វាយរៀង និងមួយផ្នែកទៀតត្រូវទៅធ្វើស្រែជាមួយប្រជាជននៅជាយ​ក្រុង​ភ្នំពេញ​។ ស៊្រុន ត្រូវបានអង្គភាពបញ្ជូនឲ្យទៅធ្វើស្រែនៅតំបន់បឹងបាយ៉ាប និងតំបន់អន្លង់ក្ងាន។ នៅទីនោះ ស្រ៊ុន ទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់ ប៉ុន្តែត្រូវធ្វើការងារកសិកម្មគ្មានពេលសម្រាកដើម្បីសុំ​ការ អនុញ្ញាតិច្បាប់ទៅសួរសុខទុក្ខឪពុកម្ដាយនៅឯស្រុកកំណើត។

នៅចុងឆ្នាំ១៩៧៥ កងពលទី១ បានប្តូរឈ្មោះទៅជាកងពល៣១០ ហើយ អឿន នៅតែជា​ប្រធានកងពលដដែល។ ស្រ៊ុន បានដឹងថានៅឆ្នាំ១៩៧៦ អឿន ត្រូវបានចាប់ខ្លួន ដោយអង្គការចោទប្រកាន់ថាក្បត់ និងមានបំណងចង់ផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ។ បន្ទាប់មក ស្រ៊ុន បានឃើញការបាត់ខ្លួនយោធាក្នុងកងពល៣១០ ជារឿយៗដោយអង្គការប្រាប់ថាត្រូវទៅរៀនសូត្រ។ នៅឆ្នាំ១៩៧៧ អង្គការចោទប្រកាន់ ស្រ៊ុន ថាជាប់និន្នាការជាមួយកងពល៣១០ ហើយត្រូវបានបញ្ជូនទៅលត់​ដំនៅការដ្ឋានកសាងព្រលានយន្តហោះខេត្តកំពង់ឆ្នាំង។[5] នៅការដ្ឋាន ស្រ៊ុន ឃើញមានមនុស្សរាប់ម៉ឺននាក់ធ្វើការ ភាគច្រើនជាយោធា។ មនុស្សច្រើនបានស្លាប់ដោយសារការខ្វះខាតអាហារ, ជំងឺ និងសម្លាប់។ យោធាក្នុងកងពលជាមួយ ស្រ៊ុន ជាច្រើនត្រូវបានចាប់ខ្លួនអំឡុងពេលធ្វើការនៅទីនោះ។ ស្រ៊ុន និយាយថា “នៅពេលកំពុងធ្វើការខ្មែរក្រហមឲ្យយោធាតម្រង់ជួរ ហើយខ្មែរក្រហមហៅឈ្មោះយោធាបួនដប់នាក់ នាំទៅបាត់ៗជារៀងរាល់ថ្ងៃ។  ខ្ញុំ និងយោធាទាំងអស់ភិតភ័យជារៀងរាល់ថ្ងៃ ព្រោះមិនដឹងថាពេលណាដល់វេនខ្លួន”។ អ្នកធ្វើការនៅការដ្ឋាន គ្មានសិទ្ធិសេរីភាពនិយាយស្តី សូម្បីតែ ស្រ៊ុន បានជួបជាមួយបងជីដូនម្នាក់នៅទីនោះក៏មិនហ៊ានសួរនាំដែរ។ ចំណែករបបអាហារមិនមានគ្រប់គ្រាន់ និងត្រូវធ្វើការងារគ្មានពេល​សម្រាក។ នៅការដ្ឋាន យូរៗម្តង ស្រ៊ុន ឃើញជំនាញការជនជាតិចិន និងកូរ៉េ រាប់រយនាក់ ចុះមកណែនាំអ្នកធ្វើការពីរបៀបលាយ​ស៊ីម៉ងត៍ និងវាយបំបែកថ្មដើម្បីរៀបចំចាក់បេតុងធ្វើព្រលានយន្តហោះ។ ជនជាតិចិន និងកូរ៉េ ទាំងនោះស្នាក់នៅការដ្ឋានតែម្តងដោយខ្មែរក្រហមសាងសង់​ផ្ទះប្រវែងប្រហែល១០០ ម៉ែត្រឲ្យរស់នៅជុំគ្នា។ តាមការយល់ឃើញរបស់ស្រ៊ុន ជនជាតិចិន និង កូរ៉េ បានដឹងពីការហូបមិនគ្រប់គ្រាន់, ធ្វើការងារហួសកម្លាំង និងការកាប់សម្លាប់របស់ខ្មែរក្រហមមកលើអ្នកធ្វើការនៅទីនោះ។

ស្រ៊ុន ធ្វើការនៅការដ្ឋានព្រលានយន្តហោះរហូតដល់របបខ្មែរក្រហមដួលរលំ នៅខែមករា ឆ្នាំ១៩៧៩។ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចូលដល់ការដ្ឋានព្រលានយន្តហោះ ស្រ៊ុននិងកម្មាភិបាលខ្មែរក្រហមបានរត់ចេញដោយធ្វើដំណើរចូលព្រៃរហូតដល់ តំបន់អមលាំង, ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្តរហូតដល់ក្នុងព្រៃខេត្តបាត់ដំបង ព្រំដែនប្រទេសកម្ពុជា-ថៃ។ ស្រ៊ុន បន្តរស់នៅក្នុងព្រៃជាមួយកម្មាភិបាលខ្មែរក្រហម និងបានឃើញយោធាភូមិភាគនិរតី សម្លាប់យោធាភូមិភាគបូព៌ា រាប់ពាន់នាក់។[6] នៅឆ្នាំ១៩៨១ ស្រ៊ុន បានសមេ្រចចិត្ដត្រលប់មករស់នៅស្រុកកំណើតឯខេត្តក្រចេះវិញ។ នៅឆ្នាំដដែល ស្រ៊ុន បានរៀបការជាមួយប្រពន្ធឈ្មោះ ម៉ៅ ស៊ីណាន និងប្រកបរបរធ្វើស្រែចម្ការ។ ការរស់នៅ និងតស៊ូជាមួយបដិវត្តន៍ខ្មែរក្រហម ស្រ៊ុន មានការខកចិត្តព្រោះគាត់ខិតខំប្រឹងប្រែងប្រយុទ្ធជាមួយទាហាន លន់ នល់ រហូតទទួលបានជ័យជម្នះ ប៉ុន្តែផ្ទុយទៅវិញបែរជាទទួលរងទុក្ខលំបាកពីរបបខ្មែរក្រហមទៅវិញ ។ ស៊្រុន យល់ថាការដឹកនាំរបបខ្មែរក្រហមគឺសាហាវព្រៃផ្សៃ ​សម្លាប់មនុស្សស្លូតត្រង់ដោយមិនរើសមុខ។ ស្រ៊ុន តែងតែនិយាយរឿងរ៉ាវពីអតីតកាលប្រាប់ដល់ក្មេងជំនាន់ក្រោយ ដើម្បីចូលរួមទប់ស្កាត់របបដ៏ខ្មៅងងឹតនេះកុំឲ្យកើតឡើងក្នុងប្រទេសកម្ពុជាម្តងទៀត​នាពេលអនាគត៕

អត្ថបទដោយ អេង សុខម៉េង


[1] បទសម្ភាសក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ ឯកសារKRI0០២៤. (២០០៦). សម្ភាសន៍ជាមួយឈ្មោះ អ៊ុង ស៊្រុន ហៅធី ជាម្ចាស់ប្រវត្តិរូប. អាយុ៥៧ឆ្នាំ. រស់នៅភូមិស្វាយជុំ, ឃុំឫស្សីកែវ, ស្រុកព្រែកប្រសព្វ, ខេត្តក្រចេះ. មជ្ឈ​មណ្ឌល​ឯកសារកម្ពុជា. ថ្ងៃទី២ ខែមីនា ឆ្នាំ២០០៦. ចំនួន២១ទំព័រ។

[2] ក្នុងចំណោមមិត្តភក្តិទាំង៧នាក់ បានស្លាប់អស់។ ចាន់ ថន ជាមិត្តម្នាក់របស់ ស្រ៊ុន ដែលនៅមានជីវិត។ ថន បច្ចុប្បន្ន រស់នៅភូមិស្វាជុំ, ឃុំឫស្សីកែវ, ស្រុកព្រែកប្រសព្វ, ខេត្តក្រចេះ (យោងឯកសារKRI០០២៤)។

[3] ឯកសារដូចខាងលើ។

[4] ឯកសារ I03479. ប្រវត្តិរូបរបស់ អ៊ុង ស្រ៊ុន ហៅ ធី ភេទប្រុស ឆ្នាំកំណើត១៩៤៨ (ម្ចាស់ប្រវត្តិរូប). ឯកសារតម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី១។

[5] ដីកាដំណោះស្រាយសំណុំរឿង០០២. (ឯកសារD427). (ឆ្នាំ២០១០). កថាខណ្ឌទី៣៨៣-៣៨៤. ទំព័រ១២៥-១២៦ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា. អ.វ.ត.ក. ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០. «[ការដ្ឋានកសាងព្រលានយន្តហោះ ស្ថិតនៅស្រុក២០ តំបន់៣១ នៃភូមិភាគបស្ចឹម (៤០១) (បច្ចុប្បន្នការដ្ឋានកសាងព្រលាននេះស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង)។ ប្រលានយន្តនហោះនេះមានផ្ទៃដីប្រហែល៣០០ ហិកតា មានផ្លូវយន្តហោះរត់ពីរខ្សែមានបណ្តោយប្រវែង២,៤០០ម៉ែត្រ, ប៉មត្រួតពិនិត្យការហោះហើរ និងអគាររដ្ឋបាលផ្សេងទៀត។ ការដ្ឋានកសាងព្រលានយន្តហោះនេះបានចាប់ផ្តើមនៅដើមឆ្នាំ១៩៧៦ រហូតដល់របបខ្មែរក្រហមដួលរលំនៅដើមខែមករា ឆ្នាំ១៩៧៩ ការដ្ឋាននេះមិនទាន់បញ្ជប់ការសាងសង់នៅឡើងទេ»។

[6] ឯកសារដូចខាងលើ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin