សោម ហុន៖ អតីតយោធាខ្មែរក្រហមពិការ

នៅពេលរបបកម្ពុជាធិបតេយ្យមានជម្លោះកាន់តែខ្លាំងជាមួយវៀតណាមនៅឆ្នាំ១៩៧៧ នៅតាមព្រំដែនក្នុងខេត្តស្វាយរៀង ខ្មែរក្រហមបានដកសមាជិកពីកងចល័ត រួចបញ្ចូលក្នុងអង្គភាពទ័ពដើម្បីការពារទឹកដីពីការឈ្លានពានពីវៀតណាម។ នៅក្នុងចំណោមកងចល័តទាំងនោះក៏មាន សោម ហុន ដែរ ដែលបានឡើងទៅប្រយុទ្ធតទល់ជាមួយកងទ័ពវៀតរហូតធ្លាក់ខ្លួនពិការដោយសារតែជាន់មីន។

សោម ហុន[1] បានរៀបថា  ខ្ញុំមានអាយុ៦៣ឆ្នាំ​ មានស្រុកកំណើតនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជាប់នឹងព្រំដែនប្រទេសវៀតណាម។ ខ្ញុំមានឪពុកឈ្មោះ សោម ប៊ិច ​ ​និងម្ដាយឈ្មោះ មា យ៉ាន់ ព្រមទាំងមានបងប្អូនបង្កើតចំនួន៧នាក់។ នៅពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ចេញពីអំណាច នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ នៅក្នុងភូមិរបស់ខ្ញុំចាប់ផ្តើមច្របូកច្របល់ដោយសារសង្រ្គាមស៊ីវិលនៅក្នុងប្រទេសរវាងកងទ័ពសាធារណរដ្ឋខ្មែររបស់ លន់ នល់ និងកងទ័ពបដិវត្តន៍ខ្មែរក្រហមដែលប្រឆាំងនឹងរបប លន់ នល់ ហើយម្យ៉ាងទៀតដោយសារការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកពីកងទ័ពធីវគី (វៀតណាមខាងត្បូង) មកលើកងទ័ពវៀតកុង (វៀតណាមខាងជើង) ដែលត្រូវបានចោទប្រកាន់ថាមកលាក់ខ្លួននៅតាមព្រំដែនក្នុងទឹកដីប្រទេសកម្ពុជា។ ​នៅពេលយន្តហោះចម្បាំងកងទ័ពធីវគីហោះចូលមកក្នុងភូមិឃុំរបស់ខ្ញុំដើម្បីតាមវាយប្រហារកងទ័ពវៀតកុងម្តងៗ ខ្ញុំ និងក្រុមគ្រួសារបានរត់គេចខ្លួនពីផ្ទះសម្បែងស្រែចម្ការ មកលាក់ខ្លួននៅភូមិភ្នំស្រូវ ឃុំរាជមន្ទីរ (ស្ថិតនៅខាងលិចផ្សារកំពង់រោទិ៍) ដើម្បីលាក់ខ្លួនបណ្តោះអាសន្ន។ សមាជិកក្រុមគ្រួសាររបស់ខ្ញុំបានបំបែកគ្នាទៅដេកតាមដំបូក និងភ្លឺស្រែដែលមានស្មៅខ្ពស់ៗបាំងដើម្បីកុំឱ្យកងទ័ពធីវគីដែលជិះនៅលើយន្តហោះចម្បាំងមើលឃើញ  ព្រោះខ្លាចកងទ័ពធីវគីបាញ់សម្លាប់។ រហូតដល់យន្តហោះចម្បាំងកងទ័ពធីវគីចេញទៅអស់ ទើប ខ្ញុំ និងក្រុមគ្រួសារហ៊ានត្រឡមកផ្ទះសម្បែងវិញនៅពេលយប់។ ក្រោយមកឪពុកម្តាយរបស់ខ្ញុំបានជីកលេណដ្ឋាននៅក្រោមផ្ទះដើម្បីលាក់ខ្លួន ប៉ុន្តែ​លេណដ្ឋាននោះមិនអាចជួយការពារអាយុជីវិតសមាជិកគ្រួសាររបស់ខ្ញុំបានទាំងស្រុងទេ ប្រសិនបើគ្រាប់បែកធ្លាក់ចំ។ ដោយសារខ្ញុំត្រូវរត់គេចខ្លួនពីសង្រ្គាមជាញឹកញាប់ ដូច្នេះការសិក្សារបស់ខ្ញុំមិនបានជាប់លាប់ទេ។

​បន្ទាប់ពីកងទ័ពបដិវត្តន៍ខ្មែរក្រហមឡើងកាន់កាប់អំណាចនៅថ្ងៃទី១៧​ ខែមេសា ឆ្នាំ១៩៧៥។ ខ្មែរក្រហមបានបែងកម្លាំងប្រជាជនឱ្យធ្វើការនៅតាមក្រុម (ឬក), កងតូច (ឬខ) កងធំ (ឬគ) និងកំណត់ទំហំការងារទៅតាមចំនួនសមាជិកក្នុងកងចល័ត។ ពេលនោះ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឱ្យទៅលើកភ្លឺស្រែ និងជីកប្រឡាយ​ ហើយចាប់ផ្តើមបែកពីបងបងប្អូន និងឪពុកម្តាយចាប់តាំងពីពេលនោះមក។ ខ្ញុំត្រូវក្រោកធ្វើការតាំងពីរម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង១១ថ្ងៃត្រង់ទើបឈប់សម្រាកហូបបាយថ្ងៃត្រង់ ហើយចូលធ្វើការងារបន្តពីម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច។ ដោយសារធ្វើការងារធ្ងន់ និងមិនមានអាហារហូបចុកគ្រប់គ្រាន់ សមាជិកកងមួយចំនួនបានធ្លាក់ខ្លួនឈឺ។ អ្នកជំងឺទទួលបានតែត្រឹមតែរបបបបរ និងថ្នាំអាចម៍ទន្សាយមកផឹកព្យាបាលជំងឺប៉ុណ្ណោះ។ ប៉ុន្តែសំណាងល្អ ខ្ញុំ មិនមានជំងឺដូចកងចល័តឯទៀត។ ខ្ញុំនៅជីកប្រឡាយចល័តពីការដ្ឋានមួយទៅការដ្ឋានមួយទៀតក្នុងស្រុកកំពង់រោទិ៍ រហូតដល់រដូវវស្សាទើបផ្លាស់មកដកស្ទូងវិញ។ ថ្ងៃមួយនៅពេលកំពុងធ្វើការងារ ខ្មែរក្រហមក៏មកហៅឈ្មោះខ្ញុំឱ្យចូលអង្គភាពយោធាស្រុកកំពង់រោទិ៍ ទាំងខ្ញុំមិនបានដឹងខ្លួនជាមុន ព្រោះពេលនោះខ្មែរក្រហមកំពុងតែមានជម្លោះជាមួយវៀតណាមនៅតាមបណ្តោយព្រំដែន។ ខ្មែរក្រហមបានជម្លៀសប្រជាជនខ្មែរចេញពីព្រំដែន និងស្រុកកំពង់រោទិ៍ ទៅនៅខេត្តកណ្តាលដោយទុកតែកម្មាភិបាល និងកងទ័ពខ្មែរក្រហមឈរជើង។ ខ្ញុំបានដើរជាន់មីនពេលឡើងទៅខ្សែត្រៀមប្រយុទ្ធដែលជាទីតាំងសមរភូមិចាស់បណ្តាលឱ្យដាច់​ប្រអប់ជើងស្តាំម្ខាង។ ប្រធានអង្គភាពយោធាខ្មែរក្រហមបានបញ្ជូនខ្ញុំតាមរថយន្តយោធាទៅលាងរបួស ចាក់ថ្នាំ និងព្យួរសេរ៉ូមនៅមន្ទីពេទ្យយោធា ស្ថិតនៅឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទាំងយប់ រួចហើយបញ្ជូនបន្តតាមរថយន្តទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី[2]។ នៅទីនោះមានក្រុមគ្រូពេទ្យមើលថែទាំខ្ញុំដិតដល់ និងមានថ្នាំពេទ្យនាំចូលពីប្រទេសចិនចាក់ឱ្យខ្ញុំ ព្រមទាំងចែករបបអាហារឱ្យខ្ញុំក្នុងមួយថ្ងៃ៣ដងទៀតផង។

ខ្ញុំដេកពេទ្យ១៧ មេសា បានរយៈពេលប្រមាណពីរខែ កងទ័ពវៀតណាមវាយក៏វាយចូលទីក្រុងភ្នំពេញនៅដើមឆ្នាំ១៩៧៩[3]។ ពេលនោះខ្មែរក្រហមបានជម្លៀសខ្ញុំ និងយោធាពិការតាមរថភ្លើងឆ្ពោះទៅខេត្តបាត់ដំបង។ ខ្ញុំដេកនៅទីរួមខេត្តបាត់ដំបងរយៈពេលបីយប់ បន្ទាប់មកខ្មែរក្រហមបញ្ជូនខ្ញុំបន្តទៅនៅស្រុកថ្មគោលរយៈពេលមួយសប្តាហ៍ថែមទៀត ដោយមានគ្រូពេទ្យទៅជាមួយដែរ។ ដោយសារកងទ័ពវៀតណាមឈរជើងនៅតាមបណ្តោផ្លូវជាតិ ដូច្នេះខ្មែរក្រហមបញ្ជូនខ្ញុំ និងយោធាពិការប្រមាណ៧នាក់ ដោយដើរថ្មើរជើងកាត់ទៅស្រុកបរវេល ដើម្បីបន្តរស់នៅស្រុកសំឡូត និងប៉ៃលិន។ ប៉ុន្តែដោយសារកងទ័ពវៀតណាមស្ទាក់ដំណើរនៅត្រង់ផ្លូវបំបែកទៅសំឡូត ទើបខ្ញុំ និងយោធាខ្មែរក្រហមពិការ ដើរកាត់ព្រៃត្រឡប់មកស្រុកមោងឫស្សីវិញ ស្រាប់តែឃើញកងទ័ពវៀតណាមនៅទីនោះទៀត។ ខ្ញុំ និងយោធាពិការបានដើរវាងមកដល់ព្រៃមួយកន្លែងក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងបានដេកនៅទៅនោះមួយយប់។ នៅព្រឹកថ្ងៃបន្ទាប់ ខ្ញុំនិងយោធាខ្មែរក្រហមពិការបានទៅជួបគណៈឃុំ បន្ទាប់មកទើបឈ្លបឃុំនាំខ្ញុំទៅជួបមេភូមិបន្តទៀត។ មេភូមិបានសួរនាំខ្ញុំពីស្រុកកំណើត ហើយខ្ញុំក៏ឆ្លើយប្រាប់តាមត្រង់ថានៅខេត្តស្វាយរៀង។ ប្រធានភូមិបានសួរបញ្ជាក់ខ្ញុំថា ចង់ត្រឡប់មកស្រុកកំណើតវិញ ឬចង់ទៅរស់នៅមណ្ឌលជនពិការនៅខេត្តបាត់ដំបង។ ខ្ញុំប្រាប់មេភូមិថាចង់ត្រឡប់ទៅស្រុកកំណើតដើម្បីស៊ើបសួរដំណឹងពីឪពុកម្តាយ និងបងប្អូន ទើបមេភូមិអនុ​ញ្ញាតឱ្យខ្ញុំបន្តដំណើរដោយថ្មើរជើងត្រឡប់ស្រុកវិញ ចំណែកយោធាពិការផ្សេងទៀតក៏ត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនដែរ។ ខ្ញុំឈប់នៅតាមផ្លូវជាញឹកញាប់ និងទទួលអាហារពីប្រជាជនដែលអាណិតអាសូរខ្ញុំ។ មកដល់ស្រុកក្រគរ ខ្ញុំយកក្រណាត់ដែលនៅសេសទៅដូរអ្នកភូមិយកអាហារហូបចុក រួចហើយធ្វើដំណើរបន្តមកខេត្តកំពង់ឆ្នាំងទើបបានជួបប្រជាជនដែលរស់នៅស្រុកកំណើតជាមួយគ្នា។ ខ្ញុំបានសាកសួរប្រជាជនទាំងនោះអំពីដំណឹងឪពុកម្តាយ និងប្អូនរបស់ខ្ញុំ ប៉ុន្តែគ្មាននរណាដឹងឡើយ។ ខ្ញុំបានដើររយៈពេល៣យប់ទៀត ទើបមកដល់ទីក្រុងភ្នំពេញ។ ប៉ុន្មានថ្ងៃក្រោយមក បងប្រុសរបស់ខ្ញុំឈ្មោះ ហែម ដែលខ្មែរក្រហមជម្លៀសពីស្រុកកំណើតមករស់នៅ និងធ្វើការនៅភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានទទួលដំណឹងពីប្រជាជនជម្លៀសថាខ្ញុំរស់នៅក្នុងក្រុងភ្នំពេញក៏មកជួបខ្ញុំ។​​​ ពេលនោះ ខ្ញុំបានដឹងដំណឹងពីបង ហែម ថា បងប្អូននិងឪពុកម្តាយរបស់ខ្ញុំនៅរស់ទាំងអស់គ្នា។

ខ្ញុំ និងបងប្រុសបានយកមាន់ឱ្យកងទ័ពវៀតណាម ដើម្បីសុំរថយន្តកងទ័ពពីស្រុកកៀនស្វាយមកខេត្តស្វាយរៀងក៏បានជួបបងប្អូន និងឪពុកម្ដាយ។ ខ្ញុំសប្បាយរីករាយខ្លាំងណាស់ទោះបីពេលនោះស្ថិតក្នុងស្ថានភាពក្រីក្រ និងខ្វះខាតក៏ដោយ ព្រោះយើងបានរួចផុតពីសង្គ្រាម និងការកាប់សម្លាប់​។ ខ្ញុំ និងក្រុមគ្រួសារប្រកបរបរធ្វើឈ្នៀងដើម្បីដូរយកអង្ករ ម្ហូបអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ។ ក្រោយមកទើបខ្ញុំប្រកបរបរធ្វើស្រែដើម្បីជីវិតរហូតដល់សព្វថ្ងៃ។

អត្ថបទដោយ សោម ប៊ុនថន


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរ, បទសម្ភាសន៍ ឃួន រស្មី ជាមួយ សោម ហុន រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

[2] មន្ទីរពេទ្យ១៧ មេសា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

[3] កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា»។

ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin