នាយទាហាននៃរបបសាធារណរដ្ឋខ្មែរត្រូវបានខ្មែរក្រហមបោកយកទៅសម្លាប់នៅភ្នំធិបតី
ទាហាននិងមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ ឬរបប លន់ នល់ ថតក្នុងអំឡុងឆ្នាំ១៩៦០។ ទាហាននិងមន្ត្រីរដ្ឋការនៃរបប លន់ នល់ គឺជាមុខសញ្ញារបស់ ខ្មែរក្រហម។ ប្រសិនបើខ្មែរក្រហមស៊ើបដឹងពីអត្តសញ្ញាណថា នរណាម្នាក់ជាទាហាន ឬមន្ត្រីរដ្ឋការរបស់ លន់ នល់ អ្នកនោះនឹងត្រូវយកទៅសម្លាប់ ហើយការសម្លាប់ រង្គាលលើក្រុមនេះ បានកើតឡើងនៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។ (រូបថតក្នុងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ១៩៧៥-១៩៧៩) ប្រភព៖ ឡោះ កាសេម/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជាបន្ទាប់ពីចូលកាន់កាប់ក្រុងបាត់ដំបងនៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានឃោសនាឲ្យនាយទាហាន នាយទាហានរង និងពលទាហាននៃរបបសាធារណរដ្ឋខ្មែរទាំងអស់ឲ្យដាក់អាវុធចុះ និងប្រមូលកាំភ្លើងដាក់នៅសាលាខេត្តបាត់ដំបងក្បែរស្ពានថ្ម។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥ មេខ្មែរក្រហមម្នាក់ឈ្មោះ ខែក ប៉ែន បានជិះឡានហ្សីបអាដឺមកដល់ប្រជុំជាមួយទាហាននៃរបបសាធារណរដ្ឋខ្មែរ និងបាននិយាយឃោសនាថាសង្រ្គាមបានបញ្ចប់ហើយយើងរួមគ្នា កសាងប្រទេសជាតិឡើងវិញ។ ខែក ប៉ែន បានធានាថា សូមបងប្អូនកុំភ័យ គ្មានកងទ័ពខ្មែរក្រហមណាហ៊ានប៉ះពាល់បងប្អូនឡើយ។ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានរៀបចំពិធីជប់លៀងដល់នាយទាហាននៃរបបសាធារណរដ្ឋខ្មែរនៅសាលាខេត្តបាត់ដំបង។ បន្ទាប់មកខ្មែរក្រហមបាននិយាយកហុកថា នាយទាហានទាំងអស់ត្រូវជិះឡានទៅទទួលសម្តេចព្រះ នរោត្តម សីហនុ នៅ ភ្នំពេញ។ ខ្មែរក្រហមបានរៀបចំពិធីជប់លៀបដល់នាយទាហានទាំងអស់ និងតម្រូវឲ្យឡើងរថយន្តដែលបានតម្រៀបចាំនៅក្រោមដើមឈើខាងមុខសាលាខេត្តរួចជាស្រេច។ នៅខណៈពេលដែលរថយន្តធ្វើដំណើរដល់ចំណុចភ្នំធបតី ក្នុងស្រុកមោងឫស្សី ទាហានទាំងអស់ត្រូវបានស្នើរឲ្យចុះដើរ ដើម្បីទៅស្ថានីយរថភ្លើងជិះទៅទីក្រុងភ្នំពេញបន្តទៀត។ បន្ទាប់មកកងទ័ពខ្មែរក្រហមដែលត្រៀមជាស្រេចបានបាញ់ស្រោចទៅលើទាហានដែលកំពុងដើរនោះតែម្តង។ សុះ ឈូក ដែលជាអតីតទាហាននៃរបបសាធារណរដ្ឋខ្មែរប្រចាំនៅខេត្តបាត់ដំបងបានរៀបរាប់បទពិសោធន៍ដូចខាងក្រោម៖
ខ្ញុំឈ្មោះ សុះ ឈូក[1] អាយុ៧៨ (ឆ្នាំ២០១៥) បានកើត និងរស់នៅភូមិព្រៃដាច់ សង្កាត់ឪម៉ាល ក្រុងបាត់ដំបង ខេត្តបាត់បង។ ខ្ញុំមានប្រពន្ធឈ្មោះ ឡេង ឡាង។ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ខ្ញុំបានចូលចលនាខ្មែរក្រហម និងបានដើរឃោសនាប្រជាជនឲ្យចូលរួមជាមួយចលនារណសិរ្សរួបរួមជាតិ។ នៅពេលនោះ គិញ នៃរបបសាធារណរដ្ឋខ្មែរបានឃើញ។ បន្ទាប់មកទាហានប្រចាំនៅវត្តរការប្រុងមកចាប់ខ្ញុំ។ បន្ទាប់មកខ្ញុំបានគេចចូលមកក្រុងបាត់ដំបងទៅឲ្យមិត្តភក្កិខ្ញុំ ជួយជូនទៅជួបសក្កិ៣ ភោគ ឈួម ទទួលបន្ទុកហិរញ្ញិក។ ខ្ញុំត្រូវចូលធ្វើទាហាននៅក្នុងកងវរសេនាតូចលេខ១៦៤ ប្រចាំនៅគាស់ក្រឡក្នុងស្រុកមោងឫស្សី ចំណុះឲ្យកងពលតូចលេខ៣៨ ដើម្បីគេចពីចាប់ចងរបស់ទាហាន។ ប្រធានកងពលតូចលេខ៣៨ ឈ្មោះ ឈីវ ហេង។ នៅខណៈពេលនោះចៅហ្វាយខេត្តបាត់ដំបងមានឈ្មោះ យ៉ែម មុនីរ័ត្ន។ បន្ទាប់មក សេក សំអ៊ាត បានឡើងជាចៅហ្វាយខេត្តបាត់ដំបងជំនួស យ៉ែម មុនីរ័ត្ន វិញ។
នៅមុនពេលខ្មែរក្រហមចូលដល់ក្រុងបាត់ដំបងមានតែ សេក សំអ៊ាត និងកងការពារដែលបានភៀសខ្លួនទៅតាមផ្លូវទៅខាងប៉ៃលិន។ ចំណែកនាយទាហាននៃរបបសាធារណរដ្ឋខែ្មរប្រចាំនៅខេត្តបាត់ដំបងផ្សេងៗទៀតដូចជា ឡេង រ៉ាអ៊ុល, វ៉ន ត្វាង និងនាយទាហានផ្សេងទៀតស្ថិតនៅក្នុងក្រុងបាត់ដំបងទាំងអស់។ នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ក្រុងបាត់ដំបង និងបានឃោសនាឲ្យនាយទាហាន នាយទាហានរង និងពលទាហាននៃរបបសាធារណរដ្ឋខ្មែរទាំងអស់ឲ្យដាក់អាវុធចុះ និងប្រមូលកាំភ្លើងដាក់នៅសាលាខេត្តបាត់ដំបងក្បែរស្ពានថ្ម។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥ មេខ្មែរក្រហមម្នាក់ឈ្មោះ ខែក ប៉ែន បានជិះឡានហ្សីបអាដឺមកដល់ ប្រជុំជាមួយទាហាននៃរបបសាធារណរដ្ឋខ្មែរ និងបាននិយាយឃោសនាថាសង្រ្គាមបានបញ្ចប់ហើយយើងរួមគ្នា កសាងប្រទេសជាតិឡើងវិញ។ ខែក ប៉ែន បានធានាថា សូមបងប្អូនកុំភ័យ គ្មានកងទ័ពខ្មែរក្រហមណាហ៊ានប៉ះពាល់បងប្អូនឡើយ។ ពេលលនោះ ខ្ញុំសួរឪពុកមាខ្ញុំ ឈ្មោះ រ៉ាល់ ដែលជាកម្មាភិបាលខ្មែរក្រហមអំពីអ្វីដែល ខែក ប៉ែន និយាយពិតអត់? ឪពុកមាខ្ញុំប្រាប់ថាប្រយ័ត្នចាញ់បោក ខ្មែរក្រហម។
បន្ទាប់មកទាហាននៃរបបសាធារណរដ្ឋខ្មែរត្រូវខ្មែរក្រហមប្រមូលដាក់នៅប៉ាស៊ីនទឹក ជិតវត្តដំរីស។ ចំណែកកាំភ្លើងត្រូវប្រមូលដាក់សាលាខេត្តបាត់ដំបង ហើយខ្មែរក្រហមបានបំបែកនាយទាហាន នាយទាហានរង និងពលទាហាននៃរបបសាធារណរដ្ឋខ្មែរឲ្យស្នាក់នៅដោយឡែកពីគ្នា។ នាយទាហានចាប់ពីអាសីដង់សែបឡើងទៅត្រូវខ្មែរក្រហមយកទៅដាក់នៅសាលានារីសោហ៊ឺ។ ចាប់ពីនាយទោទៅដល់អាសឺដងសែបដាក់នៅមជ្ឈិមសាលា នៅជាប់ខាងជើងចុងស្ពានថ្មចាស់។ ចំណែកពលទោស្នាក់នៅសាលាមុនីវង្សដដែល។ កងទ័ពខ្មែរក្រហមបានយាមកាម និងប្រាប់ទាហានទាំងអស់ថាកុំភ័យគ្មានពីណាធ្វើអីទេ។
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៧៥ នាយទាហាននៃរបបសាធារណខ្មែរទាំងអស់ដូចជា ឡេង រ៉ាអ៊ុល វ៉ន ត្វាន និងអ្នកផ្សេងទៀតត្រូវបានខ្មែរក្រហមដឹកមកសាលាខេត្តបាត់ដំបង។ បន្ទាប់មកខ្មែរក្រហមបានប្រមូលយកកាំបិត អាវុធដែលនៅសេសសល់ពីនាយទាហានទាំងអស់ដោយបាននិយាយថាចប់សង្រ្គាមហើយទុកធ្វើអី។ សូម្បីតែអាគមគ្រូ ដូចជាកន្សែងយន្តអីត្រូវចោលឲ្យអស់កុំជឿទៀត គ្មានច្បាំងអីទៀតទេ ចោលឲ្យអស់ទៅ។ បន្ទាប់មកខ្មែរក្រហមបានរៀបចំពិធីជប់លៀង មានបាយម្ហូប ស្រាបៀរ ស្រាហ៊ិននេស៊ី រួចដាក់រថយន្តក្រោមដើមឈើតម្រៀបបែរក្បាលទៅទិសខាងកើត ហើយប្រាប់នាយទាហានទាំងអស់ថាត្រូវឡើងរថយន្តទៅទទួលសម្តេចឪនៅភ្នំពេញ ហើយហាមរថយន្តវ៉ាគ្នា គឺត្រូវធ្វើដំណើរតាមជួរ។ ពេលនោះខ្ញុំនៅមជ្ឈិមសាលា ខ្ញុំអាចដើរចេញចូលមើលបាន ទើបខ្ញុំបានដឹងថានាយទាហានបានឡើងជិះរថយន្តទៅទទួលសម្តេចឪនៅភ្នំពេញ។
ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមនិយាយថា អង្គការមានផែនការឲ្យជម្លៀសប្រជាជន និងពួកខ្ញុំដែលជានាយទោទៅដល់អាសឺដងសែបចេញពីក្រុងបាត់ដំបងរយៈពេល៣ថ្ងៃ។ ខ្មែរក្រហមប្រាប់ថាអាមេរិ កាំងនឹងមកទម្លាក់គ្រាប់បែក ពីព្រោះនៅសៀមរាបអាមេរិកបានមកទម្លាក់គ្រាប់បែករួចហើយ។ ពេលនោះខ្មែរក្រហមបំបែកប្រជាជនជាពីផ្នែក គឺមួយផ្នែកដើរទៅតាមមាត់ស្ទឹងទៅបាត់ដំបងប៉ែកខាងត្បូង។ ចំណែកពួកខ្ញុំចេញតាមផ្លូវលេខ៥ ដោយមានកងទ័ពខ្មែរក្រហមដើរអមយើងទៅ។ ពេលទៅដល់អូរតាកែបានបែករឿងខ្មែរក្រហមសម្លាប់នាយទាហាន លន់ នល់ ដោយក្មួយលោកមេបញ្ជាការទាហាន លន់ នល់ ម្នាក់បានជិះម៉ូតូចុះឡើងៗ ដោះអាវទាហានចេញពាក់ខោអាខ្មៅជូនខ្មែរក្រហមទៅឃើញឡាន ឃើញសព បានប្រាប់ថានាយទាហានដែលទៅទទួលសម្តេចឪ ត្រូវកងទ័ពខ្មែរក្រហមសម្លាប់អស់ហើយ។ ខ្មែរក្រហមសម្លាប់នាយទាហានទាំងនោះនៅផ្លូវទៅភ្នំធិបតី គឺហួសពីទីរួមស្រុកមោងឫស្សីទៅបន្តិច។ ទាហានទាំងអស់ត្រូវបានស្នើរឲ្យចុះដើរ ដើម្បីទៅស្ថានីយរថភ្លើងជិះទៅទីក្រុងភ្នំពេញបន្តទៀត ពីព្រោះអាមេរិកកាំងនឹងមកទម្លាក់គ្រាប់បែក។ ចំណែកទាហានសក្កិ២ម្នាក់ទៀតឈ្មោះ អ៊ុក សឿន ត្រូវកងទ័ពខ្មែរក្រហមបាញ់ត្រូវរបួសត្រង់ពោះពេលទៅទទួលសម្តេចនោះបានរត់រួចខ្លួន និងបានជាប់ឃុំឃាំងអូរពងមាន់ ក៏បាននិយាយប្រាប់ទាហានដទៃទៀតពីព្រឹត្តិការណ៍បាញ់សម្លាប់នេះដែរ។
ខ្ញុំ និងមិត្តភក្តិ បានសម្រាក់នៅអូរតាកែរហូតដល់អាធ្រាតម៉ោង១២ ខ្មែរក្រហមផ្លុំកញ្ចែហៅឡើងឡានបើកមកកើតខាងបាត់ដំបងវិញ។ ពេលធ្វើដំណើរមកដល់ក្បាលខ្មោច ឃុំជ្រៃ ឡានបានបត់ចូលកាត់តាមផ្ទះខ្ញុំ ខ្ញុំបានគ្រវែងកាត់(ប័ណសំគាល់របស់ខ្ញុំ)ចូលក្នុងផ្ទះខ្ញុំ ប៉ុន្តែកាត់នោះបានចូលផ្ទះអ្នកជិតខាង។ បន្ទាប់មកឡានបានមកដល់វត្តបានបត់ទៅត្បូង គឺទៅតាមផ្លូវជាតិលេខ១០ និងបានចតនៅក្នុងវត្តភ្នំសំពៅ។ លុះព្រលឹមឡើងខ្មែរក្រហមហៅប្រជុំជួរ មេឃុំភ្នំសំពៅឈ្មោះ រ៉ាក់ បាននិយាយថា មិត្តៗទាំងអស់គ្នាឃើញទេ អង្គការយើងអាណិតបងប្អូនបានយកអង្ក អំបិលច្រើនការ៉ុងមកឲ្យ។ រ៉ាក់ បានប្រាប់ឲ្យយកអំបិលអង្ករដាក់ក្នុងសាក់ការដូរទៅទៅអង្គការ។ ពេលនោះទាហានបានជ្រួលច្របល់ចេញមកក្រៅទាហានចាប់ផ្តើមរត់គេចអស់ប្រហែលពាក់កណ្តាល។ បន្ទាប់មកគណៈតំបន់៣ របស់ខ្មែរក្រហមបើកឡានមកនិយាយថា អស់លោកជាឈ្លើយសឹក ត្រូវស្តាប់តាមអង្គការចាត់តាំង។ ប្រពន្ធទាហានទាំងអស់ត្រូវខ្មែរក្រហមដាក់នៅក្នុងវត្តកណ្តាល និងវត្តសង្កែ។ បន្ទាប់មកខ្មែរក្រហមបានយកឡានចំនួន៤គ្រឿងដឹកទាហានចេញពីភ្នំសំពៅទៅលិចតាមផ្លូវជាតិ១០ រហូតដល់ផ្លូវបំបែកក្រពើទៅតាគ្រាម កំពីងពួយ ពេលយប់ទៅដល់អូរតាញា តាង៉ែន ស្វាយស ដែលជាតំបន់ខ្មែរក្រហម។ ពេលនោះខ្មែរក្រហមបានគំរាមថា ដេកនៅហ្នឹងកុំរត់ទៅណាប្រយ័ត្នមីន។ ខ្ញុំបានប្រាប់ទៅទាហានផ្សេងៗទៀតថា បើចង់រត់បានតំបន់នេះអត់មីនទេ។
ពេលនោះមិត្តភក្កិនឹកប្រពន្ធចង់ទៅជួបប្រពន្ធ ខ្ញុំនាំមិត្តភក្កិខ្ញុំរត់ទៅតែ២នាក់រត់តាំងយប់ចេញផុតព្រៃមកដល់ដងរ៉ុន នៅពេលភ្លឺ ពេលឃើញរទេះក៏ហៅសុំគេជិះ ប៉ុន្តែប្រជាជននាំគ្នាបរទេះរត់គេចពីព្រោះឃើញពួកខ្ញុំស្លៀកពាក់ឯកសណ្ឋានទាហាន ខ្ញុំចូលបឹងតាដោកដោះអាវទាហាន ដោះស្បែកជើងទាហានចេញ ខ្ញុំស្លៀកក្រមា មិត្តខ្ញុំស្លៀកសារ៉ុង។ បន្ទាប់មកពួកខ្ញុំដើរចេញមកជួបកូនឪពុកមាខាងប្រពន្ធខ្ញុំក៏សួរនាំគ្នា។ កូននោះបានប្រាប់ថា ចាំខ្ញុំប្រាប់ពុក ប្រាប់ម៉ែ និងយកបាយមកឲ្យ ក្រោយមកកាន់ឆ្នាំងបបរមកឲ្យ។ ពួកខ្ញុំហូបបបររួច ខ្ញុំប្រាប់ឲ្យមិត្តភក្កិចេញទៅរកប្រពន្ធរបស់ខ្លួន។ ពេលនោះឪពុកមាឈ្មោះ ពក បានមកសួររកមិត្តភក្កិខ្ញុំ ខ្ញុំថាឲ្យទៅរកប្រពន្ធកូនហើយ។ ខ្ញុំមកផ្ទះជាមួយឪពុកមាខ្ញុំហូបបាយផ្ទះគាត់រួច ខ្ញុំទៅដេកផ្ទះប្រពន្ធខ្ញុំ ប៉ុន្តែឪពុកមាប្រាប់ថាកុំឲ្យខ្ញុំចេញទៅណា។ បន្ទាប់មកខ្មែរក្រហមហៅខ្ញុំឲ្យត្រឡប់មកដេកផ្ទះឪពុកមា ពក វិញ ។ ពេលនោះខ្ញុំឃើញខ្មែរក្រហមមកប្រជុំ និយាយស្អីៗមិនឲ្យខ្ញុំដឹងទេ។ បន្ទាប់មកមានខ្មែរក្រហមម្នាក់ឈ្មោះ មាង៉ាម បានយកស្វាយខ្ទះមកឲ្យខ្ញុំដោយមានកាំបិតស្លាមួយផង។ បន្ទាប់មកតាភាង និងយោធាម្នាក់មានកាំភ្លើងការ៉ាប៊ិនមួយដើមបានជិះម៉ូតូមក ខ្ញុំហៅពួកគាត់ហូបស្វាយ ប៉ុន្តែតាភាង និងយោធាបានដើរចុះ ដើរឡើង។ បន្ទាប់មកឪពុកមា ពក បានមកប្រាប់ថា តាភាង និងយោធានោះឲ្យខ្ញុំជួប តាឆាំ គណៈតំបន់៣ នៅវត្តរការ។ ខ្ញុំបានចូលទៅជួបម៉ែ និងប្រពន្ធខ្ញុំ ក៏លាពួកគាត់។ ពេលទៅដល់ឃើញកងទ័ពខ្មែរក្រហមឈរពីរជួរ ហើយខ្មែរក្រហមឲ្យខ្ញុំឡើងឡានមានយោធាខ្មែរក្រហម២នាក់ចាំទៅភ្នំសំពៅ។ ពេលខ្ញុំដល់ភ្នំសំពៅយោធាខ្មែរក្រហម៣នាក់ទៀតឡើងឡានធ្វើដំណើរទៅជាមួយ ពេលទៅដល់តាគ្រាមចុះអស់៤នាក់។ ឡានបានបន្តដំណើរទៅទៅដល់វត្តតាង៉ែន ខ្មែរក្រហមប្រើឲ្យខ្ញុំឡើងបេះដូង ខ្ញុំបដិសេធថាមិនចេះឡើងដូងទេ ខ្មែរក្រហមបានឲ្យតៃកុងឡានឡើងបេះជំនួសខ្ញុំ យោធាខ្មែរក្រហមបានកាប់ដូងហើយហុចឲ្យខ្ញុំមួយបន្ទាប់មកខ្ញុំសួរយោធានោះថា មិត្តឲ្យខ្ញុំទៅណា? ខ្មែរក្រហមឆ្លើយថាឲ្យទៅនៅជាមួយទាហានលន់ នល់ វិញ។ ខ្ញុំប្រាប់យោធាខ្មែរក្រហមថាខ្ញុំគ្មានខោអាវស្លៀកពាក់ទេសុំទៅផ្ទះឪពុកធម៌សុំខោអាវមួយ សម្រាប់ស្លៀកពាក់ ឪពុកធម៌ខ្ញុំក៏ឲ្យកាំបិតផ្គាក់មួយថែមទៀត ចេញមកដល់ផ្ទះឪពុកមាខ្ញុំនៅខាងលិចអាងកំពីងពួយក៏សុំបានពូថៅមួយទៀត ក៏ដើរកាត់ទៅតាគ្រាមវិញ តាមផ្លូវយាយគាត់លីចបមួយក៏សួរគាត់ថាយាយចបនេះលក់អត់? យាយនោះថាលក់ ខ្ញុំក៏យកលុយ៥០០ឲ្យគាត់ដូរយកចបមកវិញ។ ពេលមកដល់កន្លែងវិញបាន២ថ្ងៃ ខ្មែរក្រហមបានឲ្យខ្ញុំដើរពីវាលឆ្កែលិតទៅបើកអង្ករនៅភ្នំសំពៅ ។ ខ្ញុំមានចបក៏ដើររកដំឡូងជ្រៅជីកយកមកស្ងោជាមួយអំបិល។ ក្រុមខ្ញុំមានគ្នា៧នាក់។ ក្រោយមកឲ្យធ្វើស្រែនៅវាលឆ្កែលិត អូសនង្គ័លខ្លួនឯង គ្មានគោទេ ធ្វើការងារពលកម្មយ៉ាប់ខ្លាំងណាស់។ ក្រោយមកខ្មែរក្រហមឲ្យគ្រាប់ស្រូវមួយកំប៉ុងធ្វើពូជ ហើយខ្ញុំបានសាបស្រូវដុះមកល្អជាមួយខ្ទេចផេះ។
ពេលប្រជុំនៅវត្តតាគ្រាម តាឆាំ បានហៅខ្ញុំ និងឪពុកមាខ្ញុំម្នាក់ទៀតឈ្មោះ ឃិត ដោយនិយាយថាពួកខ្ញុំប្រែធាតុបានល្អ អង្គការឲ្យមករស់នៅជាមួយប្រពន្ធកូនវិញ នៅវាលបឹងឈូក ឪពុកមាប្រពន្ធខ្ញុំឈ្មោះ ពក បានធ្វើប្រធានភូមិបឹងឈូក។ បន្ទាប់មកខ្ញុំត្រូវបានខ្មែរក្រហមផ្លាស់មករស់នៅសហករណ៍ព្រៃទទឹង។ ចំណែកកូនប្រុសមួយ កូនស្រីមួយ និងប្រពន្ធខ្ញុំទៅធ្វើការងារពលកម្មនៅការដ្ឋាន។ ពេលខ្មែរក្រហមចាត់តាំងឲ្យខ្ញុំឃ្វាលក្របី ខ្ញុំតែងតែច្រៀងដឺដង លឺដល់ឪពុកមា ពក បានហៅខ្ញុំមកប្រមាណ ហើយដកខ្ញុំមកភ្ជួររាស់វិញ។ បន្ទាប់មកឪពុកមា ពក សួរខ្ញុំរកសំបុត្របោះត្រារបស់គណៈភូមិភាគពាយ័ព្យពេលខ្ញុំចូលចលនាខ្មែរក្រហម និងដើរឃោសនាប្រជាជនដំបូង។ បន្ទាប់មក តាភាង ខ្លាចខ្ញុំ ដោយសារខ្ញុំមានសំបុត្រនេះ។ តាភាង បាននិយាយលេងផ្លែផ្កាខ្ញុំថា ប្រយ័ត្នមាត់ កង់ប្រវត្តិសាស្ត្រវិលលូកដៃដាច់ដៃលូកជើងដាច់ជើង ។ បន្ទាប់មកខ្ញុំផ្លាសចេញពីកន្លែងដាំដំឡូងមកវាស់ដីជាមួយ ឆាយ សារ៉េត, តាយំ, ខ្ញុំ, ឈឺន, ជួប យាន និងម្នាក់ទៀតនៅព្រៃទទឹង។ ក្រុមខ្ញុំវាស់ដីនៅឃុំជ្រៃ ធ្វើភ្លឺស្រែ ធ្វើប្រឡាយ ធ្វើអាងទំនប់ ប្រឡាយមកកើត ចេញពីស្វាយស មកកាត់មកវត្តរ៉ូងមកព្រៃផ្តៅ។ ក្រោយមកក្រុមខ្ញុំឲ្យធ្វើប្រឡាយពីខ្នងពីកំពីងពួយមកចាប់ដៃជាមួយអ្នកភ្នំពេញជីកប្រឡាយមកជួបគ្នា។ បើវេចមិនជួបគ្នាត្រូវទទួលខុសត្រូវខ្លួនឯង។
ពេលកម្មាភិបាលមកពីភូមិភាគនិរតីចូលមក ភាង ធ្លាក់មកជាប្រជាជនមករស់នៅច្រាបក្រសាំង។ តាឆាំ ត្រូវនិរតីដេញចាប់។ ឈឺន និង ឆាយ សារ៉េត មករស់នៅក្នុងភូមិ។ ចំណែកខ្ញុំទៅអន្លង់រុនកាប់ព្រៃដុស។ តាសារឿន មកពីភូមិភាគនិរតីឡើងជាមេឃុំជ្រៃ។
អត្ថបទដោយ ឡុង ដានី
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា ឡុង ដានី បានសម្ភាសន័ជាមួយ សុះ ឈូក រស់នៅភូមិព្រៃដាច់ សង្កាត់ឪម៉ាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥។