លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា ទទួលបានសំបុត្រពីរលើកពី សោ ភឹម មុនឡើងទៅជួបមជ្ឈិមនៅភ្នំពេញ

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៧៨ ខ្ញុំទទួលបានសំបុត្រមួយច្បាប់ពី តាភឹម តាមរយៈឈ្មោះ ទុយ យកមកឱ្យខ្ញុំ។ ន័យក្នុងសំបុត្រសរសេរថា«ប្រតិបត្តិការកើតឡើងនេះ គឺខាងក្នុងធ្វើរដ្ឋប្រហារផ្ទៃក្នុង ហើយស្នើឱ្យគ្រប់ស្រុកប្រមូលកម្លាំងយោធាទាំងឈ្លបស្រុក ឈ្លបឃុំដែលមានប៉ុន្មាននៅខាងក្រោយ ត្រៀមទប់ទល់ការពារបក្សយើងឱ្យបាន។» ក្នុងសំបុត្រឱ្យខ្ញុំយកកម្លាំងទៅរៀបចំខ្សែត្រៀមនៅត្រង់ព្រំប្រទល់ ស្រុកមេសាង និងតំបន់២៣ ការពារច្រកមកពីស្វាយរៀង។ បើឃើញទ័ពជិះឡាន ឬរថក្រោះរបស់អង្គការមកត្រូវបាញ់។ នៅក្នុងថ្ងៃទី២៩នេះ ខ្ញុំបានប្រមូលកម្លាំងកងទ័ពនារីចំនួន២០០នាក់ និងប្រមូលកម្លាំងឈ្លបគ្រប់ឃុំបានចំនួន៨០នាក់ មករៀបចំខ្សែត្រៀមនៅព្រំប្រទល់តំបន់២៣ ច្រកមកពីស្វាយរៀង ចាប់ពីភូមិសូរ ដល់ភូមិស្រះអឹម ចម្ងាយ២គីឡូម៉ែត្រ រង់ចាំការពារកម្លាំងបដិវត្តន៍មកពីច្រកស្វាយរៀង។ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៧៨ ដដែល ខ្ញុំទទួលបានសំបុត្រពី តាភឹម មួយទៀតតាមរយៈឈ្មោះ ទុយ សរសេរថា«កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវផ្អាកបាញ់គ្នា បើគេបាញ់យើង ចាំយើងបាញ់គេ។ ប៉ុន្តែកុំឱ្យគេដកកាំភ្លើងបានហើយកុំឱ្យគេចាប់បានឱ្យសោះ។ ចាំខ្ញុំទៅភ្នំពេញដោះស្រាយរឿងនេះ»[1]។ នៅខែឧសភា ឬមិថុនា ឆ្នាំ១៩៧៨ សោ ភឹម បានជួបសមមិត្ត រិន ដែលជាប្រធានកងពលទី៤ របស់ភូមិភាគបូព៌ា ដោយចៃដន្យក្នុងពេលដែលគាត់កំពុងព្យាបាលជំងឺនៅមន្ទីរសេនាធិការក្រុងព្រៃវែង។ សោ ភឹម បាននិយាយជាមួយ រិន ថា«ខ្ញុំត្រូវធ្វើដំណើរទៅទីក្រុងភ្នំពេញដើម្បីដោះស្រាយបញ្ហាមួយចំនួនជាមួយមជ្ឈិម។ បើក្នុងរយៈពេល១សប្ដាហ៍បាត់ដំណឹងខ្ញុំមិនឃើញត្រឡប់មកវិញ គឺខ្ញុំស្លាប់ហើយ រិន ឯងចូលព្រៃតស៊ូ»។ ក្រោយមក សោ ភឹម[2]លេខាភូមភាគបូព៌ា ធ្វើអត្តឃាតជាមួយកងការពាររបស់ខ្លួនបន្ទាប់ពីអស់លទ្ធភាពគេចខ្លួនពីកងទ័ពមជ្ឈិម[3]។
ចំណែក បងទុយ ក៏បានណែនាំខ្ញុំក៏យកសារាចរនេះមកទាក់ទងជាមួយយោធាតំបន់២៤ រួមទាំងយោធាកងពល៧០៣ ដែលសហការគ្នាវាយពួកខ្ញុំនៅព្រៃវែង ឱ្យឈប់បាញ់សិនចាំខាងលើអ្នកដោះស្រាយ។ ពេលនោះខ្ញុំបានយកសារាចរមកដល់ស្រុកបាភ្នំផ្ញើសំបុត្រនោះទៅឱ្យ បងចាន់ ហើយសន្តិសុខស្រុកបាភ្នំឃាត់ខ្ញុំនៅកន្លែងនោះ។ ដើម្បីបិតបាំងរឿងនេះ ខ្ញុំបានសារភាពថា ខ្ញុំមិនដឹងខាងណាខុសខាងណាត្រូវទេ។ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៧៨ បងចាន់ ឱ្យសេចក្ដីប្រកាសសារាចរថា «មានខ្មាំងធ្វើរដ្ឋប្រហារនៅភូមិភាគបូព៌ាក្នុងខែនេះ ឱ្យខ្ញុំត្រឡប់ទៅស្រុកវិញប្រមូលកងទ័ពដកអាវុធឱ្យអស់។ ពេលនោះខ្ញុំក៏សម្របខ្លួនចុះទៅធ្វើតាមការណែនាំរបស់ បងចាន់។ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៧៨ ស្រាប់តែមានកងទ័ពកងពល២៨០ ចូលមកចាប់សន្តិសុខស្រុកមេសាងកម្ទេចចោល ហើយដោះលែងអ្នកទោសធ្វើបាតុកម្មពេញទាំងស្រុកចាប់ប្រធានសហករណ៍ភូមិ ឃុំ និងអនុលេខាស្រុកកម្ទេសចោលអស់។ មកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៧៨ ដដែលឃើញសភាពការណ៍ដូចនេះ ខ្ញុំក៏រត់មកនៅស្រុកបាភ្នំជាមួយ ឈ្មោះទុយ, ជា, ពេជ, ធី និង វ៉ន ពួកគាត់គឺជាសមាជិកស្រុកមេសាង។ បងចាន់ ឱ្យខ្ញុំមកនៅមន្ទីរស្រុកបាភ្នំ មិនឱ្យដើរទៅឯណាទេរហូតដល់ថ្ងៃទី១ ខែកក្កដា ខ្ញុំត្រូវអង្គការចាប់ខ្លួន។ ខាងក្រោមនេះគឺជាប្រវត្តិរបស់ខ្ញុំចូលបដិវត្តន៍៖
ខ្ញុំឈ្មោះ ដួង ត្រេង ហៅ ហ៊ាន អាយុ៤០ឆ្នាំ(នៅក្នុងឆ្នាំ១៩៧៨) មានស្រុកកំណើត នៅភូមិអំពិលទោល ឃុំព្រៃទទឹង ស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា។ ខ្ញុំមានប្រពន្ធឈ្មោះ ទេស បួ ហើយមានប្រពន្ធចុងឈ្មោះ ចាន់ ម៉ុត។ នៅឆ្នាំ១៩៥០ ខ្ញុំចូលជាខ្មែរឥស្សរៈជាមួយយួន ហើយខ្ញុំមានភារកិច្ចជានីរសាររបស់ឈ្មោះ ឃុត ឃុន កាលនោះគឺជានាយកស្រុកមេសាង(ឆ្នាំ១៩៧៨ អនុលេខា ស្រុកបាភ្នំ)។ ដើមឆ្នាំ១៩៥៤ ខ្ញុំធ្វើជានីរសាររបស់អាចារ្យ ជៀវ គឺជាមេទ័ពខ្មែរឥស្សរៈតំបន់រមាសហែក។ នៅឆ្នាំ១៩៥៤ដល់ឆ្នាំ១៩៦០ ខ្ញុំរកស៊ីនៅផ្ទះជាមួយគ្រួសារ។ នៅឆ្នាំ១៩៦០ ខ្ញុំបានភ្ជាប់ចលនានេះឡើងវិញតាមរយៈឈ្មោះ ចាប សារុន[4] ហៅ ចិក ហៅ ចង្កូម កាលនោះគាត់គឺជាប្រធានសិល្បៈរបស់កង តាភឹម ដែលមានឈ្មោះ កងទ័ពសម្ភារឃោសនា។ ក្រោយមកជាលេខាស្រុកព្រៃវែងឈ្មោះ មោក ហ៊ួន កាលនោះប្រធានស្រុកមេសាង។ នៅឆ្នាំ១៩៦៦ ខ្ញុំចូលបក្សពលករវៀតណាម មានឈ្មោះ មោក ហ៊ួន និង ឈ្មោះ ចង្កូម ជាអ្នកឧទ្ទេសនាម។ ចំណែក តាភឹម គឺជាលេខាភូមិភាគបូព៌ា ជាអ្នកទទួលស្គាល់។ នៅកន្លែងរៀបចំកម្មវិធីពេលចូលមានគោរពរូបហូជីមីញ និងទង់បក្សពលករ។
នៅឆ្នាំ១៩៧០ ក្រោយរដ្ឋប្រហារ តាភឹម ចុះមកចាត់តាំងឱ្យខ្ញុំទទួលអនុលេខាស្រុកមេសាង តំបន់២០និងឈ្មោះ ចិក ហៅ ចង្កូម គឺជាលេខាស្រុកមេសាង។ តាភឹម ឧទ្ទេសនាមខ្ញុំឱ្យទាក់ទងឈ្មោះ ស៊ុន លេខាតំបន់២០។ នៅឆ្នាំ១៩៧៣ ស៊ុន បានចាត់តាំងខ្ញុំជាលេខាស្រុកមេសាង និង ជ្រន ទទួលអនុលេខា ហើយចង្កូម ឱ្យកាន់លេខាស្រុកព្រៃវែងវិញ។ នៅឆ្នាំ១៩៧៣ និង ឆ្នាំ១៩៧៤ ខ្ញុំឃើញថាប្រជាជនអត់បាយច្រើន។
នៅឆ្នាំ១៩៧៥ ក្រោយពេលរំដោះបាន តាភឹម លេខាភូមិភាគបានហៅគណៈស្រុក គណៈតំបន់២០ ទាំងអស់ទៅប្រជុំនៅមន្ទីរភូមិភាគ គឺមានឈ្មោះ ស៊ុន មុនចាប់លេខាតំបន់២០ ខ្ញុំ, ចង្កូម, ឃាង លេខាស្រុកកំចាយមារតំបន់២០, សុង លេខាស្រុកកញ្ជ្រៀច តំបន់២០, ស៊ីម លេខាស្រុកពញាក្រែកតំបន់២០, ឈាន លេខាតំបន់២២, សូ លេខាតំបន់២៣ និង សួស នៅ ហៅ ឈូក ហៅ ម៉ែន[5] លេខាតំបន់២៤។ ចំណែកផ្នែកយោធា ឈ្មោះ កែវ សំណាង ហៅ ម៉ុន[6] គឺជាសេនាធិការយោធាភូមិភាគបូព៌ា ២០៣។ នៅពេលប្រជុំផែនការរៀបចំកម្លាំងយោធានៅតាមស្រុក និង តំបន់នីមួយៗឱ្យបានមួយកងពលដើម្បីត្រៀមកម្លាំងធ្វើរដ្ឋប្រហារដណ្ដើមរដ្ឋអំណាចពីបក្សកុម្មុយនីស្តកម្ពុជា។ ចំណែករូបភាពខាងក្រៅត្រូវធ្វើឱ្យមានទំនាស់រវាងវៀតណាម និងខ្មែរតាមព្រំដែន។ តែជម្រៅពេលដោះស្រាយទំនាស់នេះត្រូវទាក់ទងជាមួយវៀតណាម ឱ្យជាប់ដើម្បីសហការគ្នាវាយបដិវត្តន៍។ បញ្ហាសេដ្ឋកិច្ចត្រូវត្រៀមធ្វើជង្រុកស្រូវនៅតាមដងផ្លូវជាតិលេខ៧និងលេខ៦។ យើងប្រជុំអស់រយៈពេល១ថ្ងៃក៏បែកគ្នា។ នៅឆ្នាំ១៩៧៥ ខ្ញុំបានរៀបចំកម្លាំងយោធាបានមួយវរសេនាតូចនៅក្នុងស្រុករបស់ខ្ញុំគឺរៀបចំតាមច្បាប់។ តែពេលនោះខ្ញុំកសាងកម្មាភិបាលដឹកនាំបាន៣នាក់គឺមានឈ្មោះ កន បច្ចុប្បន្នលេខាវរសេនាតូចយោធាស្រុកមេសាង តំបន់២០។ ឆូយ អនុសេនាវរសេនាតូចយោធាស្រុកមេសាង តំបន់២០។ ប៉ុន សមាជិកវរសេនាតូចយោធាស្រុកមេសាង។ ចំណែកផ្នែកមូលដ្ឋានខ្ញុំបានណែនាំដល់ប្រធានសហករណ៍ ប្រធានស្រុក ដែលខ្ញុំកសាងបានពីមុនមានឈ្មោះ ជុន ប្រធានសហករណ៍ភូមិព្រៃស្គន់, ឈន់ លេខាឃុំច្រេស ស្រុកមេសាង, ទូច ប្រធានក្រុមនៅសហករណ៍ភូមិផ្អាវ, កូយ ប្រធានសហករណ៍ភូមិបឹង, យ៉ន អតីតចោរលួចគោ ក្រោយមកប្រធានកងចល័ត, យ៉េង ប្រជាជនភូមិអណ្ដូង ឃុំស្វាយជ្រំ, ឈ្មោះ ជូ និង ឈ្មោះ ហៀង ឱ្យធ្វើសកម្មភាពចលនាបំផុសទំនាស់ក្នុងសហករណ៍ចលនាលែងគោឱ្យស៊ីស្រូវ កាប់ជើងគោ បំផុសថាសមូលហភាពសម្លឆ្នាំងធំមិនឆ្ងាញ់ដូចឆ្នាំងឯកជន។
នៅឆ្នាំ១៩៧៦ ស៊ុន បានហៅខ្ញុំ, ចង្កូម, ឃាង, ស៊ីម និង ឈ្មោះ សុង មកប្រជុំនៅមន្ទីរតំបន់២០។ ស៊ុន បានលើកផែនការទទួលពី តាភឹម ផែនការយើងត្រូវធ្វើរដ្ឋប្រហារវាយបក្សកុម្មុយនីស្ដកម្ពុជានៅចុងឆ្នាំ១៩៧៦នេះ ដោយសហការកម្លាំងវៀតណាមចូលមកវាយពីខាងក្រៅ។ ដូច្នេះ យើងត្រូវរៀបចំកិនស្រូវអង្ករដើម្បីត្រៀមស្បៀងទទួលកម្លាំងកងទ័ពវៀតណាមចូលមកតាមផ្លូវលេខ៧ យកភូមិភាគបូព៌ា។ ក្រោយពីទទួលផែនការ ខ្ញុំរៀបចំកម្លាំងយោធានៅក្នុងស្រុក ហៅកម្មាភិបាលដែលកម្លាំងខ្ញុំអប់រំបានមកណែនាំជ្រួតជ្រាបផែនការ។ ខ្ញុំបានប្រមូលស្រូវនៅតាមសហករណ៍នីមួយៗមកកិនធ្វើអង្ករបានចំនួន១០០បាវដើម្បីត្រៀមផែនការ តែផែនការនេះមិនសម្រេច។ អង្ករនោះខ្ញុំបានផ្ដល់ឱ្យទៅខាងតំបន់ចំនួន៥០០បាវ បញ្ជូនឱ្យទៅយួនឈ្មោះ បាហាយ នៅបន្ទាយស្មាច់ផ្លូវលេខ២២។ ចុងឆ្នាំ១៩៧៦ ខ្ញុំបានហៅឈ្មោះ សា ផល់ និង ឆាន នៅផ្នែកពេទ្យមកណែនាំឱ្យធ្វើសកម្មភាពព្យាបាលអ្នកជំងឺធ្វើយ៉ាងណាកុំឱ្យព្យាបាលថ្នាំត្រូវអ្នកជំងឺ ឯថ្នាំបុរាណមិនឱ្យធ្វើច្រើនទេគឺត្រូវធ្វើយ៉ាងណាឱ្យប្រជាជនមានទំនាស់ជាមួយបដិវត្តន៍។
នៅឆ្នាំ១៩៧៧ ខ្ញុំកសាងកម្លាំងបានចំនួន៣នាក់មានឈ្មោះ សាំ សមាជិកសហករណ៍អង្គក្អោក ឃុំព្រៃទទឹង ស្រុកមេសាង តំបន់២០, ឈ្មោះ សុក ប្រជាជននៅសហករណ៍ព្រៃត្រុំ ឃុំព្រៃទទឹង ស្រុមេសាង តំបន់២០ និងឈ្មោះ អៀម ប្រជាជននៅសហករណ៍ភូមិព្រៃត្នោត ឃុំស្វាយជ្រុំ ស្រុកមេសាង តំបន់២០។ បងស៊ុន លេខាតំបន់២០ បានហៅខ្ញុំ, ឃាង, ស៊ីម លេខាស្រុកពញាក្រែក តំបន់២០, សុង, ញាំ ប្រធានសន្តិសុខតំបន់២០, ឈ្មោះ ទុយ អនុលេខាតំបន់២០, ភា លេខាស្រុក ព្រៃវែង តំបន់២០ មកប្រជុំនៅមន្ទីរស្រុកកំចាយមារ ដោយមានខ្លឹមសារថា៖ ផែនការធ្វើរដ្ឋប្រហារឆ្នាំ១៩៧៧ នេះចាប់ពីខែមេសា ដល់ចុងឆ្នាំ១៩៧៧ ដែលមានកម្លាំងកងទ័ពវៀតណាមជួយវាយខាងក្រៅតាមច្រកកំពង់អំពិលមកក្របៅ បុកសំដៅមកផ្លូវជាតិលេខ១៥។ ច្រកទី២ចូលតាមឃុំកក់ ឡើងមកផ្លូវជាតិលេខ៧។ ច្រកទី៣ចូលតាមមេមុត។ ខាងក្នុងត្រូវរៀបចំកម្លាំងយោធាឱ្យហើយស្រេច ដើម្បីសហការជាមួយកម្លាំងវៀតណាម ដណ្ដើមអំណាចបដិវត្តន៍។ តាមស្រុកនីមួយៗត្រូវប្រមូលស្រូវឱ្យបានចំនួន១០០០០ថាំង ដើម្បីត្រៀមទុកផែនការនោះ។ ផែនការកែនប្រជាជនធ្វើផ្លូវចាប់ពីព្រៃវែង ទៅកំពង់មានជ័យ ចូលទៅខេត្តតាយនិញ សម្រាប់ផ្លូវដឹកទំនិញនិងផ្លូវរថក្រោះចូលមក។ បងស៊ុន បានណែនាំឱ្យខិតខំកសាងកម្លាំងបន្តទៀតព្រោះកម្លាំងមុនត្រូវអង្គការចាប់អស់មួយចំនួនហើយ៕[7]
អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា
[1] ឯកសារលេខ D៤១៦៩៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ដួង ត្រេង ហៅ ហ៊ាន ៖ លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា»។
[2] ផេង ពង្សរ៉ាស៊ី និងផ្សេងទៀត,ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)៖ ជំពូកទី៦«ភូមិសាស្រ្តរដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ»,បោះពុម្ពលើកទី២,(ភ្នំពេញ៖មជ្ឈមណ្ឌលឯសារកម្ពុជា,២០២០),៣៣។
[3]ឡុង ដានី,«ប្រវត្តិ និងសកម្មភពក្បត់របស់ សោ ភឹម៖ លេខាភូមិភាគបូព៌ា»,ទស្សនាវដ្ដីស្វែងរកការពិត, ឆ្នាំទី១៥ លេខ១៨៦,ខែមិថុនា ២០១៥,ទំព័រ២៣។
[4] ឯកសារលេខ I០២៣៤៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, មានចំណងជើង«ប៊ូ ភឿន» ចូលបដិវត្តន៍តាមរយៈ ចាប រុន ហៅ តាចង្កូម។
[5] ឯកសារលេខ D១៦៦៤៤ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«សួស នៅ ហៅ ឈូក ហៅ ម៉ែន៖ លេខា តំបន់២៤»។ ឯកសារនេះមានចំនួន៥៧១ទំព័រ សរសេរដោយដៃលើកទី ៣០។
[6] ឯកសារលេខ D១៥១៩៥ តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«កែវ សំណាង ហៅ ម៉ុន»។ ឯកសារនេះសរសេរដោយដៃ មានចំនួន៣ទំព័រ។
[7] ឯកសារលេខ D៤១៦៩៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ដួង ត្រេង ហៅ ហ៊ាន ៖ លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា»។