លុច ជួប៖ ប្រធានក្រុមកងឈ្លប

នៅ ឆ្នាំ១៩៧៦ ជួប ត្រូវបាន តា រិទ្ធិ គណៈស្រុកបន្ទាយឆ្មារផ្លាស់ចេញពីកងចល័ត ឲ្យទៅធ្វើជាប្រធានក្រុមកងឈ្លបនៅភូមិតាចេក ដែលមានប្រជាជនមូលដ្ឋានប្រហែល៣០គ្រួសាររស់នៅទីនោះ។ ជួប បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖
លុច ជួប[1] ភេទប្រុស អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែ។ ជួប មានស្រុកកំណើតនៅភូមិតាភរ ឃុំតាភរ ស្រុកថ្មពួក ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជួប មានប្រពន្ធឈ្មោះ អ៊ុច ដាម អាយុ៧៣ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែ។ ជួប មានកូនចំនួន៤នាក់ (ប្រុស៣នាក់ ស្រី១នាក់)។ ជួប មានឪពុកឈ្មោះ លុច ជុំ(ស្លាប់ដោយសារជំងឺចាស់ជរា) និងម្ដាយឈ្មោះ មិន វ៉ាង (ស្លាប់ដោយសារជំងឺចាស់ជរា)។ ជួប មានបងប្អូនបង្កើតចំនួន៧នាក់(ប្រុស៥នាក់ ស្រី២នាក់)។ ជួប ជាកូនទី៥ នៅក្នុងគ្រួសារ។
កាលពីក្មេង ជួប បានរៀនត្រឹមថ្នាក់ទី៨ សាលារៀនស្ថិតនៅភូមិតាភរ ឃុំតាភរ ស្រុកថ្មពួក ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៦៩ ជួប បានសម្រេចចិត្តឈប់រៀនដោយសារតែគ្រួសារមានជីវភាពក្រីក្រនិងគ្មានប្រាក់រៀនបន្ត។ បន្ទាប់ពីឈប់រៀន ជួប និងក្រុមគ្រួសារបានផ្លាស់ចេញពីភូមិកំណើតទៅរស់នៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបាត់ដំបង ដើម្បីទៅធ្វើស្រែចម្ការនៅទីនោះ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ឧត្ដមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ។ នៅ អំឡុងពេលនោះ ជួប រស់នៅជាមួយក្រុមគ្រួសារមិនទាន់បែកគ្នាទៅណាទេ ហើយនៅក្នុងភូមិបន្ទាយឆ្មារ មិនទាន់មានហេតុការណ៍អ្វីកើតឡើងដែរ ប្រជាជនអាចប្រកបរបរធ្វើស្រែចម្ការបានធម្មតា។ លុះឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលមកគ្រប់គ្រងនៅក្នុងភូមិបន្ទាយឆ្មារ។ បន្ទាប់ពីគ្រប់គ្រងបានប្រហែលមួយខែ កងទ័ពខ្មែរក្រហមបានបង្កើតជាសហករណ៍នៅក្នុងភូមិដោយបែងចែកឲ្យមានកងកុមារ កងយុវជន និងកងមនុស្សចាស់។ ពេលនោះ ជួប និងប្រជាជននៅក្នុងភូមិចាប់ពីវ័យជំទង់ឡើងទៅប្រហែលរាប់រយនាក់ ត្រូវបានខ្មែរក្រហមប្រមូលឲ្យធ្វើការងារនៅក្នុងកងចល័ត ដែលស្ថិតនៅតាមក្បាលដំរី ថ្នល់ដាច់។ ចំណែកបងៗរបស់ ជួប ត្រូវបានខ្មែរក្រហមបំបែកចេញពីភូមិបន្ទាយឆ្មារ ដើម្បីឲ្យទៅបិទទំនប់នៅអាងត្រពាំងថ្ម និងទៅដាំកប្បាសនៅព្រៃចង្ហារ។ រីឯឪពុកម្ដាយរបស់ ជួប ត្រូវបានខ្មែរក្រហមបំបែកឲ្យទៅចាំចម្ការដំឡូង ដែលស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំគោកសំរោង ស្រុកថ្មពួក ខេត្តបាត់ដំបង។ ជួប បាននិយាយបន្តថា ពេលចូលធ្វើការងារនៅក្នុងកងចល័តដំបូង ប្រជាជនដែលខ្មែរក្រហមប្រមូលបាននៅក្នុងភូមិគឺត្រូវបានបែងចែកជាក្រុមតូចៗ ក្នុងមួយក្រុមមានចំនួនមនុស្ស១០នាក់ និងមានប្រធានក្រុមម្នាក់ ដើម្បីដឹកនាំកូនក្រុមឲ្យចុះធ្វើការងារ។ ការងារដែល ជួប ត្រូវធ្វើមានដូចជា ដកស្ទូង បិទភ្លឺស្រែ មើលថែទាំស្រូវ បិទទំនប់ និងជីកប្រឡាយ។ លុះដល់រដូវស្ទូងស្រែខ្មែរក្រហមបានបញ្ជាទៅកាន់ប្រធានកងធំ និងអនុរងក្រុមឲ្យដឹងនាំកូនក្រុម ដែលបានបែងចែកឲ្យចុះទៅស្ទូងស្រែក្នុងមួយថ្ងៃឲ្យបានមួយហិកតា។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ ជួប ត្រូវបាន តា យឹប (គណៈឃុំបន្ទាយឆ្មារ) ផ្លាស់ចេញពីកងចល័តឲ្យទៅធ្វើឈ្លបនៅតាជៃ ដែលស្ថិតក្នុងភូមិតាចេក។ ពេលចូលបម្រើការងារនៅក្នុងកងឈ្លប ជួប មានតួនាទីដើរយាម ក្នុងភូមិ, រត់សំបុត្រទៅឲ្យចៅហ្វាយស្រុក និងដើរស៊ើបអង្កេតខ្មាំងដែលស៊ីរូងផ្ទៃក្នុង ។ បន្ទាប់ពីធ្វើឈ្លបបានប្រហែលកន្លះឆ្នាំ តា យឹប ត្រូវបានថ្នាក់ដឹកលើចោទប្រកាន់ថាក្បត់ រួចចាប់យកទៅសម្លាប់ ហើយបានដំឡើង តា ស៊ាំ គណៈឃុំថ្មីឲ្យឡើងមកគ្រប់គ្រងជំនួស។ បន្ទាប់ពីឡើងជាគណៈឃុំថ្មី តា ស៊ាំ តែងតែប្រើ ជួប ឲ្យរត់សំបុត្រទៅកន្លែងគណៈស្រុកដែលគ្រប់គ្រងឈ្មោះ តា ឆាត។ មិនយូរប៉ុន្មាន តា ឆាត ត្រូវបានថ្នាក់លើផ្លាស់ចេញពីភូមិចេក ហើយបានដំឡើង តា រិទ្ធិ ឲ្យមកគ្រប់គ្រងជំនួសវិញម្ដង។ បន្ទាប់ពីឡើងជាគណៈស្រុកថ្មី តា រិទ្ធ តែងតែ ហៅប្រធានក្រុមទាំងអស់មកប្រជុំនិយាយអំពីការដាក់ផែនការរឿងបង្កបង្កើនផល និងប្រជុំនិយាយអំពីខ្មាំងស៊ីរូងផ្ទៃក្នុង។ នៅចុងឆ្នាំ១៩៧៥ ជួប បានរៀបការជាមួយនារីម្នាក់(មិនប្រាប់ឈ្មោះ)ដែលរស់នៅក្នុងភូមិជាមួយគ្នា។ បន្ទាប់ពីរៀបការបានរយៈពេលមួយឆ្នាំ ប្រពន្ធរបស់ ជួប បានសម្រាលកូនម្នាក់ ប៉ុន្តែដោយសារសុខភាពមានភាពទ្រុឌទ្រោមនិងទន់ខ្សោយ ទើបធ្វើឲ្យប្រពន្ធរបស់ ជួប បានស្លាប់បាត់បង់ជីវិតភ្លាមៗ។ ចំណែកកូនរបស់ ជួប ត្រូវបានគ្រូពេទ្យ ជួយសង្រ្គោះបាន។
នៅចុងឆ្នាំ១៩៧៦ ជួប ត្រូវបាន តា រិទ្ធិ ផ្លាស់ចេញពីភូមិចេក ឲ្យទៅរស់នៅភូមិបន្ទាយឆ្មារខាងជើងវិញ ហើយបានដំឡើងតួនាទីជាប្រធានក្រុមកងឈ្លប ដើម្បីដើរយាម ក្នុងភូមិ ដែលមានប្រជាជនមូលដ្ឋានប្រហែល៣០គ្រួសារកំពុងរស់នៅទីនោះ។ ពេលដែលចូលមកគ្រប់គ្រងក្នុងកងឈ្លប ជួប បានឃើញប្រជាជនដែលបានធ្វើខុសដូចជា ដើរលួចអីហូបឬបានធ្វើខុសសីលធម៌ ត្រូវបានឈ្លបចាប់ខ្លួនបញ្ជូនតាមរទេះសេះឬតាមឡានយកទៅដាក់គុកនៅសាលាកាលេស ដែលមានទីតាំងនៅស្រុកថ្មពួក។
នៅឆ្នាំ១៩៧៧ កងទ័ពនិរតីបានចូលមកគ្រប់គ្រងនៅក្នុងស្រុកថ្មពួក ពេលនោះនៅក្នុងស្រុកថ្មពួកចាប់ផ្ដើមផ្លាស់ប្ដូរអ្នកគ្រប់គ្រងសឹងតែទាំងស្រុង ព្រោះកងទ័ពនិរតីបានចាប់ខ្លួនអ្នកគ្រប់គ្រងពីមុន ដូចជាគណៈឃុំ និងគណៈស្រុក យកទៅសម្លាប់ចោលសឹងតែទាំងអស់។ សម្រាប់ខាងឈ្លបដែលគ្រប់គ្រងដោយ ជួប ក៏ត្រូវកងទ័ពនិរតីតាមចាប់ខ្លួនដែរ ប៉ុន្តែចាប់ខ្លួនមិនបាន ឈ្លបខ្លះបានរត់ភៀសខ្លួនចូលទៅប្រទេសថៃ។ ចំណែក ជួប បានឈបពីប្រធានក្រុមកងឈ្លប់មកធ្វើការងារនៅក្នុងកងចល័តដូចជាប្រជាជនធម្មតាវិញ។ បន្ទាប់ពីកែសម្រួលអ្នកគ្រប់គ្រងថ្មីកងទ័ពនិរតីបានរៀបចំប្រធានឃុំថ្មីឈ្មោះ ម៉ៃ និងប្រធានកងធំដែលក្ដាប់១០០គ្រួសារនៅស្រុកថ្មពួក ឈ្មោះ ម៉ាក់។ សម្រាប់អាហារហូបចុករបស់ប្រជាជននៅស្រុកថ្មពួក គឺហូបមិនសូវបានគ្រប់គ្រាន់ប៉ុន្មានទេ ព្រោះស្រូវដែលធ្វើបានត្រូវដឹកបញ្ជូនទៅខាងក្រៅ(មិនបានបញ្ជាក់ទីកន្លែង)។
នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិ សហការជាមួយកងទ័ពវៀតណាមបានប្រមូលកម្លាំងវាយចូលមកដល់ស្រុកថ្មពួក។ ពេលនោះ ជួប និងបងស្រីបានរត់ចេញពីស្រុកថ្មពួកទៅស្នាក់នៅបណ្ដោះអាសន្ននៅឃុំស្វាយចេក ហើយបានរត់បន្តចេញពីឃុំស្វាយចេក ទៅរស់នៅស្វាយ បានប្រហែលកន្លះឆ្នាំ ទើបត្រឡប់ចូលមករស់នៅឃុំស្វាយចេក វិញ។ ពេលចូលមករស់នៅឃុំស្វាយចេក បានប្រហែលមួយខែ ជួប ត្រូវបានប្រជាជនចាត់ឲ្យធ្វើជាប្រធានយុវជននៅក្នុងឃុំ។ បន្ទាប់មក ជួប បានដើរជ្រើសរើសយុវជនជាច្រើនឲ្យចូលបម្រើកងទ័ព ប៉ុន្តែយុវជនដែលបានជ្រើសរើសនៅវ័យក្មេងពេក។ បន្ទាប់ពីធ្វើប្រធានយុវជននៅក្នុងឃុំស្វាយចេក បានរយៈពេលមួយឆ្នាំ ជួប បានឈប់ពីការងារត្រឡប់មករស់នៅភូមិបន្ទាយឆ្មារវិញ។ ពេលមកដល់ភូមិបន្ទាយឆ្មារ ជួប បានចូលបម្រើការងារនៅក្នុងប្រាសាទបន្ទាយឆ្មារដោយមានតួនាទី ជាឆ្មាំ ដើរយាមល្បាតតាមប្រាសាទ និងជួសជុលប្រាសាទដែលបាក់បែក។ នៅឆ្នាំ១៩៨០ ជួប បានរៀបការជាមួយនារីម្នាក់ទៀតឈ្មោះ អ៊ុច ដាម ហើយបានចាប់គ្នាធ្វើស្រែបន្ថែម ដើម្បីចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ៕
អត្ថបទដោយ ចាន់ ណារិទ្ធ
[1] ឯកសារលេខ BMI0118 , បទសម្ភាសន៍ជាមួយ លុច ជួប នៅភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១០ សម្ភាសន៍ដោយ ឡុង ដានី , បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។