រិន នៅ៖ អតីតកងទ័ពជើងទឹកក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥ -១៩៧៩)

ខ្ញុំឈ្មោះ រិន នៅ[1] អាយុ៦៨ឆ្នាំ និងមានស្រុកកំណើតនៅភូមិពងទឹក ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំរស់នៅភូមិជើងភ្នំ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ខ្ញុំមានប្រពន្ធឈ្មោះ អ៊ឹម ខន អាយុ៦៩ឆ្នាំ និងមានកូន៣នាក់ (ស្រីទាំង៣នាក់)។ ខ្ញុំមានឪពុកឈ្មោះ រិន ហុន (ស្លាប់) និងមានម្តាយឈ្មោះ ញ៉ាន ចែម (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន៦នាក់ (ប្រុស៥នាក់)។
កាលពីក្មេងខ្ញុំរៀនថ្នាក់ទី១០ចាស់ នៅសាលាបឋមសិក្សាវត្តផ្ចឹកជ្រុំ ក្នុងឃុំសំរោងស្រុកត្រាំកក់។ ខ្ញុំបានឈប់រៀននៅក្នុងឆ្នាំ១៩៧០ បន្ទាប់ពីមានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ភ្លាមៗ ពីព្រោះលោកគ្រូ អ្នកគ្រូ បានរត់ត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនអស់។ បន្ទាប់ពីឈប់រៀន ខ្ញុំរស់នៅជាមួយឪពុកម្តាយប្រកបរបរធ្វើស្រែ និងឃ្វាលគោ។ នៅពេលនោះក្នុងភូមិខ្ញុំមានចលនាខ្មែរក្រហមបានចូលមកដល់ ហើយកម្មាភិបាលខ្មែរក្រហមបានចាប់ផ្តើមឲ្យប្រជាជនធ្វើស្រែជាក្រុមប្រវ៉ាស់ដៃ (ក្រុមគ្រួសារនីមួយៗក្នុងក្រុមប្រវ៉ាស់ដៃបានជួយធ្វើស្រែគ្នាទៅវិញទៅមក និងប្រមូលផលដាក់តាមផ្ទះរៀងៗខ្លួន)។ កម្មាភិបាលខ្មែរក្រហមក៏បានធ្វើការឃោសនាក្នុងចំណោមប្រជាជន និងយុវជនយុវនារីឲ្យជឿជាក់ និងចូលរួមក្នុងចលនាខ្មែរក្រហមឲ្យបានគ្រប់គ្រប់ៗគ្នា។
នៅឆ្នាំ១៩៧៣ ពេលខ្ញុំមានអាយុ១៦ឆ្នាំ ត្រូវបានប្រធានភូមិពងទឹកចាត់តាំងឲ្យចូលធ្វើកងឈ្លបខ្មែរក្រហមប្រចាំនៅឃុំសំរោង។ ខ្ញុំ និងកងឈ្លបដទៃទៀតមានភារកិច្ចដើរយាមការពារសន្តិសុខនៅក្នុងឃុំសំរោងរយៈពេលប្រហែលមួយខែ ទើបប្រធានកងឈ្លបឃុំសំរោងបញ្ជូនខ្ញុំទៅធ្វើកងទ័ពខ្មែរក្រហមប្រចាំនៅស្រុកត្រាំងកក់។ ប្រធាន និងអនុប្រធានកងទ័ពស្រុកត្រាំកក់មានឈ្មោះ តាហេង និង ហន។
នៅឆ្នាំ១៩៧៤ ខ្ញុំ និងកងទ័ពស្រុកត្រាំកក់ទាំងអស់ត្រូវបានខ្មែរក្រហមបញ្ជូនទៅចូលរួមក្នុងកងពលទី៣នៃភូមិភាគនិរតី។ ប្រធានកងពលទី៣ មានឈ្មោះ មាស មុត។ ខ្ញុំស្ថិតនៅក្នុងកងអនុសេនាធំលេខ៣៧ ចំណុះឲ្យកងវរសេនាតូចលេខ៤ និងកងវរសេនាធំលេខ២២ នៃកងពលទី៣។ ប្រធានកងអនុសេនាធំលេខ៣៧ មានឈ្មោះ សារុំ។ ចំណែកប្រធានកងវរសេនាតូចលេខ៤ មានឈ្មោះ ហន។ នៅពេលនោះកងទ័ពនៃកងពលទី៣ បានធ្វើប្រតិបត្តិការវាយទាហាននៃរបបសាធារណរដ្ឋខ្មែរតាមផ្លូវជាតិលេខ៤ នៅម្តុំត្រឡាប់កាប់កង់ ស្រែខ្លុង និងដោះកញ្ជរជាដើម។
នៅដើមឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាប់ផ្តើមដាក់ទិសដៅវាយសម្រុកចូលកាន់កាប់ទីក្រុងភ្នំពេញ។ ពេលនោះខ្ញុំត្រូវបានមេបញ្ជាការផ្លាស់ឲ្យចូលនៅក្នុងអង្គភាពកងពិសេសរបស់កងពលទី៣ និងបានវាយចូលទីក្រុងភ្នំពេញតាមទិសខាងជើងផ្លូវជាតិលេខ៤ តាមស្មាតពង និងម៉ុងចិន(ផ្នូរខ្មោចចិន) ស្ថិតនៅខាងជើងកំបូល។ នៅខណៈពេលកំពុងប្រយុទ្ធជាមួយទាហាន លន់ នល់ នៅម្តុំកំបូល ខ្ញុំបានត្រូវរបូសត្រង់ដងខ្លួន និងដៃ។ បន្ទាប់មកកងទ័ពខ្មែរក្រហមបានដឹកខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យនៅអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្រហែលរយៈពេលមួយខែ។
នៅពេលកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំបានទទួលបញ្ជាពីមេបញ្ជាការឲ្យឈរជើងនៅកំពង់សោមវិញ។ នៅគ្រាដំបូងអង្គភាពរបស់ខ្ញុំបានបោះទីតាំងនៅព្រលានយន្តហោះកងកេង ផែរាម និងផ្សារលើក្នុងក្រុងកំពង់សោម។ បន្ទាប់មកអង្គភាពកងពិសេសរបស់ខ្ញុំ និងកងវរសេនាតូចលេខ៣ និង៤ មានចំនួនប្រមាណ៥០នាក់បានទទួលបញ្ជា ឲ្យទៅឈរជើងប្រចាំនៅលើកោះតាង។ ពេលនោះខ្ញុំ និងកងទ័ពមួយចំនួនជិះនាវាចម្បាំង (PGF)ទៅកាន់កោះតាង។ ចំណែកកងទ័ពមួយចំនួនទៀតធ្វើដំណើរទៅកោះតាងដោយជិះកប៉ាល់ឈើ (BE)។ ពេលទៅដល់កោះតាងអង្គភាពរបស់ខ្ញុំត្រូវបានមេបញ្ជាការចាត់តាំងឲ្យទៅឈរជើងនៅប៉ែកខាងលិចនៃកោះតាងទល់មុខកោះព្រីង។ នៅក្នុងអង្គភាពកងពិសេសរបស់ខ្ញុំមានកាំភ្លើងធំ និងដៃមួយចំនួនដូចជា៖ បេ៤០ កាំភ្លើងធំ៦០ កាំភ្លើង M-៧៩ ដេកា៧៥ ដេកា៨២ អាកា និងកាំភ្លើងដៃផ្សេងៗទៀត។
នៅថ្ងៃមួយខ្ញុំមិនបានចាំកាលបរិច្ឆេទ្ធច្បាស់លាស់ គឺមានព្រឹត្តការណ៍កងទ័ពខ្មែរក្រហមចេញទៅចាប់កប៉ាលម៉ាយ៉ាហ្គេសរបស់សហរដ្ឋអាមេរិកដែលកំពុងធ្វើដំណើរតាមផ្លូវទឹកអន្តរជាតិយកមកទុកនៅកោះពូលូវ៉ៃ។ បន្ទាប់មកកងទ័ពខ្មែរក្រហមបានយកកប៉ាលនោះមកចតទុកនៅកោះតាង។ បើតាមខ្ញុំនៅចាំប្រហែលមួយថ្ងៃ ឬពីរថ្ងៃបន្ទាប់ពីកងទ័ពខ្មែរចាប់កប៉ាលម៉ាយ៉ាហ្គេសនោះ ទាហានសហរដ្ឋអាមេរិកកបានមកទម្លាប់គ្រាប់បែកនៅក្រុងកំពង់សោម រោងចក្រប្រេងកាត់ កំពង់ផែរាម កោះពូលូវ៉ៃ កោះតាង និងដាក់ទាហានថ្មើរជើងមកវាយកងទ័ពខ្មែរក្រហមនៅលើកោះតាង។ ខ្ញុំនៅចាំថា ពេលព្រឹកព្រលឹមឡើងឧទ្ធម្ភាគចក្រទាហានសហរដ្ឋអាមេរិកបានបន្ទាបខ្លួននៅលើឆ្នេរខ្សាច់ខាងកើត ដើម្បីឲ្យទាហានចុះមកតាមខ្សែមកលើដី។ នៅពេលបានឃើញដូច្នេះកងទ័ពខ្មែរក្រហមដែលយាមចាំការពារនៅតាមត្រង់សេលើកោះតាងបានបាញ់ស្រោចទៅលើឧទ្ធម្ភាគចក្រ និងទាហានសហរដ្ឋអាមេរិកទាំងនោះ។ នៅខណៈពេលនោះការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងទាហានសហរដ្ឋអាមេរិកបានប្រព្រឹត្តឡើងតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ទើបកងទ័ពខ្មែរក្រហមអស់គ្រាប់សម្រាប់បាញ់តតាំងទៀត ក៏បានរត់ឡើងលើភ្នំអស់តែម្តង។ នៅពេលល្ងាចកងទ័ពខ្មែរក្រហមបានរៀបចំកម្លាំងឡើងវិញ និងចុះមកក្រោម ប៉ុន្តែទាហានសហរដ្ឋអាមេរិកក៏បានដកចេញពីកោះតាងអស់ដែរ។ បន្ទាប់មកខ្ញុំបានឃើញឧទ្ធម្ភាគចក្រចំនួន៣គ្រឿងបានធ្លាក់នៅលើឆ្នេរកោះតាង និងក្នុងទឹកសមុទ្រ។ ខ្ញុំក៏បានឃើញសម្ភារៈសឹករបស់ទាហានសហរដ្ឋអាមេរិកមួយចំនួនបានទុកចោលនៅលើកោះតាងដែរ។
ខ្ញុំបានដឹងថាទាហានសហរដ្ឋអាមេរិកបានស្លាប់នៅលើកោះតាងច្រើន ប៉ុន្តែមិនបានដឹងចំនួនច្បាស់លាស់ ហើយក៏មិនដឹងថាសាកសពទាហានសហរដ្ឋអាមេរិកកប់នៅទីណាដែរ។ ពេលនោះខ្ញុំបានដឹងព័ត៌មានមួយចំនួនតាមរយៈកងទ័ពខ្មែរក្រហមក្នុងអង្គភាពជាមួយគ្នានិយាយថា សាកសពទាហានសហរដ្ឋអាមេរិកត្រូវបានកងទ័ពខ្មែរក្រហមកប់នៅតាមឆ្នេរខ្សាច់ខាងមុខលេណដ្ឋានក្បែរដើមស្ងាវ។ ចំណែកទាហានសហរដ្ឋអាមេរិកចំនួន៣នាក់ដែលនៅរស់បន្ទាប់ពីប្រយុទ្ធគ្នា ក៏ខ្ញុំមិនបានឃើញ និងដឹងព័ត៌មានច្បាស់លាស់ឡើយ។ អង្គភាពរបស់ខ្ញុំបានឈរនៅលើកោះតាងប្រហែល១ខែ ក៏ត្រូវទទួលបញ្ជា ឲ្យត្រឡប់មកដីគោក និងឈរជើងនៅកំពង់ផែរាមវិញ។
នៅក្នុងខែកក្កដា ឆ្នាំ១៩៧៥ កងពលទី៣ នៃភូមិភាគនិរតីត្រូវខ្មែរក្រហមប្តូរឈ្មោះមកជាកងពល១៦៤ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គសេនាធិការកងទ័ពបដិវត្តន៍កម្ពុជា។ សមាសភាពកងទ័ពនៃកងពល១៦៤ រួមមាន៖ កងទ័ពនៃកងពលទី៣របស់ភូមិភាគនីរតីទាំងមូល កងទ័មួយចំនួនមកតំបន់៣៧ភូមិភាគបស្ចិម និងកងទ័ពនៃកងវរសេនាធំតំបន់២២ភូមិភាគបូព៌ា។ សមាសភាពថ្នាក់ដឹកនាំកងពល១៦៤រួមមាន៖ មាស មុត ជាលេខាកងពល, ហង់ ឌឿន ហៅ ឌឹម ជាអនុលេខាកងពល និង ជ័យ ហាន ហៅ ឆាន ជាសមាជិកគណៈអចិន្ត្រៃកងពល។ នៅអំឡុងខែតុលាឆ្នាំ១៩៧៥ កងពល១៦៤ បានក្លាយជាកងទ័ពជើងទឹកនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ ១៩៧៩)[2]។ បន្ទាប់មកខ្ញុំត្រូវបានមេបញ្ជាការផ្លាស់ប្តូរពីកងពិសេសេរបស់កងពល១៦៤ មកជាកងពិសេសរបស់កងវរសេនាធំលេខ១៦២នៃកងពល១៦៤វិញ។ ខ្ញុំបានស្ថិតនៅក្នុងកងពិសេសនៃកងវរសេនាធំលេខ៦២រហូតដល់កងទ័ពវៀតណាមចូលមកដល់នៅឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៧៩ ខ្ញុំ និងកងទ័ពខ្មែរក្រហមផ្សេងៗទៀតបានរត់ភៀសខ្លួនតាមជីផាត ថ្មស អណ្តូងទឹកនៃខេត្តកោះកុងចូលក្នុងព្រៃ ឡើងភ្នំ និងរត់បន្តរហូតដល់ព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានចូលទៅរស់នៅក្នុងជំរំម៉ៃរ៉ូត និងបានរៀបការប្រពន្ធនៅឆ្នាំ១៩៨០។
អត្ថបទដោយ ឡុង ដានី
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា ឡុង ដានី សម្ភាសជាមួយ រិន នៅ អាយុ៦៨ឆ្នាំ រស់នៅភូមិជើងភ្នំ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
[2] អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា៖ ដីកាសម្រេចលើកលែងចោទប្រកាន់ មាស មុត (D266) ចុះថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០១៨ កថាខណ្ឌលេខ១៨៧។