ជួន សារឿន អតីតកងចល័តសម័យខ្មែរក្រហម

ជួន សារឿន[1] មានអាយុ ៥៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានស្រុកកំណើតនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានទីលំនៅនៅភូមិកោះកុក “ខ” ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សារឿន មានឪពុកឈ្មោះ ជួន និងមានម្តាយឈ្មោះ សួន។ ឪពុកម្តាយរបស់សារឿន បានស្លាប់ដោយសារ តែជំងឺនៅក្រោយពេលដែលត្រូវបានរំដោះចេញពី របបខ្មែរក្រហម។ សារឿន មានបងប្អូនសរុប ៤នាក់។ ចាប់តាំងពីអំឡុងនៅក្នុងឆ្នាំ១៩៧២ ខ្មែរក្រហមបានបានត្រួតត្រា និងកាន់កាប់លើចលនាតស៊ូនេះស្ទើរតែទាំងស្រុងទៅហើយ ហើយក៏មានការគាំទ្រពីសំណាក់ប្រជាជនច្រើនផងដែរ ដោយខ្មែរក្រហមបានយកព្រះនាមព្រះនរោត្តម សីហនុ មកប្រើប្រាស់ ទើបមានប្រជាជនជាច្រើនបានរត់ចូលព្រៃទៅចូលរួមបដិវត្តន៍ជាមួយខ្មែរក្រហម។[2] ដោយសារភ័យខ្លាចស្លាប់ សារឿន ក៏បានសម្រេចចិត្តចូលរួមបដិវត្តជាមួយខ្មែរក្រហម។
នៅពេលដែលចូលធ្វើបដិវត្តនៅក្នុងអំឡុងឆ្នាំ ១៩៧២-១៩៧៣ រួចមក សារឿនក៏បានខ្មែរក្រហមផ្លាស់ប្ដូរឱ្យទៅបម្រើការនៅខាងពេទ្យ ក្រោយពីចូលបម្រើការនៅខាងពេទ្យបានមួយរយៈពេល ខ្មែរក្រហមក៏បានបញ្ជូល សារឿន បន្តទៅធ្វើជាកម្លាំងខាងយោធា។ នៅពេលដែលចូលខាងកម្លាំងយោធាក៏ពិតមែនប៉ុន្តែ សារឿន មិនត្រូវបានបញ្ជូលកាន់សមរភូមិនោះទេ។ នៅពេលកងកម្លាំងខ្មែរក្រហមបានទទួលជ័យជម្នះលើកងទ័ពសាធារណរដ្ឋខ្មែរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សារឿន ត្រូវបានខ្មែរក្រហមបញ្ជូលពីខេត្តកំពង់ចាម មកកាន់តំបន់បឹងបាយ៉ាប ចូលធ្វើជាកងចល័ត ដើម្បីស្ទូងស្រូវ។ មុនពេលស្ទូងស្រូវ សារឿន រួមជាមួយកងចល័តផ្សេងទៀតត្រូវធ្វើការលើកភ្លឺស្រែក្រឡាចក្រត្រង្គសិន ទើបចុះស្ទូងតាមក្រោយ។ ក្រៅពីធ្វើការស្ទូងស្រូវ សារឿន ត្រូវបានខ្មែរក្រហមប្រើឱ្យធ្វើការដាំដុះដំណាំ បន្លែថែមទៀតផងដែរ។ ម៉ោងធ្វើការងាររបស់ សារឿន មិនខុសពីប្រជាជន ដែលបានឆ្លងកាត់សម័យខ្មែរក្រហមនោះទេ ដោយត្រូវងើបទាំងពីម៉ោង ៤ព្រឺក ធ្វើការរហូបដល់ម៉ោង ១១ ឬ ១២ថ្ងៃត្រូវទើបសម្រាក ហើយបន្តធ្វើការពីម៉ោង ១ រសៀលរហូតដល់ល្ងាចម៉ោង ៥ ឬ ៦ ហើយមានថ្ងៃខ្លះក៏ត្រូវបានខ្មែរក្រហមបង្ខំឱ្យធ្វើការដល់យប់ជ្រៅផងដែរ។ សម្រាប់ការហូបចុកវិញ ទោះបីធ្វើការច្រើនម៉ោងក៏ពិតមែនការហូបក៏នៅមិនគ្រប់គ្រាន់ដដែល ដោយបានហូបត្រឹមបបរ និងពេលខ្លះបានហូបបាយបន្តិចដែល តែមិនបានឆ្អែតពេញកម្លាំងនោះទេ ទាំង សារឿន និងប្រជាជនដទៃទៀតធ្វើការខាងដាំដំំណាំ ក៏ការហូបចុកនៅតែមិនគ្រប់គ្រាន់។
នៅពេលដែលកម្មាភិបាលមកពីភូមិភាគនិរតីចូលកាន់កាប់ និងគ្រប់គ្រង ការរស់នៅកាន់តែមានភាពលំបាកខ្លាំង។ មានមេកងមា្នក់មកពីភូមិភូមិភាគនិរតី នៅក្នុងខេត្តតាកែវ ឈ្មោះធូ ដែលជាអ្នកតែមានការតឹងតែងខ្លាំង ដូចជា អ្នកដែលស្ទូងស្រូវ មិនត្រង់ជួរ ឬស្ទូងមិនស្អាត ស្ទូងយឺត ប្រជាជនទាំងនោះ នឹងត្រូវទទួលទោស និងរងនូវការធ្វើទារុណកម្មផ្សេងៗ។ ក្រោយពីធ្វើការជាកងចល័តបានប្រហែល ២ឆ្នាំ សារឿន ត្រូវបានខ្មែរក្រហមចាត់ឱ្យរៀបការជាមួយសមមិត្តម្នាក់ឈ្មោះ អឿន តែក្រោយមកក៏ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ដោយមិនដឹងមូលហេតុ។ នៅពេលដែលរៀបការរួច សារឿន ត្រូវបានខ្មែរក្រហម អនុញ្ញតឱ្យឈប់សម្រាកបាន ២ ៣ថ្ងៃ ក្រោយមកក៏ត្រឡប់ទៅកាន់កងចល័តរាល់ខ្លួនវិញ។ នៅពេលដែលធ្វើជាកងចល័តនោះ សារឿន ត្រូវចល័តទៅធ្វើការនៅស្រុកព្រៃឈរ និងពេលខ្លះត្រូវចល័តធ្វើការរហូតដល់ខេត្តកំពង់ធំជាដើម ដែលត្រូវធ្វើដំណើរជាក្រុមៗ ក្នុងមួយក្រុមមានគ្នាប្រមាណជាង ១៥០នាក់ ។ សារឿន ធ្វើជាកងចល័ត ដើរស្ទូងស្រូវ និងដាំំំដំណាំរហូតដល់សម័យខ្មែរក្រហមបានដួលរលំ។
នៅសម័យខ្មែរក្រហមខ្មែរក្រហម សារឿន បានរងនូវទុក្ខលំបាកជាច្រើន ទាំងការធ្វើការហួសកម្លាំង ការហូបចុកមិនគ្រប់គ្រាន់ និងការបាត់បង់សមាជិកគ្រួសារផងដែរ។ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជន នៅដើមខែមករា ឆ្នាំ១៩៧៩។[3] សារឿន ក៏បានវិលត្រឡប់មកជួបជុំគ្រួសារដែលនៅសល់វិញ នៅស្រុកកំណើត ហើយក៏បានបន្តនិយាយប្រាប់កូនចៅពីបទពិសោធន៍ ដែលបានឆ្លងកាត់សម័យខ្មែរក្រហម ដើម្បីទុកជាបទពិសោធន៍ និងមេរៀនសម្រាប់ក្មេងជំនាន់ក្រោយ៕
អត្ថបទដោយ លី ដេវីត
[1] KCI0057 បទសម្ភាសន៍ ជួន សារឿន សម្ភាសន៍ដោយ ជួង សុភារិទ្ធ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០២, បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ២៨
[3] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១