ឈន សាអ៊ុន៖ សង្រ្គាមបន្សល់ទុកឲ្យខ្ញុំនូវពិការភាព

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឈន​ សាអ៊ុន[1] ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មាន​ទី​កន្លែងកំណើត ​នៅ​​ភូមិ​ទួល​ក្រសា​ ឃុំ​ខ្ពប​តាងួន​​ ស្រុកស្ទឹង​ត្រង់​​ ខេត្ត​កំពង់​ចាម​។ បច្ចុប្បន្ន​ សាអ៊ុន​ ​រស់នៅ​ភូមិ​ថ្នល់​កែង​ ឃុំ​ផ្អាវ​ ​ស្រុ​ក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ​។

សាអ៊ុន បាន​និយាយ​រៀប​រាប់​ពី​ជីវិត​តស៊ូ​របស់​ខ្លួន​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ថា៖​ «កាល​ពីកុមារ​ភាព​ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩​ពី​សង្គម​ចាស់​។​ ខ្ញុំ​គឺ​ជា​កូន​ទោល​នៅ​ក្នុង​គ្រួសារ​​កសិករ​។​ ការងារ​​ស្រែ​ចម្ការ​នៅ​ជំនាន់​នោះ​គឺជាប្រភពតែមួយគត់សម្រាប់ចិញ្ចឹម​ជីវិត​។​ នៅពេលដែលខ្ញុំ​​ទំនេរ​​ពី​ការ​សិក្សា​រៀន​សូត្រ​ ខ្ញុំ​ក៏​បាន​ជួយ​ធ្វើ​ការ​ងារ​ស្រែ​ចម្ការ​ឪពុក​ម្ដាយ​ខ្ញុំ​​​ដែរ​។​

លុះ​ដល់​ឆ្នាំ​១៩៧០​ ប្រទេស​ជាតិ​ចាប់​ផ្ដើម​មាន​ភាព​វឹក​វរ​ដោយ​សារ​តែ​ លន់​ នល់​ បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ សម្ដេច​ នរោត្តម​ សីហនុ​ ពី​តំណែង​។​ បន្ទាប់​មក​ទៀត​ ព្រឹត្តិ​ការណ៍​អាមេរិក​​​ទម្លាក់​គ្រាប់​បែក​​បាន​រាលដាល​នៅ​ក្នុង​ភូមិទៀត ដែល​​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​និង​ស្លាប់​គោ​ក្របី​ ព្រមទាំង​​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​និង​របួសអស់​ជា​ច្រើន​នាក់​។​ ប្រជាជន​រស់​នៅ​ទទួល​រង​នូវភាព​ភ័យ​ខ្លាច​ ហើយ​មិន​អាច​ចេញ​ទៅ​ធ្វើ​ស្រែ​ចម្ការ​ដូច​មុន​បាន​ទៀត​ឡើយ​។​ ចំណែក​ឯ​គ្រួសារ​ខ្ញុំ​ ក៏​ដូច​ទៅ​នឹង​ប្រជាជន​ដទៃទៀត​​ដែរ​ រស់​នៅ​គ្មាន​សេរី​ភាព​។ ទន្ទឹម​នឹង​នេះ​ ក៏​មាន​ការ​ចាប់​បង្ខំ​ប្រជាជន​នៅ​ក្នុង​ភូមិ​ឲ្យ​ចូល​បម្រើ​នៅ​ក្នុង​ជួរ​កង​ទ័ព​​ដែរ​។​

នៅ ​ឆ្នាំ​១៩៧២​ ខ្ញុំ​បាន​ពិភាក្សា​ជា​មួយ​ឪពុក​ម្ដាយ ដើម្បី​ចូលបម្រើ​ក្នុង​ជួរ​កង​ទ័ព​ខ្មែរ​ក្រហម​។​ កាលនោះ​ ខ្ញុំ​គិត​ថា​ ក្រុម​បដិវត្តន៍​ខ្មែរ​ក្រហម​មាន​​​គោល​ដៅ​តស៊ូ​ទាម​ទារ​សិទ្ធិ​អំណាច​ជូន​ដល់​ សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​។​ ជំនាន់​នោះ​ សន្ទុះ​នៃ​ការ​ស្រលាញ់​និង​គោរព​លើ​ សម្ដេចព្រះ​​ នរោត្តម​ សីហនុ​ គឺ​ខ្លាំង​ណាស់​។​ ប្រជាជន​រាប់​ម៉ឺន​នាក់​បាន​ស្ម័គ្រ​ចិត្ត​ចូល​ព្រៃ​តស៊ូ​ ដោយ​គ្មាន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​អ្នក​ណា​ឡើយ។ យើង​​តស៊ូ​ដោយ​ចិត្ត​ស្រឡាញ់​ និង​គោរព​។​

មុន​ដំបូង ​ខ្ញុំ​មិន​ទាន់​បាន​ចូល​ក្នុង​ជួរ​កង​ទ័ព​ភា្លមៗ​នោះ​ទេ។​ ​ខ្ញុំ​បម្រើការ​​ជា​ស្មៀន​ឃុំ​មួយ​រយៈ​ពេល​សិន​ ទើប​ខ្ញុំ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទៅ​ខាង​កង​ទ័ព​វិញ​។​ បន្ទាប់​ពី​ខ្ញុំ​បាន​ចូល​ពេញ​សិទ្ធិ​នៅ​ជួរ​កង​ទ័ព​ ខ្ញុំ​ក៏​បាន​ចេញ​ទៅ​វាយ​នៅ​សមរភូមិ​ម្ដុំ​ទួល​គោក​។ កាល​ណោះ​ ការ​បើក​ឆាក​ប្រយុទ្ធ​គ្នា​រវាង​ភាគី​ខ្មែរ​ក្រហម​ និង​ លន់​ នល់​ គឺ​មាន​ស្ថាន​ភាព​ក្ដៅ​គគុក​។​ ការប្រ​យុទ្ធ​នេះ​​បាន​ចំណាយ​ពេល​មួយ​យប់​មួយ​ថ្ងៃ​ពេញ ដោយ​​​គ្មាន​ពេល​ឈប់​សម្រាកទាល់​តែ​សោះ​។ ​កង​ទ័ព​មាន​ភាព​នឿយ​ហត់​ជា​ខ្លាំង​។​ ជាក់​ស្ដែង​ ការ​ធ្វើ​សង្គ្រាម​ពេល​នោះ​កង​ទ័ព​ខ្មែរ​ក្រហម​ពុំ​មាន​អាវុធ​ទំនើប​ ដូច​កង​ទ័ព​ លន់​ នល់​ នោះ​ទេ​។​

កត្ដា​ដែល​ធ្វើ​ឲ្យ​កង​ទ័ព​ខ្មែរ​ក្រហម​មាន​ប្រៀប​ជាង​នោះ​គឺ​ កត្តា​រៀប​ចំ​យុទ្ធ​សាស្រ្ត​​ និង​គ្រប់​គ្រង​បច្ចេក​ទេស​យោធា​បាន​ល្អ​។​ បើ​ទោះ​បី​ជា​កង​ទ័ព​គ្មាន​រថ​យន្ត​ និង​អាវុធ​ទំនើបៗ​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ដូច​ខាង​ លន់​ នល់​ ​​ភាគី​ខ្មែរ​ក្រហម​បាន​ប្រើ​ប្រាស់​ក្បួន​យុទ្ធ​សាស្រ្ត​យ៉ាង​ឆ្លាត​វៃ​ ដើម្បី​វាយ​ផ្ដួល​ទ័ព​ លន់​ នល់​។​ អំឡុង​ពេល​សមរភូមិ​កំពុង​តែ​ក្ដៅ​គគុក​ ខ្មែរ​ក្រហម​បាន​រៀប​ចំ​លេណដ្ឋាន​តាម​គោល​ដៅ​រួច​ជា​ស្រេច​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ កម្លាំង​ទ័ព​ខ្មែរ​ក្រហមមាន​ស្មារតី​រឹង​មាំ​ និង​ភាព​ស្វាហាប់​ ក្នុង​ការ​វាយ​ប្រយុទ្ធ​ជា​មួយ​ លន់​ នល់​។​ កង​ទ័ព​ខ្មែរ​ក្រហម​ មាន​ជំនាញកាំ​ភ្លើង​​បាញ់​ច្បាស់​លាស់​ ពេល​បាញ់​គ្នា​ម្ដងៗ​មិន​ដែរ​បាញ់​ខុស​ម្ដង​ណា​ទេ​។​ ចំណែក​ឯ​ យុទ្ធ​សាស្រ្តខ្លាំង​មួយ​ទៀត​ គឺ​ការ​វាយ​ដេញ​ពី​ទី​ជន​បទ​ ចូល​ទៅ​ទី​ក្រុង​។​

​ខ្មែរ​ក្រហមបានស៊ើប​ការ​ណ៍ដឹងអំ​​ពី​ទី​តាំង​​សេដ្ឋ​កិច្ច​របស់​ លន់​ នល់​ នៅ​ម្ដុំ​ព្រែក​អ្នក​លឿង​។​ ដូច្នេះ​ ខ្មែរ​ក្រហម​បាន​លួច​រៀប​ចំ​កម្លាំងទ័ព​ និង​កាំ​ភ្លើង​ធំ​តំរៀប​គ្នា​នៅ​ខាង​ក្រោយ​ព្រែក​អ្នក​លឿង​ ដោយ​មិន​ទាន់​ធ្វើ​សកម្ម​ភាព​អ្វី​ទាំង​អស់​។ ទន្ទឹម​នឹង​នេះ​ ​ខ្មែរ​ក្រហម​បាន​បញ្ជា​ ឲ្យ​កង​កម្លាំង​វាយ​នៅ​សមរភូមិ​ក្បែរ​ទី​ក្រុង​ភ្នំ​ពេញ​វាយ​សម្រុក​ទៅ​មុន​។​ ការ​រៀប​ចំ​យុទ្ធ​សាស្រ្ត​បែប​នេះ​ បាន​ធ្វើ​ឲ្យ​កង​ទ័ព​ លន់​ នល់​ ​ឈរ​ជើង​នៅ​ព្រែក​អ្នក​លឿង​កើត​មាន​ភាព​ចលាចល​ជា​ខ្លាំង​ ព្រោះ​ភ័យ​ខ្លាច​ទ័ព​ខ្មែរ​ក្រហម​វាយ​ដណ្ដើម​ទី​ក្រុង​ភ្នំ​ពេញ​បាន​។​ ភ្លាមៗ​នោះ​ ខាង​ទ័ព​ លន់​ នល់​ ក៏ បាន​ដក​កម្លាំង​ទ័ព​ចេញ​ពី​ព្រែក​អ្នក​លឿង​ទាំង​អស់​ ដើម្បី​ទៅ​ការ​ពារ​ភ្នំ​ពេញ​។​ សកម្ម​ភាព​ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​ខ្មែរ​ក្រហម​មាន​ប្រៀប​ជាង​ ព្រោះ​កង​ទ័ព​ លន់​ នល់​ កំពុង​តែ​ចលាចល​គ្រប់​គ្រង​ស្ថាន​ការណ៍​មិន​បាន​។​ លុះ​​ដល់​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​១៩៧៥​ ខ្មែរ​ក្រហម​ក៏​បាន​ទទួល​ជ័យ​ជម្នះ​​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។​ ពេល​នោះ​ ដំណឹងនៃ​ជ័យ​ជំនះ​នេះ​ ​បាន​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ប្រទេស​។​

បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជំនះ​ ខ្មែរ​ក្រហម​បាន​បញ្ជូន​ខ្ញុំ​ទៅ​ឈរ​ជើង​នៅ​ព្រំ​ដែន​វៀត​ណាម​ ក្នុង​ខេត្ត​មណ្ឌល​គិរី​។​ ចាប់​តាំង​ពី​ពេល​នោះ​ របៀប​របប​នៃ​ការ​រស់​មាន​ការ​ផ្លាស់​ប្ដូរ​ទាំង​អស់​។​ ប្រជាជន​ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ​ដាក់​ជា​សមូហភាព​ និងគ្មាន​កម្ម​សិទ្ធិ​ឯក​ជន​នោះ​ទេ​។​ ការ​រស់​នៅ​របស់​ប្រជាជន​ចាប់​ផ្ដើម​មាន​ការ​លំបាក​វេទនា​ក្នុង​ការ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ​ធ្ងន់​ និង​ការ​ហូប​ចុក​មិន​គ្រប់​គ្រាន់​។​ ទុក្ខ​លំបាក​ និង​ភាព​អត់​ឃ្លាន​ បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​កើត​ការ​មិន​ពេញ​ចិត្ត​ក្នុង​របប​គ្រប់​គ្រង​របស់​ខ្មែរ​ក្រហម​ ទើប​ធ្វើ​ឲ្យ​កើត​មាន​រនុក​ក្នុង​ក្បត់​អង្គ​ការ​ចូល​ដៃ​ជើង​ជា​មួយ​វៀត​ណាម​។​ សកម្ម​ភាព​ទាំង​អស់​នេះ​ បាន​ធ្វើ​ឲ្យ​អង្គ​ការ​ខ្មែរ​ក្រហមមាន​​ការ​សង្ស័យ​លើ​បក្ខ​ពួក​គ្នា​ឯង​ និងបង្ក​ឲ្យ​មាន​ការ​ចាប់​មនុស្ស​ជា​ខ្សែ​ៗ​យក​ទៅ​សម្លាប់​ចោល​។​ ដំបូង ខ្មែរ​ក្រហម​បាន​ចម្រាញ់​រក​ជន​ក្បត់​នៅ​ក្នុង​ជួរ​អង្គ​ការ​ ​ដោយ​សារ​តែ​​ភាព​ចលា​ចល​ខ្លាំង​ពេក និង​​​គ្រប់​គ្រងលែង​​បាន​។​ នៅ​ក្នុង​ជំនាន់​នោះ​ ខ្មែរ​ក្រហម​បាន​ធ្វើ​បាប​ប្រជាជន​ខ្មែរ​ដោយ​បង្អត់​អាហារ​។​ ប៉ុន្តែ​​ នៅ​ពេល​មាន​ថ្នាក់​លើ​មក​ត្រួត​ពិនិត្យ​នៅ​សហករណ៍ម្ដងៗ​គឺ​ អង្គ​ការ​រៀប​ចំ​បាយ​ទឹក​ឲ្យ​ប្រជាជន​ហូប​បាន​គ្រប់​គ្រាន់​។ ​នៅ​ពេល​ដែល​ថ្នាក់​លើ​ត្រឡប់​ទៅ​វិញ ​ការ​រៀប​ចំ​គឺ​មាន​ការ​ខ្វះ​ខាត​ដូច​ដើម​។​

បន្ទាប់​​ពី​ខ្ញុំ​រស់​នៅ​ឈរ​ជើង​តាម​ព្រំ​ដែន​អស់​រយៈ​ពេល​ជិត​៤ឆ្នាំ​ ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​មក​កាន់​ភ្នំ​ដងរែក​ដែល​មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ប្រទេស​ថៃ​។​ ខ្ញុំ​បាន​បន្ត​ធ្វើ​ជា​កង​ទ័ព​ដដែល​។​ ការ​ធ្វើ​សង្គ្រាម​ពី​មួយ​ថ្ងៃ​ទៅ​មួយ ហើយ​​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាព​ហត់​នឿយ​ជា​ខ្លាំង​។ អារម្មណ៍​ពេលនោះគឺថាខ្ញុំ​ត្រូវ​ការ​សន្តិ​ភាព​ណាស់​។​ ការ​តស៊ូ​របស់​កង​ទ័ព​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ មិន​​បាន​ទទួល​អ្វី​ ប៉ុន្តែ​បែរ​ជា​បន្សល់​ទុក​នូវ​ពិការ​ភាព​ជាប់​ខ្លួន​ទៅ​វិញ​។​ លើស​ពី​នេះ​ យើង​ត្រូវ​បាន​បែក​ចេញ​ពី​ក្រុម​គ្រួសារ​តាំង​ពី​កុមារ​ភាព​មិន​ដែល​បាន​ជួប​ ឬ​ដឹង​សុខ​ទុក្ខ​គ្នា​ទាល់​តែ​សោះ​។​ រហូត​ដល់​ឆ្នាំ​១៩៩៨​ ខ្មែរ​ក្រហម​ដែល​បាន​ឈរ​ជើង​នៅ​តំបន់​អន្លង់​វែង​បាន​យល់​ព្រម​ចុះ​ចូល​ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្នុង​ការ​បញ្ចប់​សង្គ្រាម​ស៊ី​វិល​»៕

អត្ថបទដោយ មេក វិន


[1] មេក វិន សម្ភាសន៍ជាមួយ ឈន សាអ៊ុន ភេទប្រុស​​ អាយុ​៧០ឆ្នាំ នៅភូមិថ្នល់​កែង ឃុំ​ផ្អាវ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ នៅក្នុង​ឆ្នាំ​២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin