កម្មករនៅការដ្ឋានក្រសួងកសិកម្ម

ឃិន សាវ៉ន[1] ភេទស្រី មានអាយុ៤៨ឆ្នាំ(២០០៥)។ សាវ៉ន មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាវ៉ន មានឪពុកឈ្មោះ កុយ បូរ (ស្លាប់) និងម្តាយឈ្មោះ កែវ យ៉ន (ស្លាប់)។ សាវ៉ន ជាកូនទី២ក្នុងគ្រួសារដែលមានបងប្អូនចំនួន៨នាក់[2] ស្រី៦នាក់ ឈ្មោះ(ឃិន យឿន, ឃិន សំអាត, ឃិន យ៉ាន, ឃិន ភាគ, ឃិន ភឿន, ឃិន សារិន) និងប្រុស២នាក់ឈ្មោះ(ឃិន ជា, ឃិន ចាន់)។ សាវ៉ន បានរៀបការជាមួយ ធូ ឆាន នៅឆ្នាំ១៩៨៧។ សព្វថ្ងៃ គាត់មានកូនចំនួន៣នាក់។នៅឆ្នាំ១៩៧០ សាវ៉ន បានឈប់រៀនត្រឹមថ្នាក់ទី១២(សង្គមចាស់)។ បន្ទាប់ពីឈប់រៀនគាត់បានជួយធ្វើស្រែចម្ការឪពុកម្តាយ និងឃ្វាលគោក្របី។ ក្នុងរបប លន់ នល់ សាវ៉ន បានឃើញនៅក្នុងភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់បែកជាញឹកញាប់។ ប្រជាជនត្រូវរត់ចេញពីផ្ទះទៅពួនសំងំនៅក្នុងលេណដ្ឋានត្រង់សេ និងបានគេចខ្លួនទៅរស់នៅក្នុងព្រៃ។ អំឡុងពេលនោះ សាវ៉ន ក៏ឃើញមានប្រជាជនរងរបួស និងស្លាប់ ហើយទ្រព្យសម្បត្តិត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងគ្មានពេលវេលារកស៊ីចិញ្ចឹមជីវិត។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច អង្គការបានបង្ខំប្រជាជនឲ្យធ្វើការងាររួម រស់នៅរួម និងហូបអាហាររួមគ្នានៅក្នុងរោងបាយសហករណ៍ព្រែកត្នោត។ សាវ៉ន ត្រូវបានចាត់តាំងឲ្យទៅធ្វើការក្នុងកងចល័តនារីឃុំសំបួរ។ គាត់ត្រូវជីកដី និង រែកដី ហើយត្រូវរស់នៅបែកគ្នាពីឪពុកម្តាយ និងបងប្អូន។ ដោយសារមូលហេតុគាត់ចង់ចូលរួមចំណែករំដោះប្រទេសជាតិឲ្យរួចផុតពីសង្គ្រាម និងការជិះជាន់វណ្ណៈ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៧៥ សាវ៉ន បានចូលធ្វើបដិវត្តន៍ខ្មែរក្រហមតាមរយៈ ឈ្មោះ តូច រិន ប្រធានវប្បធម៌មន្ទីរឃុំសំបួរ។[3]
នៅចុងឆ្នាំ១៩៧៥ សាវ៉ន និងយុវជន៣នាក់ទៀតត្រូវ ផាន ជ្រើសរើសឲ្យទៅធ្វើការនៅក្រសួង មន្ទីរ និងរោងចក្រនៅទីក្រុងភ្នំពេញ។ សាវ៉ន បានធ្វើដំណើរចេញពីស្រុកកំណើតតាមរថយន្តមករស់នៅ និងហ្វឹកហាត់នៅមន្ទីរកងទ័ព ស្ថិតនៅជិតវត្តមេបុណ្យ ខេត្តព្រៃវែង។ នៅមន្ទីរកងទ័ព សាវ៉ន ត្រូវងើបម៉ោង៤ទៀបភ្លឺដើម្បីហាត់ពីយុទ្ធសាស្រ្តកងទ័ពដូចជា៖ លូន, ក្រាប, រត់, វិធីដោះមីន, និងរៀនពីរបៀបរស់ក្នុងព្រៃ។ នៅទីនោះមានយុវជន យុវនារីប្រហែល១០០នាក់ដែលរៀន និងគ្រប់គ្រងដោយឈ្មោះ លឿ។ ក្រៅពីការហ្វឹកហាត់យុទ្ធសាស្រ្តកងទ័ព សាវ៉ន និងអ្នកហាត់ទ័ពដទៃទៀត ក៏មានភារកិច្ចជួយធ្វើស្រែប្រជាជនផងដែរ។ សាវ៉ន និងអ្នកហាត់ទ័ពទាំងអស់ត្រូវចម្អិនម្ហូបអាហារដោយខ្លួនឯងដោយទទួលរបបអង្ករម្នាក់មួយកំប៉ុង សម្រាប់មួយថ្ងៃ។
នៅឆ្នាំ១៩៧៦ លឿ បានដឹកនាំ សាវ៉ន និងយុវជន យុវនារីទាំងអស់មកធ្វើការនៅភ្នំពេញ ដោយធ្វើដំណើរតាមកប៉ាល់ពីអ្នកលឿង ខេត្តព្រៃវែង ឆ្ពោះមកទីក្រុងភ្នំពេញអ្នកទាំងនោះបានឈប់សម្រាកនៅមុខព្រះបរមរាជវំាង។ សាវ៉ន បានឃើញស្ថានភាពនៅទីក្រុងមានសភាពស្ងាត់ជ្រងំ។ សាវ៉ន និយាយប្រាប់ថា “ទីក្រុងភ្នំពេញនៅពេលនោះហាក់ដូចជាទីក្រុងខ្មោចដែលគេបោះបង់ចោលអញ្ចឹង”។ “អំឡុងពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អង្គការបានបង្ខំអ្នករស់នៅទីក្រុងភ្នំពេញប្រហែលពីរលាននាក់ ដែលក្នុងនោះរួមទាំងអ្នកភៀសខ្លួនចូលទីក្រុងក្នុងអំឡុងពេលសង្គ្រាមចំនួនជាងមួយលាននាក់ផងឲ្យចាកចេញដើម្បីធើ្វដំណើរទៅកាន់ទីជនបទដើម្បីធ្វើស្រែចម្ការ។”[4]
ពេលមកដល់ភ្នំពេញ សាវ៉ន បានឃើញ យុវជន យុវនារី ជាច្រើនមកពីបណ្តាលខេត្តនានាដើម្បីត្រៀមខ្លួនចូលធ្វើការឲ្យខ្មែរក្រហម តាមកន្លែងផ្សេងៗ។ គាត់ត្រូវបានជ្រើសរើសក្នុងចំណោមយុវជន យុវនារី ប្រហែល១០០នាក់ “ក្រុមគ១២” ឲ្យទៅធ្វើការនៅការដ្ឋានទី២ ដែលជាការដ្ឋានស្ថិតក្រោមក្រសួងកសិកម្ម នៅក្នុងវត្តអង្គរជ័យ ស្រុកលើកដែក ខេត្តកណ្តាល។ ក្រុមគ១២ គ្រប់គ្រងដោយឈ្មោះហៀង និងឈ្មោះជ័យ។ ក្រុមនេះត្រូវរុករានដីព្រៃទំហំប្រមាណជាង១០០ហិចតា ដើម្បីឲ្យប្រជាជនធ្វើស្រែចម្ការ។ សាវ៉ន និយាយថា “ការងារនៅទីនោះជាការងារធ្ងន់ ព្រោះត្រូវប្រើកម្លាំងមនុស្សសុទ្ធសាធដើម្បីកាប់គាស់គល់ឈើតូចធំ។ កម្មករត្រូវសម្រាកនៅក្នុងព្រៃដោយគ្មានកន្លែងត្រឹមត្រូវ”។ សាវ៉ន បន្តថា “កម្មករធ្វើការងារនៅទីនេះធ្វើគ្មានពេលសម្រាកឡើយ ទោះបីឈឺក៏ប្រធានឈ្មោះជ័យ និងឈ្មោះហៀង មិនឲ្យសម្រាកដែរ”។ ចំណែករបបអាហារវិញទទួលបានមិនគ្រប់គ្រាន់ទេ។ នៅទីនោះសម្បូរផ្លែដូង សាវ៉ន និងក្រុមគ១២ តែងតែលួចផ្លែដូងរបស់អង្គការហូប។
បន្ទាប់ពីក្រុមគ១២ រុករានដីព្រៃបានរួចរាល់ នៅចុងឆ្នាំ១៩៧៧ សាវ៉ន ត្រូវបានផ្លាស់ប្តូរកន្លែងធ្វើការពីការដ្ឋានវត្តអង្គរជ័យ ទៅការដ្ឋានបឹងបាយ៉ាបស្ថិតនៅជាយក្រុងភ្នំពេញ ស្ថិតក្រោមក្រសួងកសិកម្ម។ នៅបឹងបាយ៉ាប សាវ៉ន និងកម្មករដទៃទៀតត្រូវបានអង្គការខ្មែរក្រហមប្រើឲ្យសាងសង់រោងចក្រ។ នៅការដ្ឋានមានប្រធានគ្រប់គ្រងឈ្មោះលី និងឈ្មោះ អាត។ ការងាររបស់ សាវ៉ន មានដូចជាលាយស៊ីម៉ងត៍ ចងដែក និងជញ្ជូនឥដ្ឋដើម្បីរៀបធ្វើជារោងចក្រ។ នៅការដ្ឋាននេះ សាវ៉ន បានសង្កេតឃើញមានជនជាតិកូរ៉េខាងជើង៣នាក់មកដំឡើងម៉ាស៊ីន និងគ្រឿងចក្រធំៗសម្រាប់ប្រើប្រាស់ក្នុងរោងចក្រ។ បន្ទាប់ពីដំឡើងម៉ាស៊ីនរួច ជនជាតិកូរ៉េខាងជើងនោះបានត្រលប់ទៅប្រទេសខ្លួនវិញ។
នៅឆ្នាំ១៩៧៨ កន្លែងការដ្ឋានបឹងបាយ៉ាប ជារឿយៗ សាវ៉ន បានសង្កេតឃើញមាកការបាត់ខ្លួន និងចាប់ខ្លួនកម្មករមកពីខេត្តកំពង់ចាម ខេត្តព្រៃវែង និងស្វាយរៀង។ សាវ៉ន និយាយថា “ការចាប់ និងបាត់ខ្លួនកម្មករនេះគឺពាក់ព័ន្ធនឹងកម្មាភិបាលខ្មែរក្រហមនៅភូមិភាគបូព៌ាដែលត្រូវបានអង្គការចោទប្រកាន់ថាបានក្បត់ និងចង់ផ្តួលរំលំរបបខ្មែរក្រហម”។ ឃើញដូច្នេះគាត់បានរត់គេចពីការដា្ឋនបឹងប៉ាយ៉ាប ដើម្បីធ្វើដំណើរជាមួយបងធម៌ទៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សាវ៉ន និង បងធម៌ត្រូវខ្មែរក្រហមចាប់បាន និងឃុំខ្លួនក្នុងទូររថភ្លើងរយៈពេលមួយយប់ មួយថ្ងៃ។ ប្រធានឈ្មោះលី និងឈ្មោះ អាត បានដាក់ទណ្ឌកម្មឲ្យ សាវ៉ន ធ្វើការងារធ្ងន់ និងបង្អត់អាហារ ព្រមទាំងឲ្យធ្វើកិច្ចសន្យាឈប់រត់គេចពីការដ្ឋានបន្តទៀត។
នៅពាក់កណ្តាលឆ្នាំ ១៩៧៨ សាវ៉ន ត្រូវផ្លាស់ប្តូរកន្លែងធ្វើការម្ដងទៀតពីការដ្ឋានបឹងបាយ៉ាប ទៅការដ្ឋានអូរដឹម ស្ថិតនៅជិតពោធិ៍ចិនតុងផ្លូវជាតិលេខ៤។ នៅការដ្ឋាននេះ សាវ៉ន ត្រូវប្រធានឈ្មោះ ភឿន ប្រើឲ្យក្រឡឹងដែកដើម្បីយកទៅជួសជុលគ្រឿងចក្រកសិកម្ម។ ការងារនៅការដ្ឋានអូរដឹមមិនសូវលំបាកទេ។ ចំណែកការហូបចុកវិញក៏ទទួលបានគ្រប់គ្រាន់ និងមានបង្អែមហូបមួយសប្តាហ៍ម្តងទៀតផង។ ប៉ុន្តែ សាវ៉ន និងកម្មករទាំងអស់ត្រូវបង្ខំឲ្យផ្តល់ឈាមក្នុងមួយខែចំនួនពីរដង ទៅឲ្យមន្ទីរពេទ្យ១៧មេសា “បច្ចុប្បន្នមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត” ដើម្បីសង្គ្រោះអាយុជីវិតយោធាដែលរងរបួសពីសមរភូមិ។ សាវ៉ន បាននិយាយថា “ការផ្តល់ឈាមនៅពេលនោះមិនមែនជាការស្ម័គ្រចិត្តដូចបច្ចុប្បន្នទេ កម្មករត្រូវបានគំរាមសម្លាប់ចោលប្រសិនបើមិនព្រមផ្តល់ឈាម។ ឈាមដែលត្រូវផ្តល់គឺប្រភេទអូ និងប្រភេទអាបេ ចំណែកឈាមប្រភេទអា និងប្រភេទបេ អង្គការមិនត្រូវការទេ”។
អំឡុងពេលធ្វើការនៅការដ្ឋានអូរដឹម សាវ៉ន ធ្លាប់ត្រូវបានប្រធានឈ្មោះ ភឿន បញ្ជូនឲ្យទៅរៀនសូត្រពី “ការងារកសិកម្ម និងមាគ៌ាបក្ស” ចំនួន៣ដង នៅបុរីកីឡា ជាកន្លែងដែលគាត់បានឃើញ នួន ជា និងខៀវ សំផន មកធ្វើបទឧទ្ទេសនាមពីវគ្គអប់រំនយោបាយដោយប្រាប់ដល់អ្នកចូលរួមប្រហែល២០០នាក់ ឲ្យត្រូវខិតខំធ្វើការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ខៀវ សំផន បាននិយាយប្រាប់អ្នកចូលរួមថា “អ្នកដែលសម្លាប់ឪពុកម្តាយយើងនៅតាមមូលដ្ឋាន និងឲ្យយើងហូបមិនគ្រប់គ្រាន់ហ្នឹងគឺជាជនក្បត់ ជាយួន។ អ្នកសម្លាប់ខ្មែរគឺមានតែយួនទេ”។ រីឯ នួន ជា វិញបានឆ្លើយតបនឹងសំណួរដែលសួរអំពីការបាត់ខ្លួនរបស់កម្មករភូមិភាគបូព៌ានៅការដ្ឋានអូរដឹមថា “កម្មករទាំងនោះត្រូវបានអង្គការនាំយកទៅរៀនសូត្រ”។
សាវ៉ន ធ្វើការផ្នែកក្រឡឹងដែកនៅការដ្ឋានរោងចក្រអូរដឹមនេះរយៈពេលប្រហែល៦ខែ ទើបរបបខ្មែរក្រហមដួលរលំ។ នៅឆ្នាំ១៩៧៩ ពេលដែលកងទ័ពវៀតណាមចូលដល់ទីក្រុងភ្នំពេញ កម្មករ និងសាវ៉ន បានរត់ឆ្ពោះទៅខេត្តភាគខាងលិចប្រទេសកម្ពុជា។ សាវ៉ន បានទៅរស់នៅខេត្តឧត្តរមានជ័យព្រំដែនប្រទេសថៃបានមួយរយៈក៏ត្រលប់មករស់នៅស្រុកកំណើតវិញ។
ការរស់នៅឆ្លងកាត់របបខ្មែរក្រហម សាវ៉ន យល់ថាប្រជាជន និងកម្មាភិបាលថ្នាក់មូលដ្ឋានទាំងអស់គ្មានសិទិ្ធសេរីភាពក្នុងការសម្រេចចិត្តទេ។ រាល់ផែនការទាំងអស់ដែលថ្នាក់ដឹកនាំកំណត់ត្រូវតែអនុវត្តតាមមិនអាចប្រកែកបានឡើយ។ សាវ៉ន មិនពេញចិត្តចំពោះការដឹកនាំក្នុងរបបខ្មែរក្រហមទេ បើទោះបីជាគាត់បានចូលរួមជាជនបដិវត្តន៍ម្នាក់កាលពីអតីតកាលក៏ដោយ ព្រោះរបបនេះស្ទើរតែសម្លាប់គាត់ដោយគ្រាន់តែសង្ស័យថាគាត់ជាប់ពាក់ព័ន្ធនឹងកម្មាភិបាលរស់នៅភូមិភាគបូព៌ា។ សាវ៉ន ធ្លាប់ប្រាប់រឿងរ៉ាវដែលគាត់បានរស់នៅឆ្លងកាត់ក្នុងរបបខ្មែរក្រហមដល់កូនចៅ និងក្មេងជំនាន់ក្រោយក្នុងគោលបំណងចូលរួមទប់ស្កាត់កុំឲ្យរបបនេះត្រលប់មកលើទឹកដីកម្ពុជាសាជាថ្មី៕
អត្ថបទដោយ អេង សុខម៉េង
[1]ឯកសារលេខ KDI0024 (២០០២). សម្ភាសន៍ជាមួយឈ្មោះ ប៉ុន វិន, ២៩ទំព័រ, នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០២, មជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឯកសារ K07945, មជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រទី៧
[3] ស្ទួន, ទំព័រទី៤
[4] ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារ កម្ពុជា. ទំព័រទី១៥