ករណី កែវ សំណាង អនុប្រធានគណៈយោធាភូមិភាគបូព៌ា

កែវ សំណាង មានឈ្មោះបីគឺ ស៊ីថុន, ម៉ុន និង កែវ សំណាង។ ស៊ីថុន ជាឈ្មោះកំណើត។ កែវ សំណាង ជាឈ្មោះហៅក្រៅខណៈពេលដែល ស៊ីថុន ចូលបម្រើក្នុងចលនាតស៊ូប្រឆាំងនឹងអាណានិគមបារាំងមុនឆ្នាំ១៩៦០។ ចំណែក ម៉ុន ជាឈ្មោះបដិវត្តន៍ខណៈពេលដែលគាត់បានចូលទៅបង្កប់ខ្លួននៅក្នុងជួរបដិវត្តន៍ដើម្បីបំផ្លាញបដិវត្តន៍ ចាប់ពីឆ្នាំ១៩៧៤ រហូតមក។[1]
ឯកសារជាច្រើនតម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ពុំបានបង្ហាញពីប្រវត្តិរូប ឬចម្លើយ សារភាពរបស់ កែវ សំណាង ឡើយ ក្រៅតែពីការឆ្លើយដាក់ពីសំណាក់កម្មាភិបាលខ្មែរក្រហមមួយចំនួន ដែលអង្គការបានចាប់ខ្លួនមកដាក់នៅមន្ទីរ ស-២១ ក្នុងអំឡុងឆ្នាំ១៩៧៦។ តាមរយៈការអានឯកសារចម្លើយសារភាពរបស់ សុផាន និង ផែន[2], សៅ គា[3], និង ឈុំ ឈាង[4] កែវ សំណាង គឺជាខ្មែរសេរីបង្កប់ស៊ីរូងផ្ទៃក្នុងបក្សកុម្មុយនីស្តកម្ពុជាដ៏មានឥទ្ធិពលម្នាក់ ដែលមានឋានៈជាកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់នៅក្នុងភូមិភាគបូព៌ា បន្ទាប់ពី ឈូក និង សោ ភឹម។ ទោះបីជាយ៉ាងដូច្នេះក៏ដោយ ក៏ចម្លើយរបស់ សៅ គា និង ឈុំ ឈាង មិនបានរៀបរាប់លម្អិតពីផែនការសកម្មភាពរបស់ កែវ សំណាង ហៅ ម៉ុន ឡើយ ព្រោះថា អ្នកទាំងបីនាក់នេះស្គាល់ កែវ សំណាង ដោយប្រយោល គឺស្គាល់តាមរយៈការណែនាំពី សុខ ជាលេខាតំបន់២៥ នៃភូមិភាគនិរតីប៉ុណ្ណោះ។[5] ចំណែកចម្លើយសារភាពរបស់ សុផាន និង ផែន បានរៀបរាប់ច្រើនពីសកម្មភាពក្បត់របស់ កែវ សំណាង ហៅ ម៉ុន តាំងពីដើម (សម័យតស៊ូជាមួយអាណានិគមបារាំង) រហូតដល់ពាក់កណ្តាលឆ្នាំ១៩៧៦ ខណៈដែល សុផាន និង ផែន ត្រូវអង្គការចាប់ខ្លួន។
សុផាន រៀបរាប់អំពីប្រវត្តិ និងសកម្មភាពរបស់ កែវ សំណាង[6]
សុផាន (មិនស្គាល់នាមត្រកូល) គឺជាកម្មាភិបាលខ្មែរក្រហមបម្រើការនៅក្នុងកងពល១៧០ ត្រូវអង្គការចាប់ខ្លួនបញ្ជូនមកកាន់មន្ទីរ ស-២១ កាលពីជាងពាក់កណ្តាលឆ្នាំ១៩៧៦ ពីបទក្បត់បដិវត្តន៍។ ឯកសារចម្លើយសារភាពនេះ មិនមានផ្នែក ឬទំព័រណាមួយ រៀបរាប់អំពីសកម្មភាពក្បត់របស់ខ្លួនឡើយ។ ប៉ុន្តែគ្រប់ទំព័រ និងផ្នែកដែលមានសរសេរនៅក្នុងចម្លើយនេះទាំងអស់ គឺមាននិយាយរៀបរាប់ពីជីវភាពរស់នៅប្រចាំថ្ងៃ ប្រវត្តិគ្រួសារ និងសកម្មភាពរបស់ កែវ សំណាង។
សំណាង មានស្រុកកំណើតនៅភូមិព្រៃមាន់ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច តំបន់២៤[7]។ នៅឆ្នាំ១៩៥២ សំណាង ត្រូវ ងិន ហោ និង ប៉ាយ បញ្ចុះបញ្ចូលឲ្យចូលបម្រើក្នុងអង្គការខ្មែរសេរី[8] ដែលពេលនោះ «ចលនាខ្មែរសេរី» នៅមិនទាន់លេចរូបរាងឡើងនៅឡើយទេ។ ចាប់តាំងពីឆ្នាំ១៩៥៦មក ទើបចលនាខ្មែរសេរី ចាប់ផ្តើមធ្វើសកម្មភាពកាន់តែខ្លាំងឡើងៗ បន្ទាប់ពីកិច្ចខំប្រឹងប្រែងស្វែងរកការចរចារវាងមេដឹកនាំខ្មែរសេរី ជាមួយនឹងសម្តេចព្រះ នរោត្តម សីហនុ ទទួលបរាជ័យ។[9] សឺង ង៉ុកថាញ់[10] គឺជាមេដឹកនាំចលនាខ្មែរសេរី។ សឺង ង៉ុកថាញ់ បានអូសទាញ ងិន ហោ និង ប៉ាយ ឲ្យចូលបម្រើក្នុងចលនាខ្មែរសេរី តាំងពីឆ្នាំ១៩៤៨មកម៉្លេះ គឺក្នុងពេលដែលប្រទេសកម្ពុជាកំពុងស្ថិតក្រោមការត្រួតត្រាពីអាណានិគមបារាំង។ សឺង ង៉ុកថាញ់ ក៏ធ្លាប់បានជួបពិភាក្សាពីផែនការអូសទាញកម្លាំងស្នូលបន្ថែមឲ្យកាន់តែច្រើនទៀតដែរ ជាមួយ ឈូក ក្រោមការចាត់តាំងរបស់ សោ យ៉ាន់ ហៅ សោ ភឹម កាលពីឆ្នាំ១៩៧៤។[11]
មុនចូលបម្រើក្នុងចលនាខ្មែរសេរី ស៊ីថុន ហៅ កែវ សំណាង ហៅ ម៉ុន គឺជាអ្នកជួញដូរក្របីទៅលក់នៅវៀតណាមខាងត្បូង ហើយក៏ជាមេចោរមួយរូបនៅក្នុងភូមិដែរ។ ក្នុងអំឡុងពេលជាអ្នកតស៊ូប្រឆាំងនឹងអាណានិគមបារាំង សំណាង ទទួលបានតួនាទីជាស្នងការនយោបាយកងអនុសេនាតូចខាងសម្ភារ។ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៤ សំណាង ទទួលបានការចាត់តាំងឲ្យផ្លាស់ ប្តូរទីលំនៅមករស់នៅក្នុងចម្ការកៅស៊ូខេត្តកំពង់ចាមវិញ ដោយស្នាក់នៅក្នុងផ្ទះជាមួយ ប៊ុន សានី ដែលជាប្រធានចម្ការកៅស៊ូ។ នៅចម្ការកៅស៊ូ សំណាង មានតួនាទីជាកាប៉ូរ៉ាល់មើលការខុសត្រូវចម្ការកៅស៊ូ។ ក្រៅពីបម្រើការងារនៅក្នុងចម្ការកៅស៊ូ សំណាង បានប្រកបរបររកស៊ីជួញដូរគោ និងឈើហ៊ុបយកទៅលក់នៅព្រៃនគរ ប្រទេសវៀតណាម ដែលការងារនេះគ្រាន់តែជាមុខរបរបន្ទាប់បន្សំតែប៉ុណ្ណោះ។ តាមការពិត គោលបំណងនៃការផ្លាស់ប្តូរទីលំនៅនេះ គឺដើម្បីកសាងមូលដ្ឋានបង្អែកខ្មែរសេរីនៅក្នុងចម្ការកៅស៊ូកំពង់ចាម នៅជប់ ពាមជាំង និងមេមត់។ ក្រោយមកទៀត សំណាង ត្រូវ ស៊ីវ ហេង[12] ដំឡើងឋានៈជាសមាជិក គណៈកម្មាធិការខេត្តកំពង់ចាម ក្រោយពីបានសង្កេតឃើញថា សំណាង ធ្វើការងារយ៉ាងសកម្មនៅក្នុងចលនារបស់ខ្លួនរួចមក។
បន្ទាប់ពី ស៊ីវ ហេង ក្បត់បដិវត្តន៍នៅឆ្នាំ១៩៥៩ សំណាង បានភៀសខ្លួនទៅរស់នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីលាក់ខ្លួន។ ក្នុងពេលរស់នៅក្នុងខេត្តក្រចេះ ប្រពន្ធរបស់គាត់បានផិតក្បត់គាត់។ បន្ទាប់ពីបានដឹងរឿងហេតុនេះ សំណាង បានបង្ខំឲ្យអ្នកទាំងពីររៀបការនឹងគ្នាជាប្តីប្រពន្ធ ជាថ្នូរនឹងការមិនសម្លាប់បុរសដែលជាសាហាយស្មន់។ ចាប់តាំងពីពេលនោះមក សំណាង បានរៀបការជាមួយប្រពន្ធទីពីររបស់គាត់ ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ចាម។ ខណៈពេលដែល សំណាង កំពុងលាក់ខ្លួននៅខេត្តក្រចេះ ថ្នាក់លើរបស់គាត់បានបញ្ចូននីរសារឲ្យភ្ជាប់ខ្សែរយៈជាមួយគាត់ឡើងវិញ ដើម្បីរៀបចំផែនការក្បត់បដិវត្តន៍សារជាថ្មី។ ក្រោយមក សំណាង បានទទួលតួនាទីថ្មីជា ប្រធានយោធាតំបន់២០[13] ដែលមាន ធន ជាលេខាតំបន់។
បន្ទាប់ពីបានភ្ជាប់ខ្សែរយៈឡើងវិញ ចាប់តាំងពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៦៤ ឈូក និង លី ផែន ឧស្សាហ៍ស្កាត់មកជួប សំណាង នៅផ្ទះ ប៊ុន សានី ដើម្បីត្រួតពិនិត្យទីតាំង និងស្ថានភាពមូលដ្ឋានបង្អែកខ្មែរសេរី។ នៅឆ្នាំ១៩៦៥ ចាន់ សេងហុង និង ភួង បានទទួលបញ្ជាពី ឈូក ឲ្យ កែវ សំណាង ចូលបង្កប់ខ្លួនក្នុងជួរបដិវត្តន៍វិញ។ នៅឆ្នាំ១៩៦៧ និង ១៩៦៨ ឈូក បានមកជួប កែវ សំណាង ញឹកញាប់ ដើម្បីពង្រឹងផែនការកសាងកម្លាំងស្នូលខ្មែរសេរីនៅក្នុងជួរបដិវត្តន៍។ នៅឆ្នាំ១៩៦៨ដដែល សំណាង មានទំនាក់ទំនង ជាមួយ លី ផែន, ម៉ៃ ផូ និង នៅ មាន ជាសមាជិកក្រុមខ្មែរសេរី ព្រមទាំងកម្លាំងនៅក្រុងហាណូយ។ ការស្គាល់គ្នានេះ គឺដើម្បីរៀបចំផែនការចាត់តំាងកម្លាំងក្បត់នៅក្នុងជួរកងទ័ព និងរៀបចំសមាសភាពដែលជាសមាជិកក្នុងចលនាខ្មែរសេរី ឲ្យដឹកនាំ និងគ្រប់គ្រងមន្ទីរនានាក្នុងភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧០ សំណាង បានបង្ហាញមុខជាសាធារណៈនៅក្នុងអង្គប្រជុំជាច្រើន ដែលមានការចូលរួមពី ឈូក ចក្រី និង លី ផែន ផង ដើម្បីទទួលផែនការ និងអនុវត្តផែនការ។ នៅខែកញ្ញា ឆ្នាំ១៩៧០ សំណាង និង ប៊ុន សានី បានរាយការណ៍ទៅកាន់គណមជ្ឈិមបក្សប្រចាំភូមិភាគបូព៌ា អំពីសភាពការណ៍រឹងមាំនៃមូលដ្ឋានបង្អែកខ្មែរសេរីនៅតំបន់២១។ នៅឆ្នាំ១៩៧៤ សំណាង បានដឹកនាំកងទ័ពមួយកងពល មកប្រយុទ្ធនៅសមរភូមិផ្លូវជាតិលេខ១ ដើម្បីបង្ហាញពីស្មារតីប្រយុទ្ធរបស់យុទ្ធមិត្តនៅចំពោះមុខភូមិភាគពិសេស។
នៅដើមឆ្នាំ១៩៧៦ បន្ទាប់ពីថ្ងៃជ័យជំនះរបស់ខ្មែរក្រហមលើទីក្រុងភ្នំពេញ សំណាង បានជួបជាមួយ នៅ មាន ដើម្បីរៀបចំផែនការ «បង្កើនការវាយឈ្លប និង ពង្រីកទំនាស់ផ្ទៃក្នុងរវាងអង្គភាព និងកងទ័ព»។ នៅខែកុម្ភៈ ឆ្នាំ១៩៧៦ កែវ សំណាង, នៅ មាន, ឈូក និង លី ផែន បានជួបប្រជុំគ្នានៅព្រៃវែង ដើម្បីរៀបចំផែនការវាយកម្ទេចអង្គការនៅក្នុងខែកក្កដា ឆ្នាំ១៩៧៦ និងពង្រឹងសមត្ថភាពក្នុងការអនុវត្តផែនការដែលបានចាត់តាំងថ្មីដូចជា អប់រំកងទ័ពឲ្យខឹងនឹងអង្គការដឹកនាំ, ពង្រឹងខ្សែរយៈទាក់ទងជាមួយវៀតណាម, បង្កើតខ្សែរយៈមួយក្រុមផ្សេងទៀតទុកជំនួសក្រុមចាស់ដែលត្រូវអង្គការកម្ទេច, ត្រៀមស្បៀងអាហារសម្រាប់កងទ័ពប្រយុទ្ធ, ជ្រើសរើសកងទ័ពបន្ថែមទៀតដើម្បីបំពេញកងទ័ពដែលពលី, ពង្រីកកម្លាំងស្នូលខ្មែរសេរីនៅមូលដ្ឋានតំបន់២៤, ពង្រីកការជ្រើសរើសកម្លាំងខ្មែរសេរីបន្ថែមឲ្យបាន៥០០នាក់ក្នុងមួយខែ និងប្រមូលស្រូវត្រៀមទុកតាមអង្គភាពទាំងអស់។
ផែន រៀបរាប់ពីអត្តចរិត និងសីលធម៌រស់នៅរបស់ កែវ សំណាង ឬ ម៉ុន[14]
ផែន គឺជាកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមម្នាក់ ដែលស្និទស្នាលជាមួយ សំណាង។ ផែន ធ្លាប់បានរស់នៅ ធ្វើការ និងរួមរស់ជីវភាពជាមួយ សំណាង តាំងពីចូលបម្រើបដិវត្តន៍ជាយូរមកហើយ។ ផ្នែកចុងក្រោយនៃចម្លើយសារភាពរបស់ សុផាន មានឯកសារសំណេរដោយដៃចំនួនបួនទំព័រ ដែលជាការរៀបរាប់ របស់ ផែន អំពីអត្តចរិត និងសីលធម៌រស់នៅរបស់ កែវ សំណាង តាំងពីគាត់បានស្គាល់គ្នាជាមួយ សំណាង រហូតមក។ ខាងក្រោមនេះ ជាការដកស្រង់សម្តីរបស់ ផែន៖
កែវ សំណាង មានអត្តចរិតក្អេងក្អាង អំណួតអួតអាង និងមិនស្តាប់មតិយោបល់របស់ថ្នាក់ស្មើគ្នា និងថ្នាក់ក្រោមឡើយ។ កាលពីស្ថិតនៅក្នុងតំណែងជាស្នងការអនុសេនាតូចខាងសម្ភារ ក្នុងចន្លោះឆ្នាំ១៩៦២ ដល់ឆ្នាំ ១៩៦៥ សំណាង បានធ្វើឲ្យមានថ្នាំងថ្នាក់ជាមួយសមភាគីវៀតណាមដែលធ្វើការនៅក្នុងបុព្វហេតុតែមួយ។ សំណាង តែងតែអួតអាងពីគុណសម្បត្តិរបស់ខ្លួនក្នុងការអនុវត្តផែនការដែលទទួលបានជ័យជំនះជាបន្តបន្ទាប់ ក្នុងការប្រមូលកម្លាំងក្បត់ចូលចលនាខ្មែរសេរី និងជ្រើសរើសកងទ័ព។ ដោយសារតែខ្លួនជាជនបង្កប់ឲ្យចលនាខ្មែរសេរី សំណាង បានបង្ហាញឲ្យគេឯងគ្រប់គ្នាឃើញថា ខ្លួនមានសម្លៀកបំពាក់ស្អាតជាងគេ និងហ៊ឺហាជាងគេ។ សំណាង ចូលចិត្តផឹកស្រា និងបរិភោគម្ហូបអាហារឆ្ងាញ់ៗ។ ប្រាក់កាសដែលអង្គការប្រគល់ឲ្យសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារក្នុងអង្គភាព ជាពិសេសកងទ័ព ត្រូវ សំណាង យកទៅចាយវាយ សប្បាយឥតកោតក្រែង។ សោ យ៉ាន់ (សោ ភឹម) និង ឈូក បានប្រគល់ឲ្យ សំណាង នូវបារីទាំងសុងៗ ស្រាថ្លៃៗទាំងដបៗ និងចំណីអាហារឆ្ងាញ់ៗគ្រប់ពេលដែល សំណាង ត្រូវការ។
សំណាង ធ្លាប់ប្រព្រឹត្តកំហុងឆ្គងសីលធម៌ជាមួយនារីៗជាច្រើននាក់ តាំងពីនៅតំបន់២១ នៅសមរភូមិ និងនៅព្រៃវែង។ ឧទាហរណ៍ នៅក្នុងខេត្តព្រៃវែង សំណាង ធ្លាប់បានចាប់រំលោភកុមារីអាយុ១៥ឆ្នាំម្នាក់ ពេលដែលកុមារីរូបនោះកំពុងដេកលក់។ ក្រោយមក កុមារីនោះបានរាយការណ៍ពីការចាប់រំលោភនេះទៅកាន់កម្មាភិបាលភូមិភាគ ហើយរាល់សេចក្តីរាយការណ៍ដោយផ្ទាល់មាត់របស់កុមារីនោះត្រូវកម្មាភិបាល សួរចម្លើយ ថតសម្លេងទុកនៅក្នុងខ្សែអាត់សម្លេង។ ប៉ុន្តែនៅពេលដែលអង្គការចាប់ខ្លួន ផែន ខ្សែអាត់សម្លេង នោះបានធ្លាក់ទៅក្នុងដៃរបស់អង្គការ។
កំណត់ហេតុរបស់ កាំងហ្គេចអ៊ាវ ហៅ ឌុច អំពីទង្វើរបស់ កែវ សំណាង ហៅ ម៉ុន[15] ធ្វើនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៧៦
ឯកសារសរសេរដោយដៃចំនួនពីរទំព័រ ដែលជាសំណេររបស់ ឌុច ប្រធានមន្ទីរ ស-២១ បានបង្ហាញពីសេចក្តីសង្ខេបចម្លើយសារភាពរបស់អ្នកទោសបីនាក់គឺ ព្រុំ មាន ហៅ អ៊ុយ ពិសិដ្ឋ ហៅ ខឿន, សៅ គា និង ឈុំ ឈាង ជាកម្មាភិបាលថ្នាក់វរសេនាតូច នៃតំបន់២៥ ពាក់ព័ន្ធនឹងសកម្មភាពក្បត់របស់ កែវ សំណាង។ សេចក្តីសង្ខេបនេះ បានបង្ហាញពីភាពជាប់ទាក់ទងគ្នារវាង កែវ សំណាង និង សុក ដែលជាលេខាតំបន់ ២៥ ពាក់ព័ន្ធនឹងសកម្មភាពក្បត់បដិវត្តន៍ជាខ្សែរយៈ។ របាយការណ៍ដដែល បានរៀបរាប់ពីការបើកទូលាយឲ្យមានការរត់ទៅជ្រកកោននៅក្នុងអង្គភាពរបស់ កែវ សំណាង និង ចក្រី ពីសំណាក់ជនក្បត់អង្គការទាំងឡាយណាដែលបានអនុវត្តសកម្មភាព ហើយត្រូវការកន្លែងពួនសំងំលាក់ខ្លួនដើម្បីកុំឲ្យមានការចាប់ខ្លួនពីអង្គការ។ ជាចុងក្រោយ ឌុច បានសរុបថា អង្គភាពរបស់ កែវ សំណាង គឺវរសេនាធំ១២៦ ពុំមានជនក្បត់ណាម្នាក់បានរត់ទៅជ្រកកោនឡើយ។ ការសន្និដ្ឋាននេះ គឺបន្ទាប់ពី ឌុច បានអានគ្រប់ចម្លើយសារភាពរបស់អ្នកទោសដែលពាក់ព័ន្ធនឹងករណី កែវ សំណាង និងបានរកឃើញថា អ្នកទោសដែលបានចាប់ខ្លួនមកកាន់មន្ទីរ ស-២១ ពុំបានរៀបរាប់ពីសកម្មភាពរបស់ខ្លួនក្នុងចូលទៅពួនសំងំនៅក្នុងអង្គភាព របស់ កែវ សំណាង ឡើយ។
សេចក្តីសន្និដ្ឋាន
គ្រប់ចម្លើយសារភាពទាំងអស់ដែលបានអាន រួមទាំងកំណត់ហេតុរបស់ ឌុច ជាប្រធានមន្ទីរ ស-២១ ផង ដែលទាក់ទងនឹងករណីឈ្មោះ កែវ សំណាង ហៅ ស៊ីថុន ហៅ ម៉ុន គឺពុំបានបង្ហាញឲ្យឃើញថា សាម៉ីខ្លួនត្រូវបានសម្លាប់ ឬចាប់ខ្លួនមកដាក់ក្នុងមន្ទីរឃុំឃាំង ជាពិសេសមន្ទីរស-២១ឡើយ ខណៈដែល សោ ភឹម, ឈូក, ចក្រី, សុផាន, ផែន និងកម្មាភិបាលជាន់ខ្ពស់ដទៃទៀត ត្រូវអង្គការចាប់ខ្លួន និងសម្លាប់បន្ទាប់ពីសួរចម្លើយរួច។ ចំណែកកម្មាភិបាលឯទៀតៗដែលជាបក្ខពួករបស់ សោភឹម ត្រូវបានចាប់ខ្លួនមកដាក់នៅមន្ទីរ ស-២១ ហើយភាគច្រើនទៀត ត្រូវបានសម្លាប់នៅនឹងទីតាំងសម្លាប់មនុស្សធំៗចំនួនបីកន្លែងគឺ ឫស្សីសាញ់ និងភ្នំកំប្លុក ក្នុងខេត្តព្រៃវែង, និង ទួលពពកវិល ក្នុងខេត្តស្វាយរៀង។[16]
អត្ថបទដោយ ផេង ពង្សរ៉ាស៊ី
[1] ឯកសារ D00144 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ប្រវត្តិជាក់ស្តែងរបស់ កែវ សំណាង»។ ទំព័រ ១៨។
[2] ឯកសារ D00044 និង D00144 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ស្តីពីចម្លើយរបស់ សុផាន និង ផែន អំពី កែវ សំណាង។
[3] ឯកសារ D04202, D04227, D05248, D05487,D05509 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ស្តីពី «ចម្លើយរបស់ សៅ គា យោធាវរសេនាតូច១២៤ កងពល១១» អំពីឈ្មោះ កែវ សំណាង។
[4] ឯកសារ D04247, D05087, D05575, D015422, និង D014216 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ស្តីពី «ចម្លើយរបស់ ឈុំ ឈាង អនុនយោបាយវរសេនាតូច កងពល៧០៣» និង «រចនាសម្ព័ន្ធខ្សែចាត់តាំងរបស់ ឈុំ ឈាង» អំពីឈ្មោះ កែវ សំណាង។
[5] ឯកសារ D21211 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «អំពី កែវ សំណាង (សរុបតាមចម្លើយកូនចៅ សុក តំបន់២៥)»។ ឯកសារនេះ ជាសេចក្តីរាយការណ៍របស់ ឌុច ប្រធានមន្ទីរ ស-២១ ដែលរៀបរាប់ពីចំណុចសំខាន់ៗបីគឺ ១) អំពីអ្នកឆ្លើយ។ ២) ទំនាក់ទំនង និងការឆ្លើយបញ្ជាក់ពីទំនុកចិត្តក្នុងការលាក់ខ្លួននៅក្នុងអង្គភាពរបស់ កែវ សំណាង និង ចក្រី និង ៣) ប្រៀបធៀបទៅនឹងចម្លើយ ចាន់ ផាន។
[6] ឯកសារ D00044 និង D00144 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ស្តីពីចម្លើយរបស់ សុផាន និង ផែន អំពី កែវ សំណាង។
[7] ផែនទីភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ បោះពុម្ពឆ្នាំ១៩៧៦ បង្ហាញថា តំបន់២៤ ស្ថិតនៅក្នុងភូមិភាគបូព៌ាគ្រប់គ្រង់ដោយ សោ ភឹម។ គំនូសព្រំប្រទល់របស់តំបន់២៤ បង្ហាញថា តំបន់នេះគ្រប់គ្រងលើស្រុកមួយចំនួនក្នុងខេត្តព្រៃវែងគឺ ស្រុកព្រះស្តេច ស្រុកកំពង់ត្របែក ស្រុកពាមជរ និងស្រុកមួយចំនួនទៀតក្នុងខេត្តស្វាយរៀងគឺ ស្រុកកំពង់រោទ៍ ស្រុកចន្ទ្រា ស្រុកស្វាយទាប និងទីរួមខេត្តស្វាយរៀង។
[8] សង្ខេបប្រវត្តិសាស្ត្រកម្ពុជា. n.d. Https://4allkhmer.wordpress.com/. Accessed January 8, 2025. https://4allkhmer.wordpress.com/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%9A%E1%9F%92%E1%9E%8F%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/.
[9] Wikipedia Contributors. 2024. “Khmer Serei.” Wikipedia. Wikimedia Foundation. December 21, 2024.
[10] “សឺង ង៉ុកថាញ់.” Wikipedia.org. Wikimedia Foundation, Inc. August 27, 2009. Accessed January 8, 2025. https://km.wikipedia.org/wiki/%E1%9E%9F%E1%9E%BA%E1%9E%84_%E1%9E%84%E1%9F%89%E1%9E%BB%E1%9E%80%E1%9E%90%E1%9E%B6%E1%9E%89%E1%9F%8B.
[11] ឯកសារ D00144 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ប្រវត្តិជាក់ស្តែងរបស់ កែវ សំណាង»។ ទំព័រទី២១។
[12] ផេង ពង្សរ៉ាស៊ី និងអ្នកឯទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២, ភ្នំពេញ, មជ្ឈមណ្ឌលឯកសារកម្ពុជា។ ជំពូកទី២ «តើខ្មែរក្រហមជាអ្នកណា? តើខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា?» ក្នុងជំពូកនេះ ស៊ីវ ហេង ជាលេខាធិការនៃចលនាកុម្មុយនីស្តដំបូងដែលមានឈ្មោះ «រណសិរ្សឯកភាពឥស្សរៈ (ខ្មែរឥស្សរៈ)»។ នៅឆ្នាំ១៩៥១ ស៊ីវ ហេង កាន់តំណែងជាអនុលេខាទីមួយ ទទួលបន្ទុកកិច្ចការយោធា នៃបក្សប្រជាជនបដិវត្តន៍ខ្មែរ។ នៅឆ្នាំ១៩៥៦ ស៊ីវ ហេង បានលួចទាក់ទងសម្ងាត់ជាមួយ លន់ នល់ ដែលជាអគ្គមេបញ្ជាការកងទ័ពរបស់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីស្នើសុំការធានាលើជីវិតផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាថ្នូរនឹងការចុះចូល និងរាយការណ៍ពីកន្លែងលាក់ខ្លួនរបស់សមាជិកខ្លួននៅតាមទីជនបទ។ នៅឆ្នាំ១៩៥៩ ស៊ីវ ហេង បានចុះចូលជាមួយរដ្ឋាភិបាលរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលជាមូលហេតុធ្វើឲ្យសមាជិកប្រមាណ៩០ភាគរយនៃបក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានចាប់ខ្លួន និងសម្លាប់ចោល។
[13] ផែនទីភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ បោះពុម្ពឆ្នាំ១៩៧៦ បង្ហាញថា តំបន់២០ ស្ថិតនៅក្នុងភូមិភាគបូព៌ាគ្រប់គ្រងដោយ សោ ភឹម។
[14] ឯកសារ D00144 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ប្រវត្តិជាក់ស្តែងរបស់ កែវ សំណាង»។ ទំព័រទី២៧-២៩។
[15] ឯកសារ D21211 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ប្រវត្តិជាក់ស្តែងរបស់ កែវ សំណាង»។ ទំព័រទី២៧-២៩។
[16] មជ្ឈមណ្ឌលឯកសារកម្ពុជា. 2008. Review of Burial Sites. D.dccam.org. មជ្ឈមណ្ឌលឯកសារកម្ពុជា. February 18, 2008. http://chrome-extension//efaidnbmnnnibpcajpcglclefindmkaj/https://d.dccam.org/Projects/Maps/List_of_Burial_Site_Most_Updated.pdf.