បទពិសោធន៍របស់និគមន៍ជនសង្គមរាស្រ្តនិយម ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ទាវ ឆុន[1] អាយុ៧៧ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយមានជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំគឺជានិគមន៍ជនរបបសង្គមរាស្រ្តនិយម មកពីខេត្តស្វាយរៀង គឺជាប្រជាជនដែលត្រូវបានសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បញ្ជូនមករស់នៅក្រុងបុរីអូរស្វាយសែនជ័យ ចាប់តាំងពីឆ្នាំ១៩៦៧មកម្លេះ។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ចេង សាមី ដែលជានិគមន៍ជនរបបសង្គមរាស្រ្តនិយម មកពីខេត្តព្រៃវែង និងមានកូនប្រុសស្រី១០នាក់ ចៅជិត២០នាក់ និងចៅទួត១នាក់។ ខ្ញុំមានឪពុក ឈ្មោះ ទាវ សុខ និងម្ដាយឈ្មោះ ម៉ែន ធួង (ស្លាប់អស់ហើយ)។ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៥នាក់។ នៅពីក្មេង ខ្ញុំចូលរៀននៅសាលាបឋមសិក្សាពោធិ៍រាជ។ ក្រោយមក ខ្ញុំប្រឡងចូលរៀននៅវិទ្យាល័យព្រះសូរិយាវង់ រហូតដល់ថ្នាក់ទី៥សង្គមចាស់។ ខ្ញុំអាចនៅចេះអាន ស្ដាប់ និងនិយាយភាសាបារាំងបានខ្លះៗ។
នៅឆ្នាំ១៩៦២ ខ្ញុំឈប់រៀនដោយសារតែជីវភាពក្រលំបាកមិនអាចបន្តការសិក្សាបាននោះទេ។ បន្ទាប់ពីឈប់រៀនមក ខ្ញុំចូលធ្វើការជាកម្មករនៅមន្ទីរសាធារណៈការ។ ការងាររបស់ខ្ញុំ គឺត្រូវដើរចាក់ជ័រកៅស៊ូនៅតាមផ្លូវថ្នល់។ ដោយសារតែធ្វើជាកម្មករហត់នឿយពេក ខ្ញុំក៏មានគំនិតលក់ការ៉េមវិញ។ នៅពេលនោះ ខ្ញុំទទួលបានកម្រៃច្រើនគួរសម។ នៅពេលដែលខ្ញុំកំពុងតែលក់ការ៉េម ខ្ញុំបានឮសេចក្ដីប្រកាសអំពាវនាវអំពីការមករស់នៅក្រុងបុរីអូរស្វាយ ដើម្បីការពារទឹកដី ក្នុងគម្រោងអភិវឌ្ឍន៍នៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា ដែលផ្ដួចផ្ដើមដោយសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ នៅឆ្នាំ១៩៦៧ ខ្ញុំ និងគ្រួសារមករស់នៅបុរីអូរស្វាយ។ ខ្ញុំធ្វើដំណើរមកជាមួយឪពុកមា ដែលមានតួនាទីជានាយទាហានម្នាក់។ ខ្ញុំ និងគ្រួសារបានបន្តប្រកបរបរធ្វើស្រែចម្ការ និងរស់នៅជាធម្មតា រហូតមានរដ្ឋប្រហារលន់ នល់ ទម្លាក់សម្ដេចព្រះបរមរតនកោដ្ឋ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ទើបខ្ញុំនិងគ្រួសារ រួមទាំងប្រជាពលរដ្ឋផ្សេងទៀតនៅបុរីអូរស្វាយទទួលរងគ្រោះដោយសារតែការទម្លាក់គ្រាប់បែក និងក្រោយមកទៀតការចាប់យកទៅសម្លាប់នៅក្នុងរបបខ្មែរក្រហម។
ប៉ុន្មានខែបន្ទាប់ពីរដ្ឋប្រហាររបស់ លន់ នល់, កងទ័ពខ្មែរក្រហមបានចូលមកគ្រប់គ្រងបុរីអូរស្វាយ។ ព្រោះតែវត្តមានកងទ័ពរំដោះខ្មែរក្រហម ការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិក និងទាហាន លន់ នល់ បានចាប់ផ្ដើមមានឡើង។ ការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកនៅបុរីអូរស្វាយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារ ជាច្រើន។ ខ្ញុំឮដំណឹងថា ទាហាន លន់ នល់ មានគម្រោងទម្លាក់គ្រាប់បែក៣០០យប់ ៣០០ថ្ងៃ។ បុរីអូរស្វាយក្រោយមកត្រូវបានប្រែក្លាយទៅជាតំបន់ប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ ការប្រយុទ្ធ និងការទម្លាក់គ្រាប់បែក បានបន្តរហូតដល់ឆ្នាំ១៩៧៤។ ខ្ញុំ និងគ្រួសារមិនបានរត់គេចខ្លួនទៅណានោះទេ។ នៅឆ្នាំ១៩៧៤ ខ្ញុំនិងគ្រួសារត្រូវខ្មែរក្រហមប្រើឲ្យធ្វើការងារនៅកងប្រវាស់ដៃ រហូតដល់ឆ្នាំ១៩៧៥។
នៅខែមិថុនា ឆ្នាំ១៩៧៥ ខ្ញុំឃើញមានការមកដល់នៃប្រជាជន១៧មេសាប្រហែលប្រាំ ឬប្រាំមួយគ្រួសារនៅបុរីអូរស្វាយ។ ប្រជាជន១៧មេសា ភាគច្រើនបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺគ្រុនចាញ់ កង្វះអាហារូបត្ថម្ភ ឬជំងឺគ្មានថ្នាំព្យាបាល។ ចំណែកឯប្រជាជនខ្លះទៀតត្រូវបានសម្លាប់ដោយការចោទប្រកាន់ថាជាភ្នាក់ងារសេ-អ៊ី-អា។ នៅឆ្នាំ១៩៧៦ សហករណ៍ត្រូវបានបង្កើត ហើយប្រជាជននៅអូរស្វាយត្រូវបានចល័តទៅធ្វើការងារឆ្ងាយពីភូមិ និងបង្ខំឱ្យធ្វើការហួសកម្លាំងនៅតាមការដ្ឋាន។ បុរីអូរស្វាយត្រូវបានបំបែកជា២សហករណ៍។ សហករណ៍ទី១ មានប្រជាជនប្រហែល១៨គ្រួសារ និងមានប្រធានក្ដាប់រួមឈ្មោះ មិត្ត តិ។ ចំណែកឯសហករណ៍ទី២ មានប្រជាជនប្រហែល២០គ្រួសារ និងមានមិត្ត សឿន ជាប្រធាន។ នៅឆ្នាំ១៩៧៧ ប្រពន្ធខ្ញុំបង្កើតបានកូនប្រុសម្នាក់។ ខ្មែរក្រហមមិនយោគយល់ និងប្រើឲ្យប្រពន្ធធ្វើការស្រាលៗ ដូចជាបុកអង្ករ ដែលនៅពេលនោះគាត់ទើបតែសម្រាកកូនបានរយៈពេល៧ថ្ងៃប៉ុណ្ណោះ។ ខ្ញុំត្រូវបានបញ្ជូនទៅលើកទំនប់នៅអូរពូក ស្ថិតនៅក្នុងស្រុកសេសាន ដែលជាទំនប់តំបន់។ ខ្ញុំទទួលបានរបបអាហារមិនគ្រប់គ្រាន់ និងធ្វើការលើកទំនប់គ្មានពេលសម្រាក។
នៅឆ្នាំ១៩៧៨ ខ្ញុំបានត្រឡប់មកវិញ។ មិនយូរប៉ុន្មានផង គឺពាក់កណ្ដាលឆ្នាំ១៩៧៨ ប្រជាជនទាំងអស់នៅបុរីអូរស្វាយ ត្រូវបានខ្មែរក្រហមជម្លៀសចេញទៅនៅខាងកើតទន្លេសេកុង។ បន្ទាប់មក ខ្មែរក្រហមចាប់ផ្ដើមសើរើប្រវត្តិរូបនិគមន៍ជនរបស់សម្ដេចព្រះបរមរតនកោដ្ឋ។ ខ្ញុំ និងគ្រួសារ រួមទាំងប្រជាជនផ្សេងទៀត ដែលត្រូវបានរកឃើញថាជានិគមន៍ជនរបបសង្គមរាស្រ្តនិយម ត្រូវបានខ្មែរក្រហមប្រាប់ឲ្យជីករណ្ដៅ និងប្រាប់ថាដើម្បីសម្រាប់ជាលានដ្ឋានការពារខ្លួនពីការបាញ់គ្រាប់ផ្លោងនៅក្នុងរណ្ដៅនោះ។ ប៉ុន្តែតាមពិតទៅរណ្ដៅដែលយើងកំពុងតែជីកនេះគឺសម្រាប់ខ្មែរក្រហមសម្លាប់ និងកប់និគមន៍ជនរបបសង្គមរាស្រ្តនិយមទៅវិញនោះទេ។ ជាសំណាងល្អ នៅពេលដែលខ្ញុំនិងគ្រួសារនិគមន៍ជនផ្សេងទៀតកំពុងតែជីករណ្ដៅ កងទ័ពខ្មែរក្រហមដែលវាយចាញ់កងទ័ពរណសិរ្សបានរត់ និងប្រាប់ឲ្យយើងរត់គេចចេញពីកន្លែងនោះ។ ខ្ញុំ និងគ្រួសារមិនបានរត់តាមកងទ័ពខ្មែរក្រហមដែលរត់គេចនោះទេ តែបានវិលត្រលប់មករស់នៅភូមិវិញ។ នៅឆ្នាំ១៩៨០ ខ្ញុំត្រូវបានរៀបចំឲ្យធ្វើជាមេភូមិ និងបន្តជាមេឃុំ អស់រយៈពេល៧ឆ្នាំ ទើបខ្ញុំចូលនិវត្តន៍។ បន្ទាប់ពីចូលនិវត្តន៍ ខ្ញុំមិនអាចធ្វើអ្វីបានច្រើននោះទេ ពីព្រោះតែជរាភាព៕
អត្ថបទដោយ ស៊ាង ចិន្ដា
[1] សម្ភាសន៍ជាសម្លេង ជាមួយ ទាវ ឆុន អាយុ៧៧ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង, សម្ភាសន៍ដោយ ស៊ាង ចិន្ដា នៅខែមិថុនា ឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា