កងកុមារនៅក្នុងរបបខ្មែរក្រហម

(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)។ (រូបតំណាង)
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មិនមានសាលារៀនផ្លូវការទេ។ កុមារត្រូវបានបញ្ជូនឱ្យរៀននៅក្រោមដើមឈើ ឬនៅក្រោមផ្ទះប្រជាជន។ ចំណែកគ្រូភាគច្រើន គឺជាកសិករក្រីក្រដែលអាចអាន និងសរសេរបានតែបន្តិចបន្តួចប៉ុណ្ណោះ។ ស្របពេលដែលកុមារត្រូវបានបង្ហាត់បង្រៀនឱ្យចេះអាន និងសរសេរអក្សរបន្តិចបន្តួចនោះ ភាគច្រើននៃការអប់រំកុមារទាំងនោះ គឺផ្តោតទៅលើការអប់រំនយោបាយ[1]។ លើសពីនោះ កុមារក៏ត្រូវបានចាត់តាំងឱ្យធ្វើការងារក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក្នុងចំណោមកុមារទាំងនោះក៏មាន សុន មករា ដែរ។ សុន មករា បានរៀបរាប់អំពីរឿងរ៉ាវជីវិតឆ្លងកាត់របបខ្មែរក្រហមដូចខាងក្រោម៖
ខ្ញុំឈ្មោះ សុន មករា[2] កើតនៅក្នុងឆ្នាំ១៩៦២ នៅភូមិជើងទឹក”ក” សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ តូច សុន គឺជាគ្រូបង្រៀន បានស្លាប់បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ចំណែកម្តាយឈ្មោះ សុខ លន់ នៅរស់ជាមួយខ្ញុំ។ កាលពីតូច ខ្ញុំបានចុះឈ្មោះចូលរៀននៅសាលារៀនព្រៃវែងក្រុង (សព្វថ្ងៃគឺសាលាក្នុង) ព្រោះក្នុងភូមិជើងទឹកដែលខ្ញុំរស់នៅ ត្រូវបានកងទ័ពរំដោះខ្មែរក្រហមចូលមកគ្រប់គ្រង និងមិនមានគ្រូបង្រៀនឡើយ។ ខ្ញុំចាំថា នៅអំឡុងពេលនោះមានការបាញ់ផ្លោងដាក់គ្នារវាងកងទ័ពរំដោះខ្មែរក្រហម និងកងទ័ព លន់ នល់ ជាញឹកញាប់ ហើយនៅទីធ្លាខាងមុខសាលារៀនរបស់ខ្ញុំក៏មានលេណដ្ឋានសម្រាប់សិស្សនិងគ្រូបង្រៀនលាក់ខ្លួនដែរ។ ទោះបីយ៉ាងណា ខ្ញុំបានរត់លេងជាមួយសិស្សផ្សេងទៀតនៅសាលាដោយមិនមានការភ័យខ្លាចពីសង្រ្គាមឡើយ។ ដោយឡែកឪពុកម្តាយរបស់ខ្ញុំបារម្ភអំពីសុវត្ថិភាពរបស់ខ្ញុំយ៉ាងខ្លាំង។ ក្រោយមក ទើបកងទ័ព និងគ្រូបង្រៀនបានដើរប្រាប់ឪពុកម្តាយរបស់សិស្សដោយហាមបញ្ជូនកូនៗទៅសាលារៀន នៅពេលទទួលបានដំណឹងពីការវាយប្រយុទ្ធគ្នារវាងកងទ័ព លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។
នៅឆ្នាំ១៩៧០ ខាងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ របស់ លន់ នល់ បានផ្លាស់ប្តូរក្របខណ្ឌការងារឪពុករបស់ខ្ញុំពីគ្រូបង្រៀន ឱ្យចូលបម្រើខាងអង្គភាពទ័ពផ្នែកកុម្មង់ដូវិញ ហើយក្រោយមកឪពុករបស់ខ្ញុំបានកាន់កងវរការពារក្រុងព្រៃវែង និងរស់នៅបន្ទាយទាហានក្នុងក្រុងព្រៃវែងតែម្តង។ ដូច្នេះ ខ្ញុំរួមជាមួយបងប្អូនបង្កើតចំនួន៧នាក់ និងម្តាយរបស់ខ្ញុំបានមកស្នាក់នៅជុំគ្នាជាមួយឪពុករបស់ខ្ញុំនៅបន្ទាយទាហាន។ ចំណែកការរស់នៅ និងរបបហូបចុកគឺខាងកងទ័ពជួយឧបត្ថម្ភ។
ចាប់តាំងពីឆ្នាំ១៩៧០មក គឺមានការបែងចែកតំបន់រដ្ឋបាលគ្រប់គ្រងរវាងកងទ័ពរំដោះខ្មែរក្រហម និងរបបសាធារណរដ្ឋខ្មែររបស់ លន់ នល់ ដោយកងទ័ព លន់ នល់ គ្រប់គ្រងនៅទីប្រជុំជនក្នុងក្រុងព្រៃវែង ចំណែកប្រជាជនដែលរស់នៅជាយក្រុងព្រៃវែង គឺគ្រប់គ្រងដោយកងទ័ពរំដោះខ្មែរក្រហម។ ដូច្នេះនៅពេលមានប្រជាជននៅក្នុងតំបន់គ្រប់គ្រងដោយ លន់ នល់ រត់ទៅរស់នៅស្រុកកំណើតរបស់ខ្លួនវិញ ដូចជានៅក្នុងភូមិជើងទឹក គឺកងទ័ពរំដោះខ្មែរក្រហមលួចស្ទាក់បាញ់ ដូច្នេះឪពុកម្តាយខ្ញុំមិនហ៊ានត្រឡប់មករស់នៅភូមិកំណើតទេ។ ចំណែកចៅហ្វាយខេត្តព្រៃវែងក្នុងរបបសាធារណៈរដ្ឋខ្មែរនៅពេលនោះ គឺជានាយទាហានពាក់ស័ក្តិ៥ ហើយមន្ទីរនៅក្នុងខេត្តព្រៃវែងក៏នាយទាហានគ្រប់គ្រងដែរ។
នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានប្រកាសប្រាប់កងទ័ព លន់ នល់ និងក្រុមគ្រួសារកងទ័ពទាំងអស់ ឱ្យទម្លាក់កាំភ្លើងចុះ និងចាកចេញពីបន្ទាយទាហានក្នុងក្រុងព្រៃវែង។ ឮដូច្នេះ ឪពុករបស់ខ្ញុំបានដូរសម្លៀកបំពាក់ទាហាន លន់ នល់ ចេញ ហើយមកស្លៀកសម្លៀកបំពាក់ស៊ីវិលវិញ។ ឪពុកម្តាយខ្ញុំបានយកសម្ភារបន្តិចបន្តួចប៉ុណ្ណោះទៅជាមួយ។
ឪពុកម្តាយ និងបងប្អូនខ្ញុំ បានចាកចេញតាមផ្លូវបារាយណ៍ខាងកើត រួមជាមួយប្រជាជនជាច្រើនគ្រួសារទៀត ដោយមានកងទ័ពខ្មែរក្រហមចាំកៀរយើងឱ្យធ្វើដំណើរទៅកាន់ភូមិត្រពាំងធំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ពេលទៅដល់ស្រុកស្វាយអន្ទរ ខ្ញុំឃើញខ្មែរក្រហមមួយក្រុមសួរប្រវត្តិរូបប្រជាជនដែលជម្លៀសទៅថ្មីទាំងអស់។ ប្រសិនប្រជាជនណាធ្លាប់ធ្វើជាទាហាន លន់ នល់ ខ្មែរក្រហមយកទៅទុកមួយឡែក។ ឪពុករបស់ខ្ញុំបានប្រាប់ខ្មែរក្រហមថា គាត់ធ្វើជាគ្រូបង្រៀនកាលពីសង្គមចាស់ ព្រោះនៅទីនោះក៏មានអតីតកូនសិស្សរបស់ឪពុកខ្ញុំធ្វើជាកងទ័ពខ្មែរក្រហមដែរ ហើយបានហៅឪពុករបស់ខ្ញុំថាគ្រូទៀតផង។ ខ្មែរក្រហមបានឱ្យឪពុកម្តាយនិងបងប្អូនខ្ញុំទៅរស់នៅជាមួយប្រជាជនមូលដ្ឋាន នៅក្នុងភូមិសុបិន្ត ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ។ ខ្មែរក្រហមបានបែងចែកខ្ញុំឱ្យទៅនៅកងកុមារ និងស្នាក់នៅផ្ទះ។ ចំណែកឯបងៗរបស់ខ្ញុំនៅក្នុងកងចល័តនិងទៅធ្វើការនៅតាមការរដ្ឋានការងារផ្សេងៗ។ នៅទីនោះ ប្រជាជនមូលដ្ឋានបានធ្វើបាបគ្រួសារខ្ញុំនិងប្រជាជនដែលជម្លៀសទៅថ្មីដោយចោទយើងថា គឺជាឈ្លើយសឹក។ បងរបស់ខ្ញុំ និងខ្ញុំចេញទៅឃ្វាលក្របី ហើយបានឈ្លោះប្រកែកគ្នាជាមួយកូនប្រជាជនមូលដ្ឋាន។ កុមារដែលជាកូនរបស់ប្រជាជនមូលដ្ឋានបានតាមរករឿងខ្ញុំ និងបងរបស់ខ្ញុំ ហើយនឹងនាំគ្នាព្រួតវាយយើង។ ប្រជាជនមូលដ្ឋានរើសអើង យើងខ្លាំងណាស់ និងមិនចង់និយាយរកយើងទេ។
នៅក្នុងកងកុមារ ខ្ញុំក៏បានទៅរៀនដែរ ប៉ុន្តែមិនមានសម្ភារសិក្សាគ្រប់គ្រាន់ទេ។ ខ្ញុំបានយកក្រដាសស៊ីម៉ង់ត៍ និងស្លឹកត្នោតទៅសរសេរ ព្រោះមិនមានសៀវភៅ។ គ្រូ បង្រៀនខ្ញុំតែអក្សរ ក ខ គ ឃ ប៉ុណ្ណោះ។ ខ្ញុំរៀនរយៈពេលមួយម៉ោងក្នុងមួយថ្ងៃ។ គ្រូបង្រៀនគឺជ្រើសរើសចេញពីយុវជននៅមូលដ្ឋានឱ្យបង្រៀនកុមារ ហើយក៏មិនសូវយកចិត្តទុកដាក់កុមារដែរ។ គ្រូបង្រៀនមិនបានដាក់ចំណាត់ថ្នាក់ឱ្យសិស្សនៅក្នុងថ្នាក់ទេ។ គ្រូបង្រៀនហាក់ដូចជាប្រមូលផ្តុំកុមារដើម្បីយកមកអប់រំ។ ពេលចូលរៀនម្តងៗគ្រូបង្រៀនឱ្យកុមារច្រៀងចម្រៀងខ្មែរក្រហមបទ «ឈាមក្រហមឆ្អៅ»។ នៅពេលខ្ញុំលេង ឬទៅឃ្វាលក្របីក៏ខ្ញុំតែងតែច្រៀងបទចម្រៀងនោះដែរ។ ក្រៅពីរៀន ខ្ញុំចេញទៅឃ្វាលគោនិងក្របី។ បងៗរបស់ខ្ញុំធ្វើស្រែនិងជីកប្រឡាយ។ ម្តាយរបស់ខ្ញុំធ្វើការខាងសិប្បកម្ម។ ឪពុករបស់ខ្ញុំធ្វើរទេះ និងត្បាល់កិន។
នៅក្នុងរដូវប្រាំង ឆ្នាំ១៩៧៨ ខ្មែរក្រហមបានបញ្ជូនឪពុកម្តាយខ្ញុំ និងបងប្អូនខ្ញុំមករស់នៅភូមិជើងទឹក”ខ”វិញ។ នៅពេលខ្ញុំមកភូមិជើងទឹកខ ប្រជាជននៅទីនេះនៅតែមានការរើសអើងរវាងប្រជាជនមូលដ្ឋាន និងប្រជាជនដែលជម្លៀសមកថ្មីដដែល។ មួយរយៈក្រោយមក ខ្មែរក្រហមបានដើរស្រង់ឈ្មោះក្រុមគ្រួសារខ្ញុំ និងប្រជាជនដែលជម្លៀសមកថ្មីដើម្បីបញ្ជូនឱ្យទៅរស់នៅដីខ្លាញ់។ ខ្ញុំត្រូវបានជម្លៀសទៅដេកនៅអ្នកលឿងមួយយប់ដើម្បីរង់ចាំកប៉ាល់ជិះទៅច្បារអំពៅ ក្នុងក្រុងភ្នំពេញ។ បន្ទាប់មកក្រុមគ្រួសារខ្ញុំបានជិះរត់ភ្លើងពីភ្នំពេញ ទៅរស់នៅខេត្តបាត់ដំបង។ ពេលទៅដល់ទីនោះ ខ្មែរក្រហមបញ្ជូនក្រុមគ្រួសារខ្ញុំទៅរស់នៅភូមិទួលស្គរ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ខ្មែរក្រហមបានបំបែកសមាជិកកក្រុមគ្រួសារខ្ញុំទៅធ្វើការនៅតាមកងរៀងៗខ្លួន។ ខ្ញុំនៅក្នុងកងកុមារ និងត្រូវរស់នៅបែកក្រុមគ្រួសារ។ ខ្ញុំមើលថែទាំគោមួយនឹម និងភ្ជួរាស់ដី ដោយមានមេកងគឺជាអ្នកមូលដ្ឋាន។ ការងារពេលនោះគឺហត់នឿយខ្លាំងណាស់ ប៉ុន្តែខ្ញុំបានហូបចុកគ្រប់គ្រាន់។ នៅក្នុងកងរបស់ខ្ញុំ មានប្រជាជនថ្មីភាគច្រើនមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ប្រជាជនចាស់អាចលួចអាហារហូបបាន ប៉ុន្តែសម្រាប់ប្រជាជនថ្មីគឺតឹងរឹងណាស់។ មិត្តភក្តិរបស់ខ្ញុំប្រាប់ខ្ញុំឱ្យក្លែងខ្លួនធ្វើជាប្រជាជនមូលដ្ឋាន គឺត្រូវនិយាយភាសា ឬសំដី ឲ្យដូចទៅនឹងសំនៀងរបស់ប្រជាជនមូលដ្ឋាននៅទីនោះ។ ដូច្នេះខ្ញុំអាចលួចអាហារហូបបានដោយមិនមានការចាប់កំហុសឡើយ។ មិត្តភក្តិខ្ញុំម្នាក់មកពីស្វាយរៀងបានលួចកាច់អំពៅត្រូវបានខ្មែរក្រហមយកទៅសម្លាប់។
ពេលនោះមិននឹកនាផ្ទះ និងឪពុកម្ដាយឡើយ គឺធ្វើតាមតែអង្គការបញ្ជាប៉ុណ្ណោះ។ យូរៗម្តង ខ្ញុំមកលេងម្តាយពេលដែលគាត់នៅមើលថែទាំងកុមារតូចៗ។ កងកុមាររស់នៅរួមគ្នា ហើយកុមារស្រីប្រុសដេករួមគ្នា។ នៅទីនោះ អ្នកខុសសីលធម៌ត្រូវខ្មែរក្រហមយកមកសម្លាប់ដើម្បីគម្រាបប្រជាជនផ្សេង។ ការគ្រប់គ្រងនៅខេត្តបាត់ដំបងតឹងតែងជាងនៅខេត្តព្រៃវែង។ បងប្រុសទី១របស់ខ្ញុំមានអាយុជាង៣០ឆ្នាំ ដែលធ្វើការនៅកងចល័តពិសេស បានស្លាប់ដោយសារខ្មែរក្រហមយកទៅសម្លាប់នៅដើមឆ្នាំ១៩៧៩។ ខ្មែរក្រហមចោទបងប្រុសរបស់ខ្ញុំថា បានចូលដៃចូលជើងជាមួយវៀតណាម។ នៅដើមឆ្នាំ១៩៧៩ ដដែលកងសន្តិសុខខ្មែរក្រហមមកពីភូមិភាគនិរតី បានហៅប្រជាជនដែលជម្លៀសមកពីភូមិភាគបូព៌ាទៅសម្លាប់នៅចម្ងាយប្រហែលជា១០០ម៉ែត្រពីភូមិរស់នៅ។ ខ្ញុំឃើញខ្មែរក្រហមវាយមនុស្ស និងឃើញខោអាវដែលនៅសេសសល់។ ខ្ញុំរស់នៅខេត្តបាត់ដំបង រហូតថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
នៅពេលមានចលាចលខ្លាំង ខ្មែរក្រហមបានកៀរប្រជាជនទៅនៅជំរំ។ ខ្ញុំត្រូវបានខ្មែរក្រហមកៀរទៅដែរ ប៉ុន្តែឪពុករបស់ខ្ញុំទៅតាមយកខ្ញុំត្រឡប់មកវិញ។ ពេលនោះ ខ្មែរក្រហមចាត់ទុកខ្ញុំគឺជាប្រជាជនមកពីភូមិភាគនិរតី ព្រោះខ្ញុំនិយាយស្តីដូចខ្មែរក្រហមមកពីភូមិភាគនិរតីដែរ។ ខ្ញុំជួបជុំឪពុកម្តាយនិងបងប្អូន ហើយបាននាំគ្នាត្រឡប់មកស្រុកកំណើតវិញ។ យើងទៅកើបស្រូវពីជម្រុកដែលទុកចោលនៅតាមផ្លូវយកមកបុកហូប។ យើងយកស្រូវយកមកតាមខ្លួនច្រើន ប៉ុន្តែនៅពេលស្ពាយមិនរួច យើងក៏ទុកចោលខ្លះ។
ឪពុម្តាយនិងប្អូនខ្ញុំមានបំណងមករស់នៅភូមិជើងទឹកខ ប៉ុន្តែពេលមកដល់ភូមិក៏មានប្រជាជនមករស់នៅមុនហើយ ដូច្នេះគ្រួសារខ្ញុំក៏ប្តូរមករស់នៅភូមិជើងទឹកកខ ដែលជាដីរបស់ឪពុកខ្ញុំបានទិញតាំងពីគាត់នៅធ្វើជាគ្រូបង្រៀនពីសង្គមចាស់។ ក្រោយមកខ្ញុំបានចុះឈ្មោះចូលរៀន។ ខ្ញុំរៀនដល់ថ្នាក់ទី៦ក៏ឈប់រៀន ហើយចូលធ្វើទាហានពីឆ្នាំ ១៩៨៣ ដល់១៩៩៣។ ក្រោយមក ខ្ញុំបានប្តូរពីក្របខណ្ឌទាហានមកធ្វើប៉ូលីសរហូតដល់ខ្ញុំចូលនិវត្តន៍។ សព្វថ្ងៃខ្ញុំមានកូន២នាក់ ហើយកូនរបស់ខ្ញុំកំពុងរៀននៅឡើយ។
អត្ថបទដោយ សោម ប៊ុនថន
[1] សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), ទំព័រ៤៥, បោះពុម្ពលើកទី២ ឆ្នាំ២០២១ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងប្រវត្តិសាស្ត្រគ្រួសារ, បទសម្ភាសន៍ សោម ប៊ុនថន និង សុន មករា នៅភូមិជើងទឹកក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។