កុមារយោធា

(ក្រចេះ)៖ ហែន គឹមឆេន អាយុ៦០ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នរស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃនេះ គឹមឆេន មានជំងឺបេះដូង ព្រមទាំងមានអាការឆាប់តក់ស្លុត ពេលដែលចង្វាក់បេះដូងលោតបុកម្ដងៗ គាត់ពិបាកទ្រាំជាខ្លាំង។ ជំងឺនោះ គាត់ទើបតែកើតមានក្នុងឆ្នាំ២០២០ ហើយរយៈពេលកន្លងមកនេះ គាត់មិនសូវបានទៅមន្ទីរពេទ្យពិនិត្យសុខភាពបានញឹកញាប់នោះទេ។
នៅក្នុងរបបខ្មែរក្រហម គឹមឆេន មានអាយុប្រហែល១០ឆ្នាំ ហើយគាត់មានតួនាទីជាយោធាខ្មែរក្រហម ធ្វើការនៅស្រែពង្រ ប្រធានអង្គភាពឈ្មោះ ឡា។ នៅក្នុងអង្គភាពដែលគាត់ធ្វើការ មានសមាជិក៣០នាក់។ ពាក់ព័ន្ធនឹងរបបអាហារនៅអំឡុងពេលនោះ មិនថាជាប្រជាជនធម្មតា ឬយោធាទេ គឺទទួលបានស្មើៗគ្នា។ គឹមឆេនធ្វើការងារដោយមិនសូវមានពេលសម្រាកនោះទេ គឺត្រូវត្រៀមខ្លួនជាប់ជានិច្ច ព្រោះតែមិនដឹងថាពេលណាសត្រូវចូលមកនោះទេ។ សម្រាប់ការព្យាបាលនៅក្នុងរបបខ្មែរក្រហម នៅតាមសហករណ៍នីមួយៗ មានគ្រូពេទ្យចាំទទួលព្យាបាលជំងឺរបស់ប្រជាជន ប៉ុន្តែមិនសូវសម្បូរគ្រូពេទ្យឡើយ។ ម្យ៉ាងវិញទៀត គ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម មិនសូវមានជំនាញប៉ុន្មានទេ ព្រោះពេលនោះខ្មែរក្រហម ចាត់តាំងប្រជាជនដែលខ្វះចំណេះវិជ្ជាទៅសិក្សាជំនាញព្យាបាល ហើយការសិក្សានោះ មានរយៈពេលខ្លី ត្រឹមតែបីទៅប្រាំមួយខែប៉ុណ្ណោះ។ កត្តាដែលគ្រូពេទ្យគ្មានជំនាញវិជ្ជាជីវៈ បានបណ្ដាលឲ្យប្រជាជនជាច្រើនរាប់មិនអស់ បាត់បង់ជីវិត។ ការព្យាបាលរបស់គ្រូពេទ្យគ្មានរោគវិនិច្ឆ័យច្បាស់លាស់ ហើយថ្នាំក៏មិនសម្បូរបែប។
សកម្មភាពរបស់ខ្មែរក្រហមនៅតាមមូលដ្ឋាន រួមមានដូចជា ធ្វើទារុណកម្ម, សម្លាប់, រំលោភផ្លូវភេទលើស្រ្តី និងវាយកម្ទេចវត្តអារាម យោធាដូចជា គឹមឆេន គឺមិនដឹងព័ត៌មាននេះទេ ព្រោះតែភាគច្រើនគឺគាត់នៅតែសមរភូមិប៉ុណ្ណោះ។ ព័ត៌មានមួយចំនួនដែលគាត់បានដឹង គឺតាមរយៈការនិយាយប្រាប់ពីសំណាក់ប្រជាជនដែលរស់នៅមូលដ្ឋានផ្ទាល់។ ទុក្ខលំបាកដែល គឹមឆេន ជួបប្រទះនៅក្នុងសមរភូមិប្រយុទ្ធ គឺការប្រឈមមុខជាមួយនឹងគ្រាប់កាំភ្លើង និងគ្រាប់ផ្លោង។ ថ្វីត្បិតតែការប្រឈមមុខជាមួយនឹងគ្រាប់កាំភ្លើងធ្វើឲ្យគាត់ភ័យខ្លាចក៏ពិតមែន គាត់នៅតែមិនបោះបង់ គឺគាត់នៅតែបន្តការប្រយុទ្ធជាមួយសត្រូវ។ ផលពិបាកមួយទៀតនោះគឺ នៅក្នុងរដូវវស្សា មានភ្លៀងធ្លាក់ ផ្គររន្ទះ ហើយកន្លែងសម្រាកក៏មិនមានត្រឹមត្រូវ ដើម្បីសម្រាកបានសុខស្រួលឡើយ។
ពីមួយថ្ងៃទៅមួយថ្ងៃ គឹមឆេន ឈរជើងនៅតែសមរភូមិ មិនបានចេញទៅទីណានោះទេ សូម្បីតែត្រលប់មកផ្ទះជួបសួរសុខទុក្ខឪពុកម្ដាយក្តី ព្រោះខ្មែរក្រហមមិនអនុញ្ញាត។ ឈានចូលដល់ពេលជិតបញ្ចប់របបខ្មែរក្រហម មានការវាយចូលរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម នៅពេលនោះជាពេលវេលាដែលយោធាខ្មែរក្រហមមានសកម្មភាពប្រយុទ្ធយ៉ាងក្ដៅគគុក។ ការប្រយុទ្ធគ្នារវាងយោធាខ្មែរក្រហម និងកងទ័ពស្ម័គ្រចិត្តវៀតណាមនៅតែបន្ត រហូតដល់ពេលមួយយោធារបស់ខ្មែរក្រហមធ្លាក់ខ្សោយ បាក់កម្លាំងទ័ព ដែលជាចុងក្រោយធ្វើឲ្យកងទ័ពស្ម័គ្រចិត្តវៀតណាមអាចយកឈ្នះខ្មែរក្រហម។ យោធារបស់ខ្មែរក្រហម បានកៀរគរប្រជាជនមួយចំនួនរត់ចូលក្នុងព្រៃ ដើម្បីពង្រឹងកម្លាំងទ័ព ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។
ចាប់តាំងពីរបបខ្មែរក្រហមបានដួលរលំ គឹមឆេន បានត្រលប់មកភូមិកំណើតរស់នៅជាមួយនឹងគ្រួសារ។ បន្ទាប់មក គាត់បានរៀបការជាមួយនឹងភរិយារបស់គាត់ និងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល៕
សម្ភាសន៍ដោយ៖ ហែម សុខឃីម ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥