របបអាហារ អង្គការជាអ្នកបែងចែក

នួន គីម អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅខេត្តក្រចេះ (២០២៤)។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(ក្រចេះ)៖ នួន គីម មានអាយុ៨៧ឆ្នាំ រស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ដោយសារតែបច្ចុប្បន្ននេះគាត់មានអាយុច្រើន គាត់មានជំងឺប្រចាំកាយ ដោយមួយថ្ងៃឈឺមួយថ្ងៃជាទៅតាមអាយុរបស់គាត់។ គាត់មានជំងឺស្ពឹកដៃជើងតាំងពីរបបខ្មែរក្រហមមកម្ល៉េះ។

នៅក្នុងរបបខ្មែរក្រហម គីម ជាប្រជាជនមូលដ្ឋាន ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើការងារនៅភូមិអូរស្វាយ ហើយការងារដែលគាត់ធ្វើនៅពេលនោះគឺ ធ្វើស្រែ ដក-ស្ទូង និងក្រោយមកចូលធ្វើនៅផ្នែកស្រូវ-អង្ករ។ នៅក្នុងរបបនោះ ប្រជាជនស្ទើរតែគ្រប់រូប ទទួលរងផលលំបាកពីការងារ មានន័យថាប្រជាជនទាំងអស់ត្រូវមានតួនាទីធ្វើការងារជូនអង្គការសឹងតែគ្មានពេលឈប់សម្រាក។ ប្រជាជនត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យគ្រប់តាមផែនការដែលអង្គការកំណត់។

គីម បាននិយាយថា ការលំបាករបស់មនុស្សម្នាក់គឺមានខុសៗគ្នា ថ្វីត្បិតតែជួបប្រទះផលលំបាកក៏ពិតមែន គ្មានប្រជាជនណាម្នាក់ហ៊ានប្រឆាំងតវ៉ាជាមួយអង្គការឡើយ។ នៅក្នុងពេលនោះ អង្គការបញ្ជាឲ្យធ្វើអ្វីគឺត្រូវតែធ្វើតាម ព្រោះប្រជាជនគ្រប់រូបខ្លាចអង្គការចាប់យកទៅធ្វើទារុណកម្ម និងសម្លាប់ចោល។

គីម បានចែករំលែកពីបញ្ហាហូបចុកនៅក្នុងរបបខ្មែរក្រហមទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា៖ “នៅសម័យនោះ ការហូបចុកគឺធម្មតាដែរ គ្រាន់តែថាហូបបាយសម្លរួម ពេលខ្លះក៏ហូបបានគ្រប់គ្រាន់ ហើយពេលខ្លះទៀតក៏ខ្វះខាត។” នៅពេលហូបបាយគឺតែងតែមានអ្នកចាំបែងចែកចំណែកអាហារឲ្យប្រជាជន មិនត្រឹមតែបាយនោះទេសូម្បីតែទឹកបរិភោគក៏ត្រូវហូបដោយមានកំណត់ដែរ។ ពេលនោះមានប្រជាជនច្រើន ហើយរបបស្រូវ-អង្ករ អង្គការផ្ដល់ឲ្យមិនច្រើននោះទេ។

ចំពោះរឿងរ៉ាវពាក់ព័ន្ធនឹងការបំពានលើរូបរាងកាយរបស់ស្រ្តី ការធ្វើទារុណកម្ម និងការសម្លាប់ប្រជាជនវិញ ប្រជាជនធម្មតាមិនមាននរណាឃើញពីព្រឹត្តិការណ៍ទាំងអស់នោះផ្ទាល់នឹងភ្នែកឡើយ។ ព័ត៌មានដែលប្រជាជនបានដឹង គឺគ្រាន់តែឮតាមរយៈការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយថា នៅតំបន់ណាមួយនៅក្នុងស្រុក មានការធ្វើទារុណកម្ម និងសម្លាប់។ គីម បានបញ្ជាក់បន្ថែមថា ខ្មែរក្រហម បានវាយបំផ្លាញរូបព្រះពុទ្ធប្បដិមា និងវាយកម្ទេចចេតិយចោល នៅវត្តសំបុក ប៉ុន្តែការចាប់ផ្សឹកព្រះសង្ឃ គឺគាត់មិនដែលបានឃើញឡើយ។

នៅក្នុងរបបខ្មែរក្រហម គីម មិនបានរស់នៅជុំជាមួយនឹងគ្រួសាររបស់គាត់នោះទេ ប្ដី និងកូនរបស់គាត់ត្រូវអង្គការបំបែកឲ្យទៅរស់នៅផ្សេង។ នៅអំឡុងពេលនោះគាត់រស់នៅក្នុងព្រៃម្នាក់ឯង គ្មានក្រុមគ្រួសារនៅជិតគាត់ឡើយ។ នៅពេលនោះដែរ គាត់ចាប់ផ្ដើមមានជំងឺស្ពឹកដៃជើង ពិបាកធ្វើការងារ ដូច្នេះហើយអង្គការបានចោទប្រកាន់ថាគាត់ធ្វើពុតជាឈឺ ព្រោះមិនចង់ទៅធ្វើការ។

បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ គ្រួសាររបស់គីម បានវិលត្រលប់មករស់នៅជួបជុំគ្នាវិញប្រកបដោយភាពសុខដុម៕

សម្ភាសន៍ដោយ៖ ហែម សុខឃីម ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin