អង្ករមួយកំប៉ុងបបរហូបគ្នាប្រាំនាក់

(កំពង់ធំ)៖ សេង ប៊ុននី អាយុ៦៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់់ធំ។ ជំងឺប្រចាំកាយរបស់គាត់គឺ លើសសម្ពាធឈាម និងជំងឺបេះដូង ឆាប់ភ័យតក់ស្លុត។
មុនពេលដែលរបបខ្មែរក្រហមចូលកាន់កាប់អំណាចទូទាំងប្រទេសកម្ពុជា នៅជិតភូមិកំណើតរបស់ ប៊ុននី មានការទម្លាក់គ្រាប់បែក។ ការទម្លាក់គ្រាប់បែកនោះមិនប៉ះពាល់ដល់តំបន់រស់នៅរបស់ប្រជាជនឡើយ គឺទម្លាក់ទៅលើតំបន់ដែលកងទ័ពវៀតកុងបោះទ័ពប៉ុណ្ណោះ។ ថ្វីត្បិតតែមិនប៉ះពាល់ផ្ទះសំបែងរបស់ប្រជាជនក៏ពិតមែន ប្រជាជននៅតែមានការភ័យខ្លាច។ នៅពេលនោះ នៅតាមផ្ទះរបស់ប្រជាជន តែងតែមានលេណដ្ឋាន(ត្រង់សេ)មួយនៅក្បែរជានិច្ច ដើម្បីគេចពីគ្រាប់បែក។
ឈានចូលដល់របបខ្មែរក្រហម ប៊ុននី ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការងារនៅក្នុងកងចល័ត។ ទាល់តែរយៈពេលរាប់ខែ ទើបគាត់បានត្រលប់មកផ្ទះម្ដង។ ប៊ុននី ត្រូវលើកទំនប់ នៅទំនប់៣០កញ្ញា ដោយនៅក្នុងមួយថ្ងៃ គាត់ត្រូវលើកឲ្យបានបីម៉ែត្រគូប។ របបអាហារដែល ប៊ុននី ទទួលបាននៅពេលដែលចេញទៅធ្វើការងារក្នុងកងចល័ត គឺមួយថ្ងៃបានពីរពេល ពេលថ្ងៃត្រង់ និងពេលល្ងាច។ នៅតំបន់របស់ ប៊ុននី ពេលដែលរដូវប្រាំងទើបតែប្រមូលផលស្រូវបានថ្មីៗ អង្គការផ្ដល់បាយឲ្យប្រជាជន ប៉ុន្តែហូបមិនឆ្អែតឡើយ។ ចំណែកឯរដូវវស្សាវិញ ប្រជាជានទទួលបានអង្ករមួយកំប៉ុង ដើម្បីបបរហូបគ្នាចំនួនប្រាំនាក់។
តាមរយៈការរៀបរាប់របស់ប៊ុននី នៅក្នុងរបបខ្មែរក្រហម គាត់មិនដែលឈឺអ្វីធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែគ្រុនក្ដៅ, ឈឺក្បាល និងរាគរូស។ ចំពោះថ្នាំសម្រាប់ព្យាបាល មានត្រឹមថ្នាំដែលផលិតនៅក្នុងស្រុក មានរាងមូល ពណ៌ខ្មៅ ដែលប្រជាជននិយមហៅនៅក្នុងរបបនោះថា “ថ្នាំអាចម៍ទន្សាយ”។ នៅសហករណ៍ក្នុងតំបន់របស់ប៊ុននី មិនមានកន្លែងសម្រាកព្យាបាលអ្នកជំងឺធ្ងន់ធ្ងរឡើយ។ ក្នុងករណីមានអ្នកជំងឺដែលពេទ្យនៅក្នុងកងមើលមិនជា គឺត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្ត។
នៅក្នុងរបបខ្មែរក្រហម ប៊ុននី និងប្រជាជនដទៃទៀតខិតខំធ្វើការងារ មិនសូវហ៊ានឈប់សម្រាកនោះទេ ព្រោះខ្លាចអង្គការស្ដីបន្ទោស និងធ្វើបាប។ ផែនការការងារដែលអង្គការកំណត់ចាត់តាំងឲ្យធ្វើប៉ុន្មាន គឺត្រូវតែធ្វើឲ្យរួចរាល់។ ប្រសិនជាធ្វើការងារមិនបានតាមការកំណត់ទេ ប្រជាជនទាំងនោះមិនបានសម្រាកឡើយ។ ជារៀងរាល់ថ្ងៃនៅម៉ោងប្រាំព្រឹក ប្រជាជនត្រូវតម្រង់ជួរគោរពទង់ជាតិសិន បន្ទាប់មកទើបអង្គការអនុញ្ញាតឲ្យចេញទៅធ្វើការងារ។ ប្រជាជនទាំងអស់ត្រូវចាប់ផ្ដើមធ្វើការងារតាំងពីព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបអង្គការវាយជួង ឬផ្លុំកញ្ចែបញ្ជាក់ពីសញ្ញាឈប់សម្រាក ដើម្បីហូបអាហារថ្ងៃត្រង់។ បន្ទាប់ពីហូបអាហារថ្ងៃត្រង់រួច គឺត្រូវធ្វើការងារបន្តទៀតរហូតដល់ពេលល្ងាចម៉ោងប្រាំ ឬម៉ោងប្រាំមួយទើបសម្រាកហូបអាហារពេលល្ងាច។
នៅក្នុងរដូវប្រាំង អង្គការចាត់តាំងឲ្យ ប៊ុននីលើកទំនប់ និងជីកប្រឡាយ ចំណែករដូវវស្សា ការងារដែលគាត់ធ្វើគឺ ដក-ស្ទូងស្រូវ និងច្រូតស្រូវ។ ប៊ុននី បាននិយាយថាទិន្នផលស្រូវដែលប្រមូលបានមួយភាគធំ ត្រូវបានផ្គត់ផ្គង់លើការនាំចេញទៅខាងក្រៅ រីឯរបបអាហាររបស់ប្រជាជនគឺជាចំណែកសេសសល់ពីការនាំចេញប៉ុណ្ណោះ។ ខ្មែរក្រហមគិតដល់ការនាំទិន្នផលចេញខ្លាំងជាងការផ្គត់ផ្គង់ទៅលើរបបអាហាររបស់ប្រជាជន ដូច្នេះហើយប្រជាជនដែលរស់នៅក្នុងរបបខ្មែរក្រហម គ្មាននរណាហូបចុកបានឆ្អែតឡើយ។
នៅក្នុងរបបខ្មែរក្រហម ប្រជាជនមិនត្រូវបានអនុញ្ញាតឲ្យគោរពប្រណិប័តន៍សាសនាឡើយ។ ព្រះវិហារនៅក្នុងវត្តត្រូវវាយកម្ទេចចោល ព្រះសង្ឃត្រូវផ្សឹកហើយចេញទៅធ្វើការងារដូចប្រជាជន។ កម្មវិធីស្ទើរតែទាំងអស់ត្រូវលុបបំបាត់ចោល មានតែពេលចូលឆ្នាំខ្មែរប៉ុណ្ណោះ ដែលអង្គការអនុញ្ញាតឲ្យធ្វើម្ហូបអាហារ មានការកាប់សត្វគោធ្វើម្ហូប ធ្វើបង្អែម ហើយហៅប្រជាជនទៅហូបអាហារជុំគ្នា។ មិនត្រឹមតែសាសនា សូម្បីការសិក្សារបស់ប្រជាជនក៏ត្រូវលុបបំបាត់។ កុមារតូចៗត្រូវឈប់រៀន ហើយធ្វើការងារឲ្យអង្គការ។
ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ប៊ុននី និងគ្រួសារ ព្រមទាំងប្រជាជនដទៃទៀត បានវិលត្រលប់ទៅភូមិកំណើតស្វែងរកសាច់ញាតិ ប្រជាជនខ្លះក៏រកឃើញសាច់ញាតិបងប្អូន ចំណែកសាច់ញាតិអ្នកខ្លះទៀតត្រូវបាត់ខ្លួន៕
សម្ភាសន៍ដោយ៖ សេង គឹមឡាង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥