វ៉ា សាម៉ាក់៖ ប្តីខ្ញុំបាត់ខ្លួនដោយសារធ្វើជាទាហាន លន់ នល់

ខ្ញុំឈ្មោះ វ៉ា សាម៉ាក់[1] កើតនៅឆ្នាំ១៩៤៩ នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ វ៉ា កែវ និងម្ដាយឈ្មោះ មាស យ៉ាន់ ព្រមទាំងមានបងប្អូនបង្កើតចំនួន៣នាក់។ កាលពីតូច ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាបាសាក់។ ខ្ញុំរៀនពីរពេលគឺ ពេលព្រឹក និងពេលរសៀល ហើយខ្ញុំត្រូវដើរទៅរៀនដោយខ្លួនឯង។ ខ្ញុំរៀនដល់ថ្នាក់ទី៧ក៏ឈប់រៀន ហើយនៅឆ្នាំ១៩៦៦ ខ្ញុំបានរៀបការជាមួយប្តីឈ្មោះ គឹម ពៅប៉ា។ បន្ទាប់ពីរៀបការរួច ខ្ញុំមានកូនស្រីម្នាក់។
នៅអំឡុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកពីកងទ័ព នល់ នល់ និងកងទ័ពវៀតណាមខាងត្បូង ដូច្នេះខ្ញុំ និងប្តីបាននាំកូនៗរត់កាត់ស្ទឹងបាសាក់ទៅលាក់ខ្លួននៅភូមិតាណរ៍ ឃុំស្វាយតឿ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ រហូតដល់ស្ងប់ស្ងាត់ការទម្លាក់គ្រាប់បែក ទើបខ្ញុំ និងក្រុមគ្រួសារត្រឡប់មកស្នាក់នៅផ្ទះវិញ និងបាននាំគ្នាជីកត្រង់សេ (លេណដ្ឋាន) នៅជាប់ផ្ទះដើម្បីការពារខ្លួន។ នៅពេលឮសំឡេងយន្តហោះទម្លាក់គ្រាប់ហោះមកម្តងៗ ខ្ញុំនិងប្តីបាននាំកូនស្រី៣នាក់ចូលលាក់ខ្លួននៅក្នុងត្រង់សេ ប៉ុន្តែសំណាងល្អគ្រាប់បែកទាំងនោះធ្លាក់មិនចំផ្ទះខ្ញុំ។ ក្រោយមក ប្តីរបស់ខ្ញុំបានចូលធ្វើទាហាន លន់ នល់ ដើម្បីវាយប្រយុទ្ធជាមួយកងទ័ពរំដោះខ្មែរក្រហមដែលចូលមកឃោសនាអូសទាញប្រជាជននៅក្នុងភូមិ។
នៅពេលខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យច្រូតស្រូវ, ជីកប្រឡាយ និងលើកភ្លឺស្រែនៅរដូវប្រាំង ដោយដាក់ផែនការឱ្យខ្ញុំលើកភ្លឺស្រែប្រវែង១០ម៉ែត្រក្នុងមួយថ្ងៃ។ ក្រៅពីនោះ ខ្មែរក្រហមចាត់តាំងខ្ញុំទៅបុកស្រូវឱ្យបាន១០តៅក្នុងមួយថ្ងៃ និងរែងយកអង្ករទៅដាក់នៅរោងបាយរួម។ កូនស្រីរបស់ខ្ញុំធ្វើការនៅក្នុងកងកុមារ ចំណែកប្តីរបស់ខ្ញុំត្រូវខ្មែរក្រហមហៅទៅរៀនសូត្រព្រោះគាត់ធ្វើទាហាន លន់ នល់ ហើយចាប់តាំងពីពេលនោះមកគាត់មិនដែលត្រឡប់មកផ្ទះវិញទេ។ ខ្ញុំដឹងថាខ្មែរក្រហមយកប្តីរបស់ខ្ញុំទៅសម្លាប់ចោលហើយ ព្រោះខ្មែរក្រហមតែងតែទិតៀនប្តីរបស់ខ្ញុំ។ នៅក្នុងភូមិ ទោះបីខ្ញុំខំប្រឹងប្រែងធ្វើការងារយ៉ាងណាក៏ហូបមិនដែលបានគ្រប់គ្រាន់ដែរ គឺខ្មែរក្រហមចែកបាយឱ្យក្រុមខ្ញុំមួយឆ្នាំងសម្រាប់មនុស្ស១០នាក់។ លើសពីនេះ ខ្មែរក្រហមបានតាមក្រុមគ្រួសារខ្ញុំជាប្រចាំ។
មួយរយៈក្រោយមក ខ្មែរក្រហមបានជម្លៀសខ្ញុំ និងកូនៗទៅនៅរស់នៅឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ នៅទីនោះប្រធានកងចាត់តាំងខ្ញុំឱ្យទៅធ្វើការនៅកងចល័ត ចំណែកកូនៗរបស់ខ្ញុំនៅកងក្នុងកុមារ។
ខ្ញុំធ្វើការនៅឃុំតាសួស រហូតដល់ឆ្នាំ១៩៧៨ ទើបខ្មែរក្រហមបានជម្លៀសខ្ញុំ និងកូន ព្រមទាំងឪពុកម្តាយរបស់ខ្ញុំទៅអ្នកលឿងក្នុងខេត្តព្រៃវែងដើម្បីជិះកប៉ាល់បន្តទៅឈប់នៅច្បារអំពៅ ក្នុងក្រុងភ្នំពេញ។ នៅទីនោះ ខ្មែរក្រហមបានចែកបាយមួយប្រអប់ ប្រេងកូឡា ក្រមា អាវខ្មៅមួយ និងសំពត់ខៀវមួយឱ្យខ្ញុំ។ នៅព្រឹកបន្ទាប់ ខ្មែរក្រហមបានដឹកខ្ញុំ និងសមាជិកគ្រួសារទៅដាក់នៅចំណតរថភ្លើងក្រុងភ្នំពេញ។ ខ្ញុំបានជិះរថភ្លើងទៅឈប់នៅស្ថានីយក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បន្ទាប់មក ខ្មែរក្រហមនៅមូលដ្ឋានបានចាត់តាំងខ្ញុំឱ្យទៅរស់នៅក្នុងសហករណ៍ស្ថិតនៅខាងកើតស្ទឹងមោងឫស្សី។ ពេលទៅដល់ដំបូងខ្ញុំស្នាក់នៅរោងដែលគ្មានជញ្ជាំងបិទបាំង និងដេកផ្ទាល់នឹងដីតែម្តង។ ក្រោយមកទើបខ្ញុំដើរកាប់ដើមដំឡូងឈើមកក្រាលធ្វើជាគ្រែដេក។ នៅទីនោះ ប្រធានសហករណ៍បែងចែកការងារដល់ប្រជាជនជម្លៀសទៅតាមវ័យ ដោយខ្ញុំត្រូវទៅស្ទូងដកនៅរដូវវស្សា និងទៅច្រូតស្រូវនៅពេលថ្ងៃ ហើយបោកស្រូវនៅពេលយប់នៅក្នុងរដូវប្រាំង។ កូនរបស់ខ្ញុំនៅកងកុមារ និងឪពុកម្តាយរបស់ខ្ញុំនៅកងមនុស្សចាស់ ដោយកាប់ចិញ្ច្រាំដើមទន្រ្ទានខែត្រធ្វើជី។ ខ្ញុំមិនសូវបានជួបមុខកូនៗរបស់ខ្ញុំទេ។ ចំណែករបបអាហារ ខ្មែរក្រហមមិនឱ្យខ្ញុំហូបគ្រប់គ្រាន់ឡើយ ដូច្នេះខ្ញុំបានលួចដំឡូង សណ្តែកដី និងសណ្តែកខៀវដើម្បីហូបបន្ថែម។ ប៉ុន្តែប្រសិនបើអង្គការចាប់បានអ្នកលួចនឹងចាប់វាយធ្វើទារុណកម្ម និងសម្លាប់ចោលតែម្តង។ ជាក់សែ្តងពេលខ្ញុំចេញទៅជីកដីដំបូក ខ្ញុំឃើញរណ្តៅដែលទើបជីកថ្មីៗ និងមានដីផុលឡើង ហើយនៅខាងក្រោមដីនោះគឺសុទ្ធតែសាកសពប្រជាជនថ្មីដែលកងឈ្លបខ្មែរក្រហមក្មេងៗដឹកតាមរទេះសេះយកមកសម្លាប់ចោល។ សាកសពទាំងនោះត្រូវបានឆ្កែចចកខាំហែកស៊ីប្រអប់ដៃប្រអប់ជើង និងអូសពាសពេញព្រៃ។
រៀងរាល់ម៉ោងធ្វើការងារ ប្រធានកង និងកម្មាភិបាលខ្មែរក្រហមនៅមូលដ្ឋានស្ពាយកាំបិតផ្គាក់ និងដាវតាមឃ្លាំងមើលខ្ញុំធ្វើការងារជាប្រចាំ ដោយសារខ្ញុំគឺជាប្រជាជនថ្មី។ នៅពេលខ្ញុំនឹកកូនម្តងៗ ខ្ញុំដេកយំ ព្រោះប្រធានកងមិនឱ្យខ្ញុំទៅជួបកូនឡើយ។ ចំណែកឪពុកខ្ញុំបានធ្លាក់ខ្លួនឈឺហើម និងស្ពឹកខ្លួន ត្រូវខ្មែរក្រហមទុកចោល និងមិនមានអ្នកមើលថែទាំទេ។ នៅពេលខ្ញុំចូលដេកម្តងៗ ខ្ញុំតែងតែនឹកស្រមៃដល់ផ្ទះ និងផ្លូវដើរនៅក្នុងភូមិនៅស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំផ្លាស់ប្តូរកន្លែងស្នាក់នៅ និងការងារជាញឹកញាប់តាមការចាត់តាំងរបស់ប្រធានក្រុម ដូចដើរកាត់ដើមទន្រ្ទានខែត្រធ្វើជី ដកសំណាប និងបុកអង្ករជាដើម។ ពេលខ្លះខ្ញុំដេកនៅកន្លែងកបសាកសព ដែលមានក្លិនស្អុយអាសោច។
នៅចុងឆ្នាំ១៩៧៨ ប្រជាជនធ្វើការនៅក្នុងកងចល័តជាមួយខ្ញុំបានលួចខ្សឹបប្រាប់ខ្ញុំថា បន្តិចទៀត កងទ័ពវៀតណាមចូលមករំដោះហើយ។ រំលងបានប៉ុន្មានថ្ងៃ ខ្ញុំឃើញឧទ្ធម្ភាគចក្រហោះរបស់កងទ័ពវៀតណាមហោះចូលមក និងឃើញកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាជិះសេះមកប្រាប់ខ្ញុំនិងប្រជាជននៅក្នុងសហករណ៍ឱ្យត្រឡប់ទៅស្រុកកំណើតវិញ។ ប៉ុន្តែពេលនោះដោយសារសភាពច្របល់ខ្លាំងធ្វើឱ្យខ្មែរក្រហមឆ្លៀតឱកាសបន្តសម្លាប់ប្រជាជនថែមទៀតដោយមិនរើសមុខ។ ខ្ញុំនិងម្តាយរបស់ខ្ញុំបានប្រញាប់ប្រញាល់សែងឪពុករបស់ខ្ញុំពីសហករណ៍សំដៅមកថ្នល់ជាតិលេខ៥ ដែលគ្រប់គ្រងដោយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។ ខ្ញុំនៅរង់ចាំកូនស្រីរបស់ខ្ញុំម្នាក់ដែលខ្មែរក្រហមកៀរចូលព្រៃ និងឡើងភ្នំ។ ឆ្លៀតឱកាសនោះ ខ្ញុំបានដើរច្រូតស្រូវយកមកបុករែងយកអង្ករទុកហូប។ រយៈពេលមួយខែក្រោយមក ទើបកូនស្រីរបស់ខ្ញុំត្រឡប់មកវិញ ហើយយើងក៏នាំគ្នាធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។ សំណាងល្អខ្ញុំរកបានរទេះមួយគ្រឿងយកមកអូសឪពុករបស់ខ្ញុំ ព្រោះគាត់ឈឺដើរមិនរួច។ ឪពុករបស់ខ្ញុំបានសន្លប់លែងដឹងខ្លួនពេលមកដល់ទីក្រុងភ្នំពេញ។ ពេទ្យកងទ័ពវៀតណាមបានមកពិនិត្យ និងបានយករថយន្តមកដឹកឪពុករបស់ខ្ញុំ ប៉ុន្តែដោយសារស្ថានភាពជំងឺរបស់គាត់ធ្ងន់ធ្ងរក៏ស្លាប់ទៅ។ ពេទ្យកងទ័ពវៀតណាមធានារៀបចំនិងចាត់ចែងសាកសពឪពុករបស់ខ្ញុំ ហើយឱ្យខ្ញុំនិងម្តាយព្រមទាំងកូនធ្វើដំណើរបន្តមកខេត្តស្វាយរៀងវិញ។
អត្ថបទដោយ សោម ប៊ុនថន
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរ, បទសម្ភាសន៍ ឃួន រស្មី ជាមួយ វ៉ា សាមាក់ រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។