ខ្មែរក្រហម សម្លាប់ឪពុករបស់ខ្ញុំ ដោយសារតែជាប់ប្រវត្តិជានិគមន៍ជនសង្គមរាស្រ្តនិយម

នៅ បូ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។

ខ្ញុំឈ្មោះ នៅ បូ[1]  អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តព្រះវិហារ ប៉ុន្តែបច្ចុប្បន្ននេះរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ នាង នៅ និងម្ដាយឈ្មោះ ឌៀវ អេង។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំង៣នាក់។ ខ្ញុំបានរៀបការជាមួយប្ដីឈ្មោះ ឈឿន ឆន នៅឆ្នាំ១៩៦៨ និងមានកូនចំនួន៤នាក់ (ស្រី៣/ប្រុស១)។

ហេតុផលដែលគ្រួសាររបស់ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយនេះ គឺដោយសារតែឪពុករបស់ខ្ញុំជាទាហានចូលនិវត្តន៍ ដែលធ្លាប់បានឈរជើងនៅតាមព្រំដែន។ បន្ទាប់មក សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានធ្វើការប្រកាសជ្រើសរើសទាហានទាំងអស់ ដែលបានចូលនិវត្តន៍ ដើម្បីមករស់នៅបុរីអូរស្វាយ។ ទាហានចូលនិវត្តន៍ និងគ្រួសារ ត្រូវបានបញ្ចូនមករស់នៅបុរីអូរស្វាយ និងទទួលបានរបបចែកឲ្យ ដូចជា ផ្ទះកាឡុង (ផ្ទះនិគមន៍ជន), ដីធ្លីធ្វើស្រែចម្ការ, គ្រាប់ពូជ និងថវិកាប្រចាំខែ ជាដើម។ ក្រោយមកទៀត មានគ្រួសារប្រជាជនក្រីក្រដែលរស់នៅតាមបណ្ដាខេត្តនានា ត្រូវបានបញ្ជូនមកកសាងជីវិតនៅបុរីអូរស្វាយនេះផងដែរ​។ សម្ដេចព្រះ នរោត្តម សីហនុ បានឲ្យទាហានចូលនិវត្តន៍ និងគ្រួសារប្រជាជនដែលមានជីវភាពក្រីក្រមករស់នៅបុរីអូរស្វាយនេះ គឺដើម្បីបុព្វហេតុការពារទឹកដីពីការឈ្លានពានប្រទេសជិតខាងនៅគ្រានោះ។ និគមន៍ជនទាំងអស់បាន ទទួលបានការគាំទ្រ និងឧបត្ថម្ភក្នុងការចាប់ផ្ដើមជីវភាពនៅលើទឹកដីបុរីអូរស្វាយ និងបានធ្វើការប្រមូលទិន្នផលស្រូវ និងដំណាំកសិកម្មផ្សេងៗដើម្បីដាក់លក់នៅទីផ្សារសហគមន៍។ ក្រៅពីការដាំដំណាំកសិកម្ម, បុរីអូរស្វាយក៏មានរោងចក្រផលិតស្ករអំពៅ និងរោងចក្រតម្បាញ។ យុវជន ត្រូវបានជ្រើសរើសធ្វើការងារនៅរោងចក្រផលិតស្ករអំពៅ ចំណែកឯយុវនារី អាចធ្វើការងារជាអ្នកតម្បាញ។ នៅពេលនោះ ខ្ញុំជាអ្នកតម្បាញក្នុងរោងតម្បាញក្រណាត់នេះផងដែរ។ ប្រជាជនទាំងអស់មានការងារធ្វើរៀងខ្លួនៗ និងទទួលបានប្រាក់ប្រចាំខែចំនួន៧៥០រៀល ក្នុងមួយខែ។ នៅបុរីអូរស្វាយ លោក ម៉ៅ សង្ឃេម គឺជាអ្នកដែលរៀបចំ និងកសាងសមិទ្ធផលនានា ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់សម្ដេចព្រះ នរោត្តម សីហនុ។ នៅពេលនោះ ក៏មានច្បាប់មួយផងដែរថា គឺប្រជាជនទាំងអស់នៅបុរីអូរស្វាយ កុំប្រើប្រាស់សម្ភារ និងនិយាយភាសាឡាវ ដោយលើកឡើងថា ទីកន្លែងណាដែលមានប្រជាជននិយាយភាសាឡាវ ទីកន្លែងនោះគឺជាទឹកដីឡាវ។ ដូច្នេះហើយ ការនិយាយភាសាឡាវ និងការស្លៀកសម្លៀកបំពាក់ឡាវត្រូវបានហាមឃាត់ជាកំហិត។ ការរស់នៅបុរីអូរស្វាយ មានការលំបាកនាគ្រាដំបូង ពីព្រោះមិនមានសម្ភារ និងអ្វីៗប្រើប្រាស់ជាប្រចាំថ្ងៃគ្រប់គ្រាន់នោះទេ។ យ៉ាងណាក៏ដោយ ប្រជាជនបន្តរស់នៅ និងបន្តធ្វើជាខែលការពារទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង។ ប្រជាជនក៏ជួបបញ្ហាជំងឺគ្រុនចាញ់ផងដែរ​ ដែលបណ្ដាលឲ្យមានប្រជាជនជាច្រើនបានស្លាប់បាត់បង់ជីវិតនៅពេលនោះ។ សម្ដេចព្រះ នរោត្តម សីហុន ព្រះបរមរតនកោដ្ឋ ប្រោសព្រះរាជទាននូវជំនួយបន្ទាន់ជាបន្តបន្ទាប់ ដែលរួមមាន ថ្នាំពេទ្យ, ស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ។ នៅឆ្នាំ១៩៦៨ សម្ដេចព្រះ នរោត្តម សីហុន ព្រះបរមរតនកោដ្ឋ យាងមកសម្ពោធសមិទ្ធផលដែលបានកសាង រួមមាន មន្ទីរពេទ្យ, ផ្ទះកាឡុង, ស្ដូបអនុស្សាវរីយ៍, មន្ទីរចាត់ការ និងផ្សារសហគមន៍ ជាដើម នៅបុរីអូរស្វាយ។ នៅពេលនោះ ខ្ញុំក៏ទៅទទួលព្រះរាជដំណើររបស់សម្ដេចព្រះ នរោត្តម សីហនុ ព្រះរមតនកោដ្ឋ និងទទួលបានព្រះរាជអំណោយជាក្រណាត់សមួយដុំ ដែលមានប៉ាក់អក្សរថា «សង្គមរាស្រ្តនិយម»។

បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ និងបង្កើតរបបសាធារណរដ្ឋខ្មែរ នៅខែមីនា ឆ្នាំ១៩៧០, តំបន់បុរីអូរស្វាយ បានក្លាយទៅជាសមរភូមិប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម និងទទួលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ ប្រជាជននៅបុរីអូរស្វាយ រស់នៅក្នុងស្ថានភាពពិបាកខ្លាំងណាស់ ពីព្រោះរាល់ពេលដែលមានការទម្លាក់គ្រាប់មកម្ដងៗ អ្នកភូមិទាំងអស់ត្រូវរត់ចូលរណ្ដៅត្រង់សេដើម្បីគេចពីអំបែងគ្រាប់បែក។ នៅពេលនោះ កងទ័ពវៀតណាម ក៏មានវត្តមាននៅបុរីអូរស្វាយផងដែរ។ កងទ័ពវៀតណាមដែលបានឈរជើងនៅក្នុងព្រៃ បានចូលមកសង្ងំលាក់ខ្លួននៅក្នុងផ្ទះអ្នកភូមិ ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។ នៅពេលដែលទាហានអាមេរិកឃើញកងទ័ពវៀតណាមនៅកន្លែងណាមួយ ទាហានអាមេរិកនឹងធ្វើការទម្លាក់គ្រាប់បែកនៅទីកន្លែងនោះ។ យ៉ាងណាក៏ដោយ ការទម្លាក់គ្រាប់បែករបស់ទាហានអាមេរិកក៏បណ្ដាលឲ្យមានការខូចខាតដល់ទីតាំងផ្សេងៗនៅបុរីអូរស្វាយ។ ការទម្លាក់គ្រាប់បែក លែងកើតមានឡើងតទៅទៀត បន្ទាប់ពីកងទ័ពខ្មែរក្រហមបានគ្រប់គ្រងទាំងស្រុងនៅបុរីអូរស្វាយ និងភូមិសាស្រ្តនានានៅខេត្តស្ទឹងត្រែង។

ប្រជាជនត្រូវបានជម្លៀសចេញពីភូមិទៅធ្វើការនៅកន្លែងឆ្ងាយ។ នៅពេលនោះ ខ្ញុំទើបតែសម្រាលកូន បានប្រហែល៣ខែ។ បើទោះបីជាខ្ញុំទើបតែសម្រាលកូនក្ដី, ខ្មែរក្រហមនៅតែបញ្ជាឲ្យខ្ញុំធ្វើការងារ ដូចជា បុក និងរែងអង្ករ ដែលជាហេតុធ្វើឲ្យកូនរបស់ខ្ញុំមិនសូវបានបំដោះគ្រប់គ្រាន់នោះទេ។ ខ្ញុំត្រូវខិតខំធ្វើការឲ្យគ្រប់ផែនការរបស់ខ្មែរក្រហម។ នៅពេលដែលកូនរបស់ខ្ញុំរៀងធំបន្តិច ខ្មែរក្រហមបានចាត់តាំងឲ្យខ្ញុំទៅធ្វើការងារនៅកងចល័តវ័យកណ្ដាលដូចមិត្តនារីៗផ្សេងទៀតដែរ។ ពេលនោះ គឺជាគ្រាដែលខ្ញុំអាណិតស្រណោះកូនរបស់ខ្ញុំជាទីបំផុត ពីព្រោះខ្ញុំជាម្ដាយត្រូវឃ្លាតឆ្ងាយពីកូនដែលត្រូវបានដាក់នៅក្នុងកងកុមារជាមួយកុមារផ្សេងទៀតប្រហែល២០នាក់។ ខ្ញុំបានធ្វើការផ្ដាំផ្ញើដល់អ្នកមើលថែកូនខ្ញុំថា៖ «បងអើយ! ឲ្យកូនរបស់ខ្ញុំប៉ៅផង។» ដើម្បីយកចិត្តអ្នកមើលថែកូនខ្ញុំតែងតែជីកដំឡូងព្រៃស្ងោរយកមកឲ្យអ្នកមើលកូនហូប។

ក្រោយមកទៀត ខ្មែរក្រហមបានចល័តខ្ញុំទៅធ្វើការងារនៅភូមិញើនជាទីកន្លែងដែលខ្ញុំត្រូវធ្វើការងារខ្លាំង មានដូចជា លើកភ្លឺស្រែ, ដកស្ទូងស្រូវ និងលើកទំនប់អូរពូក ដែលមានកម្ពស់ប្រហែល១៥ម៉ែត្រ។ ការងារនៅពេលនោះ គឺគ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ និងគ្មានអាហារហូបចុកគ្រប់គ្រាន់។ ខ្ញុំហូបតែបាយលាយចេកមួយចានចង្កឹះតូច ​ ដោយសារតែភាពស្រេកឃ្លាននៅពេលយប់ ខ្ញុំតែងតែលួចជីកដំឡូង និងមើមក្ដួចយកមកស្ងោរហូប។ ពេលខ្លះ ខ្ញុំក៏មានអង្ករខ្លះលួចដាំបាយហូប ពីព្រោះប្ដីរបស់ខ្ញុំគឺជាអ្នកដឹកជញ្ជូនអង្ករ និងស្បៀង ដូច្នេះហើយគាត់បានលួចយកអង្ករខ្លះយកមកឲ្យប្រពន្ធ។

នៅថ្ងៃមួយ ខ្ញុំទទួលបានដំណឹងថា ឪរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមចាប់យកទៅរៀនសូត្រ។ ម្ដាយ និងបងប្អូនផ្សេងទៀត ក៏ដឹងដំណឹងនេះ ហើយបាននាំគ្នាហូរទឹកភ្នែកអាណិតស្រណោះគាត់​។ ជាសំណាងល្អ ខ្មែរក្រហមបានដោះលែងឪពុករបស់ខ្ញុំឲ្យត្រលប់មកផ្ទះវិញ ដោយសារតែការចាប់ច្រលំមនុស្ស។ ខ្ញុំមិនដែលឃើញខ្មែរក្រហមសម្លាប់មនុស្សនោះទេ ប៉ុន្តែខ្ញុំដឹងថាអ្នកភូមិជាច្រើនត្រូវបានបាត់ខ្លួនជាបន្តបន្ទាប់។ ខ្ញុំធ្លាប់បានឃើញខ្មែរក្រហមយកទូកដឹកប្រជាជន។ ខ្ញុំមិនដឹងថាដឹកយកទៅកន្លែងណាទេ ហើយប្រហែលជាវាយសម្លាប់បណ្ដែតតាមទឹកទន្លេ។

ខ្ញុំក៏ធ្លាប់ចូលរួមពិធីរៀបការ ដែលមានគូទាំងអស់ប្រហែលជា២០គូ ដោយតម្រូវឲ្យខាងប្រុសអង្គុយជាជួរម្ខាង និងខាងស្រីអង្គុយជាជួរម្ខាងទៀត និងគូរៀបការទាំងអស់ត្រូវធ្វើការប្ដេជ្ញាថា «យក​គ្នាជាប្ដីប្រពន្ធអស់មួយជីវិត ដើម្បីការពារបក្សរបស់យើង និងស្រែកថា ប្ដេជ្ញាៗ!»។

នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយផ្ដួលរលំរបបខ្មែរក្រហម និងរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជន។[2] ខ្មែរក្រហមបានជម្លៀសខ្ញុំ និងប្រជាជនផ្សេងទៀតទៅជាមួយខ្លួន។ ប៉ុន្តែខ្ញុំនិងគ្រួសារ បានលួចរត់ចេញពីភូមិញើនដោយថ្មើរជើងរហូតដល់បុរីអូរស្វាយវិញ។ ដោយសារតែមានការភិតភ័យពីសុវត្ថិភាព ខ្ញុំ និងប្ដីនាំកូនឆ្លងទន្លេមេគង្គទៅភូមិព្រះរំកិល និងបន្តទៅស្រុកឆែក ខេត្តព្រះវិហារ។ យើងក៏បានឡើងភ្នំផ្លិត។ បន្ទាប់ពីស្នាក់នៅលើភ្នំផ្លិត បានប្រហែល៤ថ្ងៃ យើងបានឃើញឡានកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិ និងកងទ័ពវៀតណាម ជាច្រើនមកដល់ជើងភ្នំ និងបានស្រែកប្រកាសខ្លាំងៗថា៖ «បងប្អូន យើងរួចផុតអស់ហើយ! សូមបងប្អូនវិលត្រឡប់ទៅភូមិស្រុករបស់បងប្អូនវិញចុះ!» ខ្ញុំ និងគ្រួសារបាននាំគ្នាចុះពីភ្នំ និងទៅទៅរស់នៅគុជចំបក ដោយបានប្រកបរបរធ្វើស្រែចម្ការអស់ជាច្រើនឆ្នាំ ទើបសម្រេចចិត្តវិលត្រឡប់មករស់នៅបុរីអូរស្វាយវិញ និងបន្តរស់នៅរហូតដល់ពេលបច្ចុប្បន្ននេះ។

ខ្ញុំបានដឹងហើយថាមេដឹកនាំខ្មែរក្រហមត្រូវបាននាំមកកាត់ទោសចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅចន្លោះឆ្នាំ១៩៧៥-១៩៧៩។ ចំពោះបញ្ហាសុខភាពវិញ ខ្ញុំមានជំងឺប្រចាំកាយ ដូចជាក្រពះពោះវៀន, ងងឹតភ្នែក និងជំងឺសន្លាក់៕

អត្ថបទដោយ ស្រេង លីដា


[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ នៅ បូ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥, សម្ភាសដោយ ស្រេង លីដា, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin