ខៀវ យ៉េន៖ មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខៀវ យ៉េន[1] ​ហៅ​ ទូច ​ភេទ​ស្រី​ អាយុ​៦៨​ឆ្នាំ ​ មាន​ទី​កន្លែង​កំណើត​ភូមិ​​ក្រាំង​ឈើ​នីវ​  ឃុំ​ក្រាំង​ឈើ ​នីវ​​ ស្រុក​​ទ្រាំង​​ ខេត្ដ​តាកែវ​។​ បច្ចុប្បន្ន​ យ៉េន រស់នៅ​ក្នុង​ភូមិ​​អូរ​គគី​កណ្ដាល​ ឃុំ​​លំទង ​ស្រុក​អន្លង់វែង​ ខេត្ដ​ឧត្ដរមានជ័យ​។​

យ៉េន បាននិយាយ​ថា៖ «ខ្ញុំមាន​បង​ប្អូន​ចំនួន​​៥​នាក់ ​(ស្លាប់​១នាក់​ ដោយ​សារ​ធ្លាក់​​ពី​លើ​​ចុង  ​​ត្នោត​)។​ ​ម្ដាយ​​​របស់​​ខ្ញុំ​​បាន​​​ស្លាប់ ​​​នៅ​​ពេល​​ខ្ញុំ​មាន​អាយុ​​១០ឆ្នាំ​។ ​គាត់​គឺជា​អ្នក​តម្បាញសូត្រ​​ និង​ចិញ្ចឹម​​ដង្កូវ​នាង​។ ឪពុក​របស់​ខ្ញុំ​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ឆ្នាំ​​១៩៨៣។

នៅ​​​ជំនាន់​សង្គម​រាស្ដ្រ​និយម​ ខ្ញុំ​បាន​​សិក្សា​ត្រឹម​​ថ្នាក់​ទី​​៩ ​នៅ​ក្នុង​​វត្ដ​ឆ្លូង​ ខេត្ដ​តាកែវ​​។​ បន្ទាប់​មក ​ខ្ញុំ​បាន​​ឈប់​រៀន​​ ដោយ​សារ​ក្រុម​គ្រួសារ​មាន​ការ​លំបាក​​ពេក។​ ជា​ពិសេស ​ខ្ញុំ​បាន​ខឹង​នឹង​មីង​​របស់​ខ្ញុំ ​​ដែល​មិន​បាន​​ចម្អិន​​បាយ​​ឲ្យ​ខ្ញុំ​ហូប​ ​មុន​ពេល​ចេញ​ទៅ​រៀន​​ផ្លូវ​​ឆ្ងាយ​។​

នៅ​​ជំនាន់​​យួន​ធីវ​គី​ ខ្ញុំ​រស់​នៅ​ក្នុ​ង​​ភូមិ​​កំណើត​​ជា​មួ​យ​​ឪពុក​ម្ដាយ​។​ ខ្ញុំ​បាន​ឃើញ​កង​ទ័ព​ទាំង​នោះ ​ដើរ​ប្រមូល​​​មាន់​ ពង​មាន់​ និង​​របស់​របរ​ផ្សេងៗ ​នៅ​ក្នុង​ភូមិ​។​ ចំណែក​ឯ​ខ្ញុំ​បាន​យក​​សម្លៀក​បំពាក់​​​ទៅ​លាក់​ទុក​​ក្នុង​កណ្ដាប់​​​​ស្រូវ​នៅ​វាល​​ស្រែ​ ដោយសារ​ខ្លាច​កង​ទ័ព​ទាំង​នោះ​ប្រមូល​យក​។​ នារី​នៅ​ក្នុង​ភូមិ​​​បាន​នាំ​គ្នា​​គេច​ពី​​កងទ័ព​ធីវ​គី ​និង​បាន​​ក្លែង​សម្រស់​របស់​ខ្លួន​ ដោយ​លាប​ធ្យូង​ ដី​ភក់​ និង​ជួន​កាល​​កោរ​សក់​​ទៀត​ផង​។​ អ៊ំ​របស់​ខ្ញុំ​ខ្លាច​កង​ទ័ព​​ធីវគី​ណាស់ ​គាត់​​បាន​​បរ​រទេះ​គោ​គេច​ចេញ​ពី​​កង​ទ័ព​ទាំង​នោះរហូត​ដល់​​របូត​​កង់​រទេះ​កណ្ដាល​ផ្លូវ​។​

កាល​ជំនាន់​នោះ​ ខ្ញុំ​បាន​ស្នាក់​នៅ​ក្នុង​វត្ដ​អារាម។​​ ក្រោយ​ម​ក​ ខ្ញុំ​​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​លះបង់​ ​ជាមួយ​​នឹង​​អ៊ំ​ និង​តា​របស់​ខ្ញុំ​។​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជាមួយ​​អ៊ំ​​ប្រុស​របស់​ខ្ញុំ​ដោយ​​ជិះ​រទេះ​គោ​ ​ខណៈ​ដែល​​ជីតា​របស់​ខ្ញុំ​​ដើរ​រែក​មាន់​ទៅ​ជាមួយ​តាម​ផ្លូវ​។​ ពេល​​យើង​​កំពុង​ធ្វើ​ដំណើរ​​​ គ្រាប់​​ផ្លោង​​​បាន​ធ្លាក់​ ហើយ​​ផ្ទុះ​ក្បែរ​គោ​របស់​យើង​ ប៉ុន្ដែ​​មិន​បង្ក​ឲ្យ​អ្នក​ដំណើរ​រង​របួស ​ឬ​​ស្លាប់​បាត់​បង់​ជីវិត​ទេ។ ​យើង​បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ថ្ងៃ ​រហូត​ដល់​សត្វ​មាន់​នៅ​លើ​អង្រែ​​ក​របស់​ជីតា​ខ្ញុំ​​បាន​ងាប់​អស់​​​ស្ទើ​​រ​គ្មាន​ស​ល់​។​

ក្រោយ​មក​ យើង​បាន​​ត្រឡប់​​ទៅ​រស់​នៅ​ក្នុង​ភូមិ​កំណើត​របស់​ខ្លួន​វិញ។ ចាស់ៗ​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ​បាន​នាំ​គ្នា​​មក​ស្នាក់​នៅ​ឯ​​ផ្ទះ​របស់​​ខ្ញុំ ហើយ​​យើង​​​ប្រុង​​ប្រយ័ត្ន​​ណាស់​ ​សូម្បី​​​តែ​​​ដាំ​​បាយ​ ​ឬ​ជក់​បារី​ក៏​យើង​មិន​ហ៊ាន​ឲ្យឃើញ​​ភ្លើង​​​ ឬផ្សែង​​​ចេញ​ពី​​លេណ​ដ្ឋាន​ដែរ​។ ​ជួន​កាល​​ ខ្ញុំ​បាន​​បី​​ប្អូន​​​រត់​ចូល​​ព្រៃ​ ​ដើម្បី​គេច​ពី​គ្រាប់​បែក​​។​​​​​​​

នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​​ដណ្ដើមកាន់​កាប់​​​ទី​ក្រុ​ង​ភ្នំពេញ។ ​ ​ខ្ញុំត្រូវ​បាន​បញ្ជូន​ខ្ញុំទៅរស់នៅ និងធ្វើការ​ក្នុ​ង​​កង​ចល័ត​។​ ការ​ងារ​ប្រចាំ​ថ្ងៃ​របស់យើង​គឺរែក​ដី​ ទប់​ភ្លឺស្រែ និងទំនប់​នៅ​ក្នុង​​ស្រុក​អង្គ​បូរី ​​ខេត្ដ​តាកែវ។ ​ខ្មែរក្រហម​បាន​រៀបចំ​កម្លាំង​មនុស្ស​រាប់​សិប​នាក់​ទាំង​ចាស់ទាំង​ក្មេងដើម្បី​ធ្វើ​ការងារ​នេះ។ ក្រុមរបស់​ខ្ញុំ​មាន​គ្នា​១០​នាក់​។ ​ម្នាក់​​ត្រូវ​លើក​ទំនប់​​ឲ្យ​បាន​មួយ​ម៉ែត្រ​គូប ​​ក្នុង​មួយ​​ថ្ងៃ​​។ ​ប្រជាជន​​មួយ​​​ចំនួន​ធ្វើ​មិន​បាន​រួចរាល់​​តាម​ផែនការ​ទេ​ ​ដោយ​សារ​ទំនប់​​ពេល​នោះ​មាន​កម្ពស់​​ខ្ពស់​ពេក​។ ទំនប់ទឹក​នោះ​​​ មាន​ប្រវែង​វែង​ណាស់​ ​ដោយ​គិត​ចាប់​ពី​​ស្រុក​អង្គរ​បូរី ​រហូត​ដល់​​​តំបន់​​ថ្ម​​បី​​ដុំ​ នៅ​តាម​បណ្តោយ​​​ព្រំដែន​​កម្ពុជា​-​វៀតណាម​។​​​

នា​​​រដូវ​វស្សា​ ​​ភូមិ​​​ទាំង​​មូល​​គ្រប​ដណ្ដប់​​ទៅ​ដោយ​​​ផ្ទៃ​ទឹកល្ហរល្ហាច​​ ​លើក​លែង​តែ​​ដំបូក ​និង​ទី​ទួល​​ខ្ពស់ៗ​ប៉ុណ្ណោះ។ ​នៅ​សម័យ​ខ្មែរក្រហម ខ្ញុំ​ធ្លាប់​ឃើញ​តាម៉ុក​​ទៅ​ពិនិត្យ​​មើល​​ការ​ដ្ឋាន​លើ​ក​ទំនប់​នោះដែរ។ ​

ការ​ងារ​ប្រចាំ​ថ្ងៃ​​របស់​យើង​ ​បាន​​ចាប់​ផ្ដើម​​ពី​ម៉ោង​​៤ទៀប​ភ្លឺ ​រហូត​ដល់​​ថ្ងៃ​ត្រង់ ​ដើម្បី​សម្រាក​ហូប​អាហារ។ បន្ទាប់​​មក​ ​យើង​នឹង​​បន្ដ​ការងារ ​រហូត​ដល់​ល្ងាច។​ ​ ​ប្រជាជន​​ម្នាក់​ៗ​មាន​សភាពស្គម​ស្គាំង​ស្បែក​ដណ្ដប់ឆ្អឹង ​ហើយ​​ដួល​ស្លាប់​នៅ​កន្លែង​​ធ្វើ​ការ​​ងារ​ដោយសារភាព​​នឿយ​ហត់​ក្នុង​​ការងារ​ពេក​​។ យើង​ទទួល​បាន​របបបបរ​​ពីរ​ពេល​ក្នុង​មួយ​ថ្ងៃ ​គឺ​​ថ្ងៃ​ត្រង់ ​និង​ល្ងាច។​ យើង​ហូប​មិនឆ្អែតទេ។

ក្រោយ​មក​ ខ្ញុំ​ត្រូវ​បាន​ខ្មែរក្រហម​ចាត់​តាំង​ឲ្យ​ទៅ​​ធ្វើ​ការងារ​នៅ​ឯ​រោងម៉ាស៊ីន​​​កិន​​ស្រូវ។​ ប្រជាជន​មួយ​ចំនួន​បាន​សុំ​កន្ទក់ពី​យើង​​ ដើម្បី​លីង​ហូប។​ ​ប្រជាជនទាំង​នោះ​មិនមាន​កម្លាំង​កំហែងទេ។ អ្នកមួយ​ចំនួន​​បាន​ដួល​ស្លាប់​​នៅ​តាម​ផ្លូវ​។​ ស្ថាន​ភាព​អត់​ឃ្លានទាំងនោះ​​​​​​​​​​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់យ៉ាង​ច្រើន​។ ខ្ញុំ​បាន​ឃើញ​សាក​សព​​ស្អុយ​រលួយ​ដែល​ត្រូវ​បាន​​កប់មិន​ជិត​ទេ។ សាក​សព​ខ្លះ​ត្រូវ​ជីក​កប់​តែ​មួយកំណាត់​ខ្លួន​ប៉ុណ្ណោះ​។

បន្ទាប់មកទៀត​ ខ្ញុំ​​បាន​​ចូល​​​ក្នុង​​សហករណ៍​ ដោយ​​​ធ្វើ​​ការងារផ្នែក​​​តម្បាញ​​កន្ទេល​​ និង​កន្សែង​ជា​មួយ​​ចាស់ៗ។​​ ក្នុង​មួយ​ថ្ងៃ​ ខ្ញុំ​​ត្បាញ​កន្ទេល​​បានចំនួន​​៥ ​(ពីរនាក់)​​  កន្សែង​ពីរ​ និង​មុង​ប្រវែង​​​១០ម៉ែត្រ​។​ ថ្ងៃ​មួយ​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​កន្សែង​មួយ​ដាច់​​​​​​​​​​​​​​​​​រហែក​​ដោយ​​សារ​​ខ្ញុំ​ប្រឹង​​រឹតពេក​។ ខ្ញុំ​បានយំ ដោយសារភ័យខ្លាច​​​។ ​ចាស់ៗ​ដែល​​ធ្វើ​ការ​នៅ​ទីនោះ​​បាន​​ត្បាញ​​កន្សែង​​ថ្មីមួយ​​​ឲ្យ​ខ្ញុំ ​ដើម្បី​​​កុំឲ្យ​អង្គការ​ស្ដីបន្ទោស។

ក្រោយ​មក​ទៀត​ ខ្ញុំ​​ចង់​ចូល​​បម្រើ​កង​ទ័ព ​ដោយ​សារ​ខ្ញុំ​បាន​ឃើញ​ពី​ភាព​លំបាក​វេទនា​របស់​សាច់​ញាតិ​របស់​ខ្ញុំ​។  ​ខ្មែរក្រហម​បដិសេធបំណងរបស់ខ្ញុំ​នេះ ​ដោយ​សារតែ​ខ្ញុំ​នៅ​ក្មេង​ពេក​។​ បន្ទាប់​មក​ ខ្មែរក្រហម​បានផ្លាស់​​ខ្ញុំ​ឲ្យ​​ទៅ​ច្រូ​ត​​ស្រូវ ​នៅ​បឹង​ខាង​ត្បូង​​​ នៃ​ខេត្ដ​តាកែវ​ ​ទាំង​កណ្ដាល​​យប់​អាធ្រាត្រ​ (ខែភ្លឺ)​ ជាមួយ​នឹង​កម្លាំង​ប្រជាជន​ជា​ច្រើន​នាក់។ ​ខ្ញុំ​បាន​ដេក​លក់​នៅ​លើកញ្ជ្រាំង​តាមវាល​ស្រែ​​ជាមួយ​នឹង​មិត្ដ​របស់​ខ្ញុំ​ម្នាក់​ទៀត ​​​រហូត​ដល់​​យប់​ជ្រៅ​។ ​បន្ទាប់​ពី​​យើង​ភ្ញាក់ដឹងខ្លួន​​ពី​ដំណេកនេះ យើង​ក៏​​​នាំ​គ្នា​​ធ្វើ​ដំណើរ​​ត្រឡប់​ទៅ​ផ្ទះ​​វិញ។​ ខ្ញុំ​និង​ប្រជាជន​ក្នុង​ភូមិ​​ត្រូ​វ​បាន​ខ្មែរ​ក្រហម​​ជម្លៀស​​​ទៅ​កាន់​អង្គរ​លាយ​ (ផ្លូវលោក​)​ ​ដោយ​ខ្មែរក្រហម​​បាន​​លើក​ឡើង​ថា៖ ​«មាន​ផ្ទះ​អត់​​មនុស្ស​នៅ​ មាន​ផ្លូវ​អត់​​មនុស្ស​ដើរ»។​ នៅ​​ក្រោយ​របប​ខ្មែរក្រហម​ដួល​​រលំ​ទៅ​ ខ្ញុំ​បាន​​ដើរ​ធ្វើ​បុណ្យ​សន្សំ​កុសល​ និង​បរិច្ចាគ​​ទ្រព្យ​បន្ដិចបន្ដួច​​​ដែល​ខ្លួន​​​មាន​ដើម្បី​ឲ្យ​ជួប​តែរឿង​ល្អៗ​ក្នុងពេល​​បច្ចុប្បន្ន និងជាតិ​ខាងមុខ»​៕

អត្ថបទដោយ សួត វិចិត្រ


[1] សួត វិចិត្រ​ មេក វិន និង ហ៊ាន ពិសី សម្ភាសន៍​ជាមួយ​ ខៀវ យ៉េន នៅក្នុងភូមិអូរគគីលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ នៅថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២១។​

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin