«ពណ៌នៃការចងចាំ» ផ្ដល់ក្ដីសង្ឃឹមដល់ជនជាតិចាម

អ្នកស្រី កូប ម៉ារី ជាអ្នកត្បាញសូត្រចាម អង្គុញត្បាញនៅលើកី ដើម្បីរកចំណូលមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ រូបភាពដោយ បៀន សីនៈ

(កំពង់ចាម)៖ សមាគន៍ជនជាតិភាគតិចចាមប្រកបរបរជាអ្នកត្បាញសូត្រតាំងពីយូរយារណាស់មកហើយ រហូតមកដល់បច្ចុប្បន្ន មុខរបរនេះនៅតែមានអ្នកបន្តធ្វើដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ សូត្រចាមមានភាពពេញនិយមមុន និងក្រោយសម័យខ្មែរក្រហម ប៉ុន្តែបច្ចុប្បន្នប្រឈមនឹងការបាត់បង់ទីផ្សារ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់អ្នកប្រកបរបរនេះជាច្រើននាក់។

បច្ចុប្បន្ន ជនជាតិចាមជំនាន់ក្រោយមិនសូវមានចំណាប់អារម្មណ៍បន្តរបរនេះពីឪពុកម្ដាយរបស់ពួកគេឡើយ ដោយសារវាមិនអាចផ្ដល់ប្រាក់កម្រៃគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ ដោយប្រឈមនឹងហានិភ័យក្នុងការបាត់បង់ សូត្រចាមត្រូវបានទីភ្នាក់ងារសហប្រតិបតិ្តការ និងសម្របសម្រួលរបស់ប្រទេសតួកគី (TIKA) និងមជ្ឃមណ្ឌលឯកសារកម្ពុជា (DC-CAM) គាំទ្រ និងលើកកម្ពស់ ក្រោមគម្រោង «ពណ៌នៃការចងចាំ»។

ជនជាតិចាមដែលជាអ្នកតម្បាញបានបង្ហាញពីភាពមានក្ដីសង្ឃឹមសារជាថ្មីទៅលើមុខរបរត្បាញសូត្ររបស់ខ្លួន បន្ទាប់ពីមានការគាំទ្រពីគម្រោងនេះ ប៉ុន្តែពួកគេនៅតែព្រួយបារម្ភពីការបាត់បង់សូត្រចាម ដែលបង្ហាញពីវប្បធម៌របស់សមាគន៍ជនជាតិភាគតិចចាម។

អ្នកស្រី កូប ខជះ អាយុ ៥៨ ឆ្នាំ មានមុខរបរជាអ្នកត្បាញហូលប្រមាណ ២០ ឆ្នាំមកហើយ។ អ្នកស្រីរស់នៅម្នាក់ឯង និងទទួលត្បាញហូលពីអតិថិជនដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ អ្នកស្រីមានកូនម្នាក់ ហើយបច្ចុប្បន្នកំពុងធ្វើការរោងចក្រ។

កំពុងអង្គុយនៅខាងមុខផ្ទះ ស្ថិតនៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម អ្នកស្រី ខជះ ប្រាប់ ឌីញូវ (D-News) ថា៖ «ត្បាញនេះជាង ២០ឆ្នាំហើយ ត្បាញមកចេះតែស៊ីឈ្នួលគេត្បាញមក ត្បាញយូរហើយតាំងពី ៩០ [ឆ្នាំ ១៩៩០] ជាង។ អត់ចេះទៅរកត្រី ចេះតែត្បាញ អត់ចេះជិះកង់ អត់ចេះជិះម៉ូតូ នៅតែមួយកន្លែងហ្នឹង»។

អ្នកស្រីរៀនត្បាញសូត្រតាមរយៈឪពុកម្ដាយរបស់អ្នកស្រី ហើយបានរៀបរាប់ថា ឪពុកម្ដាយរបស់អ្នកស្រីប្រកបរបរត្បាញសូត្រដោយចែកចាយផ្ទាល់ទៅទីផ្សារ ដែលមិនមែនស៊ីឈ្នួលត្បាញដូចអ្នកស្រីបច្ចុប្បន្នឡើយ។ បើប្រៀបធៀបនឹងបច្ចុប្បន្ន ជាអកុសលសូត្រចាមត្រូវបានបាត់បង់អស់ច្រើនក្រោយសម័យខ្មែរក្រហម ហើយឪពុកម្ដាយរបស់អ្នកស្រីក៏បានបាត់បង់ជីវិតក្នុងសម័យនោះដែរ។

អ្នកស្រីរៀបរាប់ថា៖ «…ចងផ្កាហ្នឹងគេដាក់នឹងស្នឹងគេ គេដាក់នឹងស្នឹងគេ ដល់យើងចងទៅ ដៃយើងចង ចិត្តយើងគិតខួរក្បាលយើងគិតថាពីដើមនេះយើងធ្វើអញ្ចេះៗ យើងចំណាំ ចំណាំផ្កានេះៗយើងចងទៅ អត់មានគម្រូអីទេ ចងពីចិត្តខ្លួនឯង ខួរក្បាលខ្លួនឯងចេះតែគិតទៅណា យើងធ្លាប់ធ្វើមកយូរហើយនោះ ពីដើមធ្វើម៉េចយើងធ្វើចឹងហើយ អត់ប្រែប្រួលអីទេ យើងចំណាំ យើងដូចថាយើងចំណាំផ្កាអីយើងចងផ្កាហ្នឹងទៅ»។

ក្រោយសម័យខ្មែរក្រហម ២ ឆ្នាំ អ្នកស្រីចាប់ផ្ដើមត្បាញម្ដងទៀតដោយចងចាំរបៀបធ្វើពីឪពុកម្ដាយរបស់អ្នកស្រី។ អ្នកស្រីរៀបរាប់ថា កាលនោះអ្នកស្រីជួបការលំបាកដោយសារពុំមានដើមទុនក្នុងការចាប់ផ្ដើម ពីព្រោះសូត្រមានតម្លៃថ្លៃ ហើយត្រូវចំណាយប្រាក់ច្រើនលើប្រដាប់ប្រដាត្បាញ។ បច្ចុប្បន្ន អ្នកស្រីត្អូញត្អែរថា កម្រៃបានមកពីការត្បាញនេះមិនសូវជាគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពរបស់អ្នកស្រីឡើយ។

អ្នកស្រីនិយាយថា៖ «អត់សូវគ្រប់ដែរ វាធ្វើយូរ ត្បាញយូរហា៎ ទម្រាំតែបានមួយក្បិនៗមក ៣-៤ ម៉ែត្រ រួចទៅយើងស្ករចឹងហើយ វាអត់រហ័សដូចក្រមុំៗ ក្រមុំៗគេរហ័ស គេត្បាញរហ័ស ដល់យើងស្ករចឹងហើយ ត្បាញយូរហា៎ ទម្រាំបានមួយក្បិនៗ យើងស៊ីអត់គ្រាន់ ហូបអត់គ្រាន់ទេ មួយក្បិនកន្លះខែ។ រស់ដោយសារត្បាញទៅ កូនអីឱ្យបន្តិចបន្តួចចេះតែចាយទៅ»។

អ្នកស្រីបន្តរៀបរាប់អំពីជនជាតិចាមជំនាន់ក្រោយថា៖ «ក្មេងឥឡូវវាអត់សូវចំណូលខាងហូលហ្នឹងទេ ដូចថាវាយូរបានលុយ ក្មេងឥឡូវវាអត់សូវចំណូល វាយូរបានលុយ វាធ្វើត្រីវាបានលុយភ្លាមៗ…ខ្ញុំចាស់ខ្ញុំចេះតែត្បាញធ្វើទៅ តិចតក់ៗទៅ»។

អ្នកស្រីមានក្ដីសង្ឃឹមខ្លះៗវិញ ក្រោយមានកម្រោង «ពណ៌នៃការចងចាំ» និងបាននិយាយថា៖ «បើថាអង្គការនេះ [មជ្ឃមណ្ឌលឯកសារកម្ពុជា] ធ្វើទៅ ស៊ីឈ្នួលគេចងក្រៀតចងអីទៅ ចងផ្កាចងអីទៅ»។

អ្នកស្រី កូប ម៉ារី អាយុ ៣៥ ឆ្នាំ ក៏ជាអ្នកត្បាញសូត្រម្នាក់ នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមដែរ។ អ្នកស្រីមានកូន ៣ នាក់ នៅក្នុងបន្ទុកគ្រួសារ ហើយបច្ចុប្បន្នអ្នកស្រីត្បាញសូត្រ ក្រោយពីទំនេរពីរបររកត្រីយកទៅលក់នៅផ្សារ។

អ្នកស្រីបានរៀបរាប់ប្រាប់ ឌីញូវ (D-News)ថា អ្នកស្រីផ្អាករបរត្បាញសូត្រនេះអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ហើយទើបតែចាប់ផ្ដើមវិញបានរយៈពេល ២ ខែនេះប៉ុណ្ណោះ។ អ្នកស្រីចាប់ផ្ដើមត្បាញសូត្រតាំងពីអាយុ ១៧ ឆ្នាំមកម្លេះ ដោយរៀនសូត្រពីម្ដាយរបស់អ្នកស្រី។

កំពុងអង្គុយនៅលើកី អ្នកស្រី ម៉ារី បាននិយាយថា៖ «គេឈប់ធ្វើដោយសារលក់អត់ដាច់…ទៅគេផ្អាកធ្វើតាំងពីនឹងមក»។ ចាប់ផ្ដើមវិញរយៈពេល ២ ខែមកនេះ អ្នកស្រីរៀបរាប់ថា ប្រាក់កម្រៃបានមកពីការត្បាញក៏បានជួយសម្រាលបន្ទុកអ្នកស្រីមួយរយៈៗដែរ។

អ្នកស្រីបន្តថា៖ «…ការងារនៅផ្ទះដូចថាវាស្រួលនៅផ្ទះចឹងទៅយើងអត់បានដើរទៅណាទៅណីយើងចេះតែអង្គុយត្បាញទៅ យើងទៅលក់ត្រីលក់ទៅពេលព្រឹកមួយភ្លែតៗទៅមកវិញយើងត្បាញទៅ ជួយជីវភាពយើងមួយគម្រិតដែរទៅ»។

ដោយឡែក បើប្រៀបធៀបកាលពីអ្នកស្រីនៅក្មេងទើបតែចាប់ផ្ដើមត្បាញ អ្នកស្រីថា មានអ្នកត្បាញសូត្រស្ទើរគ្រប់ផ្ទះ។ ប្រសិនបើផ្ទះមួយមានកូនស្រី ២-៣ នាក់ គេអាចត្បាញដល់ទៅ ២-៣ កីឯណោះ ប៉ុន្តែបច្ចុប្បន្នដោយសារមិនមានអតិថិជនត្រូវការច្រើនធ្វើឱ្យមិនសូវមានអ្នកត្បាញច្រើនដូចមុន។ ទោះបីជាយ៉ាងណា អ្នកត្បាញដែលធ្លាប់ត្បាញនៅតែរង់ចាំទទួលត្បាញសូត្រ ប្រសិនបើមានអតិថិជនត្រូវការ។

កញ្ញា មិន សាណាស់ ជាអ្នកគ្រប់គ្រងគម្រោង «ពណ៌នៃការចងចាំ» នៅអង្គការមជ្ឃមណ្ឌលឯកសារកម្ពុជា (DC-Cam) បានប្រាប់ ឌីញូវ (D-news) ថាក្រុមការងារបានចុះជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាជនជាតិចាម ដើម្បីសួរអំពីគោមសំពត់ និងពណ៌នីមួយៗ មុននឹងសម្រេចយកម៉ូត និងពណ៌សំពត់មួយសម្រាប់គម្រោងនេះ។ ម៉ូត និងពណ៌សំពត់នោះនឹងរំលឹកឡើងវិញនូវពណ៌ និងគោមត្បាញសូត្រចាម តាមរយៈការចងចាំរបស់អ្នករស់រានមានជីវិត។

កញ្ញា សាណាស់ បានរៀបរាប់ថា៖ «…សំពត់ដែលត្បាញសព្វថ្ងៃគឺពណ៌ខ្មៅ ដោយសារតែពីជំនាន់សង្គម [សម័យសង្គមរាស្រ្តនិយម] ឬក៏មុនសម័យខ្មែរក្រហម ជនជាតិចាមចូលចិត្តស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ តែនៅក្នុងសម័យខ្មែរក្រហមដោយសារតែ ខ្មែរក្រហមតម្រូវឱ្យប្រជាជនស្លៀកតែសំលៀកបំពាក់ពណ៌ខ្មៅ នេះក៏ជាការក្រែងរអារបស់ជនជាតិចាម ដូចគាត់ឈប់ត្បាញពណ៌ខ្មៅ គាត់ត្បាញទៅជាពណ៌ផ្សេងៗ តែឥឡូវនេះមជ្ឃមណ្ឌលឯកសារកម្ពុជាកំពុងតែធ្វើសំពត់ដែលមានពណ៌ខ្មៅ ហើយជាការចងចាំនូវអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម»។

គម្រោងនេះមានគោលបំណង ដើម្បីថែរក្សាស្នាដៃត្បាញសូត្រ ការប្រើប្រាស់ពណ៌ និងគោម តាមរយៈការចង់ចាំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអាចបង្កើតជាប្រាក់ចំណូលដើម្បីទ្រទ្រង់តម្បាញនេះនិងសម្រាប់សហគមន៍។ បន្ថែមពីនេះទៀត គម្រោងក៏មានគោលបំណងឱ្យមានការរំលឹកឡើងវិញ និងទទួលស្គាល់ស្នាដៃតម្បាញនេះទាំងក្នុង និងក្រៅប្រទេស។

អ្នកស្រី ខជះ សំណូមពរទៅកាន់រដ្ឋាភិបាល ដើម្បីធ្វើឱ្យតម្បាញសូត្រចាមមានទីផ្សារឡើងវិញ ដូច្នេះអ្នកស្រីអាចរកប្រាក់ចំណូលចញ្ចឹមជីវភាពប្រចាំថ្ងៃពីការស៊ីឈ្នួលត្បាញពីអតិថិជនរបស់អ្នកស្រី។ អ្នកស្រីសំណូមថា៖ «យើងស៊ីឈ្នួលគេ បើយើងរកខ្លួនឯង សំណូមពរឱ្យរដ្ឋាភិបាលរកទីផ្សារឱ្យ ស៊ីឈ្នួលគេត្បាញឱ្យគេ មិនមែនមុខរបរយើងផង យើងស៊ីឈ្នួលគេ»៕

អត្ថបទដោយ បៀន សីនៈ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin