លាង ស៊ីមហន ជំនួយការតំបន់៥០៥

លាង ស៊ីមហន ឈ្មោះបដិវត្តន៍ហៅ រស់ ភេទប្រុស កើតឆ្នាំ១៩៤៨។ ស៊ីមហន មានប្រពន្ធឈ្មោះ កាំង ឃុន (រៀបការនៅឆ្នាំ១៩៧៦) ឪពុកឈ្មោះ លាង ឡេង ម្ដាយឈ្មោះ គឹម តាក គាត់មានបងប្អូនប្រាំពីរនាក់។ កាំង ឃុន ភេទស្រី អាយុ៥២ឆ្នាំ(២០០៦)  ត្រូវជាភរិយារបស់ លាង ស៊ីមហន។ ឃុន មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ ឃុន បានរៀបរាប់ពីដំណើរសាច់រឿងរបស់ ស៊ីមហន ដែលមានតួនាទីជា គណៈស្រុកចម្ការកៅស៊ូ នៅស្រុកស្នួល និងក្រោយមកជាជំនួយការតំបន់៥០៥ នៅស្រុកក្រចេះ[1]

ស៊ីមហន ធ្លាប់រៀនសូត្រនៅអនុវិទ្យាល័យក្រចេះបានត្រឹមឌីប្លូម ក្រោយមកបានក្លាយជាគ្រូបង្រៀន។ នៅឆ្នាំ១៩៦៦ ស៊ីមហន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ដោយសម្ងាត់ពេលគាត់ធ្វើជាគ្រូបង្រៀន។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចព្រះ នរោត្ដម សីហនុ ប្រទេសកើតមានសង្គ្រាម ពេលនោះ ស៊ីមហន ត្រូវបានខ្មែរក្រហមតែងតាំងជាសមាជិកខេត្ដ។ នៅតំបន់ក្រចេះពេលនោះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ យី មានតួនាទីជាប្រធានតំបន់ និង គួន ជាអនុលេខា។ តំបន់ក្រចេះ នៅអំឡុងឆ្នាំនោះ គឺស្ថិតនៅភូមិភាគឦសាន[2] ។  នៅឆ្នាំ១៩៧២ ស៊ីមហន បានឡើងឋានៈជាសមាជិកគណៈតំបន់ រហូតបានឡើងជាប្រធាន សេដ្ឋកិច្ចតំបន់។

នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម បានឡើងកាន់កាប់អំណាច។ នៅពេលដែលខ្មែរក្រហមទទួលជ័យជម្នះនៅទីក្រុងភ្នំពេញ មានប្រជាជនមួយចំនួនបានអបអរសាទរ ដោយគិតថាប្រទេសជាតិនឹងរួចផុតពីសង្រ្គាម ប្រជាជននឹងរស់នៅដោយសន្តិភាព ប៉ុន្តែការគិតនោះគឺវាផ្ទុយស្រឡះពីការពិត។ កងកម្លាំងឧទ្ទាមដែលប្រកបដោយឯកសណ្ឋានពណ៌ខ្មៅ និងពណ៌អាចម៍សេះ បានធ្វើដំណើរចូលទីក្រុងពីគ្រប់ទិសទី។ ប្រជាជនភាគច្រើនដែលរស់នៅទីក្រុងបាននាំគ្នាឈរត្រៀបត្រាតាមដងផ្លូវ បានស្រែកអបអរសាទរ និងគ្រវីទង់ក្រណាត់ស។ ទោះបីជាយ៉ាងនេះក្ដី ក៏មានមនុស្សជាច្រើននាក់ទៀត បានសម្ងំលាក់ខ្លួននៅក្នុងផ្ទះ ដោយព្រួយបារម្ភថាខ្លួនអាចនឹងត្រូវចាប់ខ្លួន ឬបាញ់សម្លាប់ ព្រោះភ្លាមៗនោះ ខ្មែរក្រហមបានប្រកាសតាមវិទ្យុជាតិថា ខ្លួនមិនមែនមកដើម្បីចរចាជាមួយនរណាទាំងអស់[3] ។ បើយោងតាមសៀវភៅ កងពលខ្មែរក្រហមលេខ៧០៣ នៅក្នុងនោះបានលើកឡើងថា ប្រមាណ៣០ នាទីបន្ទាប់មក កម្មាភិបាលភូមិភាគបស្ចិមបានប្រកាសឡើងវិញថា៖

« បក្សយើងបានឈ្នះមួយរយភាគរយនៅទូទាំងប្រទេសលើរបបសាធារណរដ្ឋខ្មែរបនក្បត់ លន់ នល់។ ជ័យជម្នះនេះ គឺបក្សយើងឈ្នះដោយចុងកាណុងយ៉ាងក្ដៅគគុក។ បក្សយើងមិនត្រូវការចរចាជាមួយអ្នកណា ឬបក្សណាទៀតទេ។ ពួកក្បត់ត្រូវទទួលការបរាជ័យដោយគ្មានអ្នកណាទទួលជំនួសអ្នកណាឡើយ។»[4]

បន្ទាប់ពីបានកាន់កាប់ទីក្រុងភ្នំពេញ ខ្មែរក្រហមបានចាប់ផ្ដើមធ្វើសេចក្ដីប្រកាសឲ្យប្រជាជនចាក់ចេញពីទីក្រុងភ្នំពេញជាកំហិត ដោយយកហេតុផលថាខ្លាចសត្រូវទម្លាក់គ្រាប់បែក។ ថ្វីត្បិតតែខ្មែរក្រហមផ្ដល់ចម្លើយផ្សេងៗគ្នា មូលហេតុចម្បងដែលផ្ដល់ឲ្យដោយទាហានភាគច្រើនគឺថា អាមេរិកនឹងទម្លាក់គ្រាប់បែកលើទីក្រុងភ្នំពេញ ហេតុនេះហើយ ប្រជាជនត្រូវតែចាក់ចេញ។ មូលហេតុមួយផ្សេងទៀតដែលបានលើកឡើងគឺ ខ្មែរក្រហមត្រូវបោសសម្អាតកងកម្លាំងសត្រូវឲ្យអស់ពីទីក្រុង។ ប្រជាជនភាគច្រើនបានបោះបង់ទ្រព្យសម្បត្តិដែលខ្លួនបានចំណាយពេលមួយជីវិតដើម្បីរកមក ចោលនៅទីក្រុងភ្នំពេញ ដោយគ្រាន់តែយកគ្រឿងអលង្ការ ប្រាក់កាស ឬរបស់មានតម្លៃមួយចំនួនមកជាប់ខ្លួន ដើម្បីប្រើប្រាស់ក្នុងពេលដែលមានតម្រូវការ។ គ្មាននរណាម្នាក់ដឹងទេថា ខ្លួនត្រូវចាកចេញពីផ្ទះសម្បែងរយៈពេលប៉ុន្មាន ហើយអ្នកដែលមានមន្ទិលសង្ស័យថា ការចាកចេញនេះនឹងមានថេរវេលាលើសពីបីថ្ងៃ ក៏មិនបានដឹងដែរថា នោះគឺជាពេលវេលាដែលខ្លួនអាចមើលឃើញទិដ្ឋភាពទីក្រុងភ្នំពេញ (ទីក្រុង ឬស្រុកកំណើតរបស់ខ្លួន) ជាលើកចុងក្រោយ នៅមុនពេលដែលវិលត្រឡប់មកវិញនៅរយៈពេលជាងបីឆ្នាំបន្ទាប់[5]

នៅក្នុងឆ្នាំ១៩៧៥ នោះដែរ ស៊ីមហន បានឡើងធ្វើជាគណៈស្រុកស្នួល កាន់ផ្នែកគ្រប់គ្រងកម្មករចម្ការកៅស៊ូ។ នៅចុងឆ្នាំ១៩៧៥ ស៊ីមហន បានស្នើសុំទៅកាន់អង្គការ ដើម្បីរៀបការជាមួយនឹង កាំង ឃុន។ ឃុន មិនធ្លាប់បានស្គាល់ ស៊ីមហន ពីមុនមកនោះទេ គាត់គ្រាន់តែស្គាល់តាមរយៈមេឃុំប៉ុណ្ណោះ។ ឃុន និង ស៊ីមហន បានរៀបការជាមួយគ្នានៅខែមករា ឆ្នាំ១៩៧៦។ នៅថ្ងៃដែលគាត់រៀបការ គឺអង្គការបានរៀបចំឲ្យរៀបការពីរគូក្នុងថ្ងៃតែមួយ ព្រោះដោយសារតែ ស៊ីមហន មានតួនាទីធំនៅពេលនោះ ទើបការរៀបការមិនមានការរៀបចំច្រើនគូដូចជាប្រជាជនធម្មតា។ នៅក្នុងពិធីនោះ អង្គការបានឲ្យគូស្វាមីភរិយាថ្មីឡើងប្ដេជ្ញាម្នាក់ម្ដង ហើយសម្រាប់ការប្ដេជ្ញានោះ ឃុន គ្រាន់តែនិយាយថា «នឹងថែរក្សាគ្រួសារឲ្យបានជាអនាគត» គាត់មិនបាននិយាយអ្វីច្រើនឡើយ។ បន្ទាប់ពីរៀបការរួចរាល់ ស៊ីមហន បានយក ឃុន ទៅរស់នៅជាមួយនៅចម្ការកៅស៊ូដែល ស៊ីមហន គ្រប់គ្រងនៅទីនោះ។ ស៊ីមហន បានស្នើអង្គការដាក់ឈ្មោះ កាំង ឃុន ឲ្យឡើងតួនាទី ជាប្រធានមន្ទីរពេទ្យប្រចាំមន្ទីរឃុំ។ អង្គការបានយល់ព្រមឲ្យ ឃុន ធ្វើជាគ្រូពេទ្យ ព្យាបាលកម្មករចម្ការកៅស៊ូ។ ប្រវត្តិនៃការសិក្សាជំនាញពេទ្យរបស់ ឃុន គឺរៀនសូត្រជាមួយនឹងវេជ្ជបណ្ឌិត ជួន ជឿន បានត្រឹមតែប្រាំមួយខែ ហើយក៏ចេញព្យាបាលជំងឺប្រជាជន។

ស៊ីមហន ត្រូវទៅប្រជុំនៅតំបន់ ក្នុងរយៈពេលមួយសប្ដាហ៍ម្ដង ។ ការប្រជុំមួយទៀត ដែលមានវត្តមានរបស់ យី និង គួន ចូលរួមជាមួយ ហើយការប្រជុំនោះគឺធ្វើឡើងរៀងរាល់បួនទៅប្រាំខែម្ដង និយាយពីការដឹកនាំការងារនៅក្នុងតំបន់នីមួយៗ។ ការប្រជុំនោះគឺលើកឡើងតែពីបទពិសោធន៍នៃការធ្វើកៅស៊ូ និងការធ្វើស្រែចម្ការ។ ឃុន បានបន្ថែមថា នៅស្រុកស្នួលជាតំបន់មួយដែលដីមានជីវជាតិ និងសម្បូរទៅដោយទឹក ងាយស្រួលក្នុងការធ្វើស្រែ នៅពេលដែលមានភ្លៀងតែមួយមេ គឺមានទឹកគ្រប់គ្រាន់សម្រាប់ការដក ស្ទូង។ ការគ្រប់គ្រងនៅក្នុងតំបន់នោះគឺបែងចែកអ្នកគ្រប់គ្រងដាច់ពីគ្នា គឺកងចម្ការកៅស៊ូផ្សេង និងកងធ្វើស្រែផ្សេង។

នៅឆ្នាំ១៩៧៧ ស៊ីមហន និង ឃុន ត្រូវបានអង្គការផ្លាស់ទីពីស្រុកស្នួល ទៅកាន់ស្រុកក្រចេះ។ នៅពេលដែលទៅដល់ទីនោះ ស៊ីមហន បានផ្លាស់ប្ដូរតួនាទីទៅជាអនុប្រធានមន្ទីរពេទ្យនៅមន្ទីរតំបន់៥០៥ ដែលមាន រឿន ភេទស្រី(ត្រូវបានសម្លាប់ដោយខ្មែរក្រហម) ជាប្រធាន ចំណែកឯ ឃុន មានតួនាទីជាគ្រូពេទ្យដដែល។ តាមពាក្យសម្ដីរបស់ ឃុន ដែលត្រូវជាប្រពន្ធ បាននិយាយថា ស៊ីមហន គឺជាមនុស្សម្នាក់ដែលឧស្សាហ៍ព្យាយាម និងជាមនុស្សស្លូតបូត ប្រជាជនដែលស្ថិតក្រោមការគ្រប់គ្រងរបស់គាត់គឺចូលចិត្ត គោរពស្រឡាញ់គាត់។ ស៊ីមហន គាត់មិនមែនជាអ្នកដែលចេះជក់បារីនោះទេ ប៉ុន្តែនៅក្នុងហោប៉ៅអាវរបស់គាត់តែងតែមានថ្នាំដែលមូរជាមួយនឹងស្លឹកឈើ សម្រាប់ទុកចែកឲ្យប្រជាជននៅសហករណ៍។ ស៊ីមហន បានបាត់ខ្លួននៅក្នុងខែមេសា ឆ្នាំ១៩៧៨។

បន្ទាប់ពីគាត់បាត់ខ្លួនបានបីថ្ងៃ យោធាខាងភូមិភាគនិរតី[6] បានចូលគ្រប់គ្រងយោធានៅភូមិភាគឦសាន។ កន្លងមកបានប្រហែលជាមួយសប្ដាហ៍ ស៊ីមហន បានផ្ញើសំបុត្រមួយច្បាប់ឲ្យទៅ ឃុន។ ខ្លឹមសារនៅក្នុងសំបុត្របានប្រាប់ថា ឲ្យ ឃុន ខិតខំធ្វើការបន្ថែម ដោយមិនចាំបាច់ជម្លៀសខ្លួនទៅទីណានោះទេ ដោយ ស៊ីមហន មិនបានបញ្ជាក់អំពីទីតាំងរបស់គាត់ នៅក្នុងសំបុត្រនោះឡើយ។ នៅក្នុងឆ្នាំ១៩៧៨ នោះដែរ ជាឆ្នាំដែល ឃុន បានសម្រាលកូនស្រីរបស់គាត់។ ក្នុងអំឡុងពេលនោះ ឃុន ជួបផលវិបាកជាច្រើន ព្រោះគាត់ជាមនុស្សស្រី ហើយត្រូវមើលថែទាំកូនស្រីតែម្នាក់ឯងទាំងសរសៃខ្ចី។ ឃុន បានបញ្ជាក់បន្ថែមថា យោធាភូមិភាគនិរតីតែងតែជិះម៉ូតូមកដល់ខាងមុខផ្ទះរបស់គាត់ ហើយបានស្រែកពីចម្ងាយមកថា គាត់គឺជាជនក្បត់នឹងអង្គការ។ គាត់តែងតែសម្ងំស្ងៀមនៅក្នុងផ្ទះនៅពេលដែលយោធាមកម្ដងៗ។ យោធាខ្មែរក្រហមដែលមកពីភូមិភាគនិរតី បានចូលទៅកាន់កាប់ភូមិភាគឦសាន ក៏ចាប់ផ្ដើមធ្វើការបោសសម្អាតយោធាដែលកាន់នៅភូមិភាគឦសាននោះ ដោយចោទប្រកាន់ថាភូមិភាគឦសាន គឺមានបំណងចង់បះបោរ និងប្រឆាំងនឹង ប៉ុល ពត។

ខ្មែរក្រហមបានព្យាយាមតាមស៊ើបរក ព្រមទាំងចាប់ខ្លួនអ្នកដឹកនាំធំៗ និងអ្នកដែលពាក់ព័ន្ធនៅភូមិភាគឦសាន ប៉ុន្តែ ឃុន មិនបានដឹងព័ត៌មាននោះទេថា នៅពេលដែលខ្មែរក្រហមចាប់យកទៅទីណា និងធ្វើអ្វីនោះទេ។ មានពេទ្យម្នាក់ឈ្មោះ ខែន ត្រូវបានអង្គការចោទថាក្បត់ ហើយចាប់ខ្លួន និងធ្វើទារុណកម្មដោយការចាប់ចង បញ្ច្រកទឹកត្រី ដើម្បីសួរចម្លើយ។ ស៊ីមហន ក៏ជាប់ឈ្មោះជាអ្នកដែលក្បត់នឹងអង្គការដែរ ប៉ុន្តែដោយសារតែ ស៊ីមហន ដឹងសភាពការណ៍ទើបគេចខ្លួនបាត់ សូម្បីតែ ឃុន ដែលត្រូវជាប្រពន្ធក៏មិនបានដឹងដំណឹងថាប្ដីរបស់គាត់នៅទីណា។ ឃុន ត្រូវបានអង្គការដកការងារជាគ្រូពេទ្យ ហើយឲ្យទៅធ្វើការងារនៅក្នុងការដ្ឋានអូរសំប៉ូច ដូចជាប្រជាជនធម្មតា។ ដំបូងឡើយ អង្គការមិនបានប្រើឲ្យធ្វើការងារធ្ងន់ធ្ងរនោះទេ ព្រោះគាត់ទើបតែសម្រាលកូន គ្រាន់តែឲ្យគាត់នៅមើលថែកុមារតូចៗបានរយៈពេលបីខែ អង្គការក៏ឲ្យគាត់ទៅធ្វើការនៅក្នុងកងគាស់គល់ឈើវិញ។

ឃុន បាននិយាយថា នៅពេលដែលតំបន់របស់គាត់ត្រូវប្ដូរអ្នកគ្រប់គ្រងថ្មី អ្វីៗត្រូវបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង ទាំងការធ្វើការ ការរស់នៅ និងការហូបចុក។ អ្នកគ្រប់គ្រងថ្មីឈ្មោះ យេង និង មឿន អ្នកទាំងពីរនោះគឺជាមនុស្សដែលតឹងរឹងជាមួយនឹងប្រជាជន។ ការគ្រប់គ្រងគឺមានភាពឃោរឃៅ មានទាំងការចាប់ឃុំឃាំង និងសម្លាប់ប្រជាជនស្លូតត្រង់ ទាំងដែលប្រជាជនទាំងអស់នោះមិនមានកំហុសអ្វីឡើយ គឺស្រេចតែការចោទប្រកាន់របស់អង្គការ។  ប្រជាជនមួយចំនួនត្រូវបានអង្គការចាប់យកទៅសម្លាប់ចោល ឲ្យតែសង្ស័យថាជាអ្នកដែលជាប់ខ្សែស្រឡាយជាមួយនឹងជនជាតិវៀតណាម។ មួយវិញទៀត ប្រជាជនដែលត្រូវខ្មែរក្រហមជម្លៀសមកពីទីក្រុងភ្នំពេញ ជាអ្នកដែលទទួលរងគ្រោះខ្លាំងជាងគេ។ ប្រជាជនដែលជម្លៀសមកពីភ្នំពេញទាំងប៉ុន្មាន ត្រូវអង្គការបញ្ជូនឲ្យទៅការដ្ឋាន១០៥។ អង្គការបានបង្កើតការដ្ឋានមួយសម្រាប់ដាក់រដ្ឋការដែលជម្លៀសមកពីទីក្រុងភ្នំពេញ ការដ្ឋាននោះគឺ ការដ្ឋាន១០៥។

ខ្មែរក្រហមបានកំណត់យកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃជប់លៀងហូបនំបញ្ចុកជុំគ្នា នៅការដ្ឋាន១០៥។ គោលបំណងរបស់ខ្មែរក្រហម គឺយកថ្ងៃនោះជាថ្ងៃសម្អាតប្រជាជនទាំងអស់ ប៉ុន្តែផែនការនោះត្រូវបរាជ័យដោយកងទ័ពវៀតណាមបានចូលមករំដោះប្រទេសកម្ពុជាចេញពី របបបនប្រល័យពូជសាសន៍ ប៉ុល ពត។ បន្ទាប់ពីកងទ័ពវៀតណាមបានចូលមកកាន់ប្រទេសកម្ពុជា ឃុន ក៏បានរត់គេចខ្លួនចេញពីស្រុកក្រចេះ ពីរនាក់ម្ដាយ និងកូន ឆ្លងទៅកាន់ត្រើយម្ខាងនៃទន្លេមេគង្គ ជិតដល់ស្ទឹងជីនិត។ គាត់បានជួបបងស្រីរបស់គាត់នៅតាមផ្លូវ។ ឈានដល់ពេលដែលរបបខ្មែរក្រហមបញ្ចប់ ឃុន, បងស្រីរបស់គាត់ និងកូនស្រីរបស់គាត់បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ៕

អត្ថបទដោយ៖ នេន ស្រីមុំ

ឯកសារយោង៖

[1] កាំង ឃុន. បទសម្ភាសន៍ដោយ ឡុង ដានី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៦). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ លេខ KRI0014.

[2] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៥ «ភូមិភាគឦសាន (ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សារ៉ាន់ ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦)។ ភូមិភាគនេះរួមមានខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីទាំងមូល, ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែងដែលស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គ។ ភូមិភាគនេះចែកចេញជាប្រាំមួយតំបន់គឺ តំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និង តំបន់៥០៥។»

[3] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ១៤

[4] ហ៊ុយ វណ្ណៈ. កងពលខ្មែរក្រហមលេខ៧០៣. ២០០៣. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៤

[5] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ១៦

[6] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ១៣៤ «ភូមិភាគនិរតី (ភូមិភាគ៤០៥) ដឹកនាំដោយ ឈិត ជឿន ហៅ តាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល, ស្រុក២ក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី, និងស្រុក៥ក្នុងខេត្តកណ្ដាល គឺស្រុកកណ្ដាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះចែកចេញជាបួនតំបន់គឺ៖ តំបន់១៣ តំបន់៣៣ តំបន់៣៥ និង តំបន់២៥។»

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin