ផូ សុផាត ៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងស្ថានភាពជំងឺបច្ចុប្បន្ន

ខ្ញុំឈ្មោះ ផូ សុផាត អាយុ ៥៥ ឆ្នាំ ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ជីវិតរបស់ខ្ញុំក្នុងរបបខ្មែរក្រហម គឺពោរពេញដោយការលំបាក និងការបាត់បង់ទ្រព្យសម្បត្តិជាច្រើនដែលឪពុកម្តាយខំរកពីមុខ និងជាបទពិសោធន៍មិនអាចបំភ្លេចបានក្នុងជីវិត។
នៅពេលខ្មែរក្រហមបានចូលមកដល់ភូមិស្រុក ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីលំនៅ និងទៅធ្វើការងារតាមតំបន់ដាច់ស្រយាលផ្សេងៗ។ ខ្ញុំត្រូវបានបំបែកចេញពីគ្រួសារ ដោយខ្មែរក្រហមឲ្យទៅរស់នៅក្នុងកងកុមារ។ នៅទីនោះ ខ្ញុំត្រូវធ្វើការដែលលើសនឹងសមត្ថភាពរបស់កុមារ ដូចជាការកាប់ស្លឹកទន្រ្ទានខែត្រ និងរើសអាចម៍គោស្ងួត ដើម្បីប្រើជាជីសម្រាប់ដាក់ស្រែ។ ខ្ញុំត្រូវហូបបបរឬបាយជាមួយសម្លព្រលឹតទាំងសំបក ដែលមិនគ្រប់គ្រាន់។ ពេលខ្លះនៅពេលចប់ពីការងារខ្ញុំត្រូវដេកដោយនៅជិតស្រែ។
ក្នុងអំឡុងនោះ ខ្ញុំបានឃើញសកម្មភាពរន្ធត់ៗជាច្រើន មានពេលខ្លះ ខ្មែរក្រហមបានចាប់ប្រជាជនមកចងដៃ, បណ្ដើរជាជួរមកក្បែរផ្ទះរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនដឹងថាខ្មែរក្រហមនាំអ្នកទាំងនោះទៅកន្លែងណា។ វាជារូបភាពដែលនៅតែនៅជាប់នៅក្នុងចិត្តរបស់ខ្ញុំរហូតមកដល់ពេលនេះ។
ខ្ញុំបានធ្វើការក្នុងកងកុមាររហូតដល់ឆ្នាំ ១៩៧៩ ហើយតំបន់ដែលខ្ញុំរស់នៅបន្តមានសង្គ្រាម។ ប្រជាជនភាគច្រើនជួបប្រទះនឹងភាពភ័យខ្លាច ខ្ញុំ, ឪពុកម្ដាយ និងបងប្អូន បាននាំគ្នាភៀសខ្លួនទៅរស់នៅក្នុងព្រៃ ដើម្បីគេចពីសង្គ្រាម។ ជីវិតក្នុងព្រៃពិតជាលំបាកខ្លាំង យប់កន្លែងណា ដេកនៅទីនោះ, គ្មានទីជម្រកសមរម្យ និងស្ទើរតែគ្មានអាហារហូប។
អំឡុងពេលធ្វើដំណើរនៅក្នុងព្រៃ ខ្ញុំបានឃើញសាកសពមនុស្សស្លាប់ពាសពេញព្រៃ មួយចំនួនត្រូវគ្របស្លឹកឈើ។ ខ្ញុំរស់នៅក្នុងស្ថានភាពបែបនេះអស់ជាច្រើនខែ ទើបអាចត្រឡប់មកភូមិស្រុកវិញ។
សព្វថ្ងៃនេះ ខ្ញុំនៅតែមិនអាចបំភ្លេចអតីតកាលដែលជួបប្រទះការលំបាក និងឯកោ។ បន្ទាប់ពីខ្មែរក្រហមដួលរលំ ខ្ញុំរៀនបានបន្តិចបន្តួច ក្រោយមកក៏ឈប់រៀន ព្រោះគ្រួសារមានជីវភាពក្រីក្រ ត្រូវជួយធ្វើស្រែចម្ការឪពុកម្ដាយ និងចញ្ចឹមប្អូនៗ។
អំឡុងឆ្នាំ ១៩៨២ ឪពុកម្ដាយខ្ញុំបានរៀបចំឱ្យខ្ញុំមានប្រពន្ធ ហើយនៅឆ្នាំ១៩៩២ ខ្ញុំបានផ្លាស់មករស់នៅភូមិបាកនឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ប្រកបរបរកសិករ។ បច្ចុប្បន្ននេះ ខ្ញុំមានជំងឺប្រចាំកាយដូចជា៖ ជំងឺឈឺសន្លាក់ដៃ, សន្លាក់ជើង និងជំងឺលើសឈាម។ មូលហេតុនៃជំងឺទាំងនេះបណ្តាលមកពី ស្ថានភាពរស់នៅ និងតំណពូជ។ ជំងឺលើសឈាម បណ្តាលមកពីបញ្ហាជំងឺតំណពូជ ព្រោះឪពុករបស់ខ្ញុំក៏មានជំងឺនេះដែរ។ ចំណែកជំងឺសន្លាក់ដៃ សន្លាក់ជើងវិញ ដោយសារពេលនៅក្មេង ខ្ញុំគ្មានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងខ្ញុំមានវ័យចាស់ដែលជម្រុញឲ្យសុខភាពកាន់តែទ្រុឌទ្រោម។ ខ្ញុំបានទៅពិនិត្យជាមួយគ្រូពេទ្យនៅតាមស្រុកភូមិ។ គ្រូពេទ្យបានផ្តល់ថ្នាំលេប និងថ្នាំចាក់សម្រាប់ប្រើប្រាស់តាមប្រភេទជំងឺរបស់ខ្ញុំ។
ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចុះមកសួរសុខទុក្ខ និងយកចិត្តទុកដាក់ដល់ស្ថានភាពរស់នៅរបស់ខ្ញុំ។ ខ្ញុំសូមជូនពរដល់ក្រុមការងារទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខចម្រើននានា ជារៀងរហូត។[1]
អត្ថបទដោយ ផាត ពន្លក
[1] ផូ សុផាត, សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត។