តំបន់៥០៥ នៅក្នុងរបបខ្មែរក្រហម

ណៃ សារ៉ាន់ ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦) មានតួនាទីជាប្រធានភូមិភាគឦសាន។

ខេត្ដក្រចេះតាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៨ ស្ថិតនៅក្នុងភូមិភាគឦសាន។ តំបន់៥០៥ ជាតំបន់មួយស្ថិតនៅភូមិភាគឦសាន (ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សារ៉ាន់ ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦)។ ភូមិភាគនេះរួមមានខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីទាំងមូល, ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែងដែលស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គ។ ភូមិភាគនេះចែកចេញជាប្រាំមួយតំបន់គឺ តំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និង តំបន់៥០៥[1] ។ ក្រោយពីចាប់ប្រធានភូមិភាគ និងគណៈតំបន់ឈ្មោះ យី, គួន, យ៉ែម និងកម្មាភិបាលមួយចំនួនទៀតបាត់អស់ទៅ ក៏មានកម្មាភិបាលខែ្មរក្រហមមកពីភូមិភាគនិរតី[2] ចូលមកគ្រប់គ្រងវិញ ពេលនោះខេត្ដក្រចេះទាំងមូលក្លាយជាតំបន់ស្វយ័ត[3]។ ភូមិភាគថ្មីមួយទៀត គឺភូមិភាគកណ្ដាលត្រូវបានបង្កើតឡើង។ ភូមិភាគនេះមានទីតាំងស្ថិតនៅត្រង់អតីតភូមិភាគឧត្ដរ។ ចំណែកភូមិភាគឧត្ដរថ្មី ត្រូវបានប្ដូរទីតាំងទៅតំបន់សៀមរាប-ឧត្ដរមានជ័យ និងតំបន់ព្រះវិហារ។ តំបន់ក្រចេះ (ឬតំបន់៥០៥) និងតំបន់មណ្ឌលគិរី (ឬតំបន់១០៥) ត្រូវបានបំបែកចេញពីភូមិភាគឦសាន និងចាត់តាំងជាតំបន់ស្វយ័ត[4]

នៅឆ្នាំ១៩៧០ ពេលដែលខ្មែរក្រហមចូលកាន់កាប់ ខេត្តក្រចេះដំបូងឡើយ គឺមិនទាន់បានផ្លាស់ប្ដូរឈ្មោះនៅឡើយទេ នៅតែបន្តប្រើឈ្មោះ រណសិរ្សរួបរួមជាតិ[5]។ ធាវ ដាន ភេទប្រុស អាយុ៦៧ឆ្នាំ(២០០៦) មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកក្រចេះ ខេត្តក្រចេះ គាត់មានតួនាទីជាក្រុមប្រឹក្សាឃុំ ជំទប់ទីមួយនៃឃុំគោលាប់[6] ។ ដាន បានរៀបរាប់ថានៅអំឡុងឆ្នាំ១៩៧០ តំបន់៥០៥ ជាតំបន់មួយស្ថិតនៅភូមិភាគឦសាន ដឹកនាំដោយ ណៃ សារ៉ាន់ ឈ្មោះបដិវត្តិន៍ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦)។ ខ្មែរក្រហមបានយកឈ្មោះ រណសិរ្សរួបរួមជាតិ ជាខែល ហើយបានឃោសនាអូសទាញឲ្យយុវជន យុវនារីចូលធ្វើជាទាហាន ដោយយកព្រះនាមរបស់សម្ដេចព្រះ នរោត្ដម សីហនុ បាំងមុខក្នុងការអំពាវនាវឲ្យប្រជាជនចូលព្រៃម៉ាគី ដើម្បីបង្កើតចលនារណសិរ្សរួបរួមជាតិ ព្រោះប្រជាជនប្រកាន់ខ្ជាប់ និងមានជំនឿលើព្រះមហាក្សត្រ ដោយសារតែធ្លាប់រស់នៅមានភាពសុខដុមរម្យនា ប៉ុន្តែធាតុពិតគឺចូលរួមធ្វើជាយោធារបស់ខ្មែរក្រហម។ ប្រជាជនបានស្ម័គ្រចិត្តចូលរួមជាមួយនឹងចលនាខ្មែរក្រហមទាំងងងឹតងងុល ដោយសារតែអំឡុងពេលនោះ ប្រជាជនទទួលបានព័ត៌មានតាមរយៈវិទ្យុពីទីក្រុងប៉េកាំងថា «កូនខ្មែរទាំងឡាយរត់ចូលព្រៃម៉ាគី ដើម្បីតស៊ូរំដោះប្រទេសជាតិយើងវិញ»។ ទោះបីជាខ្មែរក្រហមបានធ្វើសង្រ្គាមប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែររបស់ឧត្តមសេនីយ៍ លន់ នល់ អស់រយៈពេលប្រាំឆ្នាំក៏ដោយក៏ចលនា និងមេដឹកនាំសំខាន់ៗរបស់ខ្មែរក្រហមមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ។ បក្សកុម្មុយនីស្តកម្ពុជាបានរក្សាការសម្ងាត់នេះស្ទើរតែពេញរយៈពេលដែលខ្លួនគ្រប់គ្រងប្រទេសកម្ពុជា[7] ។ ជាក់ស្ដែងគឺ សាឡុត ស ដែលក្រោយមកត្រូវបានគេស្គាល់ថាជា ប៉ុល ពត គឺជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តកម្ពុជា។ តាមរយៈដំណើររបស់សម្ដេចព្រះ នរោត្ដម សីហនុ និងសម្ដេចម៉ែ បានបង្ហាញឲ្យដឹងថា សាឡុត ស មិនបង្ហាញពីសមាសភាពពិតរបស់ខ្លួនក្នុងនាមជាមេដឹកនាំកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់នោះទេ[8] ។ ដាន បានបន្តថា នៅពេលដែលកើតមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីព្រះប្រមុខរដ្ឋ យោធាខ្មែរក្រហមចាប់ផ្ដើមលេចមុខមក ហើយអំឡុងពេលនោះដែរក៏មានការប្រឈមមុខដាក់គ្នារវាងយោធាខ្មែរក្រហម និងទាហាន លន់ នល់ បញ្ហាទាំងអស់នោះបាននាំទុក្ខដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។ នយោបាយរបស់ខ្មែរក្រហមគឺបោសសម្អាតមន្រ្តីរបបចាស់ លុបបំបាត់វណ្ណៈសង្គម និងអ្នកមានអ្នកក្រ។ ខ្មែរក្រហមបានឆ្លៀតឱកាសនោះញុះញង់ឲ្យប្រជាជនក្រីក្រស្អប់ខ្ពើមរបបសក្ដិភូមិ ដែលមានការជិះជាន់កេងប្រវ័ញ្ចប្រជាជនក្រីក្រ ការបែងចែកវណ្ណៈ។ ប្រជាជនដែលមានតួនាទីជាមន្រ្តីរាជការដែលធ្លាប់គាបសង្កត់ប្រជាជនកន្លងមក ជាបញ្ញវន្ត នៅក្នុងរបប លន់ នល់ នឹងត្រូវចាប់យកទៅសម្លាប់ចោល[9]

ខ្មែរក្រហមចាប់ផ្ដើមឃោសនាធ្វើការបង្រួបបង្រួមជាតិ ហើយបានទម្លាក់កំហុសទៅលើរបប លន់ នល់ ធ្វើរដ្ឋប្រហារផ្ដួលរំលំប្រទេសកម្ពុជា ដែលប្រកាន់យក នយោបាយអព្យាក្រឹត។ ធម្មតាប្រជាជនធ្លាប់មានជំនឿ ទៅលើសមេ្ដចព្រះ នរោត្ដម សីហនុ យាងចូលគ្រប់គ្រងប្រទេសជាតិវិញ។ ដាន បានចូលក្នុងជួរបដិវត្ដន៍ និងបានដើរឃោសនាឲ្យប្រជាជននៅក្នុងតំបន់ចូលពៃ្រម៉ាគី។ ពេលនោះមានក្រុមសាស្រ្ដាចារ្យ យី, គួន, ទេព សៀន, និង យ៉ែម ព្រមទាំងក្រុមចលនានិស្សិតមួយចំនួនទៀតបានស្ម័គ្រចិត្ដចូលបម្រើចលនារណសិរ្សរួបរួមជាតិដែរ។ ពេលនោះ យ៉ែម, គួន, និង សៀន បានឡើងធ្វើជាគណៈតំបន់ គណៈស្រុកនៅក្នុងសកម្មភាពសម្ងាត់នៅឡើយទេ។ ខណៈនោះមានកម្លាំងយៀកកុងចូលមកសហការណ៍ជាមួយក្រុមរណសិរ្សរំដោះជាតិដែរ។ សភាពការណ៍វិវដ្ដទាំងនេះ បានផ្ដល់ឱកាសយ៉ាងច្រើនដល់ខ្មែរក្រហម។ សម្ដេចព្រះ នរោត្ដម សីហនុ បានអំពាវនាវឲ្យប្រជាជនចូលព្រៃម៉ាគី (ព្រៃដែលអ្នកតស៊ូធ្វើបដិវត្តន៍លាក់ខ្លួន) ជួយផ្ដួលរំលំរដ្ឋាភិបាលរបស់សេនាប្រមុខ លន់ នល់។ ជាងនេះទៅទៀត ការទម្លាក់គ្រាប់បែកដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើផ្លូវផ្គត់ផ្គង់សម្ភារ និងមូលដ្ឋាននានារបស់ក្រុមកុម្មុយនីស្ត ប្រព្រឹត្តឡើងដោយរបបសាធារណរដ្ឋខ្មែរ ក្រោមការជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យការគាំទ្រខ្មែរក្រហមពីសំណាក់ប្រជាជន មានសន្ទុះកាន់តែច្រើនឡើងៗ ហើយកម្លាំងទ័ពរបស់ខ្មែរក្រហមមានចំនួនកាន់តែច្រើនឡើងជាលំដាប់[10]

ដាន បានបន្ថែមថា នៅឆ្នាំ១៩៧១ មានយន្ដហោះបានមកទម្លាក់គ្រាប់បែក តាមពៃ្រ និងតាមដងទនេ្ល បណ្ដាលឲ្យហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានខូចខាត មិនថាជាសាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ផ្លូវថ្នល់ រួមទាំងស្ពានមួយចំនួនត្រូវបែកបាក់ខ្ទេចខ្ទី[11] ។ បើយោងតាមសៀវភៅកំណត់ហេតុ​សាក្សីប្រវត្តិសាស្រ្ត របស់ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានបង្ហាញអំពីការយាងអមដំណើរជាមួយនឹងសម្ដេចព្រះ នរោត្ដម សីហនុ ដែលទ្រង់ត្រឡប់មកប្រទេសកម្ពុជាវិញថា នៅឆ្នាំ១៩៧៣ យន្តហោះរបស់សត្រូវ(សំដៅទៅលើយន្តហោះរបស់សហរដ្ឋអាមេរិកដែលគាំទ្រលោកសេនាប្រមុខ លន់ នល់) គឺមានការទម្លាក់គ្រាប់បែកជាច្រើនតាមបណ្ដោយដងផ្លូវនៅខេត្តស្ទឹងត្រែង។ នៅក្នុងឃ្លាមួយទ្រង់បានលើកឡើងថា «សត្រូវច្បាស់ជាមានការសង្ស័យអំពីការវិលត្រឡប់របស់យើង មកកាន់ប្រទេសកម្ពុជាវិញជាក់ជាមិនខាន។ ហេតុនេះហើយ ទើបពួកសត្រូវកំពុងតាមស្វែងរកយើង! នៅពេលរសៀល គេទម្លាក់គ្រាប់បែកនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីកន្លែងរបស់យើងប៉ុណ្ណោះ។» [12]  

នៅពាក់កណ្ដាលឆ្នាំ១៩៧៤ ភូមិភាគបូព៌ា[13] មានការប្រកាសអាសន្នមួយ ហៅថាសភាវអាសន្ន ខាងគោលជំហរវណ្ណសក្ដិភូមិក្រោកឡើងប្រឆាំងនឹងគោលនយោបាយរបស់ខ្មែរក្រហម។ បន្ទាប់ពីកើតមានការប្រឆាំងជាមួយនឹងគោលនយោបាយរបស់ខ្លួន ខ្មែរក្រហមបានបង្កើតឲ្យមានចលនាបង្រ្កាបប្រជាជនដែលប្រឆាំងទាំងអស់នោះ ហើយចាប់ផ្ដើមពង្រឹងវិស័យកសិកម្ម និងពង្រឹងកសិករក្រីក្រឲ្យរឹងមាំ ជាសហករណ៍ដែលត្រូវធ្វើការរួម ហូបរួម និងស្នាក់នៅរួម។ អង្គការចាប់ផ្ដើមបង្កើតឲ្យមានសហករណ៍ កម្មសិទ្ធិដែលប្រជាជនមានទាំងប៉ុន្មានត្រូវដាក់បញ្ចូលជារបស់អង្គការ មិនថាជាផ្ទះសម្បែង សត្វពាហនៈ មាសប្រាក់ របស់របរប្រើប្រាស់ប្រចាំថ្ងៃ សូម្បីតែបន្លែបង្ការដាំជុំវិញផ្ទះក៏ត្រូវបានបញ្ចូលទៅក្នុងសមូហភាពដែរ។ ពាក់ព័ន្ធនឹងរបបអាហារ ដាន បាននិយាយថា នៅតំបន់ក្រចេះមិនមានការខ្វះខាតដូចជាតំបន់ផ្សេងទេ។ ប្រជាជនភាគច្រើនតែងតែហូបបាយ ករណីដែលមានបបរក៏បបរនោះជាបបរខាប់ដែរ។ ដូច្នេះយើងអាចនិយាយបានថាប្រជាជននៅតំបន់នោះគឺបរិភោគបានគ្រប់គ្រាន់[14]

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលយោធាខ្មែរក្រហមកាន់កាប់បានទីក្រុងភ្នំពេញ។ ចាប់តាំងពីរំដោះបានទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានបំពេញតួនាទីជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងឲ្យអស់ក្នុងរយៈពេលបីថ្ងៃ។ បក្សកុម្មុយនីស្តកម្ពុជាបានកំណត់យកផ្សារថ្មីធ្វើជាគោលក្នុងការជម្លៀសប្រជាជនចេញទៅកាន់ខេត្តផ្សេងៗ។ ប្រជាជនតាមទីក្រុង និងទីប្រជុំជនភាគច្រើនជឿជាក់ថា ខ្លួននឹងរស់នៅប្រកបដោយសុខសន្តិភាព ក្រោយការគ្រប់គ្រងរបស់មេដឹកនាំថ្មីរបស់ខ្លួន ហើយថាប្រជាជនគ្រប់រូបនឹងពួតដៃគ្នាធ្វើការដើម្បីបង្រួបបង្រួមជាតិ។ ផ្ទុយទៅវិញពីរ ឬបីម៉ោងបន្ទាប់ពីកាន់កាប់បានទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានចាប់ផ្ដើមបាញ់រះទៅលើអាកាសជាសញ្ញាបង្ខំប្រជាជនឲ្យចាកចេញពីទីក្រុង។ ប្រជាជនត្រូវបានជូនដំណឹង ជាទូទៅតាមរយៈស្នូរកាំភ្លើង ថាខ្លួនត្រូវតែចាកចេញពីផ្ទះសម្បែងរបស់ខ្លួនភ្លាមៗ។ ចលនាផ្លាស់ទីចេញពីទីក្រុងភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រព្រឹត្តទៅក្នុងស្ថានភាពចលាចល គួរឲ្យភ័យខ្លាច និងដោយបង្ខំ[15] ។ ខ្មែរក្រហមបានបែងចែកប្រជាជននៅទីក្រុងភ្នំពេញជាប្រាំផ្នែក និងចាត់ទុកជាជ័យភ័ណ្ឌរបស់កងទ័ពភូមិភាគនីមួយៗ។ ប្រជាជនរាប់លាននាក់ត្រូវបង្ខំចិត្តចាក់ចេញពីទីក្រុងភ្នំពេញទៅកាន់ទីជនបទ តាមបញ្ជារបស់មេបញ្ជាការកងទ័ពខ្មែរក្រហមនិងគណៈភូមិភាគនីមួយៗ[16] ។ យុវជន និងយុវនារី ត្រូវបានអង្គការបែងចែកឲ្យទៅធ្វើការនៅកងចល័ត រស់នៅប្រមូលផ្ដុំគ្នាតាមសហករណ៍នីមួយៗ។ កងទ័ពបដិវត្តន៍ ដែលកើតចេញពីប្រជាជននៅតាមមូលដ្ឋានចុងកាត់មាត់ញកបានរីកចម្រើនជាលំដាប់។ មនោគមវិជ្ជារបស់ខ្មែរក្រហមបានជ្រួតជ្រាប និង មានប្រសិទ្ធភាពចំពោះយុវជន និង យុវនារីភាគច្រើននៅតាមស្រុកស្រែចម្ការ[17] ។ យើងអាចមើលឃើញថានៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមមានសហករណ៍នៅឆ្នាំ១៩៧៥ ដោយឡែកនៅតំបន់ក្រចេះ គឺមានសហករណ៍ចាប់ពីឆ្នាំ១៩៧៤ មកម្ល៉េះ[18]

ឆ្នាំ១៩៧៦-១៩៧៧ កងពលខ្មែរក្រហមចាប់ផ្ដើមធ្វើសកម្មភាពបោសសម្អាតគណៈតំបន់ ដោយចោទប្រកាន់ថា «គណៈតំបន់នឹងត្រូវដៃដើមជាមួយវៀតណាម បណ្ដោយឲ្យវៀតណាមនាំទ័ពចូលមកវាយនៅលើទឹកដីកម្ពុជា»។ ខ្មែរក្រហមនៅតែបន្តបោសសម្អាតគណៈតំបន់ជាបន្តបន្ទាប់ ហើយបានចាប់ខ្លួនគណៈតំបន់ប៉ុន្មាននាក់ដែលគ្រប់គ្រងនៅតំបន់ក្រចេះ មានឈ្មោះ យី, គួន, និងយ៉ែម។ បន្ទាប់ពីចាប់ខ្លួនគណៈតំបន់ចាស់អស់ហើយ ឆ្នាំ១៩៧៨ ក៏មានគណៈតំបន់ថ្មីចូលទៅកាន់តំណែងបន្តឈ្មោះ មឿន ជាលេខាតំបន់៥០៥ ប៉ុន្តែគ្រប់គ្រងមិនបានប៉ុន្មានក៏ត្រូវខ្មែរក្រហមចាប់ខ្លួន។ រហូតដល់ឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមកកាន់ទឹកដីកម្ពុជាសារជាថ្មីម្ដងទៀត។ បន្ទាប់ពីកងទ័ពវៀតណាមចូលមកទឹកដីកម្ពុជាម្ដងទៀត ក៏ចាប់ផ្ដើមបើឆាកប្រយុទ្ធជាថ្មីម្ដងទៀតរវាងយោធាខ្មែរក្រហម និងកងទ័ពវៀតណាម។ ប្រទេសកម្ពុជាចាប់ផ្ដើមមានភាពចលាចល ប្រជាជន និងទាហានជាច្រើននាក់ត្រូវរងរបួស និងបាត់បង់ជីវិតដោយសារតែគ្រាប់កាំភ្លើង និងគ្រាប់បែក។

យើងអាចមើលឃើញថា សង្រ្គាមគឺមានផលប៉ះពាល់ជាច្រើនដល់ប្រទេសជាតិ និងប្រជាជន។ របបខ្មែរក្រហម បានធ្វើឲ្យប្រជាជនជាច្រើនគ្រួសារបាត់បង់សាច់ញាតិ បងប្អូន ប្រពន្ធ និងកូន។ ប្រជាជនជាច្រើនបានយកជីវិតទៅបោះបង់ចោលនៅសមរភូមិ ភាគច្រើនគឺជាបុរស។ បន្ទាប់ពីរបបខ្មែរក្រហមបញ្ចប់ គឺបានបន្សល់ទុកនូវស្រ្តីមេម៉ាយ និងកូនក្មេងយ៉ាងសន្ធឹកសន្ធាប់កំព្រាឪពុក ដែលឪពុករបស់គាត់បានស្លាប់នៅក្នុងសមរភូមិ។ មិនត្រឹមតែប៉ុណ្ណោះ របបនោះក៏បានបន្សល់ជំងឺជាច្រើនមុខដល់អ្នករស់រានមានជីវិតពីរបបដ៏ខ្មៅងងឹត រហូតដល់សព្វថ្ងៃ៕

អត្ថបទដោយ៖ នេន ស្រីមុំ

ឯកសារយោង៖

[1] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៥

[2] ស្ទួន, ទំព័រ៣៤ «ភូមិភាគនិរតី(ភូមិភាគ៤០៥) ដឹកនាំដោយ ឈិត ជឿន ហៅ តាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងតាកែវទាំងមូល, ស្រុក២ក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគង់ពិសី, និងស្រុក៥ក្នុងខេត្តកណ្ដាល គឺស្រុកកណ្ដាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះ ចែកចេញជា៤តំបន់គឺ៖ តំបន់១៣ តំបន់៣៣ តំបន់៣៥ និង តំបន់២៥។»

[3] ធាវ ដាន. បទសម្ភាសន៍ដោយ ឌី ខាំបូលី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៦). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ លេខ KRI0013

[4] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៥

[5] ស្ទួន, ទំព័រ៧. «កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមដែលចម្រុះដែលមានទាំងសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះ រួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។»

[6] ធាវ ដាន. បទសម្ភាសន៍ដោយ ឌី ខាំបូលី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៦). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ លេខ KRI0013

[7] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ២៧

[8] ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ. សាក្សីប្រវត្តិសាស្រ្ត. ២០២៣. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៤៣.

[9] ធាវ ដាន. បទសម្ភាសន៍ដោយ ឌី ខាំបូលី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៦). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ លេខ KRI0013

[10] ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ. សាក្សីប្រវត្តិសាស្រ្ត. ២០២៣. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ១១

[11] ធាវ ដាន. បទសម្ភាសន៍ដោយ ឌី ខាំបូលី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៦). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ លេខ KRI0013

[12] ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ. សាក្សីប្រវត្តិសាស្រ្ត. ២០២៣. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៥០

[13] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៣ «ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយសោ ភឹម ដែលបានធ្វើអត្តឃាត នៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែងនិងខេត្តស្វាយរៀងទាំងមូល,  ផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងឆ្វេងទន្លេមេគង្គទាំងអស់, ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកចំនួន៣ក្នុងខេត្តកណ្ដាល រួមមានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់រួមមាន៖ តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និង តំបន់២៤។»

[14] ធាវ ដាន. បទសម្ភាសន៍ដោយ ឌី ខាំបូលី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៦). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ លេខ KRI0013

[15] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ១៤-១៥

[16] ហ៊ុយ វណ្ណៈ. កងពលខ្មែរក្រហមលេខ ៧០៣ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង. ២០០៣. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៤

[17] ស្ទួន, ទំព័រ៤៨

[18] ធាវ ដាន. បទសម្ភាសន៍ដោយ ឌី ខាំបូលី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៦). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ លេខ KRI0013

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin