ប្រវត្តិបដិវត្តន៍ អ៊ុក សារ៉ាន ហៅ ធាង ក្នុងរបបខ្មែរក្រហម
អ៊ុន សារ៉ាន ហៅ ធាង ភេទស្រី កើតនៅឆ្នាំ១៩៥៧ បច្ចុប្បន្នអាយុ៦៧ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ត្រាច ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់មានកូនប្រុសបីនាក់។ គាត់ទទួលបានការសិក្សារៀនសូត្រត្រឹមថ្នាក់ទី៩ (ក្នុងសង្គមចាស់) នៅសាលាអណ្តូងពោធិ៍។ គាត់ឈប់រៀនដោយសារប្រទេសជាតិមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ ពេលនោះក្នុងភូមិមានទាហានយួនធៀវគី (វៀតណាមខាងត្បូង) ដែលគាំទ្ររបប លន់ នល់ តែងតែធ្វើសង្គ្រាមប្រឆាំងនឹងកម្លាំងចលនាខ្មែរក្រហម។ យន្តហោះសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកស្ទើរតែរាល់ថ្ងៃ ជាពិសេសនៅពេលយប់ មកលើភូមិដ្ឋាន ធាង រស់នៅបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទះសម្បែង និងបណ្តាលឲ្យមនុស្ស សត្វពាហនៈ រងរបួស និងស្លាប់។ យុវជន យុវនារី ដែលភាគច្រើនជាកូនកសិករកាន់តែច្រើនឡើងៗមានកំហឹងឈឺចាប់នឹងរបប នល់ នល់ បានចូលធ្វើបដិវត្តន៍ដោយស្ម័គ្រចិត្តជាហេតុនាំឲ្យកម្លាំងចលនាខ្មែរក្រហមកាន់តែរីកដុះដាលធំឡើងៗ។ ធាង បានឃើញប្រជាជនរស់នៅទាំងមានការភ័យខ្លាច និងមួយចំនួនបានផ្លាស់ប្តូរទៅក្នុងព្រៃ និងតាមវាលស្រែដើម្បីគេចចេញពីសង្គ្រាម និងការតាមចាប់ឲ្យចូលបម្រើក្នុងជួរកងទ័ព លន់ នល់។ ជាក់ស្តែងឪពុករបស់ ធាង ត្រូវបានរបប លន់ នល់ បង្ខំឲ្យចូលធ្វើទាហាននៅតំបន់អារក្សស្វាយដោយត្រូវទៅជញ្ជូនសម្ភារសម្រាប់ធ្វើសង្គ្រាម។[1]
ឆ្នាំ១៩៧២ ធាង ត្រូវបានអ៊ំរបស់ខ្លួនដែលជាមេឃុំជ្រើសរើសឲ្យមកជួយការងារនៅសាលាឃុំអណ្តូងពោធិ៍ដោយសារតែគាត់ធំជាងគេក្នុងចំណោមបងប្អូន៦នាក់។ គាត់បានចាប់ផ្តើមការងារដំបូងជាជំនួយការឃុំធ្វើការងាររដ្ឋបាល និងការគ្រប់គ្រង។ តាមរយៈការងារនេះហើយទើបគាត់មានឱកាសចូលបម្រើបដិវត្ដន៍ខ្មែរក្រហម នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៧៣ នៅឃុំត្រពាំងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង តាមរយៈឈ្មោះ ពៅ ដែលជាមេឃុំត្រពាំងពោធិ៍ ត្រូវជាអ៊ំប្រុស។ មូលហេតុដែលនាំឲ្យគាត់ចូលធ្វើបដិវត្តន៍គឺចង់រំដោះប្រជាជន និងប្រទេសជាតិចេញពីសង្រ្គាម។ បន្ទាប់ពីចូលបដិវត្តន៍គាត់ទទួលបានការសិក្សាអប់រំពីមាគ៌ាបក្សចំនួន៧វគ្គ និងឆ្លងកាត់ការធ្វើប្រវត្តិរូបម្តងរយៈពេល២ម៉ោង។[2]
នៅឆ្នាំ១៩៧៤ អង្គការបានបញ្ជូន ធាង និងយុវនារីម្នាក់ទៀតឈ្មោះ វិត ពីឃុំត្រពាំងពោធិ៍ឲ្យទៅធ្វើជាកងសេរីការប្រចាំនៅយោធាតំបន់២០ នៅខេត្ដពៃ្រវែង។ តាមការរៀបរាប់របស់ ធាង ការជ្រើសរើសគាត់ និង វិត នៅពេលនោះដោយសារតែអ្នកទាំងពីរមានចំណេះដឹង និងឧស្សាហ៍ធ្វើការងារជាងគេក្នុងចំណោមអ្នកចូលរួមបដិវត្តន៍ក្នុងឃុំ។ ការជ្រើសរើសនេះគឺធ្វើឡើងគ្រប់ឃុំទាំងអស់នៅទូទាំងខេត្តស្វាយរៀង។ នៅពេលនោះស្រុករមាសហែកមាន១២ឃុំ គឺមានយុវជន និងយុវនារីបដិវត្តន៍ចំនួន២៤នាក់ត្រូវបានជ្រើសរើសឲ្យទៅចូលរួមនៅយោធាតំបន់២០ ដែលស្ថិតនៅជិតទីរួមខេត្តព្រៃវែង។ នៅពេលនោះមានសង្រ្គាមកើតឡើងរវាងទាហាន លន់ នល់ និងយោធាខ្មែរក្រហម។ ធាង មានអាយុប្រហែល១៥ឆ្នាំ អង្គការបានចាត់តាំងឲ្យទៅសមរភូមិមុខជួយសែងយោធាខែ្មរក្រហមដែលរងរបួស និងស្លាប់ មកសមរភូមិក្រោយវិញ។ ធាង រៀបរាប់បន្តថា កងសេរីការរបស់គាត់មានសិទ្ធិកាន់អាវុធ និងត្រូវចូលរួមក្នុងសមរភូមិពេលប្រទេសជាតិមានសង្គ្រាម ព្រមទាំងជួយធ្វើស្រែចម្ការប្រជាជនពេលប្រទេសជាតិមានសន្តិភាព។[3] ក្រៅពីការងារនៅសមរភូមិខេត្តព្រៃវែង ធាង និងយុវជនផ្សេងទៀតត្រូវរៀនអក្សរសាស្រ្ត និងការងារកសិកម្ម របៀបធ្វើស្រែ និងចម្ការ ដើម្បីទទួលបានទន្និផលខ្ពស់ ហើយរៀងរាល់២សប្តាហ៍ម្តងត្រូវទទួលវគ្គបណ្តុះបណ្តាលអប់រំផ្នែកនយោបាយ និងមាគ៌ាដឹកនាំរបស់បក្ស។ តាមរយៈវគ្គអប់រំអង្គការបានបង្រៀន ធាង ពីភាពស្មោះត្រង់នឹងអង្គការបដិវត្តន៍ និងមិនត្រូវជឿតាមការអូសទាញពីសំណាក់អ្នកខាងក្រៅ។
នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានជ្រើសរើសនារីៗចំនួន៣០នាក់ឲ្យទៅបម្រើការងារនៅតាមរោងចក្រនានានៅទីក្រុងភ្នំពេញ។ ធាង ស្ថិតក្នុងចំណោមនារីដែលត្រូវបានជ្រើសរើស និងបានធ្វើដំណើរតាមរថយន្តមកភ្នំពេញ។ ពេលមកដល់ដំបូងអង្គការឲ្យស្នាក់នៅម្ដុំស្ទឹងមានជ័យ បន្ទាប់មកអង្គការឲ្យទៅដើរបោសសម្អាតផ្ទះសំបែង នៅម្ដុំផ្សារថ្មី និងម្ដុំវិមានឯករាជ្យ ដើម្បីឲ្យគាត់ និងអ្នកមកពីខេត្តព្រៃវែងដទៃទៀតស្នាក់នៅ។ នៅភ្នំពេញគាត់បានឃើញសភាពស្ងាត់ជ្រងំនៅតាមដងផ្លូវ និងផ្ទះសម្បែងត្រូវបានបោះបង់ចោលគ្មានមនុស្សរស់នៅ។ ភ្លាមៗបន្ទាប់ពីជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញបានបង្ខំអ្នករស់នៅទីក្រុងភ្នំពេញប្រហែលពីរលាននាក់ ដែលក្នុងនោះរួមបញ្ចូលទាំងអ្នកភៀសខ្លួនក្នុងអំឡុងពេលសង្គ្រាមជាងមួយលាននាក់ផងឲ្យទៅទីជនបទ។ ក្នុងរយៈពេលមួយសប្តាហ៍ ប្រជាជនទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងៗទៀតដែលធ្លាប់គ្រប់គ្រងដោយរបបសារធារណៈរដ្ឋខ្មែរត្រូវបានបណ្តេញចេញឲ្យទៅធ្វើការងារកសិកម្មនៅតំបន់ជនបទ។[4] ផ្ទះនៅម្តុំផ្សារថ្មីដែលគាត់បានបោសសម្អាតនោះ មានសល់ទ្រព្យសម្បតិ្ត មាសប្រាក់ សំលៀកបំពាក់ និងសាកសពដែលគាត់សន្និដ្ឋានថាជាម្ចាស់ផ្ទះ មិនព្រមចាកចេញតាមបញ្ជាខ្មែរក្រហម ឬម្ចាស់ផ្ទះមានជំងឺហើយគ្រួសារមិនអាចយកទៅជាមួយពេលធ្វើដំណើរចេញពីទីក្រុងភ្នំពេញ។ ទ្រព្យសម្បត្តិមានតម្លៃទាំងនោះ ធាង បានប្រមូលឲ្យទៅអង្គការដោយមិនហ៊ានលាក់ទុកទេព្រោះខ្លាចមានទោសត្រូវយកទៅសម្លាប់ចោល។ រីឯសាកសពត្រូវបានដឹកទៅទុកនៅម្តុំស្ទឹងមានជ័យ។
ធាង និងស្រ្តី៣០នាក់មកពីខេត្តព្រៃវែងត្រូវបានអង្គការឲ្យទៅធ្វើការតាមរោងចក្រនានា។ ធាង និងស្រី្ត៤នាក់ ត្រូវទៅធ្វើការនៅរោងចក្រសំឡីគ ស្ថិតនៅតំបន់ចក្រអង្រែក្រោម។ រោងចក្រនេះស្ថិតក្រោមក្រសួងពាណិជ្ជកម្មដែលនៅពេលនោះក្រសួងនេះបាននាំចេញ កៅស៊ូ សំឡីគ សណែ្ដងសៀង និងស្រូវទៅក្រៅប្រទេស។ ការងាររបស់ ធាង ត្រូវបកគដើម្បីយកគ្រាប់ចេញ និងដាក់បញ្ជូលទៅក្នុងម៉ាស៊ីនដើម្បីគី្របសម្រាប់ច្រកបាវទុកនាំចេញទៅក្រៅប្រទេស។ ការងារនៅទីនោះមិនលំបាកទេ ចំណែករបបអាហារវិញក៏ទទួលបានគ្រប់គ្រាន់ ព្រមទាំងមាននំបុ័ងជាអាហារសម្រាន់ពេលសម្រាកថែមទៀតផង។ អំឡុងពេលធ្វើការ ធាង ធ្លាប់សុំអង្គការដើម្បីទៅលេងស្រុកកំណើតប៉ុន្តែមិនទទួលបានការយល់ព្រម។
ធ្វើការនៅរោងចក្រសំឡីគបានប្រហែល៣ខែ អង្គការឃើញ ធាង និងបុគ្គលិក បីនាក់ទៀត ដែលមានឈ្មោះ រឿន ភា និង ហី ធ្វើការបានល្អក៏បានផ្លាស់ប្តូរឲ្យទៅធ្វើជាអ្នកវាយអង្គុលីលេខនៅម្តុំផ្សារថ្មី ស្ថិតក្រោមមន្ទីរសេដ្ឋកិច្ច នៅជិតកន្លែងដែលគាត់ស្នាក់នៅអំឡុងពេលធ្វើការនៅរោងចក្រសំឡីគ។ ធាង និងអ្នកទាំងបីមិនធ្លាប់វាយអង្គុលីលេខនេះពីមុនមកទេ ប៉ុន្តែអង្គការបានបង្រៀនគាត់រហូតដល់ចេះស្ទាត់។ ការងារនៅកន្លែងថ្មីរបស់ ធាង ចែកចេញជាពីរក្រុមគឺក្រុមវាយអង្គុលីលេខជាភាសាខ្មែរដែលមានគ្នា១៥នាក់ និងជាភាសាបារាំង មានគ្នា១៤នាក់។ ធាង ត្រូវវាយអត្ថបទចំនួន១០ ទៅ ១៥ ទំព័រក្នុងមួយថ្ងៃដែលមានទាំងពីរភាសាគឺ ខ្មែរ និងបារាំង។[5] គាត់មិនចេះភាសាបារាំងទេគ្រាន់តែចេះអានស្រះ និងព្យញ្ជនៈភាសាបារាំងបានច្បាស់។ ធាង ឲ្យដឹងថាឯកសារទាំងនោះភាគច្រើនជាឯកសារសរសេរដោយដៃ និងមានមួយចំនួនតូចជាឯកសារបោះពុម្ភត្រូវយកមកវាយចម្លងឡើងវិញ។ ការងារវាយអង្គុលីលេខនៅមន្ទីរសេដ្ឋកិច្ចនេះ មិនមានការលំបាកទេ ចំណែករបបអាហារវិញគឺគ្រប់គ្រាន់។
បន្ទាប់មកទៀតអង្គការបានបញ្ជូន ធាង អ្នកវាយអង្គុលីលេខ និងកម្មាភិបាលខ្មែរក្រហមរាប់រយនាក់ផ្សេងទៀតឲ្យធ្វើដំណើរតាមរថយន្តឆ្ពោះទៅកាន់ក្រុងកំពង់សោម។ ពេលទៅដល់ទីនោះ ធាង ត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើចម្ការដាំដំឡូង និងជួសជុលផ្លូវរថភ្លើង។ នៅកំពង់សោម ធាង ធ្លាប់ឃើញយោធាខែ្មរក្រហមយកជនពិការ និងអ្នកជំងឺយកទៅសម្លាប់ចោល។ ធាង រស់នៅកំពង់សោមបានរយៈពេលខ្លី ក៏ត្រូវបានអង្គការបញ្ជូនត្រឡប់មកភ្នំពេញវិញឲ្យធ្វើការនៅក្នុងក្រសួងពាណិជ្ជកម្មដដែល ប៉ុន្តែកាន់ខាងការងារធ្វើរបាយការណ៍មុខទំនិញផេ្សងៗដោយប្រើម៉ាស៊ីនវាយអង្គុលីលេខកត់ត្រាទំនិញដូចជា កៅស៊ូ និងស្រូវ ដែលត្រូវនាំចេញទៅក្រៅប្រទេស។
នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមករំដោះនៅទីក្រុងភ្នំពេញ កម្មាភិបាលខែ្មរក្រហមទាំងអស់បានរត់ឡើងឡាន និងរថភ្លើងសំដៅទៅព្រំដែនកម្ពុជាភាគខាងលិច។ ធាង និងក្រុមកម្មភិបាលខ្មែរក្រហមធ្វើការជាមួយគ្នានៅក្រសួងពាណិជ្ជកម្មបានរត់ចូលពៃ្រ។ គាត់បានជួបការលំបាកសើ្ទរបាត់បង់ជីវិតព្រោះទៅដល់ក្នុងពៃ្រកម្មាភិបាលខ្មែរក្រហមបានសង្ស័យ និងចោទប្រកាន់គ្នាទៅវិញទៅមកថាបានធ្វើសកម្មភាពក្បត់នឹងអង្គការ។ កម្មាភិបាលខ្មែរក្រហមមួយចំនួនត្រូវបានសម្លាប់ និងមួយចំនួនបានរត់ភៀសខ្លួន។ ធាង ត្រូវបានយោធាខែ្មរក្រហមចាប់ចងព្រោះដឹងថាគាត់ជាកម្មាភិបាលម្នាក់មកពីភូមិភាគបូព៌ា ដែលមានសោ ភឹម ក្បត់នឹងអង្គការ តែសំណាងល្អបានកងទ័ពរំដោះវៀតណាមចូលមកទាន់ពេលវេលាទើបគាត់អាចមានជីវិតត្រឡប់មករស់នៅស្រុកកំណើតវិញ។
ទោះបីជា ធាង ធ្លាប់ជាកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោមម្នាក់ មិនសូវទទួលរងទុក្ខលំបាកច្រើនដូចប្រជាជនទូទៅផ្សេងទៀតដែលបានឆ្លងកាត់របបនោះក៏ពិតមែនប៉ុន្តែគាត់ចាត់ទុកការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យថាដឹកនាំមិនត្រឹមត្រូវ និងបានប្រព្រឹត្តិអំពើឃោរឃៅកាប់សម្លាប់ប្រជាជនស្លូតត្រង់ខ្លួនឯងទាំងគា្មនការជំនុំជម្រះ។ គាត់បានថ្លែងថាការគ្រប់គ្រងប្រទេសរបស់អតីតមេដឹកនាំខ្មែរក្រហមគ្មានទស្សនវិស័យវែងឆ្ងាយ និងមិនបានយកអាយុជីវិតរបស់ប្រជាជនខ្លួនឯងទុកជាការសំខាន់។ ធាង តែងតែនិយាយពីប្រវត្តិជីវិតគាត់ក្នុងរបបខ្មែរក្រហមប្រាប់ទៅកូនចៅជំនាន់ក្រោយ។ គាត់យល់ថាប្រសិនបើគ្មានកងទ័ពរំដោះមកជួយប្រទេសកម្ពុជាទេ កម្មាភិបាលខ្មែរក្រហម និងប្រជាជនទាំងអស់នឹងត្រូវរបបខ្មែរក្រហមសម្លាប់ចោល។
អត្ថបទដោយ៖ អេង សុខម៉េង
ឯកសារយោង
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ដោយ ឡុង ដានី និង អ៊ីសា ឧស្មាន ក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ ឆ្នាំ២០០៥ (Promoting Accountability) SVI00០៩ ទំព័រទី ៥
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, ប្រវត្តិរូបបដិវត្តន៍ I0៣២៦៧, ទំព័រទី៣ និងទំព័រ៤
[3] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ដោយ ឡុង ដានី និង អ៊ីសា ឧស្មាន ក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ ឆ្នាំ២០០៥ (Promoting Accountability), SVI00០៩ ទំព័រទី៩
[4] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). មជ្ឈមណ្ឌលឯកសារកម្ពជា ២០២០. ភ្នំពេញ. បោះពុម្ភលើកទី២ ទំព័រទី១៤។
[5] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ដោយ ឡុង ដានី និង អ៊ីសា ឧស្មាន ក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ ឆ្នាំ២០០៥ (Promoting Accountability), SVI00០៩ ទំព័រទី៣៣