អួន នីម៖ អតីតពេទ្យឆ្មបនៅមន្ទីរពេទ្យ១៧មេសា

នៅអាយុ១៨ឆ្នាំ នីម ត្រូវបានខ្មែរក្រហមបញ្ចូនចេញពីខេត្តកំពត ដើម្បីឲ្យទៅរៀនជំនាញពេទ្យ និងធ្វើការងារនៅក្នុងមន្ទីរពេទ្យ១៧ មេសា(មន្ទីរពេទ្យព្រះកុសុមៈ ឬពេទ្យលោកសង្ឃ) ក្នុងទីក្រុងភ្នំពេញ។ នីម បានរៀនទ្រឹស្ដីពេទ្យទូទៅ និងបានជ្រើសរើសសិក្សាជំនាញពេទ្យឆ្មប។
ឈ្មោះ អួន នីម[1] ភេទស្រី អាយុ៦៨ឆ្នាំ។ នីម មានស្រុកកំណើតនៅក្នុងភូមិត្រមែង ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ សព្វថ្ងៃរស់នៅក្នុងភូមិកណ្ដាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ឪពុកឈ្មោះ អួន ឌឿ (ស្លាប់) ដោយសារជំងឺក្នុងឆ្នាំ១៩៩៩។ ចំណែកម្ដាយឈ្មោះ ទួត ស្រីម៉ុច (ស្លាប់) ដោយសារជំងឺក្នុងឆ្នាំ២០០២។ នីម មានបងប្អូនបង្កើតចំនួន៨នាក់ (ស្រី៤នាក់)។ នីម មិនមានកូនបង្កើតនោះទេ ប៉ុន្តែមានកូនចិញ្ចឹមចំនួន៤នាក់ ក្នុងនោះមាន៣នាក់ត្រូវជាក្មួយបង្កើត ដែលត្រូវបាន នីម យកមកចិញ្ចឹមធ្វើជាកូនក្រោយបង្កើតឪពុកស្លាប់ចោល ហើយម្ដាយមានក្រុមគ្រួសារថ្មី។ កាលនៅវ័យកុមារ នីម ចូលរៀនបានត្រឹមថ្នាក់ទី៩ (សម័យសង្គម) នៅសាលាក្នុងភូមិត្រមែង។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមវាយរំដោះបានទីក្រុងភ្នំពេញដោយជោគជ័យ។ បន្ទាប់មក ខ្មែរក្រហមបានចាប់ផ្ដើមចូលមកគ្រប់គ្រងក្នុងភូមិត្រមែង។ មិនយូរប៉ុន្មាន នីម ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងចល័ត និងត្រូវបានចល័តឲ្យទៅលើកទំនប់កោះស្លា ស្ថិតក្នុងឃុំត្រពាំងប្លាំង ស្រុកឈូក ខេត្តកំពត។ ប្រធានកងចល័តឈ្មោះ តា សែ ជាអ្នកភូមិត្រមែង។ ក្រោយមក យាយ អង់ ប្រធានក្រុមកងចល័តនៅក្នុងភូមិក្រាំងរំដេង បានជ្រើសរើសនារីចល័តឲ្យចូលធ្វើពេទ្យ ជួយចាក់ថ្នាំ ទើប នីម បាននាំប្អូនស្រីឈ្មោះ អួន នឿន ស្ម័គ្រចិត្តចូលធ្វើពេទ្យ។ នីម សម្រេចចិត្តចូលធ្វើពេទ្យ ព្រោះមានការហត់នឿយ និងដើម្បីជៀសវាងពីការងាររែកដី លើកទំនប់ប្រឡាយ។ បន្ទាប់ពីចុះឈ្មោះរួច នីម និងប្អូនស្រី រួមទាំងនារីមួយចំនួនក្នុងភូមិត្រមែង ត្រូវបាន យាយ អង់ បញ្ចូនទៅកាន់ទីក្រុងភ្នំពេញ។ នីម និងប្អូនស្រី ត្រូវបានបញ្ចូនឲ្យទៅមន្ទីរពេទ្យ១៧ មេសា(មន្ទីរពេទ្យព្រះកុសុមៈ ឬពេទ្យលោកសង្ឃ) ស្ថិតនៅភ្នំពេញ ។ ។ ខ្មែរក្រហមបានឲ្យ នីម នៅធ្វើការងារផ្នែកឆ្មបវះកាត់។ ដំបូង គ្រូពេទ្យបានបង្រៀនឲ្យ នីម លាងសារ៉ាំង រៀនពាក់ស្រោមដៃ បង្រៀនអំពីរបៀបចំហ៊ុយសារ៉ាំងឲ្យបានស្អាតដើម្បីសម្លាប់មេរោគបានល្អ ហើយបង្រៀនបានច្បាស់លាស់បំផុត។ បន្ទាប់មក គ្រូពេទ្យបានឲ្យ នីម ចូលទៅក្នុងបន្ទប់សម្រាលជាមួយគ្រូពេទ្យដទៃទៀត ដើម្បីមើលពីរបៀបសម្រាលកូនដោយផ្ទាល់ និងជួយហ៊ុចសម្ភារចាំបាច់មួយចំនួនក្នុងពេលសម្រាល។ នៅក្នុងបន្ទប់សម្រាកមាន ប្រដាប់វាស់ឈាម សារ៉ាំងបូមថ្នាំ ស្រោមដៃ ប្រដាប់ដណ្ដប់ក្មេង តម្រៀបដាក់នៅក្បែរដៃរបស់គ្រូពេទ្យ។
ដំបូងឡើយ នីម បានយំ និងមានការភ័យខ្លាច ព្រោះបានឃើញឈាមក្នុងពេលសម្រាល ហើយបាននាំប្អូនស្រីរត់ចេញមិនចង់រៀនទេ ប៉ុន្តែត្រូវបានគ្រូពេទ្យបញ្ចូនត្រឡប់ទៅវិញ។ បន្ទាប់មក នីម បានស្គាល់ជាមួយវេជ្ជបណ្ឌិតឈ្មោះ ជួន ជឿន ជាប្រធានពេទ្យនៅមន្ទីរពេទ្យ១៧ មេសា។ នីម បាននិយាយថា «ចុះអ៊ំម្នាក់នឹងគាត់ចេះមាំម៉េះ» ហើយបងៗឆ្លើយថា «គាត់ជាវេជ្ជបណ្ឌិតតាំងពីសម័យសង្គមម៉េះ តាំងពីគាត់រៀននៅបារាំង »។ ជាញឹកញាប់ នីម តែងបានឮបងៗជាគ្រូពេទ្យ និយាយប្រាប់ថា តា ជួន ជឿន ជាវេជ្ជបណ្ឌិតដែលមានជំនាញផ្នែកវះកាត់យ៉ាងស្ទាត់ជំនាញ។ នៅផ្នែកឆ្មប មានបងៗគ្រូពេទ្យជំនាញនៅចាំពិនិត្យផ្ទៃពោះជូនស្រ្តីទាំងអស់មុនពេលគ្រប់ខែ ដើម្បីប្រាកដថាបើមិនអាចសម្រាលដោយធម្មជាតិបាន ត្រូវបញ្ចូនឲ្យ តា ជួន ជឿន វះកាត់ ដើម្បីការពារអាយុជីវិតទាំងកូនទាំងម្ដាយ។ ក្នុងពេលជាមួយគ្នា នីម ត្រូវរៀនជំនាញពេទ្យបណ្ដើរ និងត្រូវចូលរួមអនុវត្តន៍បណ្ដើរ។
តា ជួន ជឿន បានមកបង្រៀនផ្នែកទ្រឹស្ដីដល់ នីម និងគ្រូពេទ្យដទៃ អំពីផ្នែកខាងឆ្មប ផ្នែកវះកាត់ ផ្នែកជំងឺទូទៅ និងជំនាញជាច្រើនទៀត។ នៅពេលបង្រៀន តា ជួន ជឿន បានបង្ហាញពីគ្រោងឆ្អឹង ក្បាល ភ្នែក ប្រភេទឆ្អឹងមុខ ឆ្អឹងក្រោយ ម្រាមដៃម្រាមជើង សរសៃឈាមក្រហម សរសៃឈាមបេះដូង និងគ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយរបស់មនុស្ស។ នីម មិនសូវចងចាំមេរៀនទាំងអស់នោះទេ។ ប៉ុន្តែក្រោយពីបានរៀនសូត្រជាមួយ តា ជួន ជឿន នីម មានការចាប់អារម្មណ៍ និងស្រឡាញ់ផ្នែកឆ្មបឡើងវិញ ហើយតែងចូលរួមក្នុងបន្ទប់សម្រាលជាមួយគ្រូពេទ្យដទៃ ដើម្បីមើលពីរបៀបបង្កើតកូន។ ក្រោយមក នីម រៀនសូត្រជំនាញឆ្មបបានចេះច្រើន និងអាចជួយបង្កើតកូនជាបន្តបន្ទាប់ ដែលមានបងៗគ្រូពេទ្យនៅជាមួយ។ នីម ទៅរៀននៅពេលព្រឹក។ លុះពេលល្ងាចរហូតមួយយប់ទល់ភ្លឺ នីម ចូលទៅអនុវត្តន៍ផ្ទាល់ក្នុងបន្ទប់សម្រាលជាគ្រូពេទ្យដទៃទៀត។ នៅក្នុងមន្ទីរពេទ្យបានបែងចែកទៅតាមផ្នែកផ្សេងៗមាន ផ្នែកព្យាបាល ផ្នែកដាំបាយឲ្យអ្នកជំងឺ។ ជារៀងរាល់ថ្ងៃ នីម ជួយលាងសារ៉ាំង ជួយចំហ៊ុយសារ៉ាំង ដល់ម៉ោងរៀនទៅរៀន។ ក្នុងអំឡុងពេលជាមួយគ្នា តា ជួន ជឿន បានវះកាត់ និងសង្រ្គោះមនុស្សរាប់ម៉ឺននាក់។ តា ជួន ជឿន តែងតែធ្វើការវះកាត់មួយយប់ទល់ភ្លឺមិនបានសម្រាកគ្រប់គ្រាន់នោះឡើយ។ តា ជួន ជឿន បានបង្រៀន នីម ឲ្យចេះចាក់ថ្នាំ និងបង្រៀនពីរបៀបជួយសង្រ្គោះស្រ្តីក្នុងពេលសម្រាលកូន។ គ្រូពេទ្យដែលជាអ្នកភូមិជាមួយ នីម មានឈ្មោះ ក្លូវ, ខ្លូត និង រ៉ាន់។ សព្វថ្ងៃ រ៉ាន់ ជាគ្រូពេទ្យនៅមណ្ឌលសុខភាពក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលទៅដល់ទីក្រុងភ្នំពេញ។ បន្ទាប់ពីឮថាកងទ័ពវៀតណាមបានមកដល់ភ្នំពេញ នីម បានរត់ភៀសខ្លួនតាម តា ជួន ជឿន ក្រុមគ្រូពេទ្យ កងទ័ព និងកម្មាភិបាលខ្មែរក្រហមមួយចំនួនចេញពីភ្នំពេញភ្លាមៗ ព្រោះខ្លាចកងទ័ពវៀតណាមចាប់យកទៅសម្លាប់។ នៅតាមផ្លូវក្នុងពេលរត់ភៀសខ្លួន នីម បានឮខ្មែរក្រហមនិយាយថា «យួនកាប់សម្លាប់ចោលទាំងពូជៗ »។ មុនពេលរត់ភៀសខ្លួន នីម បានរត់ទៅយកអង្ករ និងប្រមូលយកថ្នាំពេទ្យចាំបាច់មួយចំនួន រួមមានថ្នាំប៉ារ៉ា ថ្នាំអំពី(សម្រាប់ព្យាបាលការហើមដៃ ហើមជើង) ថ្នាំក្លូរុំ(ព្យាបាលពោះវៀន) ថ្នាំតេត្រា វីតាមីនបេ១២ អាម៉ុកស៊ីគ្លីន(ផ្សះមុខរបួស ការពារការឆ្លងមេរោគ) ប៉េនីសាលីន ទៅតាមខ្លួន។ ក្នុងពេលភៀសខ្លួន នីម បានឃើញមីងៗពូ ដែលភាគច្រើនជាកងទ័ពខ្មែរក្រហម ព្រោះសម្គាល់បានឃើញកាន់កាំភ្លើងគ្រប់ដៃទាំងអស់។ នីម បានរត់ភៀសខ្លួនចេញពីភ្នំពេញទៅកាន់ខេត្តកំពង់ស្ពឺរហូតទៅដល់ស្រុកលាច (បច្ចុប្បន្នស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់) ហើយស្នាក់នៅស្រុកលាចអស់រយៈពេល២ទៅ៣យប់។ ក្នុងពេលស្នាក់នៅស្រុកលាច នីម បានឃើញប្រជាជនមួយចំនួនតូចបររទេះគោ និងប្រជាជនរាប់រយនាក់ទៀតដើរទូលចានទូលឆ្នាំងភៀសខ្លួនចេញពីស្រុកលាចទៅទៀត។ នីម បានព្យាយាមសន្លឹងរកមើលឪពុកម្ដាយ បងប្អូនសាច់ញាត្តិ ក្រែងបានឃើញនឹងរត់ត្រឡប់ទៅផ្ទះវិញ ព្រោះខ្លួនមិនស្គាល់ផ្លូវទៅស្រុកកំណើតវិញនោះទេ។ នីម បានដាំបាយហូបលាយជាមួយអំបិលនៅតាមផ្លូវជាបន្តបន្ទាប់រហូតអស់អង្ករ។ លុះរត់ដល់ភូមិរបស់អ្នកស្រុក នីម បានចូលទៅច្រកអង្កររបស់អ្នកស្រុកយកទុកដាំបាយ ឬបបរហូបបន្តទៀត។ នីម បានជួយបង្កើតកូនឲ្យស្រ្តីជាច្រើននាក់ក្នុងពេលរត់ភៀសខ្លួន។
នៅតាមផ្លូវធ្វើដំណើរ នីម បានប្រទះឃើញប្រជាជនស្លាប់ជាបន្តបន្ទាប់ ដោយសារជំងឺ ការអត់អាហារ និងអស់កម្លាំងមិនអាចធ្វើដំណើរបន្តបាន។ បន្ទាប់មក ប្អូនស្រីរបស់ នីម ឈ្មោះ អួន នឿន បានស្លាប់នៅតាមផ្លូវក្នុងឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយសារជំងឺគ្រុនចាញ់។ នីម បានផ្ដល់ថ្នាំឲ្យប្រជាជន រហូតភៀសខ្លួនទៅដល់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នីម នៅសល់ថ្នាំត្រឹម៤ទៅ៥បន្ទះ ក្នុងមួយមុខប៉ុណ្ណោះ។ នីម បានរត់តាមកងទ័ព និងកម្មាភិបាលខ្មែរក្រហម ហើយបានស្នាក់នៅក្នុងព្រៃដោយបោះជំរំប្រក់តង់កៅស៊ូ និងកាប់ដើមឫស្សីយកក្រាលសម្រាប់ដេក។ ក្នុងពេលជាមួយគ្នា មានមនុស្សស្លាប់ជាច្រើននាក់ ដោយសារអត់អាហារ និងកើតជំងឺគ្រុនចាញ់ក្នុងព្រៃនៅស្រុកម៉ាឡៃ។ ជារៀងរាល់ថ្ងៃ មនុស្ស ត្រូវបានស្លាប់ជាបន្តបន្ទាប់។ ដោយសារមានមនុស្សស្លាប់ច្រើន នីម និងខ្មែរក្រហមទាំងអស់បានផ្លាស់ប្ដូរជំរំស្នាក់នៅទៅខាងក្រោយវិញ រួចកប់សពទាំងអស់ចោលនៅតាមជំរំចាស់។ នីម រស់នៅក្នុងព្រៃ(បច្ចុប្បន្នភូមិកណ្ដាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ) មិនមានផ្ទះរបស់ប្រជាជននោះទេ ហើយ នីម បានសាងសង់ជាជំរំតូចស្នាក់នៅ។ បន្ទាប់មក កាកបាទក្រហមបានចុះមកបើកអង្ករនៅមាត់អូរមួយ(ជាប់ព្រំដែនកម្ពុជា-ថៃ) រួមមានថ្នាំពេទ្យ មី ត្រីខ អង្ករ និងសម្ភារមួយចំនួនទៀត។ មិនយូរប៉ុន្មាន កាកបាទក្រហម បានសួរថា «មានអ្នកចេះជំនាញពេទ្យប៉ុន្មាននាក់» រួចមកចុះឈ្មោះធ្វើពេទ្យបន្តទៀត។ នីម បានចុះឈ្មោះធ្វើពេទ្យម្ដងទៀត ហើយកាកបាទក្រហមបានចែកថ្នាំឲ្យជួយព្យាបាលប្រជាជនដែលមានជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗនៅក្នុងជំរំ។ ដោយសារ នីម នៅខ្វះខាតជំនាញពេទ្យ ទើប នីម និងគ្រូពេទ្យមួយចំនួនបានទៅសំណូមពរឲ្យ តា ជួន ជឿន ជួយបង្រៀនអំពីជំនាញពេទ្យបន្ថែមទៀត ដើម្បីងាយស្រួលព្យាបាលប្រជាជន និងផ្ដល់ថ្នាំឲ្យត្រូវតាមជំងឺនីមួយៗ។ តា ជួន ជឿន បានស្ម័គ្រចិត្តបង្រៀនបន្ថែមពីរបៀបសម្រាលកូន អំពីគ្រោងឆ្អឹង សួត និងគ្រប់សេរីរាង្គទាំងអស់ក្នុងសារពាង្គកាយ។ អំឡុងពេលរៀន មានគ្រូពេទ្យសរុបប្រហែល២០នាក់ ដែលជាពេទ្យប្រចាំនៅជួរកងទ័ពខ្មែរក្រហម និងពេទ្យនៅប្រចាំការជាមួយប្រជាជន មានឈ្មោះ បង ភន, បង ណា និងអ្នកផ្សេងទៀត។ នីម ចូលរៀននៅមន្ទីរពេទ្យក្នុងស្រុកម៉ាឡៃ។
នៅឆ្នាំ១៩៨៥ កងទ័ពខ្មែរក្រហមបានប្រយុទ្ធជាមួយកងទ័ពវៀតណាមយ៉ាងខ្លាំងក្លា ធ្វើឲ្យ នីម និងប្រជាជន ត្រូវភៀសខ្លួនចេញពីជំរំក្នុងស្រុកម៉ាឡៃទៅកាន់ជំរំតាង៉ុក នៅក្បែរភ្នំតាង៉ុក ដែលនៅជាប់ព្រំដែនជាមួយប្រទេសថៃ។ បន្ទាប់មក បារាំង (មិនស្គាល់ឈ្មោះ) បានជ្រើសរើសឲ្យ នីម និងអតីតពេទ្យសរុបប្រហែល៣០នាក់ចូលធ្វើគ្រូពេទ្យបន្តទៀត។ វេជ្ជបណ្ឌិតជនជាតិបារាំងឈ្មោះ អេនីកា បានបង្រៀនជំនាញសម្រាលកូនដោយធម្មជាតិ និងការសម្រាលដោយបញ្រ្ចាសជើង។ គ្រូពេទ្យទាំងអស់ត្រូវបានបែងចែកទៅតាមផ្នែកផ្សេងៗដូចជា ផ្នែកជំងឺទូទៅ ផ្នែកមើលថែទាំកុមារ និងផ្នែកឆ្មប។ មិនយូរប៉ុន្មាន បារាំង (មិនស្គាល់ឈ្មោះ) បានដឹក នីម និងស្រ្តីមានផ្ទៃពោះមួយចំនួនចេញពីជំរំតាង៉ុក ទៅកាន់ជំរំសាយអេច រួចប្រក់តង់ឲ្យត្រៀមសម្រាលកូនជូនស្រ្តីទាំងអស់ ពិតជាលំបាកវេទនាខ្លាំងណាស់។ រយៈពេលមួយយប់មួយថ្ងៃ នីម ត្រូវបង្កើតកូនឲ្យប្រជាជនចំនួន២០នាក់ ម្នាក់ឯងមិនបានឈប់សម្រាកនោះឡើយ។ នីម ជូតសម្អាតទារកពីមួយទៅមួយរហូតដល់អស់។ នីម ជួយបង្កើតកូនដោយការភ័យខ្លាច ព្រោះបានឮស្នូរកាំភ្លើងផុងផាំងពេញព្រៃ។ នីម ធ្វើពេទ្យឆ្មបនៅក្នុងមន្ទីរពេទ្យសាយអេចរហូតដល់ឆ្នាំ១៩៩២។ ឆ្នាំ១៩៩៨ នីម បានចូលរួមវគ្គបណ្ដុះបណ្ដាលនៅក្រសួងសុខាភិបាលខេត្តបន្ទាយមានជ័យ។ នីម បានរៀនអំពីការពន្យាកំណើត ការសម្រាលកូនតាមប៉ាតូក្រាស ការដាក់កង របៀបតាមដានសុខភាពស្រ្ដីមានផ្ទៃពោះ ការពិនិត្យផ្ទៃពោះ ដើម្បីការពារជីវិតម្ដាយ។ ក្រោយមក នីម បានចូលធ្វើពេទ្យឆ្មបនៅក្នុងមន្ទីរពេទ្យស្រុកម៉ាឡៃ ដែលប្រធានមន្ទីរពេទ្យឈ្មោះ ឃីម ស៊ីម៉ន ភេទស្រី។ នីម បានបន្តធ្វើពេទ្យឆ្មបរហូតដល់បច្ចុប្បន្ន។
អត្ថបទដោយ មឿន ស្រីណុច
[1] ឯកសារលេខ BMI0036, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ហ៊ិន សុធានី សម្ភាសន៍ជាមួយឈ្មោះ អួន នីម នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១០។