ការផ្លាស់ប្តូរតួនាទីក្នុងសម័យខ្មែរក្រហម ក៏ជាផែនការបំផ្លាញបដិវត្តន៍ដែរ៖ ករណីចម្លើយសារភាព ទួត រ៉េនប្រធានក្រុមផ្សំជីធម្មជាតិប្រចំាតំបន់៥ ភូមិភាគពាយ័ព្យ

ចម្លើយសារភាពរបស់កម្មាភិបាលខ្មែរក្រហមជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ថាបានក្បត់បដិវត្តន៍ មានតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញឲ្យឃើញពីការប្រឹងប្រែងក្នុងការជ្រើសរើសសមាជិកក្រុម សេ-អ៊ី-អា ប្រឆាំងនឹងចលនាកុម្មុយនីស្តខ្មែរក្រហមតាំងពីក្នុងទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៧៧ តាមរយៈការអប់រំសតិអារម្មណ៍ ប្រជុំរៀបចំនិងដាក់ផែនការ ដាក់បទបញ្ជាឲ្យអនុវត្តផែនការ និងរាយបណ្តាញអប់រំក្នុងស្រទាប់កម្មាភិបាលខ្មែរក្រហម តាមវិធីសាស្ត្រ ផ្លាស់ប្តូរតួនាទីញឹកញាប់។ ឧទាហរណ៍ ចម្លើយសារភាពរបស់ជនក្បត់បដិវត្តន៍មួយចំនួន ដែលត្រូវបានចាប់ខ្លួនចេញពីស្រទាប់កម្មាភិបាលខ្មែរក្រហមបម្រើការនៅមន្ទីរពេទ្យ ព-១៧ ដូចជាព្រំ ធី ហៅ ឆេង ជាយុទ្ធនារីចិញ្ចឹមសត្វនៅមន្ទីរពេទ្យ ព-១៧[1], ម ឆេន ហៅ វ៉ាត ប្រធានផ្នែកនៅពេទ្យ ព-១៧[2], សៅ ម៉ន ហៅ ផេន ប្រធានផ្នែកខាងព្យាបាលជំងឺទូទៅនៅពេទ្យ ព-១៧[3], និង សឹង សុខនី ហៅ សុខនី[4] បានបង្ហាញឲ្យឃើញពីការប្រើប្រាស់តួនាទីក្នុងសម័យខ្មែរក្រហម ដើម្បីអូសទាញកម្លាំងប្រឆាំងទៅនឹងបដិវត្តន៍ ក្នុងនោះការផ្លាស់ប្តូរតួនាទីញឹកញាប់ពីអង្គភាពមួយទៅអង្គភាពមួយទៀត ក៏ត្រូវបានលើកឡើងពីសាម៉ីខ្លួនដែរថា ជាយុទ្ធសាស្ត្រក្នុងការពង្រាយកម្លាំងដើម្បីអូសទាញកម្លាំងប្រឆាំងនឹងអង្គការបដិវត្តន៍។

អត្ថបទនេះ នឹងលើកយកករណីចម្លើយសារភាពមួយទៀត ដែលជាចម្លើយសារភាពរបស់ ទួត រ៉េន[5]  ជាប្រធានក្រុមផ្សំជីធម្មជាតិប្រចាំតំបន់៥ មកបកស្រាយទាក់ទងនឹងការប្រើប្រាស់តួនាទី និងភារកិច្ចនៅក្នុងជួរកម្មាភិបាលបដិវត្តន៍ ដើម្បីប្រឆាំងនឹងបដិវត្តន៍ តាមរយៈការខិតខំប្រឹងប្រែងជ្រើសរើសសមាជិកក្រុម សេ-អ៊ី-អា ពីគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមក្នុងចលនាក្បត់នៅតាមមូលដ្ឋាន។

រ៉េន គឺជាកម្មាភិបាលខ្មែរក្រហមដែលមានគំនិតក្បត់ តាំងពីខ្លួនមិនទាន់បានចូលរួមបម្រើក្នុងជួរបដិវត្តន៍ខ្មែរក្រហមមកម៉្លេះ។ ដូច្នេះ ការប្រែក្លាយខ្លួនជាកម្មាភិបាលរបស់ខ្មែរក្រហមរបស់ រ៉េន គឺដើម្បីលាក់បាំងសកម្មភាពក្បត់របស់ខ្លួនក្នុងជួរបក្សប៉ុណ្ណោះ។ ចាប់តាំងពីក្មេងជាសិស្សរៀននៅអនុវិទ្យាល័យ ព្រះយុគន្ធរ រ៉េន បានក្លាយទៅជាសមាជិកក្រុម សេ-អ៊ី-អា[6] ប្រឆាំងនឹងក្រុមកុម្មុយនីស្តដោយមិនដឹងខ្លួនទៅហើយ តាមរយៈការបញ្ចុះបញ្ចូលឲ្យស្រឡាញ់របបសង្គមសេរី និងស្អប់ខ្ពើមរបបកុម្មុយនីស្ត។ សេ-អ៊ី-អា នៅកម្ពុជា បានកើតឡើងនៅក្នុងយុគសម័យនៃសង្គ្រាមវៀតណាម ជាពិសេសក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងដើមទសវត្សរ៍ឆ្នាំ១៩៧០។ វត្តមានរបស់ក្រុមនេះ គឺបន្ទាប់ពីប្រទេសនៅក្នុងតំបន់ កើតមានបរិបទភូមិ     សាស្ត្រនយោបាយដ៏ស្មុគស្មាញ និងសក្ដានុពលនៃជម្លោះក្នុងប្រទេសវៀតណាម។ ចលនារបស់ សេ-អ៊ី-អា នៅកម្ពុជា បង្ហាញពីអន្តរកម្មដ៏ស្មុគស្មាញនៃការអន្តរាគមន៍របស់យោធា ប្រតិបត្តិការសម្ងាត់ និងផលវិបាកដែលកើតឡើងពីការប៉ុនប៉ងដ៏មានឥទ្ធិពលលើជម្លោះបរទេស។

ពីមួយឆ្នាំទៅមួយឆ្នាំ រ៉េន កាន់តែចូលជ្រៅទៅក្នុងក្រុមស្អប់ខ្ពើមរបបកុម្មុយនីស្ត។ ភាពស្ពប់ខ្ពើមទាំងនេះ បានធ្វើឲ្យ រ៉េន មានកម្លាំងកាន់តែខ្លាំងក្នុងការអប់រំអ្នកដទៃឲ្យដើរតាមផ្លូវរបស់ខ្លួន។ នៅចុងរបបសង្គមរាស្ត្រនិយម ដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ រ៉េន បានទាក់ទងស្គាល់គ្នាជាមួយមន្ត្រីមាន  ឋានៈខ្ពស់ធ្វើការនៅក្នុងរាជការសង្គមរាស្ត្រនិយមមួយចំនួន រហូតឈានដល់ការស្គាល់គ្នាជាមួយនឹងមន្ត្រីកំពូលៗនៅក្នុងរាជការដែលមានបំណងធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ដូចជា លន់ នល់, លន់ ណុន, ដៀន ដែល[7], សុះ ស្តែន, ចំរើន ស៊ិន, ឈឹម ឈួន និង ឡុង បូរ៉េត[8]។ បន្ទាប់ពីមានទំនាក់ទំនងជាមួយមនុស្សប៉ុន្មាននាក់ខាងលើ រ៉េន បានចូលរួមក្នុងការដាក់បទបញ្ជាផ្សេងៗដល់សមាជិកក្រុមរបស់ខ្លួន ដើម្បីប្រមូលកម្លាំងគាំទ្រដល់ លន់ នល់ រហូតឈានដល់ការផ្តួលរំលំរបបសង្គមរាស្ត្រនិយមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានដោយជោគជ័យ។

ស្ថិតក្រោមការដឹកនាំរបស់ លន់ នល់ កម្លាំងបដិវត្តន៍ខ្មែរក្រហមប្រឆាំងនឹងរបបសង្គមសេរី បានលេចរូបរាងឡើងកាន់តែច្រើនឡើងៗនៅតាមទីជនបទនៃប្រទេសកម្ពុជា។ រ៉េន និងបក្ខពួក បានព្យាយាមកាន់តែខ្លាំងក្នុងការបញ្ចុះបញ្ចូលប្រជាជនឲ្យជឿលើរបបសេរី។ ដោយសង្កេតឃើញវត្តមានរបស់ប្រជាជនចូលរួមក្នុងចលនាបដិវត្តន៍កាន់តែច្រើន រ៉េន ត្រូវថ្នាក់លើចាត់តាំងឲ្យទៅកាន់តំបន់៥ ភូមិភាគពាយ័ព្យ ដើម្បីបន្តពង្រីកកម្លាំងសេ-អ៊ី-អា នៅភាគខាងលិចប្រទេសម្តង។

បន្ទាប់ពីការដួលរលំនៃរបបសាធារណរដ្ឋខ្មែរ រ៉េន បានក្លាយជាកម្មាភិបាលខ្មែរក្រហមប្រចាំនៅតំបន់៥ ភូមិភាគពាយ័ព្យ មានតួនាទីជាពេទ្យយោធាប្រចាំតំបន់, កម្មាភិបាលពាណិជ្ជកម្មតំបន់, និង កម្មាភិបាលបម្រើការនៅសហជីពដំណាំកប្បាសតំបន់៥។ តួនាទីទាំងនេះ ស្ថិតក្រោមការចាត់ចែងរបស់ ម៉ែន ជុន ហៅ ហឹង្ស ជាលេខាតំបន់៥ ដែលជាមេចលនាក្បត់ប្រចាំតំបន់។ ពីតួនាទីមួយទៅមួយ រ៉េន តែងតែទទួលបានជោគជ័យក្នុងការប្រមូលកម្លាំងក្បត់ អនុវត្តសកម្មភាពក្បត់ និងបំផ្លាញបដិវត្តន៍ជាហូរហែ។

នៅខែតុលា ឆ្នាំ១៩៧៧ រ៉េន ត្រូវអង្គការបដិវត្តន៍ចាប់ខ្លួនបញ្ជូនមកកាន់មន្ទីរ ស-២១ ដើម្បីសួរ     ចម្លើយពីសកម្មភាពក្បត់។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៧ ការសួរចម្លើយ ទួន រ៉េត បានបញ្ចប់ ជាមួយនឹងស្នាមផ្តិតមេដៃលើចម្លើយសារភាពរបស់ រ៉េន អមជាមួយហត្ថលេខាទទួលស្គាល់ពីចម្លើយរបស់ខ្លួនផង។ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៧៧ អឿន ជាកម្មាភិបាលខាងឯកសារ[9] នៃមន្ទីរ ស-២១ បានបញ្ចប់សេចក្តីសង្ខេបលើចម្លើយសារភាពរបស់ រ៉េន និងបានផ្ញើសេចក្តីសង្ខេបនេះទៅកាន់ថ្នាក់លើដើម្បីពិនិត្យ។ ក្នុងពេលចាប់ខ្លួន ទួត រ៉េន មានអាយុ៤២ឆ្នាំ។ ម៉ែន ជុន ហៅ ហឹង្ស ត្រូវអង្គការចាប់ខ្លួន មុនពេលដែល រ៉េន ត្រូវបានចាប់ខ្លួនដោយអង្គការ។

សង្ខេបសម្តីសារភាពរបស់ ទួត រ៉េន

ទួត រ៉េន​ កើតនៅភូមិពាមបួន ឃុំវិញត្រាង ស្រុកស្វាយទង ខេត្តមាត់ជ្រូក ប្រទេសវៀតណាម។ នៅអាយុ៦ឆ្នាំ រ៉េន បានមកសិក្សានៅក្នុងវត្តថាន់ ក្នុងក្រុងភ្នំពេញ។ នៅឆ្នាំ១៩៥៧ រ៉េន បានប្រឡងជាប់ចូលរៀនថ្នាក់ទី៦ទំនើប នៅអនុវិទ្យាល័យ ព្រះយុគន្ធរ។​ បីឆ្នាំក្រោយមក រ៉េន បានស្គាល់រាប់អានគ្នាជាមួយ     ម៉ែន ជុន ហៅ ហឹង្ស និងបន្តស្គាល់គ្នាជាមួយគ្រូបង្ហាត់កីឡាក្នុងវិទ្យាល័យម្នាក់ទៀតឈ្មោះ សុផល។ ជុន តែងតែណែនាំ និងបញ្ចុះបញ្ចូល រ៉េន ឲ្យស្រឡាញ់ការរស់នៅបែបសេរី និងដើរតាមរបៀបរបបនៃការរស់នៅតាមគន្លងប្រទេសលោកសេរី ព្រោះ ជុន បានលើកឡើងថា មានតែលោកសេរីទេ ដែលមានសិទ្ធិសេរីភាព និងធ្វើអ្វីៗបានគ្រប់យ៉ាង។ ថ្ងៃមួយក្នុងឆ្នាំ១៩៦០ រ៉េន, ម៉ែន ជុន, សុផល និង ចាប ប៉ាង បានជួបជុំគ្នាតាមការណាត់ជួប ដើម្បីចូលរួមជាសមាជិក្នុងខ្សែ សេ-អ៊ី-អា។

នៅឆ្នាំ១៩៦១ សុផាត ដែលជាមេកើយរបស់ រ៉េន បានបាត់ខ្លួន។ ម៉ែន ជុន ក្លាយជាអ្នកធ្វើការងារផ្ទាល់ជាមួយ រ៉េន រហូតអូសទាញបានកម្លាំងសិស្សពីររូបទៀតគឺ ផារី និង សុក្វាង ឲ្យចូលក្នុងក្រុម សេ-អ៊ី-អា ជាមួយ។​ ពីឆ្នាំ១៩៦២ដល់១៩៦៧ រ៉េន បានអូសទាញកម្លាំងជាច្រើនបន្ថែមទៀត ដែលអ្នកទាំងនោះជាបុគ្គលិកសិក្សានៅវិទ្យាល័យ ព្រះយុគន្ធរ វិទ្យាល័យក្នុងស្រុកតាខ្មៅ និងបុគ្គលិកមន្ទីរពេទ្យតាខ្មៅ។ កម្លាំងដែលបានអូសទាញ ត្រូវ រ៉េន និងបក្ខពួកអប់រំ ណែនាំ និងបញ្ជាឲ្យធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនឹងចលនារបស់ខ្មែររំដោះនៅក្នុងមូលដ្ឋានតាខ្មៅ ខេត្តកណ្តាល និងបញ្ចុះបញ្ចូលប្រជាជនឲ្យគាំទ្រចលនាសេរី ឬចលនាសង្គមសាធារណរដ្ឋ ដឹកនាំដោយសម្ងាត់ពី លន់ នល់។ ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨ រ៉េន បក្ខពួក និងកម្លាំងដែលខ្លួនបានអូសទាញ បានភ្ជាប់ខ្សែរយៈទាក់ទងជាមួយនឹង ដៀន ដែល និង ចំរើន ស៊ិន ដែលជាមនុស្សមានតំណែងខ្ពស់ក្នុងក្រុម សេ-អ៊ី-អា ហើយដែលជាអ្នកដែលស្និទ្ធស្នាលជាមួយ លន់ នល់ ផង។ នៅចុងឆ្នាំ១៩៦៩​ រ៉េន និងសមាជិក សេ-អ៊ី-អា ទាំងអស់ ត្រូវបានហៅឲ្យទៅចូលរួមប្រជុំនៅផ្ទះ លន់ នល់ ជាមួយ សុះ ស្តែន, ចំរើន ស៊ិន, ដៀន ដែល, ឈឹម ឈួន, លន់ ណុន, ឡុង បូរ៉េត, ជនជាតិអាមេរិកាំងចំនួនពីរនាក់ទៀត និងអ្នកចូលរួមជានាយទាហាន និងស៊ីវិលមួយចំនួនផង។[10] កិច្ចប្រជុំបានលើកយកប្រធានបទចំនួនពីរមកពិភាក្សាគឺ៖ ទី១) បញ្ហាទប់ទល់ចំពោះសកម្មភាពរបស់ខ្មែរក្រហម និង ទី២) ផែនការត្រៀមធ្វើរដ្ឋប្រហារ។ ក្នុងកិច្ចប្រជុំនេះ សុះ ស្តែន និង ឡុង បូរ៉េត បានមានយោបល់ទាក់ទងនឹងចំណុចទាំងពីរនេះ ដើម្បីសម្រួលដល់ស្ថានការណ៍រៀបចំផែនការនាពេលខាងមុខ។ ក្រោយកិច្ចប្រជុំ អ្នកចូលរួមប្រជុំទាំងអស់បានឯកភាពគ្នាក្នុងការបញ្ជូនកម្លាំងកងទ័ពដឹកនាំដោយ លន់ នល់ ជាច្រើននាក់បន្ថែមទៀត ទៅកាន់ទីតាំងដែលខ្មែរក្រហមប្រមូលផ្តុំ ដើម្បីបង្ក្រាបការបះបោរ ឬធ្វើសកម្មភាពផ្សេងៗប្រឆាំងនឹងរដ្ឋាភិបាល និងបន្តពិនិត្យនិងតាមដានសភាពការណ៍ចំពោះមុខទៀត ដើម្បីត្រៀមលក្ខណៈឲ្យបានល្អប្រសើរមុនពេលសម្រេចធ្វើរដ្ឋប្រហារ។

ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ក្រុមសេ-អ៊ី-អា បានបំបែកគ្នាចុះទៅឃោសនា និងអប់រំដល់ប្រជាជននៅក្នុងស្រុកតាខ្មៅបន្តទៀត ដើម្បីឲ្យអ្នកទាំងនោះជឿជាក់លើរបបថ្មីគឺរបបសាធារណរដ្ឋខ្មែរ។ សកម្មភាពនេះ នៅតែបន្តរហូតដល់ចុងឆ្នាំ១៩៧៣ ទើប រ៉េន ត្រូវចាកចេញពីតាខ្មៅ ទៅកាន់ខេត្តបាត់ដំបង ដើម្បីរៀបចំកម្លាំង សេ-អ៊ី-អា បន្ថែមទៀត។[11]  ក្នុងពេលជាមួយគ្នានេះ កងកម្លាំងខ្មែរក្រហមបានចូលកាន់កាប់ទីតាំងភាគច្រើននៅក្នុងស្រុកតាខ្មៅ។ សមាជិកក្រុម សេ-អ៊ី-អា មួយភាគធំបានបាក់ទឹកចិត្ត និងបែកខ្នែកគ្នា។ នៅខែមីនា ឆ្នាំ១៩៧៥ រ៉េន ត្រូវបានចាត់តាំងឲ្យបន្តទំនាក់ទំនងជាមួយ ម៉ែន ជុន ហៅ ហឹង្ស ជាលេខាតំបន់៥ ភូមិភាគពាយ័ព្យ។ នៅក្នុងតំបន់៥ ដោយសារកាលៈទេសៈនាពេលនោះ មិនអំណោយផលដល់ការជួបគ្នាបាន ទើប រ៉េន មិនមានឱកាសបានជួប ម៉ែន ជុន ឡើយ។ រហូតដល់ចុងឆ្នាំ១៩៧៥ រ៉េន បានជួបជាមួយ ម៉ែន ជុន និងបាយរាយការណ៍ពីការកសាងកម្លាំង សេ-អ៊ី-អា ក្នុងរយៈពេលកន្លងមក។ បន្ទាប់មក ម៉ែន ជុន បានផ្លាស់ប្តូរការងាររបស់ រ៉េន ពីពេទ្យយោធាតំបន់ មកជាកម្មាភិបាលមន្ទីរពាណិជ្ជកម្មតំបន់៥វិញ ដើម្បីកសាងកម្លាំងក្បត់បន្ថែមទៀត។ សាវ៉ាត ជាប្រធានពាណិជ្ជកម្មតំបន់​ និង រ៉េន បានសហការណ៍គ្នាអនុវត្តសកម្មភាពក្បត់តាមបញ្ជារបស់​ ម៉ែន ជុន។

នៅឆ្នាំ១៩៧៦ រ៉េន ត្រូវ ម៉ែន ជុន ផ្លាស់ប្តូរម្តងទៀត ឲ្យទៅធ្វើការនៅក្នុងសហជីពកប្បាសតំបន់៥ ដែលមានឈ្មោះ ឡេង ជាប្រធាន។ នៅទីនោះ ម៉ែន ជុន បានឲ្យ រ៉េន ស្គាល់ ឡេង ដើម្បីបន្តការកសាងកម្លាំងក្បត់បន្ថែម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអង្គការតាមរយៈការអនុវត្តសកម្មភាពដាំដំណាំកប្បាស[12]។ នៅក្នុងអង្គភាពសហជីពកប្បាស រ៉េន បានចូលរួមប្រជុំសម្ងាត់ជាមួយ ឡេង និងសមាជិក សេ-អ៊ី-អា ចំនួន១០នាក់ផ្សេងទៀតដែលមានតួនាទីសំខាន់ៗនៅក្នុងអង្គភាពសហជីពកប្បាសតំបន់៥។ កិច្ចប្រជុំនេះ បានផ្តោតលើចំណុចសំខាន់ពីរគឺ អប់រំប្រជាជនឲ្យស្អប់បដិវត្តន៍ និងរៀបចំផែនការបំផ្លាញដំណាំកប្បាសក្នុងតំបន់។ បន្ទាប់ពីកិច្ចប្រជុំ ផែនការទាំងពីរត្រូវបានអនុវត្តភ្លាមៗ និងទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ រហូតដល់ពេលអង្គការចាប់ខ្លួន រ៉េន នៅខែតុលា ឆ្នាំ១៩៧៧។

សរសេរដោយ ផេង ពង្យរ៉ាស៊ី


ឯកសារយោង

[1] ឯកសារ J00037 តម្កល់នៅក្នុងបណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «កំណត់ហេតុចម្លើយរបស់ឈ្មោះ ព្រុំ ធី ហៅ ឆេង យុទ្ធនារីចិញ្ចឹមសត្វនៅពេទ្យ ព-១៧»។ ឯកសារនេះ រៀបរាប់ពីសកម្មភាពរបស់ ព្រុំ ធី ហៅ ឆេង នៅក្នុងខ្សែបក្ខពួកក្រុមខ្មែរស ដែលបានធ្វើសកម្មភាពក្បត់នឹងខ្មែរក្រហម។ នៅក្នុងចម្លើយសារភាពនេះ ឆេង តែងតែទទួលបញ្ជាពីថ្នាក់លើរបស់ខ្លួន ឲ្យសម្លាប់អ្នកជំងឺ សម្លាប់យុទ្ធជនដែលមកសម្រាកក្នុងមន្ទីរពេទ្យតាមរយៈការដាក់ថ្នាំដេដេតេ និងអង់ទ្រីន ប្រព្រឹត្តកំហុសសីលធម៌ជាមួយយុទ្ធជនខ្មែរក្រហម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងមន្ទីរពេទ្យ។

[2] ឯកសារលេខ D07382 តម្កល់នៅបណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ចម្លើយ គឹម ឆេន ហៅ វ៉ាត ប្រធានផ្នែកនៅពេទ្យ ព-១៧៖ អំពីប្រវត្តិក្បត់របស់ខ្ញុំដែលប្រឆាំងបក្សកុម្មុយនីស្តកម្ពុជាកន្លងមក»។ នៅទំព័រទី៥ ម្ចាស់ចម្លើយសារភាព បានបញ្ជាក់ថា ខ្លួនបានស្គាល់សមមិត្ត នារី សុន តាមរយៈសមមិត្តនារី ឃន។ សុន ត្រូវបានបញ្ជាក់ពីឈ្មោះ ឃន ថា ធ្លាប់បានទទួលបញ្ជាឲ្យប្រព្រឹត្តកំហុសឆ្គងសីលធម៌ជាមួយយុទ្ធជនខ្មែរក្រហមនៅក្នុងមន្ទីរពេទ្យ ព-១៧ ដើម្បីបង្កជាបាតុភាពនៅក្នុងមន្ទីរពេទ្យ។

[3] ឯកសារលេខ D13442 តម្កល់នៅបណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ចម្លើយរបស់ឈ្មោះ សៅ ម៉ន ហៅ ផេន ប្រធានផ្នែកខាងព្យាបាលជំងឺទូទៅនៅពេទ្យ ព-១៧៖ អំពីប្រវត្តិសកម្មភាពក្បត់បក្សផ្ទាល់»។ ឯកសារនេះ រៀបរាប់ពីចម្លើយរបស់ ផេន ពីសកម្មភាពក្បត់បដិវត្តន៍នៅស្រែអំបិលរដ្ឋ និងនៅមន្ទីរពេទ្យ ព-១៧។

[4] ឯកសារលេខ D21238 តម្កល់នៅបណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ចម្លើយរបស់ឈ្មោះ សឹង​សុខនី ហៅ សុខនី៖ អំពីប្រវត្តិ សកម្មភាពប្រឆាំងបក្សតាំងពីដើមរហូតចាប់ខ្លួន»។

[5] ឯកសារលេខ J00297 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «អំពីប្រវត្តិសកម្មភាពក្បត់របស់ ទួត រ៉េន»។ ឯកសារនេះ មានចំនួន២៣ទំព័រ រៀបរាប់ពីប្រវត្តិរូប សកម្មភាពក្បត់បដិវត្តន៍ និងបញ្ជីឈ្មោះបក្ខពួកក្បត់របស់ ទួត រ៉េន។

[6] មានប្រភពជាច្រើនបាននិយាយពីចលនា សេ-អ៊ី-អា នៅកម្ពុជា ដូចជា៖ “Sideshow: Kissinger, Nixon, and the Destruction of Cambodia” by William Shawcross, “Cambodia: A History” by Michael Vickery, “The Khmer Rouge: A History of the Cambodian Genocide” by Ben Kiernan, “The Tragedy of Cambodian History: Politics, Revolutions, and Outcomes, 1945-1980” by David P. Chandler។ សេ-អ៊ី-អា នៅកម្ពុជាកើតឡើងដោយសារកត្តាមួយចំនួនដូចជា៖ (១)- កត្តាភូមិសាស្ត្រនយោបាយ៖ ប្រទេសកម្ពុជាមានទីតាំងយុទ្ធសាស្ត្រជាប់នឹងប្រទេសវៀតណាម ហើយត្រូវបានប្រើប្រាស់ដោយកងកម្លាំងវៀតណាមខាងជើង សម្រាប់ការគាំទ្រផ្នែកភស្តុភារក្នុងសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមខាងត្បូង និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ – អព្យាក្រឹតភាព និងភាពចលាចលផ្ទៃក្នុង៖ ខណៈពេលដែលកម្ពុជាប្រកាសគោលនយោបាយអព្យាក្រឹតជាផ្លូវការ ការតស៊ូនយោបាយផ្ទៃក្នុង និងភាពជិតស្និតនឹងសង្រ្គាមបានបង្កើនសម្ពាធលើ   អព្យាក្រឹតភាពរបស់ខ្លួន។ (២)- យុទ្ធនាការទម្លាក់គ្រាប់បែកសម្ងាត់៖ – សហរដ្ឋអាមេរិកបានធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកសម្ងាត់ប្រឆាំងនឹងទីតាំងសង្ស័យ និងផ្លូវផ្គត់ផ្គង់របស់វៀតណាមខាងជើងនៅកម្ពុជា។ ប្រតិបត្តិការនេះ មិនត្រូវបានទទួលស្គាល់ជាសាធារណៈនៅពេលនោះ និងពាក់ព័ន្ធនឹងការវាយប្រហារតាមអាកាសយ៉ាងទូលំទូលាយ។ – ផលប៉ះពាល់៖ ការទម្លាក់គ្រាប់បែកបាននាំឱ្យជនស៊ីវិលស្លាប់ និងភៀសខ្លួនយ៉ាងសំខាន់ ដែលរួមចំណែកដល់អស្ថិរភាពក្នុងប្រទេសកម្ពុជា និងបង្កើនភាពច្របូកច្របល់ជាសាធារណៈចំពោះអន្តរាគមន៍របស់សហរដ្ឋអាមេរិក។ (៣)- គាំទ្ររដ្ឋាភិបាលរបប លន់ នល់៖ នៅឆ្នាំ ១៩៧០ សេ-អ៊ី-អា បានគាំទ្ររដ្ឋប្រហារដឹកនាំដោយឧត្តមសេនីយ៍ លន់ នល់ ដែលបានទម្លាក់សម្ដេចនរោត្តមសីហនុ ដែលបានព្យាយាមរក្សាអព្យាក្រឹតភាពរបស់កម្ពុជា។ សេ-អ៊ី-អា បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាដល់រដ្ឋាភិបាលរបស់ លន់ នល់ នៅពេលដែលខ្លួនបានប្រយុទ្ធនឹងកងកម្លាំងកុម្មុយនិស្តដែលកំពុងរីកចម្រើន។​ – ជំនួយ និងបណ្តុះបណ្តាលផ្នែកយោធា៖ សេ-អ៊ី-អា ក៏បានជួយក្នុងការបណ្តុះបណ្តាល និងបំពាក់កងកម្លាំងយោធាកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាមខាងជើង។ (៤)- ការងើបឡើងនៃខ្មែរក្រហម៖  – អស្ថិរភាពដែលបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក និងភាពទន់ខ្សោយរបស់របប លន់ នល់ បានរួមចំណែកដល់ការងើបឡើងនៃខ្មែរក្រហម ដែលជាក្រុមកុម្មុយនិស្តជ្រុលនិយម ដែលបានលើកឡើងពីការមិនពេញចិត្តជាសាធារណៈចំពោះរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិក។

(៥)- ផលវិបាកនៃការជាប់ពាក់ព័ន្ធរបស់ សេ-អ៊ី-អា នៅកម្ពុជា នៅតែបន្តមានសន្ទុះ មានឥទ្ធិពលលើគោលនយោបាយការបរទេស និងការចូលរួមផ្នែកយោធារបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះជាបន្តបន្ទាប់។

[7] វិគីភីឌា, «ដៀន ដែល,»​ accessed December 12, 2024, https://km.wikipedia.org/wiki/%E1%9E%8A%E1%9F%80%E1%9E%93_%E1%9E%8A%E1%9F%82%E1%9E%9B។ ដៀន ដែល ជានាយទាហាននៃរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់ ពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥។ នៅក្រោយឆ្នាំ១៩៧៩ ដៀន ដែល ជាមេដឹកនាំនៃកងកម្លាំងទ័ពព្រៃនៃ «រណសិរ្សរំដោះជាតិប្រជាជនខ្មែរ» ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩២។ នៅឆ្នាំ១៩៩៨ ដៀង ដែល គឺជាសមាជិករដ្ឋសភា មកពីគណបក្ស ហ៊ុនស៊ីនប៉ិច។

[8] ផេង ពង្សរ៉ាស៊ី និងអ្នកឯទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)», បោះពុម្ពលើកទី២, ២០២០, ទំព័រ១៤។ ឡុង បូរ៉េត ត្រូវខ្មែរក្រហមសម្លាប់ភ្លាមៗជាមួយមេដឹកនាំនៃរបបសាធារណរដ្ឋខ្មែរពីររូបទៀតគឺ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិសិរិមតៈ និង លន់ ណុន បន្ទាប់ពីថ្ងៃជ័យជម្នះរបស់ខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

[9] ផេង ពង្សរ៉ាស៊ី និងអ្នកឯទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» បោះពុម្ពលើកទី២, ២០២០, ទំព័រ៦៥-៦៦។ អង្គភាពឯកសារ មានតួនាទីចម្លងចម្លើយសារភាពចេញពីកាសែត វាយអត្ថបទចម្លើយសារភាពរបស់អ្នកទោស សង្ខេបអត្ថបទចម្លើយសារភាព និងរៀបចំទុកដាក់ឯកសារ។

[10] ឯកសារលេខ J00297 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «អំពីប្រវត្តិសកម្មភាពក្បត់របស់ ទួត រ៉េន» ទំព័រ៩-១០។

[11] ឯកសារលេខ J00297 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «អំពីប្រវត្តិសកម្មភាពក្បត់របស់ ទួត រ៉េន» ទំព័រ១១-១៣។

[12] ការដាំដើមកប្បាសដោយខ្មែរក្រហម ជារឿយៗត្រូវបានផ្សាភ្ជាប់ជាមួយនឹងមនោគមវិជ្ជាកសិកម្មដ៏ទូលំទូលាយក្នុងរបបខ្មែរក្រហមក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៧០នៅក្នុងប្រទេសកម្ពុជា។ មានហេតុផល និងបរិបទសំខាន់ៗមួយចំនួនសម្រាប់សកម្មភាពដាំដំណាំកប្បាស៖ ១. ការសង្កត់ធ្ងន់លើមនោគមវិជ្ជាកសិកម្ម វប្បធម៌ និងការផ្សព្វផ្សាយ៖ ខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត បានព្យាយាមប្រែក្លាយកម្ពុជាទៅជាសង្គមកសិកម្មសុទ្ធសាធ ហើយជឿថាមានតែការងារនៅតាមទីជនបទទេ ដែលជាធាតុផ្សំដ៏ចាំបាច់សម្រាប់ការសម្រេចបាននូវចក្ខុវិស័យអំពីរបបកុម្មុយនីស្ត។ របបខ្មែរក្រហមបានប្រើប្រាស់កសិកម្ម រួមទាំងការដាំដើមកប្បាស ជាផ្នែកមួយនៃការឃោសនារបស់ខ្លួន ដើម្បីលើកកម្ពស់មនោគមវិជ្ជារបស់ខ្លួន និងបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពរបស់ខ្លួនចំពោះប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ។ ខ្មែរក្រហមបានព្យាយាមបង្កើតនិទានកថាដែលលើកតម្កើងជីវិតកសិករ និងពលកម្មកសិកម្ម ដោយបង្ហាញពីភាពថ្លៃថ្នូរ និងចាំបាច់សម្រាប់មោទនភាពជាតិ និងសាមគ្គីភាព។ ២. និមិត្តសញ្ញាដើមកប្បាស៖ សម្រាប់របបខ្មែរក្រហម ដើមកប្បាសមានសារសំខាន់ណាស់ ព្រោះកប្បាសតំណាងឱ្យភាពគ្រប់គ្រាន់នៃកសិកម្ម និង​ជា​និមិត្ត​រូប​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​របប​នេះ​ចំពោះ​កំណែ​ទម្រង់​កសិកម្ម និង​បដិវត្តន៍។ ការដាំដើមកប្បាសក៏អាចជានិមិត្តរូបនៃឧត្តមគតិនៃប្រទេសកម្ពុជាថ្មី ដែលប្រជាជននឹង  ត្រឡប់ទៅធ្វើការលើដី និងរួមចំណែកដល់សេដ្ឋកិច្ចក្នុងលក្ខណៈទ្រទ្រង់ខ្លួនឯង។ ៣. ផលិតភាព និងគោលដៅសេដ្ឋកិច្ច៖ កប្បាសជាដំណាំដែលអាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដល់របបខ្មែរក្រហម តាមរយៈពាណិជ្ជកម្ម ព្រោះថា ខ្មែរក្រហមមានមហិច្ឆតាចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានផលិតភាពសេដ្ឋកិច្ចយ៉ាងតឹងរឹងលើវិស័យកសិកម្ម និងសម្រេចបាននូវភាពខ្លួនទីពឹងខ្លួន ព្រមទាំងមានធនធានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ប្រជាជនដោយមិនចាំបាច់មានជំនួយពីបរទេស។ ៤. ការងារកសិកម្មដោយបង្ខំ៖ ខ្មែរក្រហមបានអនុវត្តកំណែទម្រង់កសិកម្មយ៉ាងសម្បើមក្នុងទូរទាំងប្រទេស ដែលរួមមានការបង្ខំឲ្យផ្លាស់ទីលំនៅរបស់អ្នករស់នៅទីក្រុងទៅកាន់តំបន់ជនបទ ដើម្បីធ្វើការលើកសិដ្ឋាន និងនៅក្នុងគម្រោងកសិកម្មសមូហភាព។ ការដាំដើមកប្បាសគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមកសិកម្មដ៏ទូលំទូលាយទាំងនេះ ដែលជារឿយៗរួមបញ្ចូលកម្លាំងពលកម្មខ្ពស់ដោយមិនគិតពីសិទ្ធិមនុស្ស ឬសុខុមាលភាព។ ជារួម ខណៈពេលដែលការដាំដើមកប្បាសជានិមិត្តរូបនៃការប៉ុនប៉ងរបស់ខ្មែរក្រហមក្នុងការរៀបចំសង្គមកម្ពុជាឡើងវិញតាមរយៈកំណែទម្រង់កសិកម្មដ៏ឃោរឃៅ និងដាច់ខាត ការពិតគឺជាការឈឺចាប់ ការបង្ខំឲ្យធ្វើការ និងការរំលោភសិទ្ធិមនុស្សយ៉ាងសម្បើម។ គោលនយោបាយដាច់ខាតរបស់របបនេះ បានបណ្តាលឱ្យមានគ្រោះទុរ្ភិក្ស ទុក្ខវេទនា និងការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជារាប់លាននាក់ក្នុងអំឡុងពេលគ្រប់គ្រងរបស់ខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin