គង់ ប៊ុនលិន ៖ ប្រធានរោងពុម្ព ភូមិភាគឦសាន

ឯកសារលេខ J00508, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ស្ដីពីចម្លើយសារភាពរបស់ គង់ ប៊ុនលិន ជាអតីតប្រធានរោងពុម្ព ភូមិភាគឦសាន។

នៅវេលាយប់ម៉ោង៩ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦៧ ជាពេលវេលាដែល គង់ ប៊ុនលិន[1] បានស្ម័គ្រចិត្តបម្រើការងារនៅក្នុងកម្លាំង សេ-អ៊ី-អា តាមរយៈការឧទ្ទេសនាមពីសំណាក់ឈ្មោះ យោង (ជាគ្រូបង្រៀនថ្នាក់ទី១) និងប្រពន្ធរបស់យោង។ យោង បានធ្វើការប្រកាសបើកកម្មវិធីឧទ្ទេសនាមដោយការគោរពទង់សេ-អ៊ី-អា និងបានឧទ្ទេសនាមសកម្មភាពសំខាន់ៗ ព្រមទាំងលើកភារកិច្ចចំនួន៣គឺ៖ ខិតខំកសាងកម្លាំងឱ្យបានច្រើន, តាមដានក្ដាប់ឱ្យបាននូវកម្លាំងបដិវត្តន៍របស់ខ្មែរក្រហម និងរក្សាការសម្ងាត់របស់ក្រុម។ បន្ទាប់ពីនោះ ប៊ុនលិន បានប្ដេជ្ញាចិត្តចំពោះភាពស្មោះត្រង់ និងស្ម័គ្រចិត្តបម្រើក្នុងកម្លាំង សេ-អ៊ី-អា អស់មួយជីវិត ហើយ យោង ក៏បានប្រកាសគោរពទង់ជាតិបិទកម្មវិធី។

គង់ ប៊ុនលិន[2] ហៅ អុន ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើតនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកក្រចេះ ខេត្តក្រចេះ។ ឪពុកឈ្មោះ គង់ គិន ម្ដាយឈ្មោះ អៅ អឿន។ ប៊ុនលិន មានប្រពន្ធឈ្មោះ ចាន់ ហឿ ហៅ សំ មានទីកន្លែងកំណើតនៅភូមិហាងខូបាន សង្កាត់សាមគី្គ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ប៊ុនលិន និងប្រពន្ធ មានកូនប្រុសម្នាក់។

ប៊ុនលិន មានភារកិច្ចក្ដាប់កម្លាំងបដិវត្តន៍ និងកសាងកម្លាំង។ ចាប់ពីពេលចូលរួមជាមួយកម្លាំអ សេ-អ៊ី-អា គាត់ខិតខំធ្វើសកម្មភាពកសាងកម្លាំងជាប់ជានិច្ច និងកសាងកម្លាំងបានចំនួនពីរនាក់ គឺឈ្មោះ រឿង គឹមធន់ និង ម៉ុងគ្រី ហៅ ចាប់។ នៅពាក់កណ្ដាលឆ្នាំ១៩៦៧ ប៊ុនលិន បានប្រឡងជាប់មធ្យមសិក្សាភាគទី១ នឹងត្រូវទៅរៀននៅវិទ្យាល័យកំពង់ចាម។ គាត់ទទួលបានសំបុត្រពីប្រពន្ធរបស់ យោងទៅជួប និងទាក់ទងជាមួយឈ្មោះ សុវ៉ាន ដែលជាគ្រូបង្រៀននៅនៅវិទ្យាល័យកំពង់ចាម។ នៅចុងឆ្នាំ១៩៦៧ ទើប ប៊ុនលិន អាចទាក់ទងជាមួយគ្រូ សុវ៉ាន់ បន្ទាប់មកបានណែនាំកម្លាំងជាច្រើនឱ្យគាត់បានស្គាល់ មានទាំងសាស្រ្តាចារ្យ និងសិស្ស-និស្សិត។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៧០ សមាជិក សេ-អ៊ី-អា ចំនួន៨នាក់ មានឈ្មោះដូចជា ប៊ុនលិន, ម៉ាត់ សារូ, ម៉ុង គ្រី, ដាវ, សន, រឿង គឹមធន់ និង ភាព បានចូលរួមក្នុងបដិវត្តន៍ខ្មែរក្រហម នៅភូមិរការ​កណ្ដាល ស្រុកក្រចេះ ខេត្តក្រចេះ។ ក្រោយមកនៅចុងខែកក្កដា អ្នកទាំង៨នាក់នោះ បានចេញដំណើរពីខេត្តក្រចេះទៅខេត្តរតនគិរី និងបានជួបជាមួយ យោង នៅមន្ទីរនីរសារភូមិភាគ ដើម្បីពិភាក្សាពីការចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញ ព្រមទាំងណែនាំឱ្យស្គាល់ខ្សែបណ្ដាញចំនួន២នាក់ មានឈ្មោះ គឹម និងឈ្មោះ ភុំ។ នៅពេលនោះ អ្នកទាំងអស់មានតួនាទីធ្វើចម្ការនៅក្នុងមន្ទីរនីរសារ។ នៅចុងខែសីហា អង្គការបានដកអ្នកទាំងអស់នោះឱ្យទៅធ្វើជាអ្នកដាំបាយនៅសាលាវគ្គ។ មានយប់មួយ គឹម បានហៅសមាជិកចំនួន៤នាក់ ទៅប្រជុំ ក្នុងនោះក៏មាន ប៊ុនលិន ម្នាក់ដែរ។ គឹម បានអប់រំឱ្យសមាជិកធ្វើយ៉ាងណាត្រូវតែរក្សាការសម្ងាត់ឱ្យបានល្អ ពីការធ្វើសកម្មភាពបង្កប់ស៊ីរូងនៅក្នុងជួរបដិវត្តន៍។

នៅដើមឆ្នាំ១៩៧១ អង្គការបានបំបែកសមាជិក សេ-អ៊ី-អា ទាំងអស់ ឱ្យទៅធ្វើការងារនៅកន្លែងផ្សេងៗគ្នា។ គឹម ត្រូវដកឱ្យទៅធ្វើការងារនៅកន្លែងផ្សេង, ប៊ុនលិន និង សារូ ទៅធ្វើការងារនៅរោងពុម្ព ហើយនៅពេលនោះជាពេលដែល ខ្មែរក្រហម បានចាត់តាំងឱ្យ ប៊ុនលិន ធ្វើជាប្រធានរោងពុម្ព, ភាព, ដាវ ព្រមទាំង អន ទៅធ្វើការងារនៅមន្ទីរសេនាធិការ, ចំណែក សន ទៅធ្វើការងារនៅមន្ទីរពេទ្យព-២, រីឯ ម៉ុងគ្រី និង រឿង គឹមធន់ ទៅធ្វើការងារនៅមន្ទីរទូរលេខ។ នៅខែមីនា ភាព និង ដាវ បានអប់រំឈ្មោះ អន ជាយុទ្ធជននៅមន្ទីរសេនាធិការ។ នៅខែមិថុនា អង្គការបានបើកវគ្គយុវជនមន្ទីរ ប៊ុនលិន, សារូ, ម៉ុងគ្រី, គឹម​ធន់, ដាវ, ភាព, សន និង អន បានចូលរួមសិក្សាវគ្គយុវជនមន្ទីរទាំងអស់គ្នា។ ប៊ុនលិន និងសមាជិកទាំងអស់ បានបន្តធ្វើសកម្មភាពកសាងកម្លាំង និងតាមដានពីសកម្មភាព ព្រមទាំងទីតាំងរបស់ខ្មែរក្រហម​។

នៅដើមឆ្នាំ១៩៧៥ សភាពការណ៍ស្មុគស្មាញកាន់តែខ្លាំងឡើងៗ។ សើយ បាននាំកងយោធាស្រុក មួយអនុសេនាតូច រត់ចូលព្រៃ, ចំណែកថងដាំ និងថងបៃ ចាប់បំផុសយុវជន-យុវនារី ព្រមទាំងប្រជាជនរស់នៅភូមិពង់, ភូមិហ្វាំង (តំបន់១០២), ភូមិថ្មី, ភូមិវើនសៃ និងភូមិប៉ាកកាឡាន់ (តំបន់១០១) រត់ចូលព្រៃទិសទៅប្រទេសវៀតណាម។ នៅពេលទៅដល់ប្រទេសវៀតណាម ថងដាំ មានបំណងរៀបចំកងទ័ព រួមផ្សំជាមួយកងទ័ពវៀតណាម ចូលមករំដោះខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ទន្ទឹមនោះ ថងដាំ បានណែនាំឱ្យ ប៊ុនលិន ទាក់ទងជាមួយ ចាន់ថា ឱ្យបានដើម្បីធ្វើសកម្មភាព។ សកម្មភាពរបស់ក្រុម សេ-អ៊ី-អា គឺនៅបន្តមកជាប់ជានិច្ច ហើយកសាងកម្លាំងថ្មីមកជាបន្តបន្ទាប់។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ អង្គការបានដក ប៊ុនលិន ចេញពីរោងពុម្ព ឱ្យទៅធ្វើការងារនៅតំបន់១០៤។

នៅខែកុម្ភៈ ឆ្នាំ១៩៧៦ ប៊ុនលិន បានជួបជាមួយ សឹម, បូរ៉ាន់ និង ញឹម នៅមាត់ទន្លេជិតមន្ទីរអកមាស ដើម្បីរាយការណ៍ពីសមិទ្ធផលដែលសម្រេចបាន និងលើកឡើងពីផែនការថ្មីដែលត្រូវអនុវត្តនៅពេល​បន្ទាប់។ នៅខែសីហា ឆ្នាំ១៩៧៦ ប៊ុនលិន បានជួបជាមួយ អន និង សឹម។ អ្នកទាំង២នាក់ត្រូវបានអង្គការចាត់តាំងឱ្យមកចូលរួមវគ្គសិក្សានៅតំបន់ពន្លុង។ បន្ទាប់ពីជួបជុំគ្នា អ្នកទាំង៣នោះ បានរាយការណ៍ស្ថានភាពកម្លាំង និងប្រជាជននៅទីតាំងរៀងៗខ្លួន។ សឹម បានរាយការណ៍ថាប្រជាជននៅទីតាំងរបស់គាត់ចង់នៅធ្វើចម្ការជាងធ្វើស្រែដែលអង្គការចាត់តាំងឱ្យទៅ។ ប្រជាជនទាំងនោះបានលើកឡើងថាប្រសិនជាអង្គការបង្ខំឱ្យទៅធ្វើស្រែអ្នកទាំងនោះនឹងនាំគ្នារត់ចូលទៅប្រទេសវៀតណាម។ ចំណែក អន បានរាយការណ៍ថាគាត់កំពុងធ្វើសកម្មភាពរារាំងចលនាធ្វើស្រែឱ្យបានទិន្នផលចំនួន៣តោន និង ៦តោន​។ អន ព្យាយាមបំផុសយុវជន-យុវនារី ក្នុងកងចល័តឱ្យខ្ជិលច្រអូស ស្ពឹកស្រពន់មិនខិតខំធ្វើការងារ។ ក្រៅពីបំផុសយុវជន អន បានកសាងកម្លាំងថ្មីបានម្នាក់ឈ្មោះ ខាំបន ជាអ្នកទទួលបន្ទុកខាងបច្ចេកទេសទ្វារទឹក នៅអូរតាង។ បន្ថែមពីនោះ ប៊ុនលិន បានរាយការណ៍ប្រាប់អ្នកទាំង២នាក់នោះដែរអំពីសភាពការណ៍របស់ប្រជាជននៅ៤២ តំបន់១០៤ ដែលរង់ចាំការចូលរំដោះពីសំណាក់កងទ័ពរបស់ ចាន់ថា។

នៅខែមករា ឆ្នាំ១៩៧៧ ប៊ុនលិន បានជួបជាមួយ អន និង ខាំបន នៅទំនប់អូរតាង និងបានរាយការណ៍ពីសកម្មភាព និងព្រឹត្តិការណ៍នៅក្នុងតំបន់ដែលខ្លួនរស់នៅ។ នៅខែឧសភា ឆ្នាំ១៩៧៧ អង្គការបានដក ប៊ុនលិន ឱ្យទៅធ្វើការងារនៅតំបន់១០៧។ ទៅដល់ទីនោះ គាត់ព្យាយាមទាក់ទងខ្សែបណ្ដាញដើម្បីចេញទៅប្រទេសវៀតណាម ប៉ុន្តែគាត់មិនអាចទាក់ទងនរណាម្នាក់បានឡើយ។ ចាប់តាំងពីពេលនោះមក សមាជិកក្រុមទាំងអស់ បានទាក់ទងទៅខ្សែបណ្ដាញនៅវៀតណាម រហូតដល់ខែសីហា ទើប វ៉ាង អាចទាក់ទងខាងវៀតណាមបាន។ ក្រោយពីទទួលបានដំណឹងថា វ៉ាង អាចទាក់ទងជាមួយខាងវៀតណាមបាន ប៊ុនលិន បានសរសេរសំបុត្រមួយច្បាប់ផ្ដល់ដំណឹងឱ្យ សឹម ដឹងពីព័ត៌មាននោះ។

ប៊ុនលិន និង វ៉ាង បានជួបគ្នាដើម្បីពិភាក្សាពីផែនការដែលត្រូវមានសកម្មភាពនៅពេលបន្ទាប់។ នៅក្នុងខ្លឹមសារប្រជុំ វៀតណាម បានដាក់ផែនការចំនួន៤ចំណុចឱ្យ ប៊ុនលិន ស្វែងរក ទី១៖ កន្លែងដែលខ្មែរក្រហមបោះទីតាំងទ័ព, ចំនួនកម្លាំង និងប្រភេទអាវុធ។ ទី២៖ ស្វែងរកទីតាំងឃ្លាំងអាវុធ។ ទី៣៖ រកទីតាំងជង្រុកស្រូវ និងទី៤៖ ទីកន្លែងដែលមានប្រជាជនច្រើន។ ក្រោយពីបញ្ចប់ការជួបជុំ ប៊ុនលិន បានយកផែនការនោះទៅអនុវត្ត និងបានចាត់តាំងឱ្យសមាជិកដទៃទៀតជួយស្វែងរកបន្ថែម។ សកម្មភាពនៃការស្វែងរកទីតាំងធំរបស់ខ្មែរក្រហម គឺជាប់មកជានិច្ច ប៉ុន្តែសមាជិកទាំងអស់មិនភ្លេចពីភារកិច្ចក្នុងការកសាងកម្លាំងថ្មីបន្ថែមនោះទេ។ បន្ថែមពីនោះទៀត អ្នកទាំងនោះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការជួយរំដោះប្រជាជនពីសំណាក់វៀតណាម។

នៅខែមករា ឆ្នាំ១៩៧៨ ប៊ុនលិន និងសមាជិក បានធ្វើសកម្មភាពរារាំងចលនារបស់បដិវត្តន៍ជាបន្តបន្ទាប់​។ សកម្មភាពធ្វើការងាររបស់យុវជន-យុវនារី កាន់តែមានភាពយឺតយ៉ាវ, ស្ពឹកស្រពន់ និងមានសកម្មភាពខុសសីលធម៌ជាហូរហែ។ ប៊ុនលិន ខិតខំព្យាយាមបំផុសប្រជាជន និងកសាងកម្លាំងប្រឆាំងនឹងបដិវត្តន៍ខ្មែរក្រហម ប៉ុន្តែគាត់មិនបានគិតឃើញទេនោះថា ខ្មែរក្រហមក៏បានតាមដានពីសកម្មភាពរបស់គាត់ដូចគ្នា។ គង់ ប៊ុនលិន ត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧៨ នៅ​ទីក្រុងភ្នំពេញ៕

[1] ឯកសារលេខ J00508, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ស្ដីពីចម្លើយសារភាពរបស់ គង់ ប៊ុនលិន ជាអតីតប្រធានរោងពុម្ព ភូមិភាគឦសាន។ កំណត់ចំណាំ៖ “រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះមិនអាចសន្និដ្ឋានបានថាចម្លើយរបស់ គង់ ប៊ុនលិន ពិត ឬយ៉ាងណានោះទេ”

[2] ឯកសារលេខ K00383, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ស្ដីពីប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងរបស់ឈ្មោះ គង់ ប៊ុនលិន។


អត្ថបទដោយ នេន​ ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin