វេទិកាពិនិត្យសុខភាពបឋម និងអប់រំអំពីការថែទាំសុខភាព
មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកាពិនិត្យសុខភាពបឋម និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន ១៩១នាក់រស់នៅឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
រដូវភ្លៀងធ្លាក់បានចូលមកដល់ទេសភាពខេត្តមណ្ឌលគិរីប្រែក្លាយជាពណ៌បៃតងគួរជាទីចាប់អារម្មណ៍សម្រាប់អ្នកគ្រប់គ្នាដែលមកដល់ទីនេះ។
ខេត្តមណ្ឌលគិរីជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា គឺជាទឹកដីដែលសម្បូរទៅដោយភ្នំ និងព្រៃព្រឹក្សាដុះនៅជុំវិញជាច្រើននាំឲ្យអាកាសធាតុនៅទីនេះត្រជាក់គួរជាទីចាប់អារម្មណ៍។
នៅថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលសម្រាប់ការចងចាំជនជាតិភាគតិចខេត្តមណ្ឌលគិរី និង ឌឹញូវ (D-News) រឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ខេវីត្បូងឃ្មុំ បានរៀបចំវេទិកាពិនិត្យសុខភាព និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជា១៩១នាក់ ដែលរស់នៅប្រមាណជាប្រាំមួយឃុំ នៅក្នុងនោះមាន ឃុំអបួនលើ ឃុំសុខសាន្ត ឃុំស្រែសង្គម ឃុំស្រែហ៊ុយ ឃុំណងឃីលិក និងឃុំរយ៉ ដែលស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជាកិច្ចចាប់ផ្ដើមមេឃុំអបួនលើ លោក ហាន សុខន លោកបានមានប្រសាសន៍បើកវេទិកា និងបានស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានចូលរួមក្នុង «វេទិកាពិនិត្យសុខភាពបឋម និងអប់រំអំពីការថែទាំសុខភាព ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៅទីតាំងសាលាឃុំ។ លោកបន្តថាការពិនិត្យសុខភាពមានសារសំខាន់ណាស់ ព្រោះអាចឲ្យយើងដឹងពីវិធីការពារជំងឺកាចសាហាវផ្សេងៗ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកមេឃុំ បានផ្តាំផ្ញើដល់អ្នកដែលបានចូលរួមវេទិកាសូមជួយផ្សព្វផ្សាយបន្តដល់សាច់ញាតិ និងអ្នកជិតខាងក៏ដូចជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដទៃ ដើម្បីឲ្យគាត់ដឹងពីព័ត៌មានអំពីការថែទាំសុខភាពឲ្យកាន់តែច្រើនឡើង។ ជាទីបញ្ចប់ លោកមេឃុំ បានផ្តាំផ្ញើដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមត្រូវចេះថែរក្សាសុខភាព ហូបអាហារដែលមានជីវជាតិ និងសម្រាកឲ្យបានគ្រប់គ្រាន់ ព្រមទាំងចេះធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។
បន្ទាប់មកលោក ព្រំ ផល្លា និពន្ធនាយក ឌឹញូវ (D-News) រឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់នូវការចាប់អារម្មណ៍ចំពោះការថែទាំសុខភាពដោយលោកសង្កត់ធ្ងន់ថា ការពិនិត្យសុខភាពមានសារសំខាន់ណាស់ជាពិសេសមនុស្សចាស់។ លោកបន្តថាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមកពិនិត្យសុខភាពនៅថ្ងៃនេះគឺធ្លាប់បានចូលរួមផ្តល់បទសម្ភាសន៍អំឡុងឆ្នាំ២០២១ កន្លងទៅ។ អ្នករស់រានមានជីវិតពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានដល់អ្នកស្ម័គ្រកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីអាចឲ្យអ្នកស្ម័គ្រចិត្តយើងកត់ត្រាប្រវត្តិពីរបបខ្មែរក្រហមទុកជាឯកសារសម្រាប់ក្មេងៗជំនាន់ក្រោយបានដឹងពីរបបនៅទុកជាការសិក្សាស្រាវជ្រាវបន្តទៀត។
លោកវេជ្ជបណ្ឌិត ឡាវ ហាវ៉ាន ប្រធានផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ មានប្រសាសន៍ក្នុងវេទិកាអប់រំពីសុខភាពបន្ទាប់ពីពិនិត្យជំងឺបឋម ថា ការពិនិត្យសុខភាពមានសារសំខាន់បំផុតសម្រាប់អ្នកជំងឺ។ ការពិនិត្យរកឃើញជំងឺទាន់ពេលវេលា គឺជាជំនួយដើម្បីអាចឲ្យគ្រូពេទ្យមានលទ្ធភាពព្យាបាលអ្នកជំងឺឲ្យបានជោគជ័យ ត្រឹមត្រូវ និងទាន់ពេលវេលា។ លោកវេជ្ជបណ្ឌិត បានថ្លែងថា អ្នកជំងឺដែលមានសម្ពាធឈាមលើសត្រូវតាមដានសម្ពាធឈាមឲ្យបានញឹកញាប់ដើម្បីដឹងពីសម្ពាធឈាមខ្លួនឯង ងាយស្រួលគ្រប់គ្រង និងត្រូវលេបថ្នាំជាប្រចាំទោះបីសម្ពាធឈាមបានចុះក៏ដោយ។ លោកវេជ្ជបណ្ឌិត ក៏បានផ្តាំផ្ញើ លោកអ៊ំ លោកពូ អ្នកមីង ទាំងអស់ត្រូវពិសារអាហារដែលមានរសជាតិសាប ឬអាហារដែលមានរសជាតិប្រៃល្មមជៀសវាងអាហារដែលមានរសជាតិប្រៃ និងផ្អែមខ្លាំង។ លោកវេជ្ជបណ្ឌិត បន្ថែមទៀតថា រសជាតិផ្អែម និងប្រៃខ្លាំង អាចនាំឲ្យ លោកអ៊ំ លោកពូ អ្នកមីង ប្រឈមមុខនឹងជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម ប្រៃ និងជំងឺផ្សេងៗដទៃទៀត។
អត្ថបទដោយ ៖ អេង សុខម៉េង និង នេន ស្រីមុំ