សៅ សុខ៖ ទាហានរបប លន់ នល់

សៅ សុខ ហៅ ម៉ម សុខ មានអាយុ ៦១ឆ្នាំ រស់នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។[1] ក្នុងបទសម្ភាសន៍ជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សុខ ដែលធ្លាប់ជាទាហានរបប លន់ នល់ បានរៀបរាប់ពីខ្សែជីវិតក្នុងរបបខ្មែរក្រហមដូចខាងក្រោម[2]៖
«ខ្ញុំឈ្មោះ សៅ សុខ ឈ្មោះបដិវត្តន៍ ម៉ម សុខ កើតនៅឆ្នាំ១៩៤១ នៅក្នុងភូមិតាស្រី ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង (តំបន់២៥) ខេត្តកណ្តាល។ ខ្ញុំមានប្រពន្ធឈ្មោះ គាន់ នៅ មានអាយុ៥៥ ឆ្នាំ (ក្នុងឆ្នាំ២០០២) និងមានកូនចំនួន៦ នាក់។ ខ្ញុំមានឪពុកឈ្មោះ ម៉ម សៅ និងម្តាយឈ្មោះ អ៊ឹម វ៉ាយ អ្នកទាំងពីរបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម ដោយសារខ្វះអាហារហូបចុក និងគ្មានថ្នាំព្យាបាល ជំងឺត្រឹមត្រូវ។
ក្នុងអំឡុងរបបសង្គមរាស្រ្តនិយមខ្ញុំបម្រើការងារជាទាហាននៅទីក្រុងភ្នំពេញ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីព្រះតំណែង។ខ្ញុំបន្តធ្វើជាទាហានរបប លន់ នល់ និងរស់នៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧០ ខ្ញុំបានរៀបការប្រពន្ធឈ្មោះ គាន់ នៅ និងក្រោយមកមានកូនចំនួនពីរនាក់។ ការរស់នៅទីក្រុងភ្នំពេញរបស់ខ្ញុំ នៅពេលនោះមិនសូវបានជាប់លាប់ទេ ព្រោះត្រូវមានបេសកកម្មចេញទៅប្រយុទ្ធជាមួយនឹងយោធាខ្មែរក្រហមនៅតាមផ្លូវជាតិលេខ៤ និងនៅតំបន់ភ្នំប្រុស-ភ្នំស្រី ស្ថិតក្នុងខេត្តកំពង់ចាម។ ពេលប្រយុទ្ធមានពេលខ្លះ ជោគជ័យ និងពេលខ្លះក៏បរាជ័យ និងបណ្តាលឲ្យទាហានរួមអាវុធបានស្លាប់អស់យ៉ាងច្រើន ហើយជីវិតខ្ញុំថ្លៃបានគេចផុតគ្រប់សមរភូមិ។
នៅពេលរបប លន់ នល់ ចាញ់សង្រ្គាមជាមួយយោធាខ្មែរក្រហមទាំងស្រុង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំ និងគ្រួសារកំពុងរស់នៅ និងបម្រើការងារនៅបន្ទាយស្លឹក ដែលជាបន្ទាយរបស់របប លន់ នល់ ស្ថិតនៅក្បែរពេទ្យរុស្ស៊ី (បច្ចុប្បន្នមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)។ នៅថ្ងៃនោះខ្ញុំឃើញសកម្មភាពមិនល្អព្រោះទាហាន លន់ នល់ យ៉ាងច្រើនបានទម្លាក់អាវុធចុះ និងចុះចូលជាមួយយោធាខ្មែរក្រហម។ ខ្ញុំបានសម្រេចចិត្តបន្លំខ្លួនជាប្រជាជន។ យោធាខ្មែរក្រហមបានចូលមកក្រុងភ្នំពេញពីគ្រប់ទិសទី ហើយយោធាបានស្រែកតាមឧឃោសនសព្ទឲ្យប្រជាជននៅទីក្រុងភ្នំពេញចាកចេញពីផ្ទះសម្បែង។ យោធាខ្មែរក្រហមបានប្រកាសថា ការចាកចេញពីទីក្រុងភ្នំពេញគឺត្រឹមតែរយៈពេល ៣ ថ្ងៃ ព្រោះខ្លាចសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក ដូច្នេះមិនចាំបាច់យកសម្ភារតាមខ្លួនទៅច្រើននោះទេ។ ខ្ញុំបានសម្រេចចិត្តចាកចេញពីទីក្រុងភ្នំពេញតាមការបង្ខំនោះ ដោយធ្វើដំណើរឆ្ពោះទៅកាន់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាស្រុកកំណើត។ គ្រួសារខ្ញុំមានសមាជិកចំនួនប្រាំនាក់ រួមមាន៖ ខ្ញុំ, ម្តាយក្មេក, ប្រពន្ធ, និងកូនពីរនាក់ ក្នុងនោះម្នាក់មានអាយុទើបតែ៤ខែ ហើយការធ្វើដំណើរចេញពីទីក្រុងភ្នំពេញគឺតាមផ្លូវចំការដូង ឆ្ពោះទៅកាន់ផ្លូវជាតិលេខ២។
កាលនោះខ្ញុំឃើញទីក្រុងភ្នំពេញមានសភាពវឹកវរច្របូកច្របល់ខ្លាំងអង្គការបង្ខំឲ្យចាកចេញពីទីក្រុងភ្នំពេញក្នុងរយៈពេលខ្លី។ គ្រប់ៗផ្លូវតូចធំពោរពេញទៅដោយមនុស្សណែនណាន់តាប់តាន់។ នៅតាមផ្លូវខ្ញុំឃើញសាកសពទាហាន របប លន់ នល់ ជាច្រើនព្រោះសាកសពទាំងនោះមានឯកសណ្ឋានកងទ័ព។ ខ្ញុំមិនសូវឃើញសាកសពប្រជាជនទេ។ នៅពេលនោះយោធាខ្មែរក្រហមស្លៀកសម្លៀកបំពាក់ខោអាវពណ៍ខ្មៅ មានបង់កក្រមា និងដៃកាន់កាំភ្លើងគ្រប់ដៃឈរយាមតាមផ្លូវដែលមានមនុស្សធ្វើដំណើរឥតដាច់។ យោធាខ្មែរក្រហមទាំងនោះមិនស្គាល់ខ្ញុំទេ ព្រោះខ្ញុំបានបន្លំខ្លួនស្លៀកពាក់ជាប្រជាជន និងបានប្រាប់យោធាទាំងនោះថាគ្រួសារខ្ញុំជាអ្នកដឹកបន្លែបន្តិចបន្តួចយកទៅលក់នៅទីផ្សារ។ ខ្ញុំបានអូសរម៉កដឹករបស់ប្រើប្រាស់បន្តិចបន្តួច, កូនតូច និងម្តាយក្មេកចាស់ ហើយខ្ញុំត្រូវធ្វើដំណើររយៈពេល បីថ្ងៃ បីយប់ ទើបទៅដល់ស្រុកកំណើត។
ពេលមកដល់ស្រុក ផ្ទះរបស់ឪពុកម្តាយខ្ញុំត្រូវភ្លើងឆេះអស់ ចំណែកបងប្អូន និងម្តាយឪពុក បានបែកគ្នាទៅរស់នៅតាមសហករណ៍អស់។ ខ្មែរក្រហមឲ្យគ្រួសារខ្ញុំរស់នៅដាច់ពីអ្នកមូលដ្ឋាន និងចាត់ទុកគ្រួសារខ្ញុំជាប្រជាជនជម្លៀស១៧ មេសា។ អង្គការតម្រូវឲ្យខ្ញុំធើ្វការងារនៅក្នុងកងចល័តបុរស។ ការងាររបស់ខ្ញុំគឺភ្ជួររាស់, ជីកប្រឡាយ និងលើកទំនប់ធំៗ ធ្វើការចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៥ល្ងាច សម្រាកបានតែពេលហូបអាហារប៉ុណ្ណោះ។ ខ្ញុំខិតខំធ្វើការគ្រប់បែបយ៉ាងទាំងអស់ឲ្យតែអង្គការប្រើ ព្រោះខ្ញុំខ្លាចអង្គការចោទប្រកាន់ថាជាគេញឬខ្មាំង ដោយសារគ្រួសារខ្ញុំជាប្រជាជនថ្មី និងដោយសារខ្ញុំខំលាក់ប្រវត្តិរូបធ្លាប់ជាទាហានរបប លន់ នល់។
ចំណែកប្រពន្ធខ្ញុំត្រូវធ្វើការងារក្នុងអង្គភាពស្រ្តី។ ការងាររបស់ប្រពន្ធខ្ញុំគឺស្ទូង និងបុកស្រូវ។ កូនៗនៅកងកុមារ ត្រូវចិញ្ច្រាំដើមឈើ ដើមទន្ទ្រានខេត្ត ឬបេះផ្លែស្វាយ។ ម្តាយក្មេកខ្ញុំស្ថិតនៅកងចាស់ជរាធ្វើការងារផ្ទះបាយ។ គ្រួសារខ្ញុំប្រឈមនឹងទុក្ខលំបាកទាំងផ្លូវកាយ ផ្លូវចិត្ត ការរស់នៅគ្មានសិទ្ធិសេរីភាពគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ។ រីឯរបបអាហារគឺហូបមិនគ្រប់គ្រាន់ដើម្បីរស់ខ្ញុំបានលួចដងសន្ទូចត្រីរបស់អង្គការដើម្បីទុករកត្រីហូបបន្ថែមនៅពេលយប់ ប្រសិនបើអង្គការដឹងនឹងនាំគ្រួសារខ្ញុំទៅសម្លាប់ចោលមិនខាន។
នៅក្នុងកងភ្ជួរ មេកងឈ្មោះថន មានចិត្តល្អមិនសូវបង្ខំខ្ញុំ និងអ្នកដទៃក្នុងកងភ្ជួរធ្វើការហួសម៉ោងទេ ប៉ុន្តែត្រូវបំពេញការងារតាមផែនការកំណត់។ ចាប់តាំងពីគ្រួសារខ្ញុំទៅដល់ស្រុកកណ្តាលស្ទឹង រហូតដល់ឆ្នាំ១៩៧៦ ខ្ញុំបានដឹងថាមានកម្មាភិបាលខ្មែរក្រហមដែលគ្រប់គ្រងនៅទីនោះរួមមាន៖ ឈ្មោះ ខុំ ជាប្រធានសហករណ៍, ឈ្មោះ ហី ជាគណៈឃុំ, ឈ្មោះ នួន និងឈ្មោះ ត្រឹង ជាគណៈស្រុកកណ្តាលស្ទឹង។ ចាប់តាំងពីឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមទាំងនេះត្រូវបានផ្លាស់ប្តូរដោយជំនួសមកវិញនូវ ឈ្មោះតាចំ ជាគណៈតំបន់មកពីភូមិភាគនិរតី។ ការដឹកនាំរបស់តាចំ សាហាវណាស់សម្លាប់មនុស្សមិនសូវរើសមុខឡើយ ហើយកម្មាភិបាលថ្នាក់មូលដ្ឋានបានបាត់ខ្លួន។
អង្គការបានសាកសួរប្រវត្តិរូបខ្ញុំជារឿយៗ។ អង្គការបានសួរខ្ញុំថា «តើខ្ញុំធ្លាប់ធ្វើជាទាហានឬទេ? ខ្ញុំតែងឆ្លើយថាមិនធ្លាប់ទេ»។ «ខ្ញុំជាអ្នកអូសរម៉កដឹកបន្លែលក់បន្តិចបន្តួចតាមផ្សារ»។ ទាហានរបប លន់ នល់ ពីរនាក់ឈ្មោះ កិល និង ជឿង ត្រូវបានកងឈ្លបខ្មែរក្រហមនាំទៅសម្លាប់ដោយសារអ្នកទាំងពីរហ៊ានតវ៉ា និងទាមទារសិទ្ធិសេរីភាពក្នុងការរស់នៅ។ បុរសដែលហ៊ានតវ៉ារឿងផ្សេងៗត្រូវបានខ្មែរក្រហមចោទប្រកាន់ថាជាប់ពាក់ព័ន្ធជាមួយក្រុមចោរព្រៃ ចង់នាំប្រជាជនប៉ះបោរ។ ខ្លួនខ្ញុំផ្ទាល់ក៏ត្រូវកងឈ្លបខ្មែរក្រហមចោទប្រកាន់ថាបានចូលដៃជាមួយក្រុមចោរព្រៃផងដែរ ប៉ុន្តែដោយសារខ្ញុំមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទើបកងឈ្លបខ្មែរក្រហមបានដោះលែងខ្ញុំឲ្យមានសេរីភាពវិញ។
នៅក្នុងរបបខ្មែរក្រហមខ្ញុំស្គាល់ទីតាំងសម្លាប់មនុស្សមួយកន្លែងស្ថិតនៅជិតតំបន់ទន្លេបាទី ដែលកងឈ្លបប្រើប្រាស់ដើម្បីឃុំខ្លួន និងសម្លាប់អ្នកដែលអង្គការចោទថាជាចោរព្រៃ។
ក្រោយរបបខ្មែរក្រហមដួលរលំខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងព្រោះមានសេរីភាព និងអាចត្រលប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្នខ្ញុំតែងនិយាយរឿងរ៉ាវកាលពីអតីតកាលប្រាប់ដល់ក្មេងៗជំនាន់ក្រោយ ដឹងរាល់ទុក្ខលំបាកដែលអ្នកជំនាន់មុនបានឆ្លងកាត់ ហើយរឿងរ៉ាវទាំងនោះគួរត្រូវបានអ្នកជំនាន់ក្រោយចងចាំ និងចងក្រងទុក»៕
[1] K07932/TSL1224 ឯកសារប្រវត្តិរូបសង្ខេបរបស់ឈ្មោះ សៅ សុក (ក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥-១៩៧៩) ភេទប្រុស មានអាយុ៣៨ឆ្នាំ។ បុគ្គលិកលក្ខណ៖ មានកម្ពស់១,៦០ ម៉ែត្រ សម្បុរខ្មៅ, មុខស្រួច, សក់ស្លូត, ភ្នែកតូច, សំឡេងធំ, ដំណើរអោនៗ។ សុក មានឪពុកឈ្មោះសៅ, ម្តាយឈ្មោះ រ៉ាយ និងប្រពន្ធឈ្មោះនៅ។ សុក មានស្រុកកំណើតនៅភូមិតាស្រី ឃុំបឹងខ្យា ស្រុកកណ្តាលស្ទឹង (តំបន់២៥) ខេត្តកណ្តាល។ ក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥ -១៩៧៨ សុក ធ្លាប់ត្រូវបានឈ្មោះ ជិន ផល ប្រធាន, ឈ្មោះ សុត សុវណ្ណ និងឈ្មោះ ឌុច ស្វាត ជាចោរព្រៃ ដើម្បីកសាងកម្លាំងចូលព្រៃធ្វើចោរព្រៃ និងបំផុសប្រជាជនឲ្យបះបោរនៅក្នុងភូមិ។
[2] ឯកសារ/បទសម្ភាសន៍ KDI0014 នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០២។ បទសម្ភាសន៍ធ្វើឡើងដោយ ផាន់ សុជា ជាមួយ សៅ សុខ ជាម្ចាស់ប្រវត្តិរូបផ្ទាល់ រស់នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អត្ថបទដោយ អេង សុខម៉េង

