ស្មាន តីយ៉ុម៖ ខ្មែរក្រហម ធ្វើឱ្យយាយកើតជំងឺឆ្អឹងខ្នងកោង

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខ្ញុំទទួលដំណឹងពីឪពុករបស់ខ្ញុំថាយាយ ស្មាន តីយ៉ុម[1] ដែលត្រូវម្តាយមីងរបស់គាត់ បានដើរដួលនឹងទ្វារបន្ទប់ទឹក បង្កឱ្យមានរបួសជាំមុខនឹងហើមក្បាលផ្នែកខាងស្ដាំ  ឈឺមួយចំហៀងខ្លួន និង ធ្វើឱ្យគាត់កាន់តែពិបាកក្នុងការធ្វើដំណើរ ស្របពេលដែលឆ្អឹងខ្នងរបស់គាត់កោងក្នុងកំឡុងពេលគាត់កើតជំងឺកូវីត១៩។ កូនចៅរបស់យាយរួមទាំងខ្ញុំ មិនបានគិតអ្វីច្រើនទេចំពោះការកើតជំងឺឆ្អឹងខ្នងកោង គ្រាន់តែគិតថាប្រហែលជាគាត់មានអាយុច្រើន មិនរឹងមាំ ការដួលរបស់គាត់មកពីរមិនបានប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់បែបនេះ។ ក្រោយពីដួល ភ្នែកខាងស្ដាំរបស់យាយត្រូវងងឹតមើលអ្វីមិនឃើញ ប៉ុន្ដែគាត់លាក់បាំងមិនចង់ឱ្យកូនចៅព្រួយបារម្ភ នាំតែអស់ថវិកាក្នុងការព្យាបាល។ ក្នុងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ តាមការអង្វេពីកូនចៅសុំឱ្យគាត់មកពិនិត្យភ្នែកនៅទីក្រុងភ្នំពេញ តែគាត់ស្នើមកពិនិត្យត្រឹមខេត្តកំពង់ចាម។ ពិនិត្យភ្នែកខាងមន្ទីរខេត្តកំពង់ចាមរួច ពេទ្យតម្រូវឱ្យឡើងមកពិនិត្យនៅមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ ព្រោះត្រូវការវះកាត់បកភ្នែកជាបន្ទាន់ បើទុកទៀតអាចនិងបាត់បង់កែវភ្នែកម្ខាងជារៀងរហូត។ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ យាយបានទទួលវះកាត់បកភ្នែករួចរាល់ នៅតែចាំលទ្ធផលពេលជាសះស្បើយពីរបួស។  ដើមហេតុនៃការដួលរបស់គាត់គឺ មកពីជំងឺឆ្អឹងខ្នងកោង ពិបាកក្នុងការធ្វើចលនា និង សកម្មភាពផ្សេងៗប្រចាំថ្ងៃ។ កាលពីតូចខ្ញុំធ្លាប់ស្ដាប់យាយរអ៊ូពីរឿងធ្វើការឱ្យ អាពត (ប៉ុល ពត) ថា គាត់ត្រូវរែកដី, រែកស្រូវ, ទូល, អាឈើ ,លើកឈើ និងធ្វើការងារធ្ងន់ៗជាច្រើនទៀត ព្រោះខ្លាច អាពត យកទៅសម្លាប់ដូចឪពុកម្តាយ និង បងៗរបស់គាត់ចំនួន៣នាក់។

ខ្ញុំយល់ថា ជំងឺឆ្អឹងខ្នងកោង វាមិនអាចកើតងាយៗបានទេចំពោះយាយរបស់ខ្ញុំ បើជាគាត់មិនត្រូវខ្មែរក្រហមបង្ខំឱ្យធ្វើការងារហួសកម្លាំង។ តាមគេហទំព័រពេទ្យ VEJTHANI បានបង្ហាញពីវិធីសាស្រ្តសង្កេតមើលពីចំណុចដែលបង្កឱ្យមានជំងឺឆ្អឹងខ្នងកោងដូចជា៖ ស្មាទាំងពីរផ្អៀងមិនស្មើគ្នា, ត្រគាកផ្អៀងមិនស្មើគ្នា, ខូចទ្រង់ទ្រាយឆ្អឹងជំងឺ និង​ឆ្អឹងខ្នងប៉ោងហើយផ្អៀងទៅខាងណាម្ខាង។ ចំណែកផលប៉ះពាល់គឺ ឆ្អឹងខ្នងកោងបន្តិចបន្តួច បណ្ដាលឱ្យពិបាកក្នុងការធ្វើសកម្មភាពផ្សេងៗ មួយចំនួនអាចទៅជាឆ្អឹងខ្នងកោងខ្លាំង  នឹងមានបង្កឪ្យមានការឈឺសាច់ដុំរួមផងដែរ ប្រសិនបើមានមុំកោងបន្ថែមកាន់ច្រើន និងមានអាការៈប៉ះពាល់ដល់សរីរាង្គនៅក្នុងប្រព័ន្ធផ្សេងៗទៀត អាចមានការគាបសរសៃរបាត ដូចជាស្ពឹក ខ្សោយ

និងបាត់បង់តុល្យភាព ប្រសិនបើមានកោងនៅក្នុងទ្រូង បរិមាណសួតអាចថយចុះ[2]

ក្នុងសប្តាហ៍នេះ ខ្ញុំក៏ត្រឡប់ទៅស្វែងរកសារសំឡេងបទសម្ភាសន៍របស់យាយ ស្មាន តីយ៉ុម ជាមួយអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងអំឡុងឆ្នាំ២០២១[3]  និង សំឡេងសម្ភាសន៍របស់ខ្ញុំផ្ទាល់ដែលសួរនាំពីការត្បាញសារុង និង ក្រមា ក្នុងរបបសង្គមរាស្រ្តនិយម និង ក្រោយរបបខ្មែរក្រហម[4]

ខាងក្រោមនេះជារឿងរ៉ាវ និង បទពិសោធន៍របស់យាយ ស្មាន តីយ៉ុម ៖

ខ្ញុំឈ្មោះ ស្មាន តីយ៉ុម ភេទស្រី អាយុ៧៨ឆ្នាំ (ក្នុងឆ្នាំ២០២៤)  កើតនៅភូមិស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅក្នុងភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ មានឪពុកឈ្មោះ ណែស ស្មាន មានមុខរបរជាអ្នកជួញដូរ និងនេសាទត្រី និង ម្តាយឈ្មោះ ម៉ាត់ ហ្វាតីម៉ះ មានមុខរបរជាអ្នកតម្បាញសារុងសូត្រ។ ខ្ញុំមានបងប្អូនចំនួន៥នាក់ ក្នុងនោះមានប្រុសចំនួន៣នាក់។ បើនិយាយពីជីវិតកាលពីកុមារភាពរបស់ខ្ញុំ និង បទពិសោធន៍ល្អៗ ដែលខ្ញុំនៅចង់ចាំគឺការអង្គុយរៀនត្បាញសូត្រជាមួយម្តាយរបស់ខ្ញុំ ដែលកាលនោះ ខ្ញុំទើបមានអាយុប្រហែលជា៧ទៅ៨ឆ្នាំ។ ចំណែកអ៊ំៗរបស់ខ្ញុំរស់នៅភូមិទ្រា ក៏ចូលចិត្តមកយកខ្ញុំទៅនៅជាមួយគាត់ដើម្បីបង្រៀនឱ្យចេះត្បាញ។  ខ្ញុំឃើញក្រោមផ្ទះគាត់មានកីត្បាញច្រើន ខ្ញុំដឹងថាគាត់ពិតមានមុខរបរតម្បាញសារុងសូត្រ។  កាលពីក្មេងខ្ញុំចាប់អារម្មណ៍ការត្បាញសារុងសូត្រជាងត្បាញក្រមា ព្រោះសារុងសូត្រមានគោមធំៗ និងមានពណ៌ស្វាយស្រស់ស្អាតជាងក្រមា។ គ្រួសារខ្ញុំត្បាញសារុង និងក្រមា ទៅតាមតម្រូវការប្រើប្រាស់ និងលក់ចេញសម្រាប់ផ្គត់ផ្គង់ជីវភាពបន្ថែម។ ជីតាខ្ញុំគាត់មានឈ្មោះ ស្មាអែល គាត់ជាអ្នករកស៊ីខាងលើកយកក្រមា សារុងពីភូមិស្វាយឃ្លាំងយកទៅលក់ឱ្យខាងភូមិកោះរកា ភូមិកោះសូទិន និង ភូមិកំពង់ក្របី ដែលសុទ្ធតែជាភូមិអ្នកជំនាញខាងត្បាញសំពត់សូត្រ មានគោមស្រស់ស្អាត។ ពេលត្រឡប់មកវិញ ជីតាខ្ញុំ ត្រូវយកសំពត់សូត្រទាំងនោះ

មកលក់នៅភូមិស្វាយឃ្លាំង និង ភូមិជនជាតិចាមនៅតាមដងទន្លេមេគង្គ។ សំពត់សូត្រមួយៗមានតម្លៃណាស់នាសម័យសង្គមរាស្រ្តនិយម។ សំពត់មួយអាចមានតម្លៃប្រមាណជា៨០០ ទៅ៩០០រៀល ខណៈដែលមាសមួយជីតម្លៃត្រឹមតែ៣០០រៀល។ ម្តាយខ្ញុំគាត់ខំសន្សំប្រាក់ណាស់ ដើម្បីទិញសំពត់មួយឱ្យខ្ញុំមុនថ្ងៃរៀបការ។

បន្ទាប់មកខ្ញុំបានរៀបការប្ដីឈ្មោះ ម៉ៅ យូ (ស្លាប់ក្នុង២០០២) ដែលមានមុខរបរជាធ្វើស្រែ និង នេសាទត្រីដោយប្រើឧបករណ៍ឈ្នក់។ ចំណែកខ្ញុំក្រៅពីរដូវធ្វើស្រែ គឺនៅបន្តត្បាញសារុងដដែល។ ឆ្នាំ១៩៧៣ ខ្ញុំបង្កើតកូនប្រុសម្នាក់ឈ្មោះ យូ សុក្រី ហើយក៏ជាឆ្នាំដែលខ្មែរក្រហមចូលមកគ្រប់គ្រងក្នុងភូមិ និង បង្កើតក្រុមសាមគ្គី។ ភូមិស្វាយឃ្លាំងចាប់ផ្ដើមច្របូកច្របល់ ព្រោះយប់ឡើងដឹងតែមានមនុស្សជិះរទេះសេះមកចាប់យកចាស់ទុំក្នុងភូមិ និង អ្នកមានចំណេះដឹងជ្រៅជ្រះជាបន្តបន្ទាប់។ សំឡេងរទេះសេះ ធ្វើឱ្យអ្នកភូមិមានភាពភ័យខ្លាចគ្រប់ៗគ្នា និង ផ្ទៀងត្រចៀកស្ដាប់ក្រែងលោរទេះសេះមកឈប់នៅមុខផ្ទះ។ រហូតដល់ឆ្នាំ១៩៧៤ ដំបូងខ្មែរក្រហមចាប់ផ្ដើមរៀបចំឱ្យមានជាសហករណ៍លក់ដូរ ដល់ក្រោយមកទៅជាសហករណ៍រួម មានរោងបាយរួម ហូបរួមគ្នា និងប្រមូលសម្ភារតាមផ្ទះនីមួយៗមកដាក់រួមទៀត។

ឆ្នាំ១៩៧៥ ខ្មែរក្រហមដែលគ្រប់គ្រងក្នុងភូមិកាន់តែគាបសង្កត់ឡើង បង្កឱ្យប្រជាជនក្នុងភូមិមានការរើបម្រាស។ ខ្ញុំចាំបានថាយប់មួយ មុនមានការបះបោរ ឈ្មោះ សុះ ពុនយ៉ាមីន បានមកហៅបងប្រុសខ្ញុំឈ្មោះ ណែស យ៉ា ដើម្បីទៅចូលរួមវាយខ្មែរក្រហមដែលតែងតែមកហៅអ្នកភូមិពេលយប់។ ម្តាយរបស់ខ្ញុំបានឃាត់ និង មិនអនុញ្ញាតឱ្យកូនគាត់ទៅនោះទេ ព្រមទាំងបិទទ្វារជាប់។ ហៀបភ្លឺព្រាងៗឡើង ប្ដីខ្ញុំត្រឡប់ពីនេសាទត្រីវិញ គាត់ហាក់ដូចជាដឹងសភាពការណ៍មុន ហៅខ្ញុំឱ្យរៀបចំបង្វេចល្មមនឹងខ្លួន និង យកកូន ចុះពីផ្ទះដើរសំដៅទៅខាងកើតភូមិ ដែលមានចម្ងាយឆ្ងាយពីមាត់ទន្លេ  រួចនាំគ្នាជីកត្រង់សេសម្រាប់លាក់ខ្លួន គេចពីការវាយប្រហាររបស់ទាហានខ្មែរក្រហម។ ខ្ញុំចាំមិនភ្លេចពេលដែលកំពុងធ្វើដំណើរ ប្រុសៗក្នុងភូមិនាំគ្នានិយាយថា «យើងគ្មានអីតតាំងទេ មានតែ ដាវ កាំបិត ពូថៅ មិនអាចតទល់ជាមួយកាំភ្លើងបានទេ មានតែជីករណ្ដៅត្រង់សេឱ្យលឿន»។  ជីកត្រង់សេរួច ខ្ញុំ និងអ្នកភូមិឯទៀតជាស្រ្តី កូនក្មេងក៏នាំគ្នាចូលពួនក្នុងត្រង់សេ។ សន្ធាប់ទាហានខ្មែរក្រហមពីខាងមាត់ទន្លេចូលមក បាញ់រះអ្នកភូមិស្លាប់ដូចមាន់ដូចទា។ ដល់ម៉ោងប្រហែល ៤ ឬ ៥ល្ងាច ខ្ញុំ និងអ្នកភូមិ ងើប ពីក្នុងត្រង់សេ។ បន្ទាប់មកខ្មែរក្រហមក៏ប្រមូលឱ្យឈរជាជួរ រួចបណ្តេញចេញតាមច្រកផ្លូវវិហាររាល់ថ្ងៃទៅកាន់ផ្លូវខាងមុខ។ ប្រមូលអ្នកភូមិអស់ ក៏បណ្ដោញចេញឱ្យទៅនៅខាងស្រុកក្រូចឆ្មារ។ ខ្មែរក្រហមបានបែងចែក ស្រីៗឱ្យនៅក្នុងវត្ត ចំណែកប្រុសៗគឺឱ្យនៅក្នុងឡថ្នាំ ឬ សាលារៀន។ គ្រួសារខ្ញុំត្រូវខ្មែរក្រហមឃុំឃាំងក្នុងវត្តក្រូចឆ្មារ  រយៈពេលជិតមួយខែ ទើបជម្លៀសឱ្យចេញទៅរស់នៅជាមួយបងប្អូនខ្មែរខាងឃុំប៉ើស។ ការងារដែលខ្មែរក្រហមដាក់ឱ្យខ្ញុំធ្វើគឺធ្វើស្រែចម្ការ គ្មានពេលសម្រាក និងអត់ឃ្លាន។ ឈ្លបខ្មែរក្រហមនៅតែបន្តតាមដានសមាជិកគ្រួសារខ្ញុំ និងអប់រំឱ្យចេះកសាងខ្លួន ព្រោះមាននាមជាពួកបះបោរប្រឆាំង។

ក្នុងឆ្នាំ១៩៧៦-១៩៧៧ កម្មាភិបាលខ្មែរក្រហមបានមកនាំឪពុកម្តាយ និងបងៗខ្ញុំចំនួន៣នាក់ យកទៅសម្លាប់។ ខ្ញុំត្រូវរស់នៅទាំងភាពភ័យខ្លាច និងបារម្ភពីសុវត្ថិភាពប្អូនប្រុសខ្ញុំ។ ខ្ញុំត្រូវខំធ្វើការជូនអង្គការឱ្យច្រើន ដើម្បីអាចបន្តនៅរស់រានមានជីវិតបន្តទៀត ខណៈអ្នកភូមិដែលជាជនជាតិចាមបានបាត់ខ្លួនជារៀងរាល់យប់។

នារដូវវស្សាឆ្នាំ១៩៧៨ ទឹកទន្លេចាប់ផ្ដើមលិចភូមិខ្លាំងជាងឆ្នាំមុនៗ ក្រុមគ្រួសារខ្ញុំមិនអាចទៅធ្វើការអ្វីបានជូនអង្គការ របបអាហារក៏មិនបានទទួល ត្រូវអត់ឃ្លាន។ សាច់ញាតិ និង បងប្អូនថ្លៃខ្ញុំប្រុសៗ ត្រូវខ្មែរក្រហមហៅឱ្យទៅរស់នៅភូមិថ្មី ដោយមានស្រឡាងធំៗ ត្រៀមដឹកយកទៅ។ តែធាតុពិតគឺខ្មែរក្រហមយកទៅវាយទម្លាក់ទឹកទន្លេស្លាប់អស់។   ចុងឆ្នាំ១៩៧៨ សាច់ញាតិខ្ញុំទាំងអស់នៅសល់គ្នាចំនួន១៨នាក់ គឺមានតែក្មេងៗ ស្រ្តី និងមនុស្សចាស់ ដែលត្រូវខ្មែរក្រហមចាប់ជម្លៀសជាលើកទី៣ ឱ្យចេញពីភូមិភាគបូព៌ា ចំណុចឃុំប៉ើស១ ស្រុកក្រូចឆ្មារ ទៅខាងស្រុកស្ទឹងត្រង់តាមរយៈស្រឡាង។ ចុះពីស្រឡាងត្រូវឡើងរថយន្តដែលនៅចតចាំជាមុន ដើម្បីបន្តដំណើរទៅស្រុកតាំងគោក ខេត្តកំពង់ធំ។ ពេលនោះខ្ញុំកំពុងពរពោះកូនស្រីទី២របស់ខ្ញុំក្នុងពោះបាន៣ខែ។ គ្រួសារខ្ញុំត្រូវរស់នៅក្នុងស្រុកតាំងគោករយៈពេល២៨ថ្ងៃ នឹងជាពេលដែលគ្រប់គ្នាមានបាយហូប តែខ្មែរក្រហមតម្រូវឱ្យហូបជាមួយសម្លសាច់ជ្រូកព្រៃ។ ខ្ញុំបានទៅលួចអំបិលពីរោងបាយ ដើម្បីឱ្យឪពុកម្តាយក្មេកខ្ញុំដែល មានវ័យចំណាស់ និង មិនព្រមបរិភោគសាច់ជ្រូក។ ម្តាយក្មេកខ្ញុំបានហាមប្រាមខ្ញុំកុំឱ្យទៅលួចមកទៀត ខ្លាចអង្គការចាប់បាននឹងយកទៅសម្លាប់។ គ្រួសារខ្ញុំរស់នៅក្នុងខេត្តកំពង់ធំបានរយៈពេល២៨ថ្ងៃ ទើបកងទ័ពវៀតណាមចូលមករំដោះ ទើបយើងបានរស់រានមានជីវិត។  ប៉ុន្តែក្មួយៗខ្ញុំ ដែលមានអាយុក្រោម១០ឆ្នាំ ត្រូវបាត់បង់ឪពុកម្តាយ ក្លាយជាកូនកំព្រាមកដល់សព្វថ្ងៃ។

ក្រោយរបបខ្មែរក្រហមដួលរលំគ្រួសារខ្ញុំក៏ចាប់ផ្ដើមប្រកបរបរនេសាទ និងធ្វើស្រែចំការសារជាថ្មី ដើម្បីចិញ្ចឹមជីវិត។ ខ្ញុំក៏បានបង្កើតកូនបីនាក់បន្ថែមទៀត។ កូនប្រុសច្បងរបស់ខ្ញុំ និង កូនស្រីទី២ មិនបានចូលរៀនសូត្រទេ នេះជាអ្វីដែលខ្ញុំតែងតែសោកស្តាយ។  ចន្លោះពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៩ ក្រោយពីប្ដីខ្ញុំស្លាប់ ខ្ញុំឈប់ពីធ្វើស្រែចម្ការមកធ្វើជាតួន (គ្រូបង្រៀនផ្នែកកូអាន) បង្រៀនកូនសិស្សតូចៗនៅក្នុងភូមិ។ ចុងឆ្នាំ២០២១ ខ្ញុំបានឆ្លងជំងឺកូវីត-១៩។ ជំងឺកូវីត ធ្វើឱ្យខ្ញុំកើតអារម្មណ៍ភ័យខ្លាចម្ដងទៀត ដូចកាលរស់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំត្រូវរថយន្តពេទ្យដឹកយកទៅព្យាបាលនៅខេត្តត្បូងឃ្មុំ។ ក្រោយពីជាពីជំងឺកូវីត-១៩ ឆ្អឹងខ្នងរបស់ខ្ញុំឈឺ និងកោង ដែលមិនអាចធ្វើដំណើរត្រង់បាន។

សរសេរដោយ មីន សាណាស់


ឯកសារយោង

1 ស្មាន តីយ៉ុម ភេទស្រី អាយុ៧៩ឆ្នាំ រស់នៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

[2] គេហទំព័រសុខភាព៖https://www.vejthani.com/km/2023/09/%E1%9E%8F%E1%9E%BE%E1%9E%87%E1%9F%86%E1%9E%84%E1%9E%BA%E1%9E%80%E1%9F%84%E1%

9E%84%E1%9E%86%E1%9F%92%E1%9E%A2%E1%9E%B9%E1%9E%84%E1%9E%81%E1%9F%92%E1%9E%93%E1%9E%84-%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95/

[3] មជ្ឈមណ្ឌលឯកសារកម្ពុជា៖ ស្មាន តីយ៉ុម សម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្តកម្ពុជា ឡី សាប់ព្រី (ភាសាចាម) ក្នុងគម្រោង«ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១

[4] គម្រោងសូត្រចាម ៖ មីន សាណាស់ សម្ភាសន៍ជាមួយ ស្មាន តីយ៉ុម (ភាសាចាម) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin