ការផ្លាស់ប្តូរតួនាទីក្នុងសម័យខ្មែរក្រហម ក៏ជាផែនការបំផ្លាញបដិវត្តន៍ដែរ៖ ករណីចម្លើយសារភាព ទួត រ៉េនប្រធានក្រុមផ្សំជីធម្មជាតិប្រចំាតំបន់៥ ភូមិភាគពាយ័ព្យ
ចម្លើយសារភាពរបស់កម្មាភិបាលខ្មែរក្រហមជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ថាបានក្បត់បដិវត្តន៍ មានតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញឲ្យឃើញពីការប្រឹងប្រែងក្នុងការជ្រើសរើសសមាជិកក្រុម សេ-អ៊ី-អា ប្រឆាំងនឹងចលនាកុម្មុយនីស្តខ្មែរក្រហមតាំងពីក្នុងទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៧៧ តាមរយៈការអប់រំសតិអារម្មណ៍ ប្រជុំរៀបចំនិងដាក់ផែនការ ដាក់បទបញ្ជាឲ្យអនុវត្តផែនការ និងរាយបណ្តាញអប់រំក្នុងស្រទាប់កម្មាភិបាលខ្មែរក្រហម តាមវិធីសាស្ត្រ ផ្លាស់ប្តូរតួនាទីញឹកញាប់។ ឧទាហរណ៍ ចម្លើយសារភាពរបស់ជនក្បត់បដិវត្តន៍មួយចំនួន ដែលត្រូវបានចាប់ខ្លួនចេញពីស្រទាប់កម្មាភិបាលខ្មែរក្រហមបម្រើការនៅមន្ទីរពេទ្យ ព-១៧ ដូចជាព្រំ ធី ហៅ ឆេង ជាយុទ្ធនារីចិញ្ចឹមសត្វនៅមន្ទីរពេទ្យ ព-១៧[1], ម ឆេន ហៅ វ៉ាត ប្រធានផ្នែកនៅពេទ្យ ព-១៧[2], សៅ ម៉ន ហៅ ផេន ប្រធានផ្នែកខាងព្យាបាលជំងឺទូទៅនៅពេទ្យ ព-១៧[3], និង សឹង សុខនី ហៅ សុខនី[4] បានបង្ហាញឲ្យឃើញពីការប្រើប្រាស់តួនាទីក្នុងសម័យខ្មែរក្រហម ដើម្បីអូសទាញកម្លាំងប្រឆាំងទៅនឹងបដិវត្តន៍ ក្នុងនោះការផ្លាស់ប្តូរតួនាទីញឹកញាប់ពីអង្គភាពមួយទៅអង្គភាពមួយទៀត ក៏ត្រូវបានលើកឡើងពីសាម៉ីខ្លួនដែរថា ជាយុទ្ធសាស្ត្រក្នុងការពង្រាយកម្លាំងដើម្បីអូសទាញកម្លាំងប្រឆាំងនឹងអង្គការបដិវត្តន៍។
អត្ថបទនេះ នឹងលើកយកករណីចម្លើយសារភាពមួយទៀត ដែលជាចម្លើយសារភាពរបស់ ទួត រ៉េន[5] ជាប្រធានក្រុមផ្សំជីធម្មជាតិប្រចាំតំបន់៥ មកបកស្រាយទាក់ទងនឹងការប្រើប្រាស់តួនាទី និងភារកិច្ចនៅក្នុងជួរកម្មាភិបាលបដិវត្តន៍ ដើម្បីប្រឆាំងនឹងបដិវត្តន៍ តាមរយៈការខិតខំប្រឹងប្រែងជ្រើសរើសសមាជិកក្រុម សេ-អ៊ី-អា ពីគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមក្នុងចលនាក្បត់នៅតាមមូលដ្ឋាន។
រ៉េន គឺជាកម្មាភិបាលខ្មែរក្រហមដែលមានគំនិតក្បត់ តាំងពីខ្លួនមិនទាន់បានចូលរួមបម្រើក្នុងជួរបដិវត្តន៍ខ្មែរក្រហមមកម៉្លេះ។ ដូច្នេះ ការប្រែក្លាយខ្លួនជាកម្មាភិបាលរបស់ខ្មែរក្រហមរបស់ រ៉េន គឺដើម្បីលាក់បាំងសកម្មភាពក្បត់របស់ខ្លួនក្នុងជួរបក្សប៉ុណ្ណោះ។ ចាប់តាំងពីក្មេងជាសិស្សរៀននៅអនុវិទ្យាល័យ ព្រះយុគន្ធរ រ៉េន បានក្លាយទៅជាសមាជិកក្រុម សេ-អ៊ី-អា[6] ប្រឆាំងនឹងក្រុមកុម្មុយនីស្តដោយមិនដឹងខ្លួនទៅហើយ តាមរយៈការបញ្ចុះបញ្ចូលឲ្យស្រឡាញ់របបសង្គមសេរី និងស្អប់ខ្ពើមរបបកុម្មុយនីស្ត។ សេ-អ៊ី-អា នៅកម្ពុជា បានកើតឡើងនៅក្នុងយុគសម័យនៃសង្គ្រាមវៀតណាម ជាពិសេសក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងដើមទសវត្សរ៍ឆ្នាំ១៩៧០។ វត្តមានរបស់ក្រុមនេះ គឺបន្ទាប់ពីប្រទេសនៅក្នុងតំបន់ កើតមានបរិបទភូមិ សាស្ត្រនយោបាយដ៏ស្មុគស្មាញ និងសក្ដានុពលនៃជម្លោះក្នុងប្រទេសវៀតណាម។ ចលនារបស់ សេ-អ៊ី-អា នៅកម្ពុជា បង្ហាញពីអន្តរកម្មដ៏ស្មុគស្មាញនៃការអន្តរាគមន៍របស់យោធា ប្រតិបត្តិការសម្ងាត់ និងផលវិបាកដែលកើតឡើងពីការប៉ុនប៉ងដ៏មានឥទ្ធិពលលើជម្លោះបរទេស។
ពីមួយឆ្នាំទៅមួយឆ្នាំ រ៉េន កាន់តែចូលជ្រៅទៅក្នុងក្រុមស្អប់ខ្ពើមរបបកុម្មុយនីស្ត។ ភាពស្ពប់ខ្ពើមទាំងនេះ បានធ្វើឲ្យ រ៉េន មានកម្លាំងកាន់តែខ្លាំងក្នុងការអប់រំអ្នកដទៃឲ្យដើរតាមផ្លូវរបស់ខ្លួន។ នៅចុងរបបសង្គមរាស្ត្រនិយម ដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ រ៉េន បានទាក់ទងស្គាល់គ្នាជាមួយមន្ត្រីមាន ឋានៈខ្ពស់ធ្វើការនៅក្នុងរាជការសង្គមរាស្ត្រនិយមមួយចំនួន រហូតឈានដល់ការស្គាល់គ្នាជាមួយនឹងមន្ត្រីកំពូលៗនៅក្នុងរាជការដែលមានបំណងធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ដូចជា លន់ នល់, លន់ ណុន, ដៀន ដែល[7], សុះ ស្តែន, ចំរើន ស៊ិន, ឈឹម ឈួន និង ឡុង បូរ៉េត[8]។ បន្ទាប់ពីមានទំនាក់ទំនងជាមួយមនុស្សប៉ុន្មាននាក់ខាងលើ រ៉េន បានចូលរួមក្នុងការដាក់បទបញ្ជាផ្សេងៗដល់សមាជិកក្រុមរបស់ខ្លួន ដើម្បីប្រមូលកម្លាំងគាំទ្រដល់ លន់ នល់ រហូតឈានដល់ការផ្តួលរំលំរបបសង្គមរាស្ត្រនិយមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានដោយជោគជ័យ។
ស្ថិតក្រោមការដឹកនាំរបស់ លន់ នល់ កម្លាំងបដិវត្តន៍ខ្មែរក្រហមប្រឆាំងនឹងរបបសង្គមសេរី បានលេចរូបរាងឡើងកាន់តែច្រើនឡើងៗនៅតាមទីជនបទនៃប្រទេសកម្ពុជា។ រ៉េន និងបក្ខពួក បានព្យាយាមកាន់តែខ្លាំងក្នុងការបញ្ចុះបញ្ចូលប្រជាជនឲ្យជឿលើរបបសេរី។ ដោយសង្កេតឃើញវត្តមានរបស់ប្រជាជនចូលរួមក្នុងចលនាបដិវត្តន៍កាន់តែច្រើន រ៉េន ត្រូវថ្នាក់លើចាត់តាំងឲ្យទៅកាន់តំបន់៥ ភូមិភាគពាយ័ព្យ ដើម្បីបន្តពង្រីកកម្លាំងសេ-អ៊ី-អា នៅភាគខាងលិចប្រទេសម្តង។
បន្ទាប់ពីការដួលរលំនៃរបបសាធារណរដ្ឋខ្មែរ រ៉េន បានក្លាយជាកម្មាភិបាលខ្មែរក្រហមប្រចាំនៅតំបន់៥ ភូមិភាគពាយ័ព្យ មានតួនាទីជាពេទ្យយោធាប្រចាំតំបន់, កម្មាភិបាលពាណិជ្ជកម្មតំបន់, និង កម្មាភិបាលបម្រើការនៅសហជីពដំណាំកប្បាសតំបន់៥។ តួនាទីទាំងនេះ ស្ថិតក្រោមការចាត់ចែងរបស់ ម៉ែន ជុន ហៅ ហឹង្ស ជាលេខាតំបន់៥ ដែលជាមេចលនាក្បត់ប្រចាំតំបន់។ ពីតួនាទីមួយទៅមួយ រ៉េន តែងតែទទួលបានជោគជ័យក្នុងការប្រមូលកម្លាំងក្បត់ អនុវត្តសកម្មភាពក្បត់ និងបំផ្លាញបដិវត្តន៍ជាហូរហែ។
នៅខែតុលា ឆ្នាំ១៩៧៧ រ៉េន ត្រូវអង្គការបដិវត្តន៍ចាប់ខ្លួនបញ្ជូនមកកាន់មន្ទីរ ស-២១ ដើម្បីសួរ ចម្លើយពីសកម្មភាពក្បត់។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៧ ការសួរចម្លើយ ទួន រ៉េត បានបញ្ចប់ ជាមួយនឹងស្នាមផ្តិតមេដៃលើចម្លើយសារភាពរបស់ រ៉េន អមជាមួយហត្ថលេខាទទួលស្គាល់ពីចម្លើយរបស់ខ្លួនផង។ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៧៧ អឿន ជាកម្មាភិបាលខាងឯកសារ[9] នៃមន្ទីរ ស-២១ បានបញ្ចប់សេចក្តីសង្ខេបលើចម្លើយសារភាពរបស់ រ៉េន និងបានផ្ញើសេចក្តីសង្ខេបនេះទៅកាន់ថ្នាក់លើដើម្បីពិនិត្យ។ ក្នុងពេលចាប់ខ្លួន ទួត រ៉េន មានអាយុ៤២ឆ្នាំ។ ម៉ែន ជុន ហៅ ហឹង្ស ត្រូវអង្គការចាប់ខ្លួន មុនពេលដែល រ៉េន ត្រូវបានចាប់ខ្លួនដោយអង្គការ។
សង្ខេបសម្តីសារភាពរបស់ ទួត រ៉េន
ទួត រ៉េន កើតនៅភូមិពាមបួន ឃុំវិញត្រាង ស្រុកស្វាយទង ខេត្តមាត់ជ្រូក ប្រទេសវៀតណាម។ នៅអាយុ៦ឆ្នាំ រ៉េន បានមកសិក្សានៅក្នុងវត្តថាន់ ក្នុងក្រុងភ្នំពេញ។ នៅឆ្នាំ១៩៥៧ រ៉េន បានប្រឡងជាប់ចូលរៀនថ្នាក់ទី៦ទំនើប នៅអនុវិទ្យាល័យ ព្រះយុគន្ធរ។ បីឆ្នាំក្រោយមក រ៉េន បានស្គាល់រាប់អានគ្នាជាមួយ ម៉ែន ជុន ហៅ ហឹង្ស និងបន្តស្គាល់គ្នាជាមួយគ្រូបង្ហាត់កីឡាក្នុងវិទ្យាល័យម្នាក់ទៀតឈ្មោះ សុផល។ ជុន តែងតែណែនាំ និងបញ្ចុះបញ្ចូល រ៉េន ឲ្យស្រឡាញ់ការរស់នៅបែបសេរី និងដើរតាមរបៀបរបបនៃការរស់នៅតាមគន្លងប្រទេសលោកសេរី ព្រោះ ជុន បានលើកឡើងថា មានតែលោកសេរីទេ ដែលមានសិទ្ធិសេរីភាព និងធ្វើអ្វីៗបានគ្រប់យ៉ាង។ ថ្ងៃមួយក្នុងឆ្នាំ១៩៦០ រ៉េន, ម៉ែន ជុន, សុផល និង ចាប ប៉ាង បានជួបជុំគ្នាតាមការណាត់ជួប ដើម្បីចូលរួមជាសមាជិក្នុងខ្សែ សេ-អ៊ី-អា។
នៅឆ្នាំ១៩៦១ សុផាត ដែលជាមេកើយរបស់ រ៉េន បានបាត់ខ្លួន។ ម៉ែន ជុន ក្លាយជាអ្នកធ្វើការងារផ្ទាល់ជាមួយ រ៉េន រហូតអូសទាញបានកម្លាំងសិស្សពីររូបទៀតគឺ ផារី និង សុក្វាង ឲ្យចូលក្នុងក្រុម សេ-អ៊ី-អា ជាមួយ។ ពីឆ្នាំ១៩៦២ដល់១៩៦៧ រ៉េន បានអូសទាញកម្លាំងជាច្រើនបន្ថែមទៀត ដែលអ្នកទាំងនោះជាបុគ្គលិកសិក្សានៅវិទ្យាល័យ ព្រះយុគន្ធរ វិទ្យាល័យក្នុងស្រុកតាខ្មៅ និងបុគ្គលិកមន្ទីរពេទ្យតាខ្មៅ។ កម្លាំងដែលបានអូសទាញ ត្រូវ រ៉េន និងបក្ខពួកអប់រំ ណែនាំ និងបញ្ជាឲ្យធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនឹងចលនារបស់ខ្មែររំដោះនៅក្នុងមូលដ្ឋានតាខ្មៅ ខេត្តកណ្តាល និងបញ្ចុះបញ្ចូលប្រជាជនឲ្យគាំទ្រចលនាសេរី ឬចលនាសង្គមសាធារណរដ្ឋ ដឹកនាំដោយសម្ងាត់ពី លន់ នល់។ ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨ រ៉េន បក្ខពួក និងកម្លាំងដែលខ្លួនបានអូសទាញ បានភ្ជាប់ខ្សែរយៈទាក់ទងជាមួយនឹង ដៀន ដែល និង ចំរើន ស៊ិន ដែលជាមនុស្សមានតំណែងខ្ពស់ក្នុងក្រុម សេ-អ៊ី-អា ហើយដែលជាអ្នកដែលស្និទ្ធស្នាលជាមួយ លន់ នល់ ផង។ នៅចុងឆ្នាំ១៩៦៩ រ៉េន និងសមាជិក សេ-អ៊ី-អា ទាំងអស់ ត្រូវបានហៅឲ្យទៅចូលរួមប្រជុំនៅផ្ទះ លន់ នល់ ជាមួយ សុះ ស្តែន, ចំរើន ស៊ិន, ដៀន ដែល, ឈឹម ឈួន, លន់ ណុន, ឡុង បូរ៉េត, ជនជាតិអាមេរិកាំងចំនួនពីរនាក់ទៀត និងអ្នកចូលរួមជានាយទាហាន និងស៊ីវិលមួយចំនួនផង។[10] កិច្ចប្រជុំបានលើកយកប្រធានបទចំនួនពីរមកពិភាក្សាគឺ៖ ទី១) បញ្ហាទប់ទល់ចំពោះសកម្មភាពរបស់ខ្មែរក្រហម និង ទី២) ផែនការត្រៀមធ្វើរដ្ឋប្រហារ។ ក្នុងកិច្ចប្រជុំនេះ សុះ ស្តែន និង ឡុង បូរ៉េត បានមានយោបល់ទាក់ទងនឹងចំណុចទាំងពីរនេះ ដើម្បីសម្រួលដល់ស្ថានការណ៍រៀបចំផែនការនាពេលខាងមុខ។ ក្រោយកិច្ចប្រជុំ អ្នកចូលរួមប្រជុំទាំងអស់បានឯកភាពគ្នាក្នុងការបញ្ជូនកម្លាំងកងទ័ពដឹកនាំដោយ លន់ នល់ ជាច្រើននាក់បន្ថែមទៀត ទៅកាន់ទីតាំងដែលខ្មែរក្រហមប្រមូលផ្តុំ ដើម្បីបង្ក្រាបការបះបោរ ឬធ្វើសកម្មភាពផ្សេងៗប្រឆាំងនឹងរដ្ឋាភិបាល និងបន្តពិនិត្យនិងតាមដានសភាពការណ៍ចំពោះមុខទៀត ដើម្បីត្រៀមលក្ខណៈឲ្យបានល្អប្រសើរមុនពេលសម្រេចធ្វើរដ្ឋប្រហារ។
ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ក្រុមសេ-អ៊ី-អា បានបំបែកគ្នាចុះទៅឃោសនា និងអប់រំដល់ប្រជាជននៅក្នុងស្រុកតាខ្មៅបន្តទៀត ដើម្បីឲ្យអ្នកទាំងនោះជឿជាក់លើរបបថ្មីគឺរបបសាធារណរដ្ឋខ្មែរ។ សកម្មភាពនេះ នៅតែបន្តរហូតដល់ចុងឆ្នាំ១៩៧៣ ទើប រ៉េន ត្រូវចាកចេញពីតាខ្មៅ ទៅកាន់ខេត្តបាត់ដំបង ដើម្បីរៀបចំកម្លាំង សេ-អ៊ី-អា បន្ថែមទៀត។[11] ក្នុងពេលជាមួយគ្នានេះ កងកម្លាំងខ្មែរក្រហមបានចូលកាន់កាប់ទីតាំងភាគច្រើននៅក្នុងស្រុកតាខ្មៅ។ សមាជិកក្រុម សេ-អ៊ី-អា មួយភាគធំបានបាក់ទឹកចិត្ត និងបែកខ្នែកគ្នា។ នៅខែមីនា ឆ្នាំ១៩៧៥ រ៉េន ត្រូវបានចាត់តាំងឲ្យបន្តទំនាក់ទំនងជាមួយ ម៉ែន ជុន ហៅ ហឹង្ស ជាលេខាតំបន់៥ ភូមិភាគពាយ័ព្យ។ នៅក្នុងតំបន់៥ ដោយសារកាលៈទេសៈនាពេលនោះ មិនអំណោយផលដល់ការជួបគ្នាបាន ទើប រ៉េន មិនមានឱកាសបានជួប ម៉ែន ជុន ឡើយ។ រហូតដល់ចុងឆ្នាំ១៩៧៥ រ៉េន បានជួបជាមួយ ម៉ែន ជុន និងបាយរាយការណ៍ពីការកសាងកម្លាំង សេ-អ៊ី-អា ក្នុងរយៈពេលកន្លងមក។ បន្ទាប់មក ម៉ែន ជុន បានផ្លាស់ប្តូរការងាររបស់ រ៉េន ពីពេទ្យយោធាតំបន់ មកជាកម្មាភិបាលមន្ទីរពាណិជ្ជកម្មតំបន់៥វិញ ដើម្បីកសាងកម្លាំងក្បត់បន្ថែមទៀត។ សាវ៉ាត ជាប្រធានពាណិជ្ជកម្មតំបន់ និង រ៉េន បានសហការណ៍គ្នាអនុវត្តសកម្មភាពក្បត់តាមបញ្ជារបស់ ម៉ែន ជុន។
នៅឆ្នាំ១៩៧៦ រ៉េន ត្រូវ ម៉ែន ជុន ផ្លាស់ប្តូរម្តងទៀត ឲ្យទៅធ្វើការនៅក្នុងសហជីពកប្បាសតំបន់៥ ដែលមានឈ្មោះ ឡេង ជាប្រធាន។ នៅទីនោះ ម៉ែន ជុន បានឲ្យ រ៉េន ស្គាល់ ឡេង ដើម្បីបន្តការកសាងកម្លាំងក្បត់បន្ថែម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអង្គការតាមរយៈការអនុវត្តសកម្មភាពដាំដំណាំកប្បាស[12]។ នៅក្នុងអង្គភាពសហជីពកប្បាស រ៉េន បានចូលរួមប្រជុំសម្ងាត់ជាមួយ ឡេង និងសមាជិក សេ-អ៊ី-អា ចំនួន១០នាក់ផ្សេងទៀតដែលមានតួនាទីសំខាន់ៗនៅក្នុងអង្គភាពសហជីពកប្បាសតំបន់៥។ កិច្ចប្រជុំនេះ បានផ្តោតលើចំណុចសំខាន់ពីរគឺ អប់រំប្រជាជនឲ្យស្អប់បដិវត្តន៍ និងរៀបចំផែនការបំផ្លាញដំណាំកប្បាសក្នុងតំបន់។ បន្ទាប់ពីកិច្ចប្រជុំ ផែនការទាំងពីរត្រូវបានអនុវត្តភ្លាមៗ និងទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ រហូតដល់ពេលអង្គការចាប់ខ្លួន រ៉េន នៅខែតុលា ឆ្នាំ១៩៧៧។
សរសេរដោយ ផេង ពង្យរ៉ាស៊ី
ឯកសារយោង
[1] ឯកសារ J00037 តម្កល់នៅក្នុងបណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «កំណត់ហេតុចម្លើយរបស់ឈ្មោះ ព្រុំ ធី ហៅ ឆេង យុទ្ធនារីចិញ្ចឹមសត្វនៅពេទ្យ ព-១៧»។ ឯកសារនេះ រៀបរាប់ពីសកម្មភាពរបស់ ព្រុំ ធី ហៅ ឆេង នៅក្នុងខ្សែបក្ខពួកក្រុមខ្មែរស ដែលបានធ្វើសកម្មភាពក្បត់នឹងខ្មែរក្រហម។ នៅក្នុងចម្លើយសារភាពនេះ ឆេង តែងតែទទួលបញ្ជាពីថ្នាក់លើរបស់ខ្លួន ឲ្យសម្លាប់អ្នកជំងឺ សម្លាប់យុទ្ធជនដែលមកសម្រាកក្នុងមន្ទីរពេទ្យតាមរយៈការដាក់ថ្នាំដេដេតេ និងអង់ទ្រីន ប្រព្រឹត្តកំហុសសីលធម៌ជាមួយយុទ្ធជនខ្មែរក្រហម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងមន្ទីរពេទ្យ។
[2] ឯកសារលេខ D07382 តម្កល់នៅបណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ចម្លើយ គឹម ឆេន ហៅ វ៉ាត ប្រធានផ្នែកនៅពេទ្យ ព-១៧៖ អំពីប្រវត្តិក្បត់របស់ខ្ញុំដែលប្រឆាំងបក្សកុម្មុយនីស្តកម្ពុជាកន្លងមក»។ នៅទំព័រទី៥ ម្ចាស់ចម្លើយសារភាព បានបញ្ជាក់ថា ខ្លួនបានស្គាល់សមមិត្ត នារី សុន តាមរយៈសមមិត្តនារី ឃន។ សុន ត្រូវបានបញ្ជាក់ពីឈ្មោះ ឃន ថា ធ្លាប់បានទទួលបញ្ជាឲ្យប្រព្រឹត្តកំហុសឆ្គងសីលធម៌ជាមួយយុទ្ធជនខ្មែរក្រហមនៅក្នុងមន្ទីរពេទ្យ ព-១៧ ដើម្បីបង្កជាបាតុភាពនៅក្នុងមន្ទីរពេទ្យ។
[3] ឯកសារលេខ D13442 តម្កល់នៅបណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ចម្លើយរបស់ឈ្មោះ សៅ ម៉ន ហៅ ផេន ប្រធានផ្នែកខាងព្យាបាលជំងឺទូទៅនៅពេទ្យ ព-១៧៖ អំពីប្រវត្តិសកម្មភាពក្បត់បក្សផ្ទាល់»។ ឯកសារនេះ រៀបរាប់ពីចម្លើយរបស់ ផេន ពីសកម្មភាពក្បត់បដិវត្តន៍នៅស្រែអំបិលរដ្ឋ និងនៅមន្ទីរពេទ្យ ព-១៧។
[4] ឯកសារលេខ D21238 តម្កល់នៅបណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ចម្លើយរបស់ឈ្មោះ សឹងសុខនី ហៅ សុខនី៖ អំពីប្រវត្តិ សកម្មភាពប្រឆាំងបក្សតាំងពីដើមរហូតចាប់ខ្លួន»។
[5] ឯកសារលេខ J00297 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «អំពីប្រវត្តិសកម្មភាពក្បត់របស់ ទួត រ៉េន»។ ឯកសារនេះ មានចំនួន២៣ទំព័រ រៀបរាប់ពីប្រវត្តិរូប សកម្មភាពក្បត់បដិវត្តន៍ និងបញ្ជីឈ្មោះបក្ខពួកក្បត់របស់ ទួត រ៉េន។
[6] មានប្រភពជាច្រើនបាននិយាយពីចលនា សេ-អ៊ី-អា នៅកម្ពុជា ដូចជា៖ “Sideshow: Kissinger, Nixon, and the Destruction of Cambodia” by William Shawcross, “Cambodia: A History” by Michael Vickery, “The Khmer Rouge: A History of the Cambodian Genocide” by Ben Kiernan, “The Tragedy of Cambodian History: Politics, Revolutions, and Outcomes, 1945-1980” by David P. Chandler។ សេ-អ៊ី-អា នៅកម្ពុជាកើតឡើងដោយសារកត្តាមួយចំនួនដូចជា៖ (១)- កត្តាភូមិសាស្ត្រនយោបាយ៖ ប្រទេសកម្ពុជាមានទីតាំងយុទ្ធសាស្ត្រជាប់នឹងប្រទេសវៀតណាម ហើយត្រូវបានប្រើប្រាស់ដោយកងកម្លាំងវៀតណាមខាងជើង សម្រាប់ការគាំទ្រផ្នែកភស្តុភារក្នុងសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមខាងត្បូង និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ – អព្យាក្រឹតភាព និងភាពចលាចលផ្ទៃក្នុង៖ ខណៈពេលដែលកម្ពុជាប្រកាសគោលនយោបាយអព្យាក្រឹតជាផ្លូវការ ការតស៊ូនយោបាយផ្ទៃក្នុង និងភាពជិតស្និតនឹងសង្រ្គាមបានបង្កើនសម្ពាធលើ អព្យាក្រឹតភាពរបស់ខ្លួន។ (២)- យុទ្ធនាការទម្លាក់គ្រាប់បែកសម្ងាត់៖ – សហរដ្ឋអាមេរិកបានធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកសម្ងាត់ប្រឆាំងនឹងទីតាំងសង្ស័យ និងផ្លូវផ្គត់ផ្គង់របស់វៀតណាមខាងជើងនៅកម្ពុជា។ ប្រតិបត្តិការនេះ មិនត្រូវបានទទួលស្គាល់ជាសាធារណៈនៅពេលនោះ និងពាក់ព័ន្ធនឹងការវាយប្រហារតាមអាកាសយ៉ាងទូលំទូលាយ។ – ផលប៉ះពាល់៖ ការទម្លាក់គ្រាប់បែកបាននាំឱ្យជនស៊ីវិលស្លាប់ និងភៀសខ្លួនយ៉ាងសំខាន់ ដែលរួមចំណែកដល់អស្ថិរភាពក្នុងប្រទេសកម្ពុជា និងបង្កើនភាពច្របូកច្របល់ជាសាធារណៈចំពោះអន្តរាគមន៍របស់សហរដ្ឋអាមេរិក។ (៣)- គាំទ្ររដ្ឋាភិបាលរបប លន់ នល់៖ នៅឆ្នាំ ១៩៧០ សេ-អ៊ី-អា បានគាំទ្ររដ្ឋប្រហារដឹកនាំដោយឧត្តមសេនីយ៍ លន់ នល់ ដែលបានទម្លាក់សម្ដេចនរោត្តមសីហនុ ដែលបានព្យាយាមរក្សាអព្យាក្រឹតភាពរបស់កម្ពុជា។ សេ-អ៊ី-អា បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាដល់រដ្ឋាភិបាលរបស់ លន់ នល់ នៅពេលដែលខ្លួនបានប្រយុទ្ធនឹងកងកម្លាំងកុម្មុយនិស្តដែលកំពុងរីកចម្រើន។ – ជំនួយ និងបណ្តុះបណ្តាលផ្នែកយោធា៖ សេ-អ៊ី-អា ក៏បានជួយក្នុងការបណ្តុះបណ្តាល និងបំពាក់កងកម្លាំងយោធាកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាមខាងជើង។ (៤)- ការងើបឡើងនៃខ្មែរក្រហម៖ – អស្ថិរភាពដែលបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក និងភាពទន់ខ្សោយរបស់របប លន់ នល់ បានរួមចំណែកដល់ការងើបឡើងនៃខ្មែរក្រហម ដែលជាក្រុមកុម្មុយនិស្តជ្រុលនិយម ដែលបានលើកឡើងពីការមិនពេញចិត្តជាសាធារណៈចំពោះរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិក។
(៥)- ផលវិបាកនៃការជាប់ពាក់ព័ន្ធរបស់ សេ-អ៊ី-អា នៅកម្ពុជា នៅតែបន្តមានសន្ទុះ មានឥទ្ធិពលលើគោលនយោបាយការបរទេស និងការចូលរួមផ្នែកយោធារបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះជាបន្តបន្ទាប់។
[7] វិគីភីឌា, «ដៀន ដែល,» accessed December 12, 2024, https://km.wikipedia.org/wiki/%E1%9E%8A%E1%9F%80%E1%9E%93_%E1%9E%8A%E1%9F%82%E1%9E%9B។ ដៀន ដែល ជានាយទាហាននៃរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់ ពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥។ នៅក្រោយឆ្នាំ១៩៧៩ ដៀន ដែល ជាមេដឹកនាំនៃកងកម្លាំងទ័ពព្រៃនៃ «រណសិរ្សរំដោះជាតិប្រជាជនខ្មែរ» ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩២។ នៅឆ្នាំ១៩៩៨ ដៀង ដែល គឺជាសមាជិករដ្ឋសភា មកពីគណបក្ស ហ៊ុនស៊ីនប៉ិច។
[8] ផេង ពង្សរ៉ាស៊ី និងអ្នកឯទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)», បោះពុម្ពលើកទី២, ២០២០, ទំព័រ១៤។ ឡុង បូរ៉េត ត្រូវខ្មែរក្រហមសម្លាប់ភ្លាមៗជាមួយមេដឹកនាំនៃរបបសាធារណរដ្ឋខ្មែរពីររូបទៀតគឺ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិសិរិមតៈ និង លន់ ណុន បន្ទាប់ពីថ្ងៃជ័យជម្នះរបស់ខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
[9] ផេង ពង្សរ៉ាស៊ី និងអ្នកឯទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» បោះពុម្ពលើកទី២, ២០២០, ទំព័រ៦៥-៦៦។ អង្គភាពឯកសារ មានតួនាទីចម្លងចម្លើយសារភាពចេញពីកាសែត វាយអត្ថបទចម្លើយសារភាពរបស់អ្នកទោស សង្ខេបអត្ថបទចម្លើយសារភាព និងរៀបចំទុកដាក់ឯកសារ។
[10] ឯកសារលេខ J00297 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «អំពីប្រវត្តិសកម្មភាពក្បត់របស់ ទួត រ៉េន» ទំព័រ៩-១០។
[11] ឯកសារលេខ J00297 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «អំពីប្រវត្តិសកម្មភាពក្បត់របស់ ទួត រ៉េន» ទំព័រ១១-១៣។
[12] ការដាំដើមកប្បាសដោយខ្មែរក្រហម ជារឿយៗត្រូវបានផ្សាភ្ជាប់ជាមួយនឹងមនោគមវិជ្ជាកសិកម្មដ៏ទូលំទូលាយក្នុងរបបខ្មែរក្រហមក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៧០នៅក្នុងប្រទេសកម្ពុជា។ មានហេតុផល និងបរិបទសំខាន់ៗមួយចំនួនសម្រាប់សកម្មភាពដាំដំណាំកប្បាស៖ ១. ការសង្កត់ធ្ងន់លើមនោគមវិជ្ជាកសិកម្ម វប្បធម៌ និងការផ្សព្វផ្សាយ៖ ខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត បានព្យាយាមប្រែក្លាយកម្ពុជាទៅជាសង្គមកសិកម្មសុទ្ធសាធ ហើយជឿថាមានតែការងារនៅតាមទីជនបទទេ ដែលជាធាតុផ្សំដ៏ចាំបាច់សម្រាប់ការសម្រេចបាននូវចក្ខុវិស័យអំពីរបបកុម្មុយនីស្ត។ របបខ្មែរក្រហមបានប្រើប្រាស់កសិកម្ម រួមទាំងការដាំដើមកប្បាស ជាផ្នែកមួយនៃការឃោសនារបស់ខ្លួន ដើម្បីលើកកម្ពស់មនោគមវិជ្ជារបស់ខ្លួន និងបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពរបស់ខ្លួនចំពោះប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ។ ខ្មែរក្រហមបានព្យាយាមបង្កើតនិទានកថាដែលលើកតម្កើងជីវិតកសិករ និងពលកម្មកសិកម្ម ដោយបង្ហាញពីភាពថ្លៃថ្នូរ និងចាំបាច់សម្រាប់មោទនភាពជាតិ និងសាមគ្គីភាព។ ២. និមិត្តសញ្ញាដើមកប្បាស៖ សម្រាប់របបខ្មែរក្រហម ដើមកប្បាសមានសារសំខាន់ណាស់ ព្រោះកប្បាសតំណាងឱ្យភាពគ្រប់គ្រាន់នៃកសិកម្ម និងជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់របបនេះចំពោះកំណែទម្រង់កសិកម្ម និងបដិវត្តន៍។ ការដាំដើមកប្បាសក៏អាចជានិមិត្តរូបនៃឧត្តមគតិនៃប្រទេសកម្ពុជាថ្មី ដែលប្រជាជននឹង ត្រឡប់ទៅធ្វើការលើដី និងរួមចំណែកដល់សេដ្ឋកិច្ចក្នុងលក្ខណៈទ្រទ្រង់ខ្លួនឯង។ ៣. ផលិតភាព និងគោលដៅសេដ្ឋកិច្ច៖ កប្បាសជាដំណាំដែលអាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដល់របបខ្មែរក្រហម តាមរយៈពាណិជ្ជកម្ម ព្រោះថា ខ្មែរក្រហមមានមហិច្ឆតាចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានផលិតភាពសេដ្ឋកិច្ចយ៉ាងតឹងរឹងលើវិស័យកសិកម្ម និងសម្រេចបាននូវភាពខ្លួនទីពឹងខ្លួន ព្រមទាំងមានធនធានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ប្រជាជនដោយមិនចាំបាច់មានជំនួយពីបរទេស។ ៤. ការងារកសិកម្មដោយបង្ខំ៖ ខ្មែរក្រហមបានអនុវត្តកំណែទម្រង់កសិកម្មយ៉ាងសម្បើមក្នុងទូរទាំងប្រទេស ដែលរួមមានការបង្ខំឲ្យផ្លាស់ទីលំនៅរបស់អ្នករស់នៅទីក្រុងទៅកាន់តំបន់ជនបទ ដើម្បីធ្វើការលើកសិដ្ឋាន និងនៅក្នុងគម្រោងកសិកម្មសមូហភាព។ ការដាំដើមកប្បាសគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមកសិកម្មដ៏ទូលំទូលាយទាំងនេះ ដែលជារឿយៗរួមបញ្ចូលកម្លាំងពលកម្មខ្ពស់ដោយមិនគិតពីសិទ្ធិមនុស្ស ឬសុខុមាលភាព។ ជារួម ខណៈពេលដែលការដាំដើមកប្បាសជានិមិត្តរូបនៃការប៉ុនប៉ងរបស់ខ្មែរក្រហមក្នុងការរៀបចំសង្គមកម្ពុជាឡើងវិញតាមរយៈកំណែទម្រង់កសិកម្មដ៏ឃោរឃៅ និងដាច់ខាត ការពិតគឺជាការឈឺចាប់ ការបង្ខំឲ្យធ្វើការ និងការរំលោភសិទ្ធិមនុស្សយ៉ាងសម្បើម។ គោលនយោបាយដាច់ខាតរបស់របបនេះ បានបណ្តាលឱ្យមានគ្រោះទុរ្ភិក្ស ទុក្ខវេទនា និងការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជារាប់លាននាក់ក្នុងអំឡុងពេលគ្រប់គ្រងរបស់ខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩។